កូនស្រីងាយ​រងគ្រោះ ខូចអនាគត

ដោយសារ​ការស្រវា​ស្រទេញ​ផ្នែកជីវភាព​រស់នៅ ទើបបង្ក​ឱ្យមាន​ចំណាក​ស្រុកកើន​ឡើង​ជាលំដាប់។ មកដល់​ពេលនេះ មានកម្មករ​កម្មការិនី​ប្រមាណ​ជាជាង​២០ម៉ឺននាក់ កំពុង​បម្រើការងារ​តាមរោង​ចក្រ​សហគ្រាស​នានា​ក្នុងទី​ក្រុងភ្នំពេញ។ ចំណាក​ស្រុក បានធ្វើ​ឱ្យស្ដ្រី​ខ្មែរមួយ​ចំនួន​ត្រូវរងគ្រោះ​ដោយសារ​ការបោក​ប្រាស់របស់​ជនខិលខូច ដែល​ឆ្លៀត​ឱកាស​រកផល​ចំណេញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ស្ដ្រីងាយ​រងគ្រោះ​ជាប្រធានបទ​ដែល​ទស្សនាវដ្ដី​សុខភាពយើង លើកមក​បកស្រាយ​តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយលោក ស្រី និត សូផា ប្រធាន​កម្មវិធី​ផ្នែកស្ដ្រី​ប្រឈមមុខ​នឹងគ្រោះថ្នាក់ នៃ​អង្គការ​សុខភាព​គ្រួសារ​អន្ដរជាតិ​នៅកម្ពុជា។

ស្ដ្រីងាយ​រងគ្រោះ

ជាទូទៅ​ពាក្យថា​ងាយរង​គ្រោះ គឺមានន័យ​ថាងាយ​ទទួល​គ្រោះថ្នាក់​សព្វបែប​យ៉ាង។ អ្នកដែល​ងាយ​រងគ្រោះ​ផ្ដោត​សំខាន់ ទៅលើ​កុមារ​ដែលរស់​នៅតាម​ចិញ្ចើម​ថ្នល់ និង​ស្ដ្រីដែល​ធ្វើចំណាក​ស្រុក​(ចេញពី​ស្រុកកំណើត​មករស់​នៅកន្លែង​ផ្សេង)។ ពួកគាត់​សុទ្ធ តែជាក្រុម​ដែលងាយ​រងគ្រោះ ងាយរង​នូវសម្ពាធ បរិយាកាស​ជុំវិញខ្លួន ដោយ​ការឆាប់​ជឿទុក​ចិត្ដគេ ងាយ​រងនូវការ​បោក​បញ្ឆោត។

មូលហេតុ​ដែលនាំ​ឱ្យរង​គ្រោះ

ភាគច្រើន​នៃស្ដ្រី​ដែលងាយ​រងគ្រោះ ច្រើនតែ​មានមូល​ហេតុផ្សេងៗ​ជាច្រើន ដូចជា ៖

  • តម្រូវការ​ការងារធ្វើ ៖ ស្ដ្រីនៅ​តាមជន​បទភាគ​ច្រើនត្រូវ​បានពួក​មេខ្យល់​បោកប្រាស់​តាមរូបភាព​រកការងារ​ឱ្យធ្វើ ដែល កុហកថា​បានប្រាក់​កម្រៃពល​កម្មខ្ពស់ ឬ​ក៏យក​មកជា​មួយដោយ​ការចាត់​ទុកដូច​ជាសាច់ញ្ញាតិ ឬ​ក៏តាមរយៈ​មិត្ដភ័ក្ដ្រ​បោកប្រាស់​យក ទៅលក់​នៅផ្ទះ​បនតែម្ដង។
  • មហិច្ឆិតា ៖ ការលោភលន់​បាននាំ​ឱ្យស្ដ្រី​វ័យក្មេង​ទាំងឡាយ​ងាយធ្លាក់​ក្នុងគ្រោះ​ថ្នាក់ ដោយសារ​ការចង់​មានចង់​បានដូចគេ ដូចជា​សម្លៀក​បំពាក់ល្អៗ របស់របរ​ទំនើប ទូរស័ព្ទ គ្រឿង​អលង្កា​ជាដើម។ ទោះបីជា​បានដឹង​ហើយថា​ជាមុខរបប​មិនប្រពៃ​ក៏ដោយ ក៏ ពួកគាត់​ស្ម័គ្រចិត្ដ ដើម្បី​ភាពហ៊ឺហា និងឆើតឆាយ ដោយគ្មាន​នរណា​បោកបញ្ឆោត​ឡើយ។
  • ភាពក្រីក្រ និង​អំពើហិង្សា​ក្នុងគ្រួសារ ជួនកាល​ការរងគ្រោះ​បណ្ដាលមក​ពីជីវភាព​គ្រួសារ​ក្រីក្រ​ខ្លាំងពេក ទើបបង្ខំចិត្ដ​ប្រព្រឹត្ដ ឬ​ដោយសារ​ក្នុងគ្រួសារ​មាន​អំពើហិង្សា​ខ្វះភាព​កក់ក្ដៅ​បានធ្វើ​ឱ្យក្មេង​ស្រីចង់​ចៀសផុត​ពីសោក​នាដកម្មនេះ ទើបងាយ​ក្លាយជា នុយ​របស់ពួក​ឱកាស​និយម។ ម្យ៉ាងទៀត ការរង​នូវការ​រំលោភ​បំពាន​រាងកាយ​ដូចមាន​ករណីខ្លះ ក្នុង​គ្រួសារ​មានឪពុក​ចាប់រំលោភ​សេពសន្ថវៈ ដែល​ជាកត្ដា​មួយជំរុញ​ឱ្យក្មេង​ស្រីចាក​ចេញពីផ្ទះ។
  • ស្នេហា​បែកបាក់ មានយុវតី​មួយចំនួន ដោយសារ​តែមាន​បញ្ហា​ជាមួយ​គូសង្សារ ឬ​ក៏ត្រូវ​សង្សារ​បោះបង់​ចោល​ឈឺចិត្ដ រួចក៏​ជ្រើសរើស​យកផ្លូវ​ដើរខុស​ដើម្បីមក​ដោះស្រាយ​ដោយគិត​ថាអាច​បញ្ឈឺចិត្ដ​សង្សារ ឬ​ក៏បញ្ឈឺ​ខ្លួនឯងបាន។

ផលប៉ះ​ពាល់​នៃការ​ងាយ​រងគ្រោះ

មានស្ដ្រី​ភាគច្រើន​ទទួលការ​រងគ្រោះ និង​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ផ្លូវកាយ​ផ្លូវចិត្ដ រួមជា​មួយនឹង​សង្គមទាំង​មូលផង​ដែរ ។ ស្ដ្រីទាំង​នេះអាច​ប្រឈមមុខ​ជាមួយ​នឹង​បញ្ហា​មួយចំនួន​ដូចត​ទៅនេះ។

  • ផលប៉ះ​ពាល់​ខាងផ្នែក​រាងកាយ មានស្ដ្រី​រងគ្រោះ​ខ្លះលង់​ខ្លួនកាន់​តែជ្រៅ ទៅជា​ប្រព្រឹត្ដ​នូវ​អំពើ​អនាចារ ដើរ​ហើរពាស​វាលពាស​កាល សេព​គ្រឿនញៀន ចូលរួម​ជាមួយបង​តូចបងធំ​បង្កទៅជា​ការលួចឆក់​ប្លន់ជាដើម។ ក្រៅពី​នេះ ក៏មាន​ស្ដ្រីមួយ​ចំនួនគិត ថាបើ​ជ្រុលក្បាល​ក្រពើទៅ​ហើយធ្វើអ្វី​ក៏បានដែរ ជំរុញ​ឱ្យពួកគេកាន់​តែមាន​ចិត្ដក្លា​ហាន ទោះបី​ជាអំពើផ្ទុយ​ពីច្បាប់រដ្ឋ​ក៏ហ៊ាន​ប្រព្រឹត្ដ។ ស្ដ្រីរង​គ្រោះភាគ​ច្រើនត្រូវឆ្លង​ជម្ងឺអេដស៍​ថែមទៀត ដែល​ជាបន្ទុក​ធ្ងន់ធ្ងរ​មួយកម្រិត​ទៀត ធ្វើឱ្យ​ពួកគេ​រិតតែ​ខ្មាសអៀន​មិនហ៊ាន​ចូល រួមជាមួយ​សង្គម។
  • ផលប៉ះ​ពាល់ខាង​ផ្នែកផ្លូវចិត្ដ ជាធម្មតា មនុស្ស​តែងតែ​គិតពី​បញ្ហាជីវិត​ទៅថ្ងៃ​អនាគត ប៉ុន្ដែ​សម្រាប់​ស្ដ្រីរង​គ្រោះទាំង នោះលែង​គិតពីបញ្ហា​ទាំងអស់​នេះហើយ ព្រោះគាត់​គិតថា​ជីវិតរបស់​គាត់អស់​តម្លៃ ធ្វើឱ្យ​ពួកគាត់​លែងគិត​ពីរយៈពេល​នៃការ​រស់នៅ ក្នុងជីវិត។ រហូតដល់​មានស្ដ្រី​រងគ្រោះ​មួយចំនួន​ដែលធ្លាក់​ខ្លួនផ្ទុក​មេរោគ​អេដស៍ គាត់បែរ​ជាចង់​គំនុំនឹង​បុរសភេទ ដោយគិត​ថាបុរស ទាំងនោះ​ហើយដែល​ជាអ្នក​ជំរុញ​ឱ្យគាត់ធ្លាក់​ខ្លួនដល់​ថ្នាក់នេះ ម្ល៉េះ​ហើយគាត់​គិតតែពី​ចម្លង​មេរោគអេដស៍​ដ៏សាហាវ​នេះឱ្យទៅ​បុរស ផ្សេងទៀត ដោយ​មិនរើស​មុខ។ មានស្ដ្រី​មិនតិច​នាក់ទេ ដែល​ស្រមោល​នៃការ​រងគ្រោះ​បានលង​បន្លាចគាត់​ជានិច្ច ធ្វើឱ្យ​គាត់ដេក​មិនលក់ ឆាប់ភ័យខ្លាច មិនហ៊ាន​និយាយស្ដី ខ្លាច​មនុស្ស​គ្រប់ប្រភេទ​ទាំងនេះ ដោយសារ​តែទារុណកម្ម​ដែលគាត់​បានទទួល​នៅពេលដែល គាត់ត្រូវ​គេបោក​ប្រាស់យក​ទៅលក់​នៅផ្ទះបន។
  • ផលប៉ះ​ពាល់ខាង​ផ្នែកសង្គម យើងដឹង​ហើយថា​ក្នុងសង្គម ធនធាន​មនុស្ស​ជាកត្ដា​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស ជាតិ។ ផ្ទុយទៅវិញ បើស្ដ្រី​ជាមាតា​នៃប្រទេសជាតិ​ត្រូវរងគ្រោះ​ដោយប្រការ​ផ្សេងៗ តើការ​លូតលាស់​របស់សង្គម​មានភាព​រលូន ឬ​ទេ ? បើប្រៀប​ធៀប​ជាមួយ​នឹងការ​លូតលាស់​នៃដើម​ដូងមួយ​ដើម ទោះបី​ជាខំប្រឹង​លូតលាស់​យ៉ាងណា បើមានដួង ឬ​សត្វល្អិត​ផ្សេងៗរង់ ចាំបំផ្លាញ តើការ​លូតលាស់​អាចបាន​ល្អទេ?

ប្រការ​គួរចៀសវាង ដើមី្បគេច​ផុតពីការ​រងគ្រោះ

សម្រាប់​ឪពុកម្ដាយ និង​អាណា​ព្យាបាល ក៏​ដូចជា​ស្ដ្រីផ្ទាល់​ខ្លួន ត្រូវព្យាយាម​ប្រកាន់​នូវគោល​ជំហរ​មួយចំនួន​ដើម្បីចៀសឱ្យ ផុតពីការ​រងគ្រោះ។

  • ឪពុកម្ដាយ​ទាំងឡាយ​ត្រូវផ្ដល់​ការអប់រំ​ដល់កូនស្រី តាមរយៈ​ការបញ្ជូន​កូនទៅ​សាលារៀន​ឱ្យបាន​យ៉ាងតិចត្រឹម​ថ្នាក់ទី៧ ដែល​រដ្ឋាភិបាល​បានកំណត់ ក៏ដូចជា​សំណូមពរ។ ព្រោះបើ​កូនស្រីរៀន​សូត្របាន​ច្រើន ពួកនាង​ងាយស្រួល​ក្នុងការ​ពិចារណា​បែងចែក ខុសត្រូវ គួរធ្វើ ឬ​មិនគួរធ្វើ ដើម្បីចៀស​ផុតពីការចាញ់​បោកបញ្ឆោត​របស់ពួក​ឱកាស​និយម។
  • បើចៀស​មិនផុត​ពីការ​ដែលកូនស្រី​ចាកចេញ​ឆ្ងាយ ឪពុកម្ដាយ​ទាំងឡាយ​គប្បី​ដឹង​ពីកន្លែង​រស់នៅ និង​មុខរបរ​ពិតប្រាកដ របស់កូន។ សូមមេត្ដា​ព្យាយាម​តាមដាន​រាល់ការ​សេពគប់​មិត្ដភក្ដិ​របស់កូនស្រី​ឱ្យបាន​ទៀងទាត់ ពីព្រោះ​ថាបើ​កូនស្រី​លោកអ្នក​សេពគប់​ជាមួយនឹង​មិត្ដភក្ដិ​មិនល្អ នោះ​កូនរបស់​លោកអ្នកងាយ​ប្រឈមមុខ​នឹងគ្រោះ​ថ្នាក់​ណាស់។
  • សូមព្យាយាម​ពន្យល់​កូនឱ្យ​បានល្អិតល្អន់​នូវផល​អវិជ្ជមាន​ទាំងឡាយ​ដែលអាច​កើតមាន​ឡើងចំពោះ​កូនស្រី ព្រោះឪពុក ម្ដាយ ផ្ទះជាគំរូ និង​ជាសាលារៀន​ទីមួយ​របស់កូន។ ឪពុកម្ដាយ​ត្រូវពិចារណា​ឱ្យបាន​ម៉ត់ចត់ មុននឹង​ឱ្យកូន​ស្រីទៅនៅ​ជាមួយ​នរណា ម្នាក់។

ដំបូន្មាន​អ្នកជំនាញ

ក្នុងនាម​ជាស្ដ្រីខ្មែរ និង​ជាអ្នកម្ដាយ​មួយរូប លោកស្រី និត សូផា មាន​សំណូមពរ​សុំឱ្យ​ឪពុកម្ដាយ​ទាំងឡាយ​ធ្វើជាគំរូ​ល្អដល់ កូន កុំចង់​បានត្រឹម​តែប្រាក់​ពីកូន ដោយមិន​គិតពី​ទុក្ខវេទនា​របស់កូន។ បើអាច​ធ្វើទៅបាន សូមខិតខំ​ជួយសម្រួល​ដល់ការ​លំបាករបស់ កូន តែកុំព្យាយាម​បន្ថែមបន្ទុក​ដល់កូន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative