គន្លឹះ​ដោះស្រាយ​ក្រចេញ​ទឹកកាម

អ្វីដែល​កើតមាន​ឡើង​សុទ្ធតែ​មានដើមហេតុ។​ គ្រាន់តែ​យើងអាច​រកឃើញ​ ឬរកមិន​ឃើញមូលហេតុ​តែប៉ុណ្ណោះ។​ កាលពី​លេខមុន​លោកអ្នក​អានបាន​ជ្រាបហើយ ​អំពីស្ថានភាព​ប្រភេទ ​និង​​​មូលហេតុ​​​​នៃការ​​​ក្រចេញ​ទឹកកាម។ ​នៅលេខនេះ​ទស្សនាវ​ដ្ដីសុខ​ភាពយើង​ សូមលើក​យកគន្លឹះ​ដោះស្រាយ​ក្រចេញ​ទឹកកាម ​មកជម្រាប​ជូនវិញម្ដង។ ​តើត្រូវ​ដោះស្រាយបញ្ហា​ក្រចេញ​ទឹកកាមតាម​បែបណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

បញ្ហាផ្លូវ​ចិត្ដបង្ក​ការលំបាក​ចេញទឹកកាម

ជាទូទៅ​ករណី​មិនចេញ​ទឹកកាម ​លំបាក​ចេញទឹកកាម​ ឬក្រចេញ​ទឹកកាម ​ជាពាក្យ​ដែលមាន​អត្ថន័យ​មិនសូវ​ជាខុស​គ្នាប៉ុន្មាន​ទេ។ ​ហើយមូលហេតុ​របស់វា​ក៏មិនសូវ​ជាខុសគ្នា​ប៉ុន្មានដែរទេ ​ជាអាទិ​បណ្ដាលមក​ពីសរីរៈសាស្ដ្រ​ ជម្ងឺរ៉ាំរ៉ៃ​ ការប្រើប្រាស់​ឱសថមួយ​ចំនួន ​វិបត្ដិផ្លូវចិត្ដ​ជាដើម។ ​មូលហេតុ​សរីរាង្គ​មិនសូវ​ឃើញមាន​បង្កឡើងទេ​ តែបើវា​ជាដើម​ហេតុពិត​ជាពិបាក​ដោះស្រាយ​ណាស់។

ជម្ងឺមួយ​ចំនួនអាច​បង្កជាការ​លំបាកចេញ​ទឹកកាម​ ដូចជា​ជម្ងឺសរសៃ​ប្រសាទ​ ជម្ងឺប៉ាកគីនសុន ​ជម្ងឺទឹកនោម​ផ្អែម ​ជម្ងឺខ្សោយ​តម្រង់នោម ​ញៀនស្រា​ គ្រោះថ្នាក់​ប៉ះទង្គិច​ប្រព័ន្ធសរសៃ​ប្រសាទ​ជាដើម។ ​ឱសថ​ ឬថ្នាំពេទ្យ​មួយចំនួន​ក៏អាច​បង្កការ​មិនចេញ​ទឹកកាម​ដែរ។ ​ករណីនេះ​ត្រូវជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្យាបាល​ជាបន្ទាន់​ ដើម្បីផ្លាស់ប្ដូរ​ឬបញ្ឈប់​ការប្រើប្រាស់​ថ្នាំទាំងនោះ​ចេញ។ ​ផ្ទុយទៅ​វិញ​ការលំបាក​ចេញទឹកកាម​នេះ ពិបាក​កំចាត់ណាស់​បើវាជា​ករណីមូលហេតុ​សរីរៈសាស្ដ្រ​ឬសរីរាង្គ។

ករណី​ដែលបណ្ដាល​ឱ្យមាន​ការលំបាក​ចេញទឹក​កាមភាគច្រើន​ បង្កឡើង​ដោយកត្ដា​ផ្លូវចិត្ដ។ កត្ដាផ្លូវចិត្ដ​ដែលបង្ក​ឱ្យបុរស​ពិបាកចេញ​ទឹកកាម​ទាំងនោះ​មានដូចតទៅ+

  • ការចង់​ត្រួតត្រា​ធ្វើម្ចាស់​លើខ្លួនឯង​ តាមរយៈ​ការមិនព្រម​បណ្ដែតបណ្ដោយ​ ឬឱ្យរបូតចេញ​ពេលរួមភេទ
  • កង្វល់អំពីការ​ចង់បង្ហាញ​ស្នាដៃ​ ៖ ​ការប្រមែប្រមូល​អារម្មណ៍​សុខស្រួល​ទៅលើការ​បំពេញចិត្ដ​ស្ដ្រីជាដៃគូ ឬការ​យកត្រាប់​តាមស្នាដៃ​របស់អ្នក​ដទៃជាដើម។​ បុរស​ជាច្រើន​ពេលជួប​ជុំគ្នាតែង​និយាយអំពី​បញ្ហាផ្លូវភេទ ​រហូតដល់​ពេលខ្លះ​ណែនាំ​គ្នាថា​មិនត្រូវ​ឆាប់ចេញ​ទឹកកាមពេកទេ​ ពីព្រោះថា​បុរសនោះ​អាចក្លាយ​ទៅជាបុគ្គល​ឆាប់ចេញ​ទឹកកាម។ ​ការគិតគូ​បែបនេះជ្រុល ក៏អាចជា​ដើម​ហេតុ​លំបាកចេញ​ទឹកកាម​ផងដែរ។
  • រងគ្រោះថ្នាក់​ផ្លូវចិត្ដ​ ដូចជា​ករណីរងកា​ររំលោភ​ផ្លូវភេទ ​ការរួម​ភេទចាប់បង្ខំ​ ឬនឹកឃើញ​ដល់ការ​រួមភេទ​ដែលមិនមាន​ការទទួល​ស្គាល់ពីសង្គម​ខុសប្រពៃណី​ (ខុសមេបា​មេបាកាច់)​ ជាដើម។
  • ការអប់រំគ្រួសារ​ ឬការអប់រំ​សាសនា​ដែលមិន​អនុញ្ញាត​ឱ្យបុរសមាន​សិទ្ធិភ្លើតភ្លើន​នឹងកាម​តណ្ហា​ ឬគ្មាន​សិទ្ធិទទួល​សេចក្ដី​សុខដល់​កំពូល​ជាដើម។
  • អត្ថន័យ​របស់ទឹកកាម​បង្កការ​រំខានផងដែរ ​ដូចជា​ចង់បានកូន​ភ័យខ្លាច​ចាញ់ប្រៀប ​ភ័យខ្លាច​ត្រូវគេចោទថា​រំលោភលើ​រាងកាយ​ជាដើម។
  • ពិបាក​ក្នុងការ​ធ្វើឱ្យ​ទុកចិត្ដ។

ប្រការ​ត្រូវធ្វើ​មុនដោះស្រាយ​ការលំបាក​ចេញទឹកកាម

  • ​សូមផ្អាក​ប្រើប្រាស់ថ្នាំ​ បើសង្ស័យ​ថាថ្នាំនោះ​ជាដើមហេតុ​ ហើយត្រូវ​ជំនួសដោយ​ថ្នាំមួយមុខ​ផ្សេងទៀត។​ ប៉ុន្ដែករណីខ្លះ​ត្រូវស៊ូទ្រាំ​ដោយស្ងាត់ស្ងៀម ​រង់ចាំរហូត​ដល់ការព្យាបាល​ដោយឱសថ​នោះ ចប់សព្វគ្រប់​ជាស្ថាពរ។
  • ​ត្រូវស្វែងយល់​អំពីខ្លួនឯង​ប្រយោជន៍​រកឱ្យឃើញ​ផ្លូវសេចក្ដីសុខ​ផ្លូវភេទ ​និងសារធាតុ​ដែលជំរុញ​ការកើនឡើង​នៃការ​ត្រេកត្រអាល​ផ្លូវភេទ ​រហូតអាច​ប្រើប្រាស់​មានប្រសិទ្ធភាព។
  • ​សូមបំពេញ​សកម្មភាព ​ឬហាត់រៀន​ដោយយកចិត្ដ​ទុកដាក់​ និងប្រកបដោយ​កា​មារម្មណ៍​ភេទពុះកញ្ជ្រោល ​ដើម្បីប្រើប្រាស់​វាពេល​ឱកាស​ហុចឱ្យ។
  • ​សូមហាត់​ពត់បណ្ដែត​បណ្ដោយខ្លួន​ប្រគល់រូបកាយ​ឱ្យមនុស្ស​ដែលលោកអ្នក​ស្រឡាញ់​ ដោយមាន​ទំនុកចិត្ដ​មិនត្រូវកំណា​ញខ្លួនឡើយ។
  • ​ត្រូវដឹង​ឱ្យច្បាស់ពី​ផលវិបាក​ទាំងឡាយ​ដែលបណ្ដាល​មកពីការ​វះកាត់​ផ្លូវនោម ​ដើម្បីឱ្យដឹង​ច្បាស់ថា​អាចប្ដូរ​សភាពទទួល​រឿងរ៉ាវ​ផ្សេងទៀត​ដោយងាយ។
  • ​ត្រូវទៅ​ពិគ្រោះជាមួយ​អ្នកជំនាញ​ខាងផ្លូវភេទ ​ដើម្បីសាកសួរ​យោបល់​រាល់ពេល​មានបញ្ហា។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីដោះស្រាយ​ក្រចេញ​ទឹកកាម

មិនត្រូវ​រារែកក្នុងការ​ទៅពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាងផ្លូវភេទ ​ដែលអាច​ជួយដោះស្រាយ​បញ្ហាផ្លូវភេទ​បែបនេះ​ដល់លោក​អ្នកនោះទេ។​ លោកអ្នក​ត្រូវមាន​ជំនឿចិត្ដថា​បញ្ហារបស់ខ្លួន ​នេះអាច​ដំណើរការ​ព្យាបាលជា​សះស្បើយបាន លើកលែង​តែការមិនអាច​ចេញទឹកកាម​ដោយកត្ដា​សរីរៈសាស្ដ្រ។ ​វិបត្ដិក្រចេញ​ទឹកកាម​មិនអាច​ដោះស្រាយ​ដោយផ្ទាល់​បានទេ។ ​ដើម្បីឱ្យការ​ចេញទឹក​កាមអាច​កើតមាន​នៅពេល​រួមភេទ​(ស៊កបញ្ចូល​លិង្គក្នុង​ទ្វារមាស)​ដូចធម្មតាវិញ ​ត្រូវមាន​ការហាត់រៀន​ដោយសាម៉ីខ្លួន​ផ្ទាល់ផងដែរ។ ​ជាអាទិ​ត្រូវហាត់រៀន​ត្រូវឆ្លងកាត់​ដំណាក់កាល​ជាបន្ដបន្ទាប់​ដូចតទៅ។

  • សូមឱ្យមាន​ការចេញ​ទឹកកាម​ដោយលេង​ប្រដាប់ភេទ​ឬលិង្គដោយ​ខ្លួនឯង
  • ​សូមឱ្យ​មានការ​ចេញទឹក​កាមដោយលេង​លិង្គនៅមុខ​ស្ដ្រីជាដៃគូ​រួមភេទ ​អាចមានជំ​នួយ​ឬគ្មានជំនួយ​ពីស្ដ្រីដៃគូ
  • ​សូមចាប់ផ្ដើម​សកម្មភាព​ផ្លូវភេទ​ដោយការ​ដាស់សម្រើប​ត្រេកត្រអាល ​រហូតដល់​ជិតចេញ​ទឹកកាម​ដោយការ​ថើប ​និងបបោស​អង្អែល​ហើយ នៅ​ខណៈចុងក្រោយ​ទើបស៊ក​លិង្គចូល​ក្នុងទ្វារមាស
  • ​ហើយសូម​ឆ្លាស់គ្នា​រវាងការ​បបោសអង្អែល​ប្រដាប់ភេទ ​និងការស៊ក​លិង្គចូលក្នុង​ទ្វារមាស​ម្ដង ធ្វើ​បែបនេះ​ម្ដងធ្វើបែប​នោះ​ សាចុះសា​ឡើង រហូត​ដល់អាច​បាញ់ចេញ​ទឹកកាមបាន​ទើបជាការ​ស្រេច។

ដំបូន្មាន​អ្នកនិពន្ធ

ប្រសិនបើ​ប្រើវិធី​ទាំងនេះ​ហើយនៅតែ​លំបាក​ ឬមិនដំណើរ​ការចេញ​ទឹកកាមទៀត​ សូមកុំបន្ដ​ចំណាយ​ពេលធ្វើ​យូរតទៅ​ទៀតអី។​ លោកអ្នក​ត្រូវទៅ​ពិគ្រោះ​យោបល់​ និងទទួលការ​ព្យាបាល​ពីអ្នកជំនាញ​ខាងផ្លូវភេទ។ ​ប្រការសំខាន់​ដែលលោកអ្នក​ត្រូវធ្វើ​ហើយមាន​ប្រសិទ្ធភាព​ជាអមតៈ​ គឺការពិគ្រោះ​ពិភាក្សា​គ្នាជាមួយ​ស្ដ្រីជាដៃគូ។

ដោយ វេជ្ជ.​ លី​ ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦