វិធីថែរក្សាព្រហ្មចារី

សម្រាប់​ទំនៀម​ទម្លាប់​ប្រពៃណីខ្មែរ ព្រហ្មចារី​ពិតជា​មានសារៈ​សំខាន់​សម្រាប់នារី​គ្រប់រូប គួរគិត​ពិចារណា។ ការថែរក្សា រូបរាងកាយ​ឱ្យនៅ​ល្អបរិសុទ្ធ មិនមែន​ជារឿង​មួយដែល​ងាយស្រួល​នោះទេ ទាក់ទង​ទៅនឹង​ហេតុផល​ច្រើនប្រការ។ ទោះបីជា​យ៉ាងណា ក៏វា​មិនពិបាក​រហូតដល់​ធ្វើមិន​បាននោះ​ដែរ។ មានវិធី​ជាច្រើន​យ៉ាង ហើយភាគ​ច្រើនមាន​សុភាពនារី​បានយល់ដឹង និង​ធ្លាប់បាន អនុវត្ដ​រួចខ្លះ​ទៅហើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី​សុខភាពយើង​បានជួប​សម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេស​សម្ភព និង​រោគស្ដ្រី នៃមន្ទីរ ពេទ្យកាល់ម៉ែត ដើម្បី​បកស្រាយ​បំភ្លឺទាក់ទង​ទៅនឹង​បញ្ហា​ព្រហ្មចារី ផលប៉ះពាល់ វិធីថែរក្សា​ការពារ និង​កត្ដាផ្សេងៗ​ទៀត​ដែលយុវ នារីគួរ​តែស្វែងយល់ និង​ក៏ជាចំណេះ​ដឹងមួយ​សម្រាប់​ធ្វើការ​វិនិច្ឆ័យ​ផងដែរ។

ព្រហ្មចារី ជាអ្វី?

ព្រហ្មចារី គឺជាសន្ទះ​ស្បែកស្ដើង​នៅក្នុង​ទ្វារមាសស្ដ្រី ហើយ​មានរន្ឋ​ប្រហោងមួយ ឬ​ច្រើនដើម្បី​ឱ្យឈាម​រដូវធ្លាក់​ចុះមក ។ វារីក ឬ​រួមផ្លាស់ប្ដូរ​ទៅតាម​ឈាមរដូវ មិនអាច​កំណត់​បានទេ ហើយវា​ងាយនឹង​រងនូវការ​រហែកដាច់ ឬ​ធ្លាយ។ គេអាច​និយាយ​ជាទូទៅ ម្យ៉ាងទៀត​ថាព្រហ្មចារី គឺសំដៅ​ទៅរកភាព​ស្អាត​បរិសុទ្ធ​ទាំងផ្លូវកាយ​ទាំងផ្លូវចិត្ដ មិនមាន​ដាច់រហែក និង​មិនធ្លាប់​បានឆ្លងកាត់​ការរួមភេទ ទោះក្នុង​ករណីណា​ក៏ដោយ។ ប៉ុន្ដែ​មិនមែន​គ្រប់ស្ដ្រី​ទាំងអស់​ឱ្យតែមាន​ការដាច់ ឬ​រហែក​សន្ទះ​ព្រហ្មចារី មានន័យ​ថាអស់​ភាពក្រមុំ បរិសុទ្ធ​នោះទេ។

មូលហេតុ​បង្កការ​ដាច់រហែក​សន្ទះ​ព្រហ្មចារី

ការដាច់​រហែកសន្ទះ​ព្រហ្មចារី​បណ្ដាលមក​ពីកត្ដា​ច្រើនទាក់ទង​នឹងសកម្មភាព​ប្រចាំថ្ងៃ​ដេកដើរ​ឈរអង្គុយ ដូចជា​ការអង្គុយ កន្ធែកជើង ការធ្វើ​ការធ្ងន់ ហាត់កីឡា​ជាដើម។ គ្រប់ស្ដ្រី​ទាំងអស់​មានកម្រាស់​សន្ទះ​ព្រហ្មចារី​មិនដូចគ្នាទេ អ្នកខ្លះ​ស្ដើង អ្នកខ្លះ​ទៀត ក្រាស់ ទៅតាម​រូបរាង​មនុស្សម្នាក់ៗ។ រាល់ស្ដ្រីឱ្យ​តែបាន​ឆ្លងកាត់​ការរួមភេទ សន្ទះ​ព្រហ្មចារី​សុទ្ធតែ​ទទួលការ​ធ្លុះរហែក​ទាំងអស់។ ចំពោះ​ក្មេងស្រី​ដែលទើប​នឹងពេញវ័យ ងាយ​ទទួលរងបញ្ហា​ទាំងអស់​នេះណាស់ ជាក់ស្ដែង​ដូចជា​ការប្រើថ្នាំ​សុល​ជាដើម។ ចំពោះនារី ក្រមុំ នៅពេល​ស៊កថ្នាំសុល​ចូលទៅ​ដល់ទ្វារមាស​ស្ដ្រីអាច​ធ្វើឱ្យសន្ទះ​ព្រហ្មចារី​រហែកបាន។

ព្រហ្មចារី​សំខាន់​សម្រាប់​បុរសសម័យថ្មី ឬ​ទេ?

ព្រហ្មចារី​របស់នារី​នៅតែមានសារៈ​សំខាន់​សម្រាប់​បុរស ហើយ​គេតែងតែ​ធ្វើការ​ពិសោធន៍​ចំពោះ​ភរិយា ដូច​ជាពេល​រួមភេទ ដំបូង បុរស​ជាប្ដី​លួចដាក់ក្រ​ណាត់​សទ្រាប់​ពីក្រោម​ជាដើម។ បើក្រណាត់​នោះប្រឡាក់​ឈាម មានន័យ​ថាភរិយា​នៅក្រមុំ​បរិសុទ្ធ តែបើ អត់មាន​ឈាម មានន័យ​ថានារីនោះ​មិននៅ​ក្រមុំ បាត់បង់​ភាពបរិសុទ្ធ​មុនពេល​រៀបការ។ ប៉ុន្ដែចំពោះ​ពួកអឺរ៉ុបវិញ គេមិន​សូវគិតពី ព្រហ្មចារី​របស់នារីទេ ឱ្យតែ​ពេញចិត្ដ គឺ​គេចាប់​ផ្ដើមសាង​អនាគត​ជាមួយគ្នា។ បុរសខ្លះ​គិតថា​គេអាច​មើលដឹង​ចំពោះនារី​ម្នាក់អស់ភាព ក្រមុំ​ព្រហ្មចារី​បានពី​សម្បកក្រៅ ដោយគ្រាន់​តែឃើញ​សភាព​រាងកាយ ដូចជា​ត្រគាករីក សុដន់​ធ្លាក់ជាដើម។ កត្ដាទាំងនេះ​មិនអាច កំណត់​បាននោះទេ ព្រោះ​រាងកាយស្ដ្រី​មួយចំនួន​មានលក្ខណៈ​បែបនេះ​ពីកំណើត។

ការថែរក្សា​សន្ទះព្រហ្មចារី

បើសុភាពនារី​ចង់ថែរក្សាសន្ទះ​ព្រហ្មចារី​កុំឱ្យរហែកដាច់ ត្រូវមាន​ការប្រុងប្រយ័ត្ន​បន្ដិច ព្រោះសន្ទះ​ព្រហ្មចារី​ស្ដើងផុយ ណាស់។ គួរចៀស​វាងឥរិយាបថ​មួយចំនួន ដូចជាកុំ​ធ្វើការងារធ្ងន់ ប្រុងប្រយ័ត្ន​កុំអង្គុយ​ចោងហោង កុំ​កន្ធែកជើង កុំហាត់​ប្រាណខ្លាំងៗ កុំប្រើថ្នាំ​សុលជាដើម។

ដំបូន្មាន​អ្នកជំនាញ

សូមសុភាពនារី​គ្រប់រូប​កុំព្យាយាម​ខ្វល់ខ្វាយ​ពីបញ្ហា​ព្រហ្មចារី​នេះខ្លាំងពេក អ្វីដែល​សំខាន់​សម្រាប់ការ​ថែរក្សា​ព្រហ្មចារីនោះ គឺ កុំរួមភេទ​មុនពេលរៀបការ ព្រោះ​វាអាចធ្វើ​ឱ្យសុភាពនារី​បាត់បង់​វត្ថុដែល​អនាគតស្វាមី​របស់​អ្នកនាង​កញ្ញាយល់​ថាសំខាន់​ចំពោះគេ នោះ។ ក្រៅពីនេះ ឥរិយាបថ​ដែលលើក​មកជម្រាប​ជូនខាង​លើនឹង​ជួយឱ្យ​សុភាពនារី​បញ្ជាក់​ពីភាព​បរិសុទ្ធ​របស់​ខ្លួនបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative