បុរសសៅគ្រី

ជាការពិត បុរស​មានសិទ្ធិ​ទូលាយ​នៅក្នុង​ការដើរ​ហើរ​ដោយសេរី មិនថា​ពេលថ្ងៃ ឬ​ពេលយប់។ មានបុរស​ជាច្រើន​បាន ជ្រើសរើស​ការផ្ដល់​រង្វាន់​ដល់រាងកាយ និង​ផ្លូវចិត្ដ​របស់ខ្លួន​តាមរយៈ​ការចេញ​ទៅកម្សាន្ដ​នៅខាង​ក្រៅផ្ទះ បន្ទាប់​ពីបញ្ចប់​ការងារ​ថ្ងៃចុង សប្ដាហ៍ ឬ​ថ្ងៃឈប់​សម្រាក។ ដោយសារ​ភាពសម្បូរ​បែបនៃ​សង្គម សម្ភារៈ​ខាងក្រៅផ្ទះ​បានទាក់​ទាញ​បុរសឱ្យ​ចេញទៅ​រកការ​សប្បាយ ដោយ​មិនបាន​នឹកគិត​ដល់ផល​វិបាកនៃ​ការចេញ​ប្រមាញ់​របស់ពួក​គាត់ឡើយ។ ស្ដ្រីជា​ភរិយាភាគ​ច្រើន​តែងតែ​ឱ្យរហ័ស​នាមទៅ​ប្ដីដែល ចេញ​ទៅខាង​ក្រៅថា​បុរសសៅគ្រី។ តើបុរស​សៅគ្រី​ត្រូវប្រឈមមុខ​នឹងអ្វីខ្លះ​នៅក្នុងសង្គម​ខាង​ក្រៅផ្ទះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

បុរស​សៅគ្រី សំដៅ​លើអ្វី?

សៅគ្រី​គឺជាពាក្យ​ក្រឡាស់​កាត់ដែល​ប្រែថា​ស៊ីក្រៅ។ ពាក្យនេះ​ត្រូវបាន​គេប្រើជា​ភាសា​សម្រាប់​សម្គាល់​ក្រុមបុរស​ដែល មានភរិយា ឬ​មានគូកំណាន់​ហើយ និយម​ចូលចិត្ដ​ដើរលេង​ខាងក្រៅផ្ទះ ហើយមាន​ទំនាក់ទំនង​ជាមួយ​នឹងស្រីថ្មី។ បច្ចុប្បន្ន​នេះ ភាគច្រើន​នៃបុរស​ដែល​ចូលចិត្ដ​សៅគ្រី​មានអាយុ​ចាប់ពី​៣០ឆ្នាំ​ឡើងទៅ ព្រោះពួក​គាត់មាន​លទ្ធភាព​នៅក្នុង​ការចំណាយ​នឹង​តម្រូវការ​ខ្ពស់ ខាងក្រៅ។ ការចេញ​ទៅខាង​ក្រៅផ្ទះ​របស់បុរស មិនមែន​ត្រឹមតែ​រកស្រី​ប៉ុណ្ណោះទេ តែនៅ​មានការ​ផឹកស៊ី​ផ្សេងៗទៀត​ផងដែរ។

មូលហេតុ​ដែលបុរស​ចូលចិត្ដ​សៅគ្រី

មិនមាន​ការសន្និដ្ឋាន​ច្បាស់លាស់​ពីមូលហេតុ​ណាមួយ​ដែលធ្វើ​ឱ្យបុរស​ចូលចិត្ដ​សៅគ្រី​ពិតប្រាកដទេ តែភាគ​ច្រើន​គឺអាស្រ័យ ទៅលើ​ចំណង់​ចំណូលចិត្ដ​របស់បុរស។

  • បុរស​មួយចំនួន​ក៏មិន​ចូលចិត្ដ​ដើរខាង​ក្រៅផ្ទះដែរ ពួកគាត់​តែងតែ​និយម​ទៅកម្សាន្ដ​ជាមួយ​នឹង​ក្រុមគ្រួសារ។ ពួកគាត់ មាន​អារម្មណ៍​ថាសង្គម​ខាងក្រៅ​គួរឱ្យ​ភ័យខ្លាច ពួកគាត់​មិនហ៊ាន​ប្រថុយ​នឹងល្បែង​ស្នេហា​បែបនេះទេ។ យើងអាច​និយាយ​បានថាពួក គាត់ជា​បុរស​ស្អាតស្អំ។
  • បុរស​មួយ​ប្រភេទ​ទៀត ចេញ​ក្រៅផ្ទះ​ដរាបណា​មានករណី​ពិសេស ដូចជា​មានការ​ណាត់ប្រជុំ ពិភាក្សា​ការងារ ឬ​ការជប់ លៀង​បន្ដិចបន្ដួច តែមិន​ជាញឹកញាប់​ពេកទេ។
  • បុរស​ប្រភេទ​ទីបី គឺពួកគាត់​តែងតែ​មានកម្មវិធី​នៅក្រៅផ្ទះ​ជារៀង​រាល់ថ្ងៃ អាចនិយាយ​ថាញៀន ឬ​ក្លាយជា​ទម្លាប់ទៅ ហើយ។ បើសិន​ជាមិន​បានចេញ​ទៅខាង​ក្រៅទេ គឺនៅ​មិនសុខ ហើយគាត់​យល់ថា​ជីវិតបែប​នេះសប្បាយ​រីករាយ ឬ​គាត់​ចូលចិត្ដ​បែបនេះ។ គាត់ចង់​ធ្វើអ្វី​ដែល​អស្ចារ្យ មិនដដែលៗ ចង់ភ្លក់​អ្វីថ្មីស្រស់ ចង់បង្អួត​ថាគាត់​មានលទ្ធភាព ឬ​ថវិកា​ដើម្បី​ទៅរកការ​សប្បាយ​នៅ ខាងក្រៅ។
  • នៅមាន​កត្ដារួមផ្សំ​មួយចំនួន​ទៀត ដែលនាំ​ឱ្យបុរស​ត្រូវចេញ​ទៅរក​ការសប្បាយ​ខាងក្រៅ ដូចជា​មានការ​ប្រច័ណ្ឌ​ពីប្រពន្ធ ពេល​មកដល់ផ្ទះ​ខ្លាំងពេក នាំឱ្យ​មិនមាន​ភាពសុខសាន្ដ​នៅក្នុង​គ្រួសារ មានការ​ស្មុគស្មាញ​ក្នុងចិត្ដ​ពីរឿង​ការងារ ស្នេហា ឬ​គ្រួសារ មាន ចំណាប់​អារម្មណ៍ ឬ​ទំនាក់ទំនង​ជាមួយស្រី​ខាងក្រៅផ្ទះ ចាញ់ការ​លួងលោម​បោកបញ្ឆោត​របស់ស្រី​ខាងក្រៅ ចង់យក​ចិត្ដនារី​បម្រើការ ងារ ឬ​នារីបម្រើ​ស្រាបៀរ​នៅតាម​ភោជនីយដ្ឋាន ឬ​ខារ៉ាអូខេ​ជាដើម និន្នាការនៃសង្គមទាន់សម័យស៊ីវីល័យហួសហេតុ ពិសេសភ្លើត ភ្លើនក្នុងរឿងល្បែងតណ្ហាជាដើម។

ផល​ដែលអាច​ទទួលពី​ការសៅគ្រី

នៅក្នុង​ក្រុមគ្រួសារ​អាចមិន​មាន​សុភមង្គលទេ ប្រសិន​បើបុរស​គិតតែពី​ចេញទៅ​ប្រមាញ់​ខាងក្រៅ​ផ្ទះញឹកញាប់។ ការចេញ ទៅខាងក្រៅញឹកញាប់អាចក្លាយទៅជាទម្លាប់ ឬញៀនរហូតដល់ថ្នាក់មិនអាចទ្រាំនៅផ្ទះបាន។ ការចេញ​ទៅក្រៅ​អាចមាន​ការពាក់ព័ន្ធ ជាមួយ​នឹងស្រី ស្រា ល្បែង បារី ឬ​គ្រឿងញៀន​ដោយមិន​ដឹងខ្លួន ដែល​បច្ច័យ​ទាំងនេះ​ហុចផល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់សុខភាព។

1. ការញៀនសុរា ៖ នាំឱ្យ​សុខភាព​មិនល្អ អាចបាត់បង់​ការងារ ឈានដល់​ការប្រើ​អំពើហិង្សា​ក្នុងគ្រួសារ ឬ​ដាក់អ្នក​ដទៃ។ ហើយវា​អាចបង្ក​ឱ្យឈឺ​ក្រពះ រលាកថ្លើម ខូចតម្រងនោម រលាក​ពោះវៀន ខូចខួរក្បាល​ជាដើម។ ពិសេស​ពេល​បើកបរអាច​មាន​គ្រោះថ្នាក់​រហូតដល់​បាត់បង់ជីវិត ឬ​ត្រូវប្រឈម​មុខ​នឹងច្បាប់ ជាក់ស្ដែង​គ្រោះថ្នាក់​ចរាចរភាគ​ច្រើនតែង​បង្កឡើង​ដោយអ្នក​ស្រវឹង​បើកបរ។ ពេល​ស្រវឹង​អាចងាយ​ប្រឈមមុខ​នឹង​ជម្ងឺ​កាមរោគ​ដោយសារ​ការប្រថុយ​រួមភេទ​មិនប្រើ​ស្រោមអនាម័យ​ជាមួយស្រី​ដែលមាន​ដៃគូ​ស្នេហា​ច្រើន។

2. ការញៀនបារី ៖ ពេលដែល​ទទួល​ទានសុរា បុរស​តែងតែ​ចេះពិសា​បារី​បានយ៉ាង​ងាយ។ ការញៀន​បារីនាំ​ឱ្យមាន​ជម្ងឺ ដូច ជាសួត ភ្នែក សរសៃឈាម​បេះដូង មហារីក ឈឺក្បាល ឈឺក ក្អក​ជាដើម។ បារី​មានឥទ្ធិពល​ធ្វើឱ្យ​អ្នកជក់បារី​មានស្បែក​ស្ងួត ឆាប់ចាស់ ជ្រីវជ្រួញ បបូរមាត់ខ្មៅ មានធុំក្លិន​ឈ្ងៀម​ជាប់ខ្លួន រលាកសួត មហារីក​សួតជាដើម។ ឯការ​ឈានដល់​ប្រើប្រាស់​គ្រឿងញៀន​នាំឱ្យខ្លួន គាត់បាត់បង់​ការឃុំគ្រង​ខ្លួនឯង និង​បាត់បង់​នូវកិត្ដិយស​ទៀតផង។

3. ការញៀនស្រី បុរស​មួយចំនួន​ពេលចេញ​ទៅខាង​ក្រៅតែង​មានទំនាក់​ទំនងជា​មួយនឹង​ស្រីថ្មី ដែលអាច​នាំឱ្យ​ឆ្លងមេរោគ​អេដស៍ ឬ​អាចឆ្លង​ទៅកាន់​គ្រួសារ​ទៀតផង។ ការដែល​ស្នេហា​ត្រូវបាន​ជ្រៀតជ្រែក​ដោយជន​ទីបី ស្ថានភាព​គ្រួសារ​ដែលធ្លាប់​កក់ក្ដៅ អាចឈាន​ទៅរកការ​បែកបាក់​គ្រួសារ ឬ​លែងលះគ្នា។ ពេលមាន​ការងប់​ជាមួយ​នឹងរឿង​ស្នេហា​លួចលាក់​ភ្លេចខ្លួន ជួនកាលពួក គាត់នៅ​មានការ​យល់ឃើញ​ថាការ​លបលួច​មានស្រីថ្មី​នៅខាង​ក្រៅផ្ទះ​ជាអំពើ​មិនគួរ​គប្បី​ចំពោះ​ភរិយាខ្លួន តែវាយឺត​ពេល​ហើយ។ បុរសភាគ​ច្រើន​ដែល​ជ្រើសរើស​ការចេញ​ដើរពេលយប់ ការទទួលទាន​ដំណេក​របស់គាត់​អាចមិន​គ្រប់គ្រាន់ នាំឱ្យ​ពួកគាត់​ឆាប់ចាស់។ មាន ការបង់​ខាតថវិកា ពេលវេលា និង​សុខភាព​ជាច្រើន​ទៀតនៅ​ក្នុងការ​សៅគ្រី​របស់​ពួកគាត់។

តើបុរស​គួរតែ​សៅគ្រីទេ?

មានទស្សនៈ​ជាច្រើន​ទាក់ទង​ទៅនឹង​សំណួរនេះ។ លោកវេជ្ជ​បណ្ឌិត ទិត ឃីមុយ ជានាយក​កម្មវិធី​អង្គការ​ខាណា យល់ ឃើញថា “បុរសមិន​គួរមាន​ទំនាក់ទំនង​ជាមួយនឹង​ស្រីខាងក្រៅទេ ព្រោះការ​រៀបការ​មានគ្រួសារ ត្រូវមាន​ភក្ដីភាព​ចំពោះគ្នា”។ លោក សុគន្ធ អាយុ២២ឆ្នាំ ជាសន្ដិសុខ​ក្រុមហ៊ុន​ឯកជនមួយ​ក៏បាន​គាំទ្រប្រឆាំង​ក្នុងការ​ដែលបុរស​មានស្រី​នៅខាង​ក្រៅផ្ទះដែរ។ លោក បានមាន​ប្រសាសន៍ថា “ខ្ញុំចេញ​ទៅក្រៅ​ត្រឹមតែ២ដង​ក្នុងមួយខែ​ដើម្បី​ជួបជុំ​មិត្ដភក្ដិ​ផឹកស៊ីបន្ដិច​បន្ដួច។ ទោះបីខ្ញុំ​មិនទាន់​មានប្រពន្ធ តែ ខ្ញុំយល់​ថាការមាន​ស្រីក្រៅ​អាចនាំ​ឱ្យប្រពន្ធកូន ដែលជា​ជនស្លូតត្រង់​មិនសប្បាយ​ចិត្ដ”។

អ្នកមីង ចេង មានអាយុ៥០ឆ្នាំ បានលើក​ឡើងថា “វាជាសិទ្ធិ​របស់បុរស​ដែលចង់​ចេញទៅក្រៅ ឬ​មានស្រី​ក្រៅ តែសូមកុំឱ្យ នាំជម្ងឺចូលផ្ទះ។ បើឃាត់​ណាស់ ជួនកាល​អាចលួច​ទៅទៀត ដូច្នេះ​មិនងាយ​ឃាត់ចិត្ដបានទេ”។ យុវសិស្ស ធីតា អាយុ២២ឆ្នាំ បានរំលឹក ថា “វាអាច​ជាទម្លាប់​របស់​ពួកគាត់​ក្នុងការ​សៅគ្រី តែពេលខ្លះ​ក៏ជ្រុល​ពេកដែរ អាងតែខ្លួន​មានលុយ។ ពេល​សប្បាយ​មិនចេះ​ការពារខ្លួន រហូតនាំ​ទុក្ខដល់​គ្រួសារ បែបនេះ​គឺសប្បាយ​មិនចេះគិត”។ ឯលោក រ៉ាវី មានអាយុ​៣០ឆ្នាំ ជាបុគ្គលិក​ក្រុមហ៊ុន​បានទទួល​សារភាពថា “ខ្ញុំចេញ​ទៅខាង​ក្រៅញឹកញាប់​ស្ទើរតែ​រាល់ថ្ងៃ ពេលចេញ​ក្រៅម្ដងៗ​ត្រូវចាយ​លុយច្រើន ចំណាយ​លើការ​ផឹកស៊ី ជួនកាល​ចាយ​លើស្រី ខ្លះដែរ។ ខ្ញុំក៏​ដឹងដែរថា​វាមិនល្អ តែមិន​អាចហាម​ចិត្ដបាន”។ ទាំងនេះ​គឺសុទ្ធ​តែជា​ទស្សនៈ និង​ការទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ដូច្នេះ ការដែល​លោកអ្នក​សម្រេច​ចិត្ដចេញ​ទៅខាងក្រៅ សូមគិត​បន្ដិចសិន​ថាលោកអ្នក​ត្រូវប្រឈម​មុខនឹង​អ្វីខ្លះ នរណា​ខ្លះដែល​នឹងត្រូវរង គ្រោះ​ដោយសារ​ទង្វើ​របស់​លោកអ្នក?

ដំបូន្មាន​អ្នកជំនាញ

សូមជួយ​គ្នាលើក​ស្ទួយនូវ​ភក្ដីភាព និងភាព​ស្មោះត្រង់​ដែលជា​ចំណុច​សំខាន់​នៅក្នុង​ចំណង​សុភមង្គល​គ្រួសារ។ បើលោកអ្នក សម្រេចចិត្ដរៀបការ មានន័យ​ថាលោកអ្នក​បានដាក់​កិច្ចសន្យា​ជាមួយ​នឹងខ្លួនឯង​ថាត្រូវមាន​ភក្ដីភាព​ចំពោះ​គូស្នេហ៍ ឬ​ភរិយា។ ស្ដ្រីជា ភរិយា​សូមជួយ​បង្កនូវ​លក្ខណៈ​កក់ក្ដៅ​ក្នុងគ្រួសារ​ផង កុំមាន​ចិត្ដប្រច័ណ្ឌ​ពេក ព្រោះ​នាំឱ្យ​បុរសជាស្វាមី​ធុញទ្រាន់​មិនចង់​នៅផ្ទះ។ ជំនួស ការចេញ​ក្រៅផ្ទះ លោកអ្នក​អាចលេង​កីឡា ធ្វើកិច្ច​ការងារ​ផ្ទះជំនួស ឬ​សាងភាព​សប្បាយ​នៅក្នុង​ក្រុមគ្រួសារ វាមាន​ប្រយោជន៍​ច្រើន ជាងការ​ទៅរកស្រី​ខាងក្រៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative