វិធីទប់ស្កាត់ត្រចៀកក្រាញ់

ត្រចៀកក្រាញ់​ជាបញ្ហាមួយ​ដែលជួបប្រទះ​ញឹកញាប់​នៅប្រទេស​ជឿនលឿន ព្រោះគេ​និយម​ពាក់ស្បែកជើង​ជិតឈឹង ជាពិសេស​នៅបណ្ដា​ប្រទេស​ដែលមាន​អាកាសធាតុ​ត្រជាក់។ ដោយឡែក​នៅប្រទេស​កម្ពុជា គេតែង​សង្កេតឃើញ​បញ្ហានេះ ច្រើនកើត​ឡើងនៅ​រដូវភ្លៀងធ្លាក់ ដោយសារ​នៅរដូវភ្លៀង ប្រអប់ជើង​ឧស្សាហ៍​ប៉ះទឹក។ ជម្ងឺនេះ នៅពេល​កើតឡើង ហើយ ប្រសិនបើ​មិនបាន​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវទេ វាអាចក្លាយ​ជាដំបៅ​ធ្ងន់ធ្ងរបាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​បំបាត់ចម្ងល់​លើជម្ងឺ​ត្រចៀកក្រាញ់នេះ ទស្សនាវដ្ដី​ សុខភាពយើង សូមធ្វើ​ការបកស្រាយ​ជូនតាមរយៈ​ការជួប សម្ភាសន៍​ជាមួយលោក​វេជ្ជបណ្ឌិត ម៉ី ស៊ីថាច អ្នក​ឯកទេស​ជម្ងឺសើស្បែក និង​កាមរោគ។

អ្វីទៅ​ជា​ត្រចៀកក្រាញ់?

នៅក្នុង​ភាសា​បច្ចេកទេស​វេជ្ជសាស្ដ្រ ត្រចៀកក្រាញ់​ជាជម្ងឺ​ម្យ៉ាងមាន​ឈ្មោះថា​អ៊ិក្រោនណែល។ វាកើត​មានឡើង ដោយសារ​មានការដុះ​លូតវែង​ជាងធម្មតា​នៃចុងក្រចក​ផ្នែកចំហៀង ហើយ​ទៅចាក់ចូល​ក្នុងសាច់​ដែលនៅ​ក្រោម និង​ជុំវិញ​ក្រចក ។ បន្ទាប់មក​វាបង្កឱ្យ​មានការ​រលាក ការឈឺចាប់ ការឡើង​ក្រហម និង​ការឡើង​ហើមប៉ោង​នៃសាច់​ដែលនៅ​ជុំវិញ​ក្រចក។ ពេល ខ្លះ គេសង្កេត​ឃើញមានខ្ទុះ និង​ការហូរ​ចេញ​ជាទឹករងៃ​ផងដែរ ដោយសារ​មានការ​ហូរជ្រៀត​ចូលនៃ​មេរោគ​ផ្សេងៗ។ បញ្ហានេះ កើត​មាននៅ​គ្រប់ក្រចក​ទាំងអស់ ប៉ុន្ដែ​គេសង្កេត​ឃើញកើត​មានញឹកញាប់​ជាងគេ​នៅក្រចក​មេជើង។

មូលហេតុ​កើត​ត្រចៀកក្រាញ់

ខាងក្រោម​នេះជាមូលហេតុ​ដែលនាំឱ្យ​កើតមាន​ត្រចៀកក្រាញ់។

  • ការប៉ះទង្គិច​នៅត្រង់​ក្រចកនោះ​ញឹកញាប់
  • ការពាក់​ស្បែកជើង​តឹង ឬ​ចង្អៀត​ខុសធម្មតា
  • អ្នកដែល​មានជម្ងឺសួត ដែល​លទ្ធភាព​នៃការ​នាំអុកស៊ីសែន​ទៅចិញ្ចឹម​ក្រចក​ខ្សោយ
  • មនុស្ស​ចំណាស់ ដោយសារ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់គាត់​មានការ​ចុះខ្សោយ
  • ជម្ងឺ​សរសៃឈាម ដែលនាំ​ឱ្យការ​នាំឈាម​ទៅចិញ្ចឹម​ផ្នែកខាង​ចុងដៃជើង​មិន​គ្រប់គ្រាន់
  • ការទម្លាប់ឆ្កឹះ ឬ​កាត់ក្រចក​មិនត្រឹមត្រូវ ជាពិសេស​អ្នកដែល​ចូលចិត្ដ​ធ្វើក្រចក​ញឹកញាប់។

រោគសញ្ញា និង​ការវិនិច្ឆ័យ​រោគ

គេងាយ​នឹងធ្វើ​រោគវិនិច្ឆ័យ​ជម្ងឺ​ត្រចៀកក្រាញ់​នេះបាន​តាមរយៈ​ភ្នែកទ​ទេណាស់។ ដោយសារ​ឃើញសាច់​ម្រាមដៃ ឬ ម្រាមជើង​នោះមាន​សភាពហើម ឡើង​ក្រហម និង​មានការ​ឈឺចាប់​ជាដើម។

ការព្យាបាល​ត្រចៀកក្រាញ់

ត្រចៀកក្រាញ់​ជាជម្ងឺ​ដែលអាច​ព្យាបាល​បាន។

  • នៅដំណាក់កាល​កំពុង​លោកអ្នក​ជម្ងឺ​ត្រូវឧស្សាហ៍​ត្រាំជើង​ឱ្យបាន​២០​ឬ​៣០នាទី ក្នុង​ទឹកក្ដៅ​ឧណ្ហៗ​លាយទឹក សម្លាប់​មេរោគ​ផង។
  • នៅពេល​បាត់រលាក គេអាចយក​សំឡី​ស្ងួតទៅ​ទ្រាប់កន្លែង​ដែល​ក្រចក​ចាក់សាច់
  • នៅពេល​មានខ្ទុះ​ច្រើន គេត្រូវ​យកខ្ទុះ​នោះទៅ​បណ្ដុះ ដើម្បី​ធ្វើការ​ព្យាបាល​ដោយថ្នាំ
  • នៅពេល​មានការ​រលាកទៅ​ដល់ឆ្អឹង និង​សន្លាក់ គឺត្រូ​វតែថត​ត្រចៀកក្រាញ់​ជាមួយ​កាំរស្មី​ផងដែរ។
  • ប្រសិនបើ​ការព្យាបាល​ទាំងនេះ​មិនបាន​ជោគជ័យ ចាំបាច់​ត្រូវតែ​ព្យាបាល​ដោយធ្វើ​ការវះកាត់។

វិធី​ការពារ​កុំឱ្យ​ត្រចៀកក្រាញ់

ដើ់ម្បី​ចៀសវាង​នូវការកើត​ត្រចៀកក្រាញ់​នេះ សូមលោកអ្នក​ប្រតិបត្ដិ​នូវប្រការ​មួយចំនួន​ខាងក្រោម​នេះ។

  • សូមកុំ​ទម្លាប់ឆ្កឹះ​ក្រចកលេង
  • សូមកុំ​កាត់ក្រចក​ជារាង​ចំណិតខែ ត្រូវកាត់​ក្រចកត្រង់
  • សូមកុំពាក់​ស្បែកជើង រឹបតឹង​ពេក
  • ប្រសិនបើ​នៅរដូវភ្លៀង ឬ​នៅប្រទេស​ត្រជាក់ លោកអ្នក​គួរឧស្សាហ៍​ចំហជើង​ឱ្យត្រូវខ្យល់​ដើម្បី​បំបាត់ភាព​សំណើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative