វិធីការពារ​ស្បែកមុខ​កុំឱ្យជាំ

មុខជាំ គឺជា​បញ្ហា​ស្បែកមួយ​ដែលធ្វើ​ឱ្យបុរស​ស្ដ្រី​គ្រប់វ័យ​ទាំងអស់​រមែង​ព្រួយបារម្ភ មិន​ចង់ឱ្យ​កើតមាន​នៅលើ​ផ្ទៃមុខរបស់ខ្លួនទ្បើយ។ ស្នាមជាំ​នៅលើមុខ​ជាបញ្ហា​រំខាន​ដែលធ្វើ​ឱ្យលោកអ្នក​ពិបាកទ្រាំ។ ប៉ុន្ដែអាការ​ធ្ងន់ធ្ងរ​ច្រើន ឬ​តិចរបស់​ស្នាមជាំ​អាស្រ័យ ទៅលើ​មូលហេតុ​នៃស្នាម​ជាំទាំង​នោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជាជំនួយ​ដល់មិត្ដ​អ្នកអាន​ក្នុងការ​ស្វែងយល់​អំពីបញ្ហា​ផ្សេងៗ​ដែលទាក់​ទងនឹង​ការជាំមុខ ទស្សនាវដ្ដី សុខភាពយើង សូមនាំ​មកជូន​នូវការ​បកស្រាយ​របស់លោក​វេជ្ជបណ្ឌិត ថៃ គា អ្នក​ឯកទេស​ជម្ងឺ​សើស្បែក។

ស្នាមជាំ​នៅលើមុខ ជាអ្វី?

ស្នាមជាំ​នៅលើមុខ ឬ​មុខជាំ គឺសំដៅ​ដល់ស្លាកស្នាម​ទាំងទ្បាយ​ណាដែល​មានពណ៌​ក្រម៉ៅ​ជាងស្បែក​ធម្មតា ដោយ​រាប់ចាប់ពី ចំណុចតូចៗ​ទ្បើងទៅ។

មូលហេតុ​ដែលនាំ​ឱ្យជាំមុខ

ជាំមុខ​ស្ដែងចេញ​មកពី​មូលហេតុ​ច្រើន​ប្រការ​ណាស់។ ប៉ុន្ដែ​សម្រាប់​ពេលនេះ សូមលើក​យកតែ​មូលហេតុ​បីចម្បង​មក ជម្រាប​ជូន​ដែល​ឧស្សាហ៍​ជួបប្រទះ​ជាងគេ​នាពេល​បច្ចុប្បន្ន​នេះ។

  • ស្បែក​មុខជាំ​ដោយសារ​មានផ្ទៃពោះ វាជារឿង​ធម្មតា ព្រោះ​អ័រម៉ូន​នៅក្នុង​រាងកាយ​ស្ដ្រីត្រូវ​បានប្រែប្រួល នាំឱ្យមាន បាតុភូត​ផ្សេងៗ រមែងលេច​ចេញ ជាពិសេស​លើស្បែក​នៅពេល​មានផ្ទៃពោះ​នូវស្នាម​ស្បែក ដូចជា​បែកសង្វា ជាំមុខ​ជាដើម។
  • ស្បែក​មុខជាំ​ដោយសារ​កម្ដៅថ្ងៃ ការធ្វេស​ប្រហែស និង​ការមើល​ស្រាល​ចំពោះ​កម្ដៅថ្ងៃ​ដែលចែងចាំង​មកលើស្បែក អាច​បណ្ដាល​ឱ្យមានអាការ​ជាំមុខ​ទាំងផ្ទាំងៗ​តែម្ដង។ កម្ដៅ​ថ្ងៃបន្ដិចម្ដងៗ​បានធ្វើ​ឱ្យលោកអ្នក​ដែលមាន​ការងារ​នៅក្រោម​កម្ដៅ ទោះ មាន ឬ​មិនមាន​អ្វីមក​បិតបាំង​ដើម្បី​ទប់ទល់​នឹង​កម្ដៅថ្ងៃ ជាមួយ​នឹងការ​មិនបាន​ប្រើប្រាស់​ផលិតផល​ការពារ​កម្ដៅផងនោះ បានធ្វើឱ្យ ស្បែកផ្ទៃមុខ​រងការជាំ ឬ​ស្រអាប់។ មិនតែ​ប៉ុណ្ណោះ កន្លែង​ផ្សេងដែល​រងកម្ដៅក៏​ជាំខ្មៅដូច​គ្នាដែរ គ្រាន់តែ​កម្រិត​ខុសគ្នាតិច ឬ​ច្រើន ។ ទោះបី​ជាយ៉ាង​ណា ស្បែក​មុខងាយ​រងកម្ដៅ​ថ្ងៃច្រើនជាង​ស្បែកនៅ​កន្លែងផ្សេងៗ​ទៀត។
  • ស្បែកមុខ​ជាំដោយ​សារការ​ប្រើប្រាស់​ឱសថ ឬ​ផលិតផល ផលិតផល​រក្សាសម្រស់​មួយចំនួន​ធំដែល​ផ្ទុក​សារធាតុគីមី​មិន ថាប្រេង ឬ​ជែល(ចាហួយ) ទ្បេ ក្រែម ម្សៅជាដើម សុទ្ធតែ​ជាដើម​ចមនៃការ​ជាំមុខ​ទាំងអស់ គ្រាន់​តែតិច ឬ​ច្រើនអាស្រ័យទៅ​លើសមា​សធាតុ​ផ្សំរបស់​វាតែ​ប៉ុណ្ណោះ។ ដូច​លោកអ្នក​ជ្រាបស្រាប់​រួចមក​ហើយ​តាមរយៈ​ការឃោសនា​ពាណិជ្ចកម្ម​ដែលច្រើន​រៀបរាប់ពីការ ប្រើ​ផលិតផល​ក្នុងរយៈ​ពេលខ្លី តែអាច​ធ្វើឱ្យ​ស្បែកស​បាន។ ផលិតផល​ទាំងអស់​នោះហើយ នៅពេល​ប្រើដំបូង លោកអ្នក​ប្រាកដ​ជាបាន ទទួលនូវ​ស្បែក​សស្រស់ស្អាត​រលោងគួរ​ឱ្យចង់​ថ្នាក់ថ្នម​មិនខាន​ទ្បើយ។ មិនមាន​នរណាគិត​ស្មានថា​ភាពស្រស់ស្អាត​រលោង​នេះប្រែក្លាយ ទៅជា​ជាំស្រអាប់ មិនគួរ​ឱ្យចង់​សម្លឹងមើល​ទៅវិញ។ ក្រៅពីនេះ​មានឱសថ​ប្រភេទខ្លះ​ដែលមាន​ផ្សំពីសារធាតុ​អ័រម៉ូន នៅពេល​ប្រើ ប្រាស់យូរ​ទៅនឹង​អាចមាន​ផលប៉ះពាល់​ដល់ស្បែក​មុខ ដូចជា​កើតមុន ឬ​ជាំផ្ទៃមុខ​តែម្ដង។

វិធីព្យាបាល​ស្បែកមុខជាំ

មិនមាន​ឱសថ​សក្ដិសិទ្ធ​ណាមួយ​អាចព្យាបាល​មុខជាំ​ឱ្យជាដាច់​ស្រឡះ​បានទេ។ ការ​ព្យាបាល​មុខជាំ​ត្រូវធ្វើ​ទ្បើងទៅ​តាមមូល ហេតុ ឬ​ក៏សណ្ឋាន​របស់ស្បែក​ដែលជាំ។

  • ប្រសិនបើ​ស្បែកមុខ​ជាំដោយសារ​ការមាន​ផ្ទៃពោះ មិន​ចាំបាច់​បារម្ភ ហើយ​ស្វះស្វែង​រកថ្នាំ​សម្រាប់​ព្យាបាល​នោះទេ ពី ព្រោះមុខ​ជាំនេះ​នឹងបាត់​ទៅវិញ នៅក្រោយ​ពេលសម្រាល​បាន៤ ឬ​៥ខែ។
  • ប្រសិនបើ​ស្បែកមុខ​ជាំដោយ​សារកម្ដៅថ្ងៃ ចាំបាច់​ត្រូវតែ​ព្យាបាល។ វិធីល្អ​បំផុត ត្រូវគេច​ចេញពី​កម្ដៅថ្ងៃឱ្យ​បានច្រើន បំផុត រួចទៅ​រកគ្រូពេទ្យ​ដើម្បីពិនិត្យ និង​ព្យាបាល​ឱ្យបានទាន់​ពេលវេលា។
  • មួយវិញទៀត បើស្បែក​មុខជាំ​ដោយសារ​ការប្រើ​ផលិតផល ឬ​ឱសថនោះ ពិតជា​ពិបាក​ហើយ។ មិន​មានការ​ស្រាវជ្រាវ ខាងផ្នែក​វេជ្ជសាស្ដ្រ​ណាមួយ​ដែលបង្ហាញ​ថាសម្រាប់​ព្យាបាល​មុខជាំ​ប្រភេទ​នេះទេ។ មានវិធី​តែមួយគត់ គឺបញ្ឈប់​ជាបន្ទាន់​នូវការប្រើ ប្រាស់​ផលិតផល​ទាំងនោះ ឬក៏ថ្នាំ​ដែលមាន​ផ្ទុកសារ​ធាតុអ័រម៉ូន។ លោកអ្នក​ចាំបាច់ត្រូវ​ជ្រាបថា​ផលិតផល​រក្សាសម្រស់​ក៏ជា​ឱសថដែរ ដោយគ្រាន់​តែត្រូវ​បានកែច្នៃ​ក្រោមរូបភាព​ផ្សេងៗគ្នា ដូចជាប្រេង ទ្បេ ក្រែម ម្សៅជាដើម។ សំខាន់​ជាងនេះ​ទៅទៀត ប្រការ​គ្រោះ ថ្នាក់​បំផុត​នៅពេល​ដែលលោក​អ្នកយក​ផលិតផល​ទាំងនោះ​ទៅលាយ​បញ្ចូលគ្នា ប្រៀប​ដូចជា​លោកអ្នក​កំពុង​បំផ្លាញ​ភាពស្រស់ស្អាត របស់ខ្លួន​ឯងដូច្នោះ​ដែរ។ សូមកុំ​ជឿការ​ឃោសនា​មួយចំនួន​ដែលថា​អាចព្យាបាល​មុខជាំ​បានឱ្យសោះ បើទោះ​ជាបានមែន​ក៏ត្រឹមតែ​មួយ រយៈ​ពេលខ្លី រួចផ្ទៃ​មុខនឹង​ត្រទ្បប់​មកដូច​ដើមវិញ អ្វីដែល​គួរឱ្យ​បារម្ភនោះ គឺអាក្រក់​លើស​ដើម។

វិធីបង្ការ​ជាំមុខ

ថ្វីត្បិត​តែមុខជាំ​មិនមាន​វិធីសម្រាប់​ព្យាបាលបាន ប៉ុន្ដែវា​ពិតជា​មានវិធី​សម្រាប់​បង្ការកុំ​ឱ្យជាំមុខ​បាន។ វិធីងាយ​មួយចំនួន ទាមទារ​ឱ្យលោក​អ្នកអនុវត្ដ​ឱ្យបាន ដើម្បី​រូបសម្ផស្ស​របស់​លោកអ្នក។

1. ចំណុចទី១ លោកអ្នក​គប្បីចៀស​វាងឱ្យ​បាននូវ​ពន្លឺព្រះអាទិត្យ ព្រោះ​ថាកម្ដៅ​ថ្ងៃនៅ​ប្រទេស​យើងសព្វ​ថ្ងៃនេះ​ក្ដៅខ្លាំង ណាស់ ដែលអាច​បង្កបញ្ហា​ដល់ស្បែក​យ៉ាងច្រើន។ ករណី​មិនអាច​ចៀស​វាងបាន លោកអ្នក​ត្រូវបិតបាំង​គ្រប់ផ្នែក​ទាំងអស់​នៃរាងកាយ ដែល​រងកម្ដៅ ជាពិសេស​ផ្ទៃមុខ ព្រោះផ្ទៃ​មុខងាយ​រងកម្ដៅ​ជាងកន្លែង​ណាៗ​ទាំងអស់។ ម្យ៉ាងទៀត​លោកអ្នក​គួរតែ​ប្រើផលិតផល​ការពារ​កម្ដៅថ្ងៃ​រាល់ពេល​ដែលលោក​អ្នកចេញ​ហាលថ្ងៃ ដោយ​ប្រើមួក ឬ​ឆ័ត្រដើម្បី​ទប់ស្កាត់​កម្ដៅ។ ចំពោះ​ការប្រើប្រាស់​ផលិតផល​ការពារ​កម្ដៅថ្ងៃ លោកអ្នក​ត្រូវប្រយ័ត្ន​ប្រយែង បើមិន​ដូច្នោះទេ វារិតតែ​ធ្វើឱ្យផ្ទៃ​មុខរបស់​លោកអ្នក​អាក្រក់​លើស​ដើម ដែល​និយមហៅ ថាមុខ​ខ្លោច។ លោកអ្នក​មិនគួ​រនៅក្រោម​កម្ដៅថ្ងៃ​លើសពី​១៥​នាទីទេ។

2. ចំណុចទី២ លោកអ្នក​មិនត្រូវ​ចេះតែ​ប្រើផលិតផល​រក្សាសម្រស់​ផ្ដេសផ្ដាស​នោះទេ។ ការប្រើប្រាស់​ផលិតផល​ទាំងនោះ អាចធ្វើ​ឱ្យលោកអ្នក​សោកស្ដាយ​អស់មួយ​ជីវិត។ ប៉ុន្ដែ​ប្រើភ្លាម​មិនធ្វើ​ឱ្យខូច​មុខភ្លាម​នោះទេ ទាល់​តែប្រើរយៈ​ពេលយូរ ទើប លេចចេញ​ជារូបរាង។

តាមការ​សង្កេត​ជាទូទៅ នៅពេល​បច្ចុប្បន្ននេះ មានស្ដ្រី​ជាម្ដាយ​វ័យក្មេង​មួយចំនួន​ដែលមាន​បំណង​ចង់ឱ្យ​កូនស្អាត ទាំងកូន ប្រុស និង​កូនស្រី​ទើបនឹង​មានវ័យ​ជំទង់សោះ ខំ​ជំរុញឱ្យពួកគេ​ប្រើប្រាស់​ផលិតផល​ទាំងនោះ។ ជាលទ្ធផល ធ្វើឱ្យ​ស្បែក​ដ៏ស្អាតរបស់ ក្មេង​ទទួលរង​នូវការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ជួនកាល​បណ្ដាល​ឱ្យកើត​មហារីក​ស្បែកទៀត​ផង។ លោក​វេជ្ជបណ្ឌិត ថៃ គា បាន​បន្ថែមថា​កាលពីមុន​ការជាំមុខ ច្រើន​តែកើត​មានចំពោះ​អ្នកដែលមា​នវ័យពី​៣០​ទ្បើងទៅ ប៉ុន្ដែ​នៅពេល​បច្ចុប្បន្ននេះ ក្មេងត្រឹម​អាយុ១៥ឆ្នាំ​ក៏កើត ជាំមុខដែរ។

ដំបូន្មាន​អ្នកជំនាញ

មុននឹង​សម្រេចចិត្ដ​ប្រើប្រាស់​ផលិតផល​អ្វីមួយ សូមគិត​ពីផលប៉ះពាល់​របស់វា​ជាមុនសិន។ ប្រការ​ប្រសើរ គួរ​ទៅជួប​ជាមួយ គ្រូពេទ្យ​ជំនាញ​ជាមុនសិន ដើម្បីឱ្យ​ច្បាស់ថា​ប្រភេទស្បែក​របស់លោក​អ្នកសក្ដិសម​នឹង​ផលិតផល​បែបណា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative