កូនខ្ញុំ​កាន់​តែធាត់

ភាពសម្បូរ​បែបនៃ​ចំណីអាហារ​បានធ្វើ​ឱ្យប្រជាពលរដ្ឋ​ខ្មែរយើង ជាពិសេស​អ្នកដែល​រស់នៅ​ទីក្រុងងាយ​ទទួលនូវ​អាការ​ធាត់​លើស​ទម្ងន់។ ការធាត់​លើសទម្ងន់​មិនមែន​អាចបញ្ជាក់ថា លោកអ្នក​មាន​សុខភាពល្អ​នោះទេ។ ផ្ទុយទៅ​វិញការ​ធាត់នេះ អាចបណ្ដាល​ឱ្យការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់សុខភាព ជាពិសេស​ចំពោះអ្នក​ដែលមាន​ជម្ងឺធាត់​តាំងពី​វ័យកុមារ។ ការធាត់​របស់កុមារ​បានបង្ក បញ្ហា​ជាច្រើន​ដល់ការ​លូតលាស់​របស់កុមារ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកស្រី​វេជ្ជបណ្ឌិត ជា កាំហ៊ូយ អ្នកជំនាញ​ខាងអាហារ​បំប៉ន​នៅ​មន្ទីរពេទ្យ​កុមារជាតិ និង​បកស្រាយ​អំពី​បញ្ហានេះ។

កុមារ​ធាត់បណ្ដាល​មកពីអ្វី?

ធាត់ ឬ​ជម្ងឺ​ធាត់​បណ្ដាលមក​ពីការ​បរិភោគ​ច្រើនលើស​កំណត់ និង​ការបរិភោគ​មិនត្រឹមត្រូវ។ កាឡូរី​ចូលក្នុង​ខ្លួនច្រើន​ជាកាឡូរី​ដែលត្រូវ​ចំណាយ​ជាហេតុ​ធ្វើឱ្យ​មាននៅសល់​ជាតិខ្លាញ់​ស្ដុកក្នុង​រាងកាយ។ កំនើន​ជាតិខ្លាញ់​បន្ដិចម្ដងៗ​ធ្វើឱ្យ​រាងកាយ​ធាត់ហួស​កម្រិត ហើយមិន​សមមាត្រ​នឹងវ័យ ក៏ដូចជា​កម្ពស់​របស់​កុមារ។ ការ​រស់នៅ​ដោយប្រើ​សកម្មភាព​ផ្លូវកាយ​តិចតួច ក៏ធ្វើឱ្យ​ធាត់ដែរ។ ជាឧទាហរណ៍ កុមារ​មានអាយុ​ត្រឹម៦ឆ្នាំ តែមាន​ទម្ងន់រហូតដល់​ទៅ៣០គីឡូក្រាម​ឯណោះ។

ផលវិបាក​នៃការធាត់​របស់កុមារ

ការធាត់​របស់កុមារ​អាចបង្ក​ទុក្ខដល់​កុមារ​ពីក្មេង​រហូតដល់​ចាស់​បាន។ ជម្ងឺធាត់​អាចប៉ះពាល់​កុមារទាំង​ផ្នែកស្មារតី និង​រាងកាយ។

  • ផ្នែកស្មារតី កុមារធាត់​ភាគច្រើន​ត្រូវរស់​ឯកោ ដោយ​ត្រូវកុមារ​ដទៃ​សើចចម្អក​ពីរាងកាយ​ដូចជ្រូក​របស់គេ។ ទង្វើទាំង នេះទើប​កុមារ​ដែលធាត់​ច្រើនមាន​អារម្មរណ៍​ឆេវឆាវ ខឹងច្រើន​ជាដើម។
  • ផ្នែករាងកាយ កុមារ​ដែលធាត់​ពេលធំឡើង​ត្រូវប្រឈមមុខ​ជាមួយ​នឹង​ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺ​ត្បៀត​សរសៃឈាម​បេះដូង កូលេសស្ដេរ៉ូល​កើនឡើង​ក្នុងសរសៃឈាម ជម្ងឺសន្លាក់ ដាច់​សរសៃឈាម វិបត្ដិ​ផ្លូវរំលាយអាហារ (នៅពេល​បរិភោគ​មានអាការ ចុកពោះ ឬ​រមួលពោះ)​ជាដើម។

វិធីបង្ការ​ធាត់លើស​ទម្ងន់

ដើម្បី​កុំឱ្យកូន​របស់​លោកអ្នក​ជួបបញ្ហា​ធាត់លើស​ទម្ងន់ របបអាហារ​មួយដ៏​ត្រឹមត្រូវ​ជាប្រការ​ប្រសើរ​បំផុត​សម្រាប់​សុខភាព របស់កូន​លោកអ្នក។ របបអាហារ​ត្រឹមត្រូវ​ចាំបាច់​ត្រូវមាន​បរិមាណ​សមល្មម​នៃប្រូតេអ៊ីន និង​កាឡូរី។

ចៀសវាង​ការចម្អិន​អាហារ​ដោយការ​ចៀន បំពង ឬ​ឆា ព្រោះថា​អាចធ្វើ​ឱ្យជាតិ​ខ្លាញ់កើន​ឡើង។ អាហារ​ប្រភេទ​ខ្លះដែលផ្សំ ឡើងពីប៊រ ឬ​ខ្លាញ់សត្វ ដូចជាសាច់​ក្រកជាដើម ជាអាហារ​ដែលគួរតែ​ទទួលទាន​ឱ្យបានតិច​បំផុត។

គួរហាត់​ប្រាណ​ឱ្យបាន​ជាប្រចាំ ដើម្បី​បញ្ចេញជាតិ​ខ្លាញ់​ដែលនៅ​សល់ក្នុង​រាងកាយ​ចេញមក។ ការ​រស់នៅ​ស្រណុកពេក អាច ឱ្យប្រឈម​នឹង​ជម្ងឺធាត់។

ដំបូន្មាន​អ្នកជំនាញ

ប្រសិនបើ​លោកអ្នក​ឃើញកូន​របស់ខ្លួន​ធាត់​ទ្រលុកទ្រលន់ លោកអ្នក​រីករាយ​ថានឹង​មិនមានជម្ងឺ​ឈឺថ្កាត់ផ្សេងៗ​មក​បៀតបៀននោះ ដោយគេ​អាចដើរបាន រត់បាន ហូបបាន និង​គេងបាន សន្និដ្ឋានថា​គេមាន​សុខភាព​ល្អនោះ គឺជា​ការខុសឆ្គង​មួយ។ តាមការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ទូទាំង​ពិភពលោក​របស់អង្គការ​សុខភាព​ពិភពលោក បានឱ្យដឹងថា​មានមនុស្ស​តែ៥%ប៉ុណ្ណោះ ដែល​មានសុខភាព​ឥតខ្ចោះ ក្រៅពីនេះ​ស្ថិតក្នុង​ប្រភេទ​មនុស្ស​ផ្ទុកដោយ​មេរោគ ដែលអាចបង្កឱ្យកើតជាជម្ងឺផ្សេងៗបានភ្លាម។ ប្រសិនបើពុំមានការ ការពារឱ្យទាន់ពេលវេលាទេ ជាពិសេស​អ្នកដែល​មានប្រវត្ដិ​ធាត់ក្នុង​វ័យកុមារភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative