កែវ ពេជ្រពិសី សម្រស់ស្អាត​បែបធម្មជាតិ

ស្រីស្រស់​រាងស្ដើង​សម្បុរស្រអែម សក់វែង​អន្លាយ ពិតជា​សក្ដិសម​ណាស់​នោះគឺ​តារាសម្ដែង​វ័យក្មេង កែវ ពេជ្រពិសី ដែល កំពុង​លេចធ្លោ​ក្នុងវិស័យ​សិល្បៈ​ភាពយន្ដខ្មែរ។ ទោះបីជា​មមាញឹក​ក្នុងការ​សម្ដែង​ខ្លាំងយ៉ាង​ណាក៏ដោយ ក៏ពិសី​នៅតែ​អាចរក្សាសម្រស់ស្រស់​សោភា​ដដែល។ ដើម្បី​បើកកកាយ​អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់តារា​ដ៏ស្រស់ស្អាត កែវ ពេជ្រ ពិសី ទស្សនាវដ្ដី សុខភាពយើង បានទៅ​ជួបសម្ភាសន៍​ជាមួយកញ្ញា​ផ្ទាល់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សាសក់

កញ្ញា​ពិសី​ពិតជាមាន​សរសៃសក់ស្អាត សក់វែង ហើយ​ខ្មៅរលើប​តែម្ដង។ វាជាចំណុច​ពិសេស​ដែលពិសី​យកចិត្ដ​ទុកដាក់បំផុត ព្រោះថា​ពេលសម្ដែង សក់របស់​កញ្ញាត្រូវ​បានតុបតែង​តាមម៉ូដ​ផ្សេងៗ​ឱ្យសម​នឹងសាច់រឿង។ ដូចនេះ​ចៀស​មិនផុត​ពីការខូច​សរសៃសក់​ឡើយ។ ពិសី​មានវិធី​ថែរក្សាសក់​យ៉ាងពិសេស ដោយកញ្ញា​មិនចូលចិត្ដ​គាបសក់ និង​មិនចូលចិត្ដ​ប្ដូរពណ៌​សក់ទេ ព្រោះវាអាច ធ្វើឱ្យ​សក់រិតតែ​ឆាប់ខូច។ ក្នុងមួយខែ ពិសី​អប់បំប៉នសក់​២ដង ដើម្បីជំនួយ​ដល់សរសៃ​សក់។ ចំពោះ​ប្រវែង​របស់សក់ ពិសីតែងតែកាត់ តម្រឹម​សរសៃសក់ ព្រោះពិសី​យល់ថា​បើទុកសក់​វែងពេក អាចធ្វើ​ឱ្យសរសៃសក់​ងាយបែកចុង។

ការថែរក្សា​ស្បែកមុខ

ជាតារា​សម្ដែង ស្បែកមុខ​របស់ពិសី​ត្រូវទទួល​រងនូវកម្ដៅថ្ងៃ និង​គ្រឿងសម្អាង​គ្រប់ប្រភេទ។ ដូចនេះ​ពិសីចាំបាច់​ត្រូវប្រើ ក្រែម​សម្រាប់បំប៉ន​ស្បែកមុខ​ជាប្រចាំ ដើម្បីកុំឱ្យ​ឆាប់ជ្រីវជ្រួញ។ ជាងនេះ​ទៅទៀត បន្ទាប់ពី​ការតុបតែង​ក្នុងពេល​សម្ដែង ពិសីត្រូវតែ ប្រញាប់​លាង​សម្អាតមុខ ព្រោះការទុក​គ្រឿងសម្អាង​នៅលើមុខ​ក្នុងរយៈ​ពេលយូរ វាជារឿង​មិនល្អ​សម្រាប់​ស្បែកមុខ។ ពេលសម្អាត មុខ ពិសី​មានក្រែម​ដាច់ដោយឡែក​សម្រាប់ជូត​សម្អាតនៅ​ត្រង់រង្វង់ភ្នែក និង​ត្របកភ្នែក ព្រោះពិសី​មិនចង់​ប្រើសាប៊ូលាង​មុខសម្រាប់ សម្អាត​តែមួយ​មុខទេ។ ពិសីយល់​ថាការប្រើ​សាប៊ូលាងមុខ​ច្រើនពេក អាចធ្វើ​ឱ្យស្បែក​មុខស្ងួតបាន។ ចំពោះ​ការថែរក្សា​ស្បែកមុខតាម ធម្មជាតិវិញ ថ្វីត្បិត​តែពិសី​យល់ដឹង​ច្រើន តែពិសី​មិនសូវ​មានពេល​សម្រាប់​អនុវត្ដ​វាទេ។ ទោះបីជា​យ៉ាងណា ក៏ពិសី​បានព្យាយាមនៅ ពេលព្រឹកខ្លះ។ ពិសី​បានជ្រើសយក​ក្រូចពោធិ៍សាត់​សម្រាប់​លាងសម្អាត​លើផ្ទៃមុខ ដោយផ្អាប់​ទុករយៈ​ពេល២០នាទី ទើបសម្អាត​ចេញ ជាមួយ​ទឹកស្អាត។ ពិសី​បានទៅ​ម៉ាស្សាមុខ២​សប្ដាហ៍ម្ដង​ជាប្រចាំ។

ការថែរក្សា​ស្បែកខ្លួន

ទោះបី​ជាស្បែក​ដងខ្លួន​ពិសី​មានសម្បុរ​ស្រអែមក្ដី ក៏ពិសី​មិនទាមទារ​កែប្រែ​ឱ្យស្បែក​ខ្លួនរបស់នាង​ទៅជាស​ដោយវិធី​ត្រាំទឹក ដោះគោ ឬ​ក៏ខាត់​ស្បែក​អ្វីទេ។ ព្រោះពិសី​យល់ថា​ជាតារា​សម្ដែង​ត្រូវប្រឈមមុខ​នឹង​កម្ដៅថ្ងៃ​ខ្លាំងណាស់ បើកែស្បែក​ឱ្យសនោះ ស្បែក នឹងស្ដើង ពេលត្រូវ​កម្ដៅមុខ​ជារលាក​មិនខាន​ទ្បើយ។ នៅពេលថ្ងៃ ពិសី​ប្រើក្រែម​ការពារ​កម្ដៅថ្ងៃ​រហូតដល់​៤០ជាន់ ដើម្បីកុំ​ឱ្យស្បែក ឆាប់ខូច​ដោយសារ​កម្ដៅថ្ងៃ និង​កាត់បន្ថយ​កម្ដៅ​ដែលចាំង​លើស្បែក។ នៅពេល​យប់ ពិសី​មានលាបទ្បេ​ពិសេស​សម្រាប់​ជំនួយ​សំណើម ដល់ស្បែក ពិសី​មិននិយម​ប្រើទ្បេ​ដែលលាយ​បញ្ចូលគ្នា​ច្រើនមុខទេ ព្រោះខ្លាច​ខូចស្បែក។ ក្រៅពីនេះ ពិសីបាន​ព្យាយាម​ឆ្ពុងដើម្បី​រក្សាស្បែក​នៅផ្ទះ​ដោយ​ខ្លួនឯង យ៉ាង​ហោច​ណាស់​ក៏បាន​ពីរដងដែរ​ក្នុងមួយខែ។

ការថែរក្សា​បបូរមាត់

ពិសី​មិនចូលចិត្ដ​លាបបបូរមាត់​ពណ៌ក្រហម ឬ​ក្រម៉ៅទេ លើកលែង​តែករណី​ចៀសមិន​បានដូចជា​ពេលសម្ដែង​ជាដើម។ ពេលធម្មតា ពិសី​លាបបបូរមាត់​ពណ៌ស្រាល ឬ​មិនលាប​តែម្ដង ព្រោះថា​បើលាប​បបូរមាត់​ឋិតឋេរ និងពណ៌​ដិតពេក អាចធ្វើ​ឱ្យបបូរ មាត់ខ្មៅបាន។ មុនពេល​តុបតែង ពិសីមាន​ក្រែមម្យ៉ាង​សម្រាប់​លាបជា​ទ្រនាប់​បបូរមាត់​ដើម្បីការពារ​បបូរមាត់ ដែលត្រូវ​លាបពណ៌ តាមសាច់រឿង។ ក្នុងការ​ជ្រើសរើស​ក្រែមទៀត​សោត ពិសី​តែងតែ​ប្រយ័ត្នប្រយែង​ជានិច្ច ព្រោះការ​ថែរក្សា​បបូរមាត់​ជារឿង​សំខាន់។

ការថែរក្សា​ធ្មេញ

ជាទូទៅ​ពិសីសម្អាត​ធ្មេញក្នុង​មួយថ្ងៃ៣ដង​ជាប្រចាំ​ជាមួយ​នឹងថ្នាំដុសធ្មេញ​ដែលមាន​សារជាតិ​ជួយឱ្យ​ធ្មេញរឹងមាំ និងស។ ពិសី​តែងតែ​ទៅរក​គ្រូពេទ្យធ្មេញ​រៀងរាល់២ ឬ​៣ខែម្ដង​ជាប្រចាំ​ដើម្បី​ពិនិត្យ និង​សម្អាត​ធ្មេញ មិន​ដែលខកខាន​ទ្បើយ។

ការថែរក្សា​ក្រចក និង​ប្រអប់ដៃ

ពិសីចូលចិត្ដ​កាត់ក្រចក​ខ្លីធម្មតា​មិនទុក​វែងពេក ហើយមិន​ចូលចិត្ដ​លាបពណ៌​ក្រចកទ្បើយ ព្រោះពិសី​ស្រឡាញ់​ក្រចកពណ៌ ធម្មជាតិ បើលាប​ពណ៌ក៏​ពណ៌​ស្រាលដែរ។ ចំពោះ​ប្រអប់ដៃ ពិសី​មិនដែល​ទៅម៉ាស្សា​ឱ្យម្រាមដៃ​ស្រឡូន​ម្ដងណាទេ។ ពិសី​ក៏គ្មាន​ក្រែម ដែលប្រើ​ពិសេស​សម្រាប់ថែ​ប្រអប់​ដៃដែរ គឺពិសី​ប្រើក្រែម​សម្រាប់​លាបស្បែក​ខ្លួន លាប​ប្រអប់ដៃ​តែម្ដង។

ការថែរក្សា​រោមចិញ្ចើម និង​រោមភ្នែក

ជាទៀងទាត់ ពី៤ទៅ៥ថ្ងៃ ពិសី​ត្រូវកោរ​តម្រឹម​រោមចិញ្ចើម​ម្ដង ដោយមិន​បណ្ដោយ​ឱ្យរោមចិញ្ចើម​ដុះក្រាស់ឡើយ ព្រោះ ពិសីយល់​ថាចិញ្ចើម​ក្រាស់ មិនសក្ដិសម​ជាមួយ​ទម្រង់មុខ​របស់នាង។ ចំពោះ​រោមភ្នែក ភាគច្រើន​ពិសីប្រើ​ម៉ាស្ការ៉ា​សឹងតែ​រាល់ថ្ងៃ ព្រោះត្រូវ​តុបតែង​ពេលសម្ដែង ដែលធ្វើ​ឱ្យរោមភ្នែក​ពិសី​ប្រឈមមុខ​នឹងការជ្រុះ។ ប៉ុន្ដែ​នៅពេលនេះ ពិសី​បានជ្រើសរើស​វិធីពាក់​រោមភ្នែក​ជំនួសវិញ។ ជាធម្មតា បន្ទាប់​ពីការសម្ដែង​ចប់ភ្លាម ពិសី​ប្រញាប់​ដោះ​រោមភ្នែក​នោះចោល​ភ្លាមមិន​ទុកយូរទេ ព្រោះអាច​ធ្វើឱ្យប៉ះ ពាល់ដល់​ត្របកភ្នែក។

វិធីសម្រក​ទម្ងន់ និង​ការថែរក្សា​សុខភាព

ពិសីមិន​ដែលមាន​បញ្ហាទ្បើង​ទម្ងន់លើស​ពី២​គីទ្បូក្រាមទេ។ វិធី​ដែល​ជ្រើសរើស​ដើម្បី​សម្រក​ទម្ងន់នោះ គ្មានអ្វី​ក្រៅពីការ ក្រោក​ពីព្រឹកហាត់​ប្រាណ​ដោយរត់​តិចៗរយៈ​ពេលប្រមាណ​ជា៣០នាទី​ជារៀង​រាល់ថ្ងៃ។ ក្រៅពី​ការហាត់​ប្រាណ ពិសី​បានទទួល​ទានទឹក ដោះគោឆៅ​ដែលគ្មាន​ជាតិស្ករ​រហូតដល់​ទៅ៤កែវក្នុង​មួយថ្ងៃ គឺនៅពេល​ព្រឹកចំនួន​២កែវ និង​មុនពេល​ចូលគេង​ចំនួន២​កែវទៀត ព្រម ជាមួយ​ការកាត់​បន្ថយ​របប​ទទួលទាន​ខ្លះៗ។ ពិសី​ទទួលទាន​បន្លែច្រើន​ជាង​សាច់សត្វ ប៉ុន្ដែ​ពិសី​ព្យាយាម​មិនទទួល​ទានអាហារ​រហូតដល់ ឆ្អែត​ពេកទេ គឺនៅ​ចន្លោះ​ពី៦០ ទៅ៧០%​ប៉ុណ្ណោះ​ក្នុងមួយ​ពេល។ ទោះបីជា​រវល់យ៉ាង​ណា ក៏ពិសី​ត្រូវតែ​ទទួលទាន​អាហារ​ពេលល្ងាច ឱ្យបាន​មុនម៉ោង​៨យប់ ព្រោះបើ​លើសពីរយៈ​ពេលនេះ​នឹងអាច​បណ្ដាល​ឱ្យទ្បើង​ទម្ងន់បាន។ ដោយទ្បែក​ការទទួល​ទានដំណេក ពិសី​ខិតខំ​រកពេល​សម្រាក​ឱ្យបាន​គ្រប់៨ម៉ោង​ក្នុងមួយថ្ងៃ ព្រោះបើ​សម្រាក​មិនបាន​គ្រប់គ្រាន់ អាចធ្វើ​ឱ្យសុខភាព​ទ្រុឌទ្រោម នោះរូប​សម្រស់ ក៏បាត់បង់​ទៅតាម​នោះដែរ។ ពិសី​មិនយល់​ស្របជាមួយ​នារីមួយ​ចំនួន​ដែលគិត​ថារាងស្អាត​ប្រសើរជាង​សុខភាព​ល្អឡើយ។ ចំណែកនៅ ពេលដែល​មានរដូវវិញ ពិសី​រិតតែ​ព្យាយាម​ថែមមួយ​កម្រិតទៀត​ចំពោះការ​ទទួលទាន​ផ្លែឈើ តែត្រូវ​តមអាហារ​ប្រភេទខ្លះ ដូចជា សាច់ត្រី ផ្អក ប្រហុក​ជាដើម។

បណ្ដាំផ្ញើ​របស់កែវ ពេជ្រពិសី

ពិសី​សូមផ្ដាំផ្ញើ​ដល់សុភាពនារី​ទាំងឡាយ សូមមេត្ដា​កុំបណ្ដោយ​ឱ្យពេលវេលា​កន្លង​ផុតទៅ​ដោយឥត​ប្រយោជន៍។ ព្រោះថា បើលោកស្រី​អ្នកនាងកញ្ញា​មិនបាន​ថែរក្សា​សម្រស់ និង​សុខភាព នៅពេល​វ័យក្មេង នោះនឹង​ស្ដាយក្រោយ ហើយ​គ្មានពេល​ងាកក្រោយ សម្រាប់​ថែរក្សា​នៅពេល​ចាស់ទេ។ សូម​ជ្រើសរើស​ប្រើតែ​ផលិតផល​ណាដែល​មានគុណភាព​ល្អ មិនត្រូវ​ប្រើតាម​ការនិយមតៗ​គ្នាទ្បើយ ព្រោះអាច​ឱ្យរូប​សម្រស់​ត្រូវបាត់​គ្មានថ្ងៃ​នឹងត្រទ្បប់​មកវិញទេ។

ការរៀបរាប់​ជូនខាង​លើនេះ ជាការ​យល់ឃើញ និង​ការអនុវត្ដ​របស់​កញ្ញាកែវ ពេជ្រពិសី​តែប៉ុណ្ណោះ។ សូម​លោកស្រីអ្នក នាងកញ្ញា​​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះក្នុង​សិល្បៈ ៖ កែវ ពេជ្រពិសី
  • ឈ្មោះពិតប្រាកដ ៖ កែវ ពិសី
  • អាយុ ៖ ២៣ឆ្នាំ
  • កម្ពស់ ៖ ១,៦៤ម៉ែត្រ
  • ទម្ងន់ ៖ ៤៨គីទ្បូក្រាម
  • ទំហំទាំងបី ៖ ៣៤, ២៦, ៣៨
  • បងប្អូន ៖ ៥នាក់ (ជាកូនទី៣)
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ (រស់នៅ​ជាមួយ​ឪពុកម្ដាយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative