ម៉ាស៊ីន​ព្យាបាល​ជម្ងឺខ្វះឈាម​ទៅចិញ្ចឹម​បេះដូង

ដើម្បីជា​ជំនួយ​ដល់ការ​ពិនិត្យ​ព្យាបាល​អ្នកជម្ងឺ​ដែលមាន​អាការ​ចុកទ្រូង​នៅផ្នែក​ខាងឆ្វេង​ឱ្យបាន​លម្អិត និងត្រឹមត្រូវ ម៉ាស៊ីនឆ្លុះសរសៃ​ឈាមបេះ​ដូងដើរ​តួនាទីសំខាន់ ជាជំនួយ​នៅក្នុងការ​ធ្វើរោគ​វិនិច្ឆ័យ។ បច្ចុប្បន្ន ឧបករណ៍​នេះមាននៅ​ក្នុងមជ្ឈ​មណ្ឌល​បេះដូង​នៃមន្ទីរ​ពេទ្យកាល់ម៉ែត ដែលជា​ផលិតផល​របស់​ប្រទេស​ជប៉ុន​មានតម្លៃ​ប្រហែល​៧៣ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជាជំនួយ​ស្មារតី និង​បង្កើន​ទំនុកចិត្ដ​ដល់អ្នក​ជម្ងឺឱ្យ​មកទទួល​យកនូវ​សេវាព្យាបាល​នៅក្នុងស្រុក​ដោយអ្នក​ជំនាញខ្មែរ លោកវេជ្ជ​បណ្ឌិត សុខ ជួរ ជាអ្នក​ឯកទេស​ជម្ងឺបេះដូង និង​សរសៃឈាម​នៅមជ្ឈ​មណ្ឌល​បេះដូង នៃមន្ទីរ​ពេទ្យកាល់ម៉ែត បានណែ​នាំនូវ ឧបករណ៍​ដែលទំនើប​មួយនេះ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​សុខភាពយើង។

សរសៃ​ឈាមបេះដូង

បេះដូង​គឺជាសាច់​ដុំពិសេស​ដែលធ្វើ​ចលនា​ច្រើនជាង​គេនៅក្នុង​រាងកាយ​មនុស្ស។ សាច់ដុំ​បេះដូង​បូមឈាម​ចូលទៅ​ក្នុងសរសៃ​ឈាម​ដែលទទួល​យកឈាម​ទៅចែក​ឱ្យគ្រប់ផ្នែក​នៃសព៌ាង្គកាយ។ ដូចជា​សាច់ដុំ​ដទៃ​ទៀតដែរ សាច់ដុំ​បេះដូង​ត្រូវការ​ឈាមល្អមក ផ្គត់ផ្គង់ ហើយ​សរសៃឈាម​បេះដូង​នឹងនាំឈាម​ទៅកាន់សាច់​ដុំបេះដូង។ សរសៃ​ឈាម​បេះដូង គឺជា​សរសៃឈាម​ដំបូង​នៃមែក​សរសៃឈាម​ក្រហម។ សរសៃឈាម​ក្រហម​(អាកអ័ក) គឺ​ជាសរសៃ​ឈាម​ធំជាង​គេដែល​នាំឈាម​ពីបន្ទប់ ឬ​ថតបេះដូង​ខាងឆ្វេង​ទៅកាន់​រាងកាយ។

ជម្ងឺខ្វះ​ឈាមទៅ​ចិញ្ចឹម​បេះដូង

ជម្ងឺខ្វះ​ឈាមទៅ​ចឹញ្ចឹម​បេះដូង​គឺជាជម្ងឺ​ម្យ៉ាងដែល​បណ្ដាល​មកពីបេះដូង។ ជាធម្មតា​មូលហេតុ​ជម្ងឺខ្វះឈាម​ទៅចិញ្ចឹម​បេះ ដូង គឺបណ្ដាលមក​ពីការចង្អៀត​សរសៃឈាម​បេះដូង​មួយ ឬ​ច្រើន។ អាការ​ខ្វះឈាម​នេះកាត់​បន្ថយ​ឈាម​ដែល​ផ្គត់ផ្គង់​ទៅឱ្យផ្នែក មួយ ឬ​ច្រើននៃ​សាច់ដុំបេះដូង។ ឈាម​ដែលផ្គង់ផ្គង់​អាចគ្រប់គ្រាន់​ពេលដែល​សម្រាក។ ទោះបីជា​យ៉ាងណា​ក៏ដោយ សាច់ដុំ​បេះដូង ត្រូវការ​ឈាម និង​អុកស៊ីហ្សែន​ច្រើននៅពេល​ដែលធ្វើ​ការច្រើន។ ជាក់ស្ដែង​ពេលដែល​ដើរលឿន ឬ​ឡើងជណ្ដើរ កម្រិត​នៃបេះដូង​កើនឡើង ហើយត្រូវ​ការឈាម​បន្ថែម។ ប្រសិន​បើឈាម​បន្ថែម​ដែលបេះដូង​ត្រូវការ​មិនអាច​ឆ្លងកាត់​សរសៃឈាម​ចង្អៀត បេះដូងនឹង ប្រាប់​ពីជម្ងឺ​អ្វីមួយ។ ការចង្អៀត​សរសៃឈាម គឺបណ្ដាល​មកពីការ​លូតលាស់​នៃទ្រនាប់​ខាងក្នុង​របស់សរសៃឈាម ដែលគេ​ហៅថា​អាតឺរ៉ូម៉ា។ វាអាច​នឹងមាន​រូបរាង​បន្ដិចម្ដងៗ​ក្នុងកន្លែង​មួយ ឬ​ច្រើន​នៅក្នុង​សរសៃឈាម​បេះដូង។ នៅពេលនោះ វាអាច​រីកធំធាត់ ហើយ បណ្ដាល​ឱ្យចង្អៀត​សរសៃឈាម​មួយ ឬ​ច្រើន ដែលអាច​នាំឱ្យមាន​អាការរោគ​ផ្សេងៗ។

ម៉ាស៊ីន​ឆ្លុះសរសៃ​ឈាមបេះដូង

ម៉ាស៊ីន​ឆ្លុះសរសៃ​ឈាមបេះដូង ឬ​អង់ហ្ស៊ី​អូហ្គ្រាហ្វី កូរ៉ូនែរ ជាឧបករណ៍​ឯកទេស​ម្យ៉ាង​ដែលមាន​លទ្ធភាព​អាចធ្វើ​ការថតឆ្លុះ​ព័ត៌មាន​លម្អិត​សរសៃឈាម​បេះដូង ដោយ​កាំរស្មីអ៊ិច​ដើម្បីងាយ​ធ្វើរោគ​វិនិច្ឆ័យ។ វាត្រូវ​បានប្រើ​ជាចាំបាច់​លើអ្នក​មានជម្ងឺ​ខ្វះឈាម ទៅចិញ្ចឹម​បេះដូង ដើម្បី​ស្ទង់នូវ​ទំហំ និង​ភាពធ្ងន់ធ្ងរ​នៃជម្ងឺ។ ម៉ាស៊ីន​កាំរស្មីអ៊ិច​ពិសេសមួយ​នេះអាចបង្ហាញ​សរសៃ​ឈាមបេះដូង និង សាខាដ៏​តូចជាង​គេរបស់​វាផ្សេងទៀត​បានយ៉ាងច្បាស់ ដូចជា​ផែនទី​ផ្លូវថ្នល់។ ឧបករណ៍​នេះអាចបង្ហាញ​នូវរូបរាង​ពិតនិង​ទំហំសរសៃឈាម​ដែលតូច​ចង្អៀត ឬ​ស្ទះ។ ជាមួយ​ឧបករណ៍​នេះ មានការ​ទាក់ទង​ទៅនឹង​ទម្រង់ការ​ដែលគេ​ហៅថា​បំពង់បូម ឬ​ការចាក់​បញ្ចូល ទៅក្នុង​សរសៃ​ឈាមបេះដូង​ដោយប្រើ​បំពង់បូម​(ស្ដើង ប្រហោងក្នុង អាច​បត់បែនបាន) តាមរយៈ​សរសៃ​ឈាម​នៅក្នុងដៃ ឬ​ជើង និង​ការចាក់​បញ្ចូលនូវ​សារធាតុរាវ​ទៅក្នុង​សរសៃឈាម​បេះដូង។ ឧបករណ៍​នេះគួរតែ​មានការ​ប្រើប្រាស់​ដោយអ្នក​ដែលមាន​ឯកទេស នៅក្នុង​មន្ទីរពេទ្យ​តែប៉ុណ្ណោះ។ គ្រូពេទ្យ​នឹងប្រើ​វាដើម្បី​ស្វែងរក​ព័ត៌មានអំពី​សរសៃឈាម​ដែលផ្គត់ផ្គង់​ឈាមទៅ​ឱ្យសាច់ដុំ​បេះដូង។ មុនពេល​ធ្វើតេស្ដ លោកអ្នក​នឹងមាន​ការពិនិត្យ​ឈាមខ្លះ ហើយលោក​អ្នកនឹង​បានទទួល​នូវព័ត៌មាន​លម្អិត​អំពីដំណើរ​ការនេះ។

អត្ថប្រយោជន៍​ម៉ាស៊ីនឆ្លុះ​សរសៃឈាម​បេះដូង

ឧបករណ៍​នេះជាទម្រង់​ការកាំរស្មី​អ៊ិចមួយ​ដែលបង្ហាញ និង​ពង្រីក​សរសៃ​ឈាមបេះ​ដូងដែល​ផ្គត់ផ្គង់​ឈាម​ទៅឱ្យ​សាច់ដុំ​បេះដូង​ឱ្យឃើញ​ច្បាស់។ ហើយជួយ​ឱ្យគ្រូពេទ្យ​ធ្វើការ​ព្យាបាល​បានតាម​តម្រូវការ​ជាក់ស្ដែង។ វាអាច​មានលទ្ធភាព​នៅក្នុងការ​ពិនិត្យជម្ងឺ ខ្វះឈាម​ទៅចិញ្ចឹម​បេះដូង ឬ​គាំងបេះដូង ហើយជួយ​ដល់ការ​ព្យាបាល​ជម្ងឺឱ្យ​មានលទ្ធផល និង​ប្រសិទ្ធភាព​ខ្ពស់។ ប្រសិន​បើសរសៃ​ឈាមបេះដូង​ចង្អៀត ឬ​ស្ទះមធ្យម មិនចាំ​បាច់វះ​កាត់ទេ។ ពេលថត​សរសៃឈាម​បេះដូង​ឃើញត្បៀត យើង​អាចពង្រីក​ដោយការ បាញ់រឺ​ស័រពង្រីក។ ការព្យាបាល​ជម្ងឺ​សរសៃឈាម​បេះដូង ត្រូវការ​ជាចាំបាច់​នូវឧបករណ៍​នេះ ព្រោះបើ​មិនអាច​ដឹងថាស្ទះ​សរសៃណា មួយ ការព្យាបាល​អាចមិន​មានប្រសិទ្ធភាព។

របៀបរៀបចំ​ខ្លួនមុន​ពិនិត្យដោយ​ម៉ាស៊ីនឆ្លុះ​សរសៃ​ឈាមបេះដូង

គួរទទួល​ការបង្រៀន​ពីមន្ទីរពេទ្យ​នូវអ្វីដែល​លោកអ្នក​គួរតែធ្វើ ឬ​យល់ដឹង។

  • ប្រសិន​បើលោកអ្នក​លេបថ្នាំ​ដែលប៉ះពាល់​ដល់ឈាម លោកអ្នក​ត្រូវផ្អាកពីរ ឬ​បីថ្ងៃ មុនពេល​ពិនិត្យ​ដោយម៉ាស៊ីន​នេះ ព្រោះការពារ​ការហូរឈាម​ដែលហួស​ប្រមាណ​ពីកន្លែង​ដែលបាន​ស៊កបញ្ចូល​បំពង់បូម។
  • ប្រសិន​បើលោកស្រី​អ្នកនាង​មានផ្ទៃពោះ ចាំបាច់​ត្រូវតែប្រាប់​គ្រូពេទ្យ​ដែល​ពិនិត្យ។
  • លោកអ្នក​អាចនឹង​ត្រូវសុំ​មិនឱ្យ​ទទួលទាន​រយៈពេល​បីម៉ោង​មុនពេល​ពិនិត្យ។
  • លោកអ្នក​ត្រូវតែ​មានការ​យល់ពី​ចំណុច និង​បញ្ហាមួយ​ចំនួន មុនពេល​ទទួលការ​ពិនិត្យ។
  • ជាទូទៅ​លោកអ្នក​ចំណាយ​ពេលត្រឹមតែ​៣០នាទី​ប៉ុណ្ណោះ​សម្រាប់ការ​ពិនិត្យ តែជួនកាល​អាចឈាន​ដល់ពេញ​មួយថ្ងៃ។
  • អាចមាន​ស្នាមជាំ ឬ​របួស​នៅលើស្បែក​ដែលបំពង់​បានដាក់ចូល តែវាមិន​ធ្ងន់ធ្ងរទេ វាគ្រាន់​តែឈឺ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ។
  • លោកអ្នក​អាចមាន​ជម្ងឺខ្វះ​ឈាម​ទៅចិញ្ចឹម​បេះដូង​នៅពេល​ពិនិត្យ តែមាន​ត្រឹមតែ​មួយរយៈ​ពេល​ខ្លីប៉ុណ្ណោះ។
  • ប្រសិនបើ​លោកអ្នក​ប្រតិកម្ម​ទៅនឹង​សារធាតុ​ណាមួយ គួរតែ​ជម្រាប​ទៅគ្រូពេទ្យ។
  • ដោយម៉ាស៊ីន​មានការ​ប្រើកាំរ​ស្មីអ៊ិច ដូច្នេះ​អាចមាន​ការប៉ះពាល់​តិចតួច​ដល់ការ​លូតលាស់​នៃកោសិកា​ស្បែក ឬ​មហារីកស្បែក។

ដំបូន្មាន​អ្នកជំនាញ

បច្ចុប្បន្ន​នេះនៅ​ស្រុកខ្មែរ​មានអ្នកជំនាញ​ដែលទើប​មកពី​សិក្សានៅ​បរទេស និង​ឧបករណ៍​ទំនើបៗ​ច្រើន ដូច្នេះ​សូមទទួល​យកនូវ​ការពិនិត្យ និង​ព្យាបាល​ឱ្យទាន់​ពេលវេលា។ អ្នកជម្ងឺ​ភាគច្រើន​ទាល់តែ​មានអាការ​ធ្ងន់ធ្ងរ ទើបមក​ទទួលការ​ព្យាបាល អាចមកពី គាត់​មិនបានដឹង​ពីភាពធ្ងន់ធ្ងរ​នៃជម្ងឺ និងភាព​លំបាក​នៅក្នុងការ​ព្យាបាល។ ហេតុដូច្នេះ​សូមយកចិត្ដ​ទុកដាក់​ចំពោះ​សុខភាព និង​សញ្ញាណ​មិនប្រក្រតី​ផ្សេងៗ ពិសេស​ពេលមាន​អាការ​ចុកទ្រូង​ផ្នែកខាង​ឆ្វេង ពេលធ្វើ​ការងារ​ហត់ជាដើម សូមប្រញាប់​មកជួប​ជាមួយ​គ្រូពេទ្យ​ដើម្បីទទួល​ការពិនិត្យ និង​វិភាគរោគ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative