របៀបសង្គ្រោះ​អ្នកលង់ទឹក

ការសង្គ្រោះ​ជីវិត​គឺជាអំពើ​បុណ្យមួយ​ដែលមនុស្ស​ភាគច្រើន​ប្រាថ្នា​ប្រតិបត្ដិ។ គ្រោះថ្នាក់​លង់ទឹក​ច្រើនកើត​មានញឹកញាប់ នៅពេល​មាន​ទឹកជំនន់។ ការដែល​ជួយមនុស្ស​ដែល​រងគ្រោះ​ចៃដន្យនេះ ដោយមិន​មានបច្ចេកទេស​ត្រឹមត្រូវ អាចនាំ​ឱ្យមាន​គ្រោះថ្នាក់ ដល់ជិវិត​អ្នកដែល​មានបំណង​សង្គ្រោះ​ទៅវិញ។ នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកមក​បង្ហាញ​នូវចំណេះដឹង បច្ចេកទេស​ជំនួយ​សង្គ្រោះ​បឋម ដើម្បី​ជាទុន​ដល់អ្នក​ដែលមាន​បំណង​ចង់ជួយ​អ្នកដែល​លង់ទឹក​ឱ្យបាន​ត្រឹមត្រូវ និង​ផ្ដល់នូវ​ចំណេះដឹងខ្លះៗ ដើម្បី​ឱ្យអ្នក​បានត្រៀមខ្លួន​ជាមុនពី​ប្រការដែល​ត្រូវអនុវត្ដ​នៅពេលដែល​ជួយសង្គ្រោះ​អ្នកលង់ទឹក។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ប៉ឹច អៀងឡេង ជាប្រធាន​កម្មវិធី​វិជ្ជាសង្គ្រោះ​បឋម​សហគមន៍ នៃសាខា​កាកបាទក្រហម​កម្ពុជា​ក្រុងភ្នំ ពេញ បានអប់រំ​ពីវីធីសង្គ្រោះ​អ្នកលង់​ទឹកបឋម។

មូលហេតុ​ដែលនាំ​ឱ្យលង់ទឹក

ការលង់ទឹក​អាចបណ្ដាល​ឱ្យស្លាប់ កាលណាទឹក ឬ​វត្ថុរាវ​ណាមួយ​ធ្វើឱ្យស្ទះ​ដំណើរ​ខ្យល់ចូល​ទៅក្នុងមាត់ ឬ​ច្រមុះ។ កុមារ តូចៗ​ច្រើនមាន​គ្រោះថ្នាក់​ច្រើនជាងគេ ព្រោះ​មិនសូវមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បីជំនះ​លើគ្រោះថ្នាក់នេះ។ ការលង់​ទឹកភាគច្រើន បណ្ដាលមក​ពីអ្នកលេង​ទឹកមិនអាច​មើលដឹង​ពីជម្រៅទឹក ហើយដោយ​មិនសូវចេះ ឬ​មិនចេះ​ហែលទឹក ដោយទឹក​ជំនន់បក់​បោកខ្លាំង ឬ មានការ​ធ្វេសប្រហែស​មិនបាន​បំពាក់​ឧបករណ៍​សុវត្ថិភាព​ទៅជាមួយ ទើបងាយ​រងគ្រោះ។ ទោះបី​ជាមនុស្ស​ធំពេញវ័យ​ដែលចេះ​ហែល​ទឹក ក៏នៅ​មានការ​លង់ខ្លះដែរ ព្រោះ​ពួកគាត់​ហត់ខ្លាំង​ពេកមិន​អាចហែល​មកដល់​ទីទួល​សុវត្ថិភាព​បាន។ នៅមាន​ការលង់ទឹក​ដោយសារ​បញ្ហា​សុខភាព​រាងកាយ ដូចជា​មានអាការ​រមួលក្រពើ​ពេលហែល​ដល់ទឹក​ជ្រៅជាដើម។ នៅមាន​ការលង់​ទឹកដោយ​អចេតនា​មួយ ទៀត គឺករណី​ដែលជន​រងគ្រោះ​មានបំណង​ចង់សម្លាប់ខ្លួន តែដល់​ពេលថប់​ដង្ហើមខ្លាំង​ទើបខំស្រែក​រកជំនួយ។

របៀប​សង្គ្រោះ​អ្នកលង់ទឹក

ក្នុងករណី​ដែលយើង​ជួបមនុស្ស​លង់ទឹក យើងត្រូវ​គិតដល់​បីដំណាក់​កាលធំៗ មានការ​សង្គ្រោះ​ឱ្យផុត​ពីទឹក ការសង្គ្រោះ ពេលមក​ដល់លើគោក និង​ការបញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ។

1. ការសង្គ្រោះ​ឱ្យផុតពីទឹក ៖ លោកអ្នក​ត្រូវចាំ​ថាអ្នក​ដែលកំពុង​លង់ទឹក​មិនមាន​សមាធិ​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ខ្លួនឯងទេ។ ដូច្នេះ​តាមទ្រឹស្ដី គឺហាម​ដាច់ខាត​មិនឱ្យ​លោកអ្នក​លោតចូល​ទៅជួយ​អ្នកលង់ទឹក​ដោយផ្ទាល់ទេ វាអាច​បង្កឱ្យ​មានគ្រោះថ្នាក់​ដល់ខ្លួន​លោកអ្នក​ជាអ្នក​ជួយសង្គ្រោះ។ ព្រោះអ្នក​លង់ទឹក​អាចនឹង​ស្រវាស្រទាញ​មិនបន្ថយ​ដៃដោយ​អចេតនា បណ្ដាល​ឱ្យលោក​អ្នកងាយ រងគ្រោះ​ទៅជាមួយ។ ជាបឋម​លោកអ្នក​ត្រូវប្រើ​ឧបករណ៍​ដើម្បី​ជួយ​សង្គ្រោះ មាន​ដូចជា​បោះខ្សែ​យោងពោង​ឈើវែង​ជាដើម។ លោកអ្នក​អាចស្រង់​ជនរងគ្រោះ​នៅកន្លែង​ដែលមាន​ទឹករាក់បាន ដោយ​ព្យាយាម​លើកក្បាល​ជនរងគ្រោះ​ឱ្យផុត​ពីទឹក។ បន្ទាប់​មកត្រូវ ទ្រពោះ​ឱ្យក្បាល​សំយុងចុះ ដើម្បី​ឱ្យទឹកហូរ​ចេញក្រៅ ហើយ​យកមក​ដាក់នៅ​កន្លែង​ដែលមាន​សុវត្ថិភាព។

2. ការសង្គ្រោះ​ពេលមក​ដល់លើគោក ករណី​ដែល​ជនរងគ្រោះ​បានមក​ដល់លើ​គោកក្នុង​សភាព​មិនដឹងខ្លួន ត្រូវមានការ សង្គ្រោះ​តាមដំណាក់​កាល។ ដាស់​ឱ្យអ្នកលង់​ទឹកដឹងខ្លួន បើគ្មាន​ប្រតិកម្មទេ ត្រូវបើក​មាត់គាត់​ឡើង ហើយ​ពិនិត្យ​មើលតើ​មានអ្វីស្ទះ នៅក្នុង​ផ្លូវដង្ហើម​(បំពង់ក)​គាត់ឬទេ។ ប្រសិន​បើមាន សូមកាយ​យកវា​ចេញដោយ​ម្រាមដៃពីរ តែកុំ​បង្វិល​បត់ក្បាល​របស់អ្នក​លង់ទឹក ។ សូមងើយ​ក្បាល​ទៅក្រោយ​បន្ដិច ហើយទាញ​ថ្គាមក្រោម​មកមុខ​ឱ្យខ្លាំង ដើម្បី​ឱ្យស្រួល​ដកដង្ហើម។ បន្ទាប់មក ពេលទឹក​ហូរអស់ ត្រូវមាន​ការជួយ​សង្គ្រោះ​ផ្លូវដង្ហើម។ ត្រូវពិនិត្យ​មើលពី​ការដក​ដង្ហើម លោក​អ្នកអាច​មើល​ដើមទ្រូង ស្ដាប់​ដង្ហើម ស្ទង់​ជីពចរដៃ ឬ​ជីពចរក​ដែលនៅ​ជិតបេះដូង​បំផុត បើនៅ​ដើរមាន​ន័យថា​គាត់នៅ​មានសង្ឃឹម​រស់។ ករណី​មិនមាន​ដង្ហើម ត្រូវផ្លុំខ្យល់​បញ្ចូល​តាមមាត់ ដោយ​ដាក់ក្បាល​គាត់ងើយ​ទៅក្រោយ ហើយ​ចំហមាត់។ ច្របាច់​គល់ច្រមុះ​ឱ្យខ្លាំង ដកដង្ហើម​ចូលឱ្យវែង ហាមាត់ឱ្យធំ ហើយផ្អឹប បបូរមាត់​លោកអ្នក​ជុំវិញ​មាត់គាត់។ ផ្លុំខ្យល់​ចូលក្នុង​មាត់គាត់ រហូត​ទាល់តែ​លោកអ្នក​ឃើញទ្រូង​គាត់ឡើង​ប៉ោង។ បន្ទាប់មក​ត្រូវយក មាត់ចេញ និង​បន្ដអនុវត្ដ​បែបនេះ​៥វិនាទីម្ដង។

ពេលអ្នក​លង់ទឹក​ដឹងខ្លួន ត្រូវដាក់​គាត់ក្នុង​ឥរិយាបថ​ដំណេក​សន្ដិសុខ គឺដេកផ្អៀង​ដើម្បី​ឱ្យទឹក​ដែលមាន​នៅក្នុង​ខ្លួនហូរចេញ បណ្ដើរៗ។ ចំពោះ​មនុស្ស​លង់ទឹក ដំណេក​សន្ដិសុខ​នេះមាន​ប្រសិទ្ធភាព​ណាស់​សម្រាប់គាត់។ តែបើ​សិនជា​គាត់មាន​របួស វាអាច បណ្ដាល​ឱ្យធ្ងន់ធ្ងរ​ថែមទៀត​ពេលគាត់​កម្រើកច្រើន។ ពេលដឹង​ខ្លួនហើយ ត្រូវផ្ដល់​កម្ដៅ​ឱ្យគាត់​មានធាតុក្ដៅ​ក្នុងខ្លួន​ដោយការ​រុំជាមួយ នឹងភួយ ឬ​ក្រណាត់ក្រាស់។ លោកអ្នក​មិនគួរ​ទុកមនុស្ស​មិនដឹងខ្លួន​ឱ្យនៅតែ​ម្នាក់ឯងទេ ត្រូវថែរក្សា​គាត់រហូត​ដល់មាន​កម្លាំងងើប​ឈរ ហើយអាច​ដើរបាន។

3. ការបញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់​ពីជនរងគ្រោះ​ដឹងខ្លួន គួរបញ្ជូន​គាត់ទៅ​ពិនិត្យ​បន្ដនៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​បន្ដ។

ប្រការ​ដែលគួរ​ចងចាំ

ដើម្បី​សុវត្ថិភាព សូមការពារ​កុំឱ្យមាន​គ្រោះថ្នាក់​លង់ទឹក។

  • ត្រូវមើល​ក្មេងលេង​ទឹកឱ្យបាន​ជាប់ជាដរាប និង​កុំឱ្យគេ​ហែលទឹក​តែម្នាក់ឯង។ បើចង់​បង្ហាត់​ឱ្យគេចេះ​ហែលទឹក គួរបង្ហាត់ នៅកន្លែង​មានសុវត្ថិភាព។
  • មិនត្រូវលោត​ទៅសង្គ្រោះ​អ្នកលង់ទឹក​ដោយផ្ទាល់ ឬ​ប្រថុយ​ប្រថានទេ ព្រោះអ្នក​ដែលលង់​ភាគច្រើន​តែងតែ​ស្រវាស្រទាញ​របស់ដែល​នៅជិតខ្លួន​ដោយមិន​មានការបន្ថយ​ដៃទេ។
  • អ្នកដែល​លង់ទឹក​មិនមាន​ឱកាសគ្រោះថ្នាក់​ច្រើនទេ ប្រសិន​បើសង្គ្រោះ​ទាន់ពេល។ វាមិន​មានសង្ឃឹម​ច្រើនឡើយ​សម្រាប់ ការសង្គ្រោះ​អ្នកដែល​លង់ទឹក​ច្រើនម៉ោង។
  • គួរមាន​បំពាក់សម្ភារៈ​សុវត្ថិភាព​ជាប់ខ្លួន​ជានិច្ច​ពេលលោក​អ្នកហែលទឹក ទោះបី​ជាលោកអ្នក​ប្រាកដថា​ចេះហែល​ក៏ដោយ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដោយចៃនដ្យ ដូចជាអាការ​រមួលក្រពើ ឬ​ហត់ពេក។
  • មិនគួរ​ស្លៀកពាក់​ខោអាវណា​ដែលមាន​លក្ខណៈ​ជក់ទឹក ឬ​បឺតទឹក​ខ្លាំងទេ ដូចជា​ខោខូវប៊យ​ជាដើម ព្រោះ​ពេលជក់​ទឹកនាំ ឱ្យខោអាវ​ធ្ងន់ពិបាក​នៅក្នុង​ការហែល។
  • ការស្ទង់​ជីពចរសំខាន់ គឺនៅលើក ព្រោះវា​នៅក្បែរ​បេះដូង​លោតខ្លាំង​ជាងគេ។
  • មិនគួរ​ទុកចោល​ឱ្យអ្នក​រងគ្រោះ​នៅតែម្នាក់ឯង​ជាដាច់ខាត និង​គួរនៅ​ពិនិត្យមើល​ឱ្យជាប់លាប់ ខ្លាច​មានការ​បាត់ដង្ហើមវិញ។

ដំបូន្មាន​អ្នកជំនាញ

សូមចេះ​ស្រឡាញ់​ជីវិតរបស់​អ្នករងគ្រោះ ទោះបីជា​គាត់មាន​ការខុសឆ្គង​យ៉ាងណា​ក៏ដោយ និង​សូមមេត្ដា​ជួយគ្នា​ក្នុងគំនិត មនុស្សធម៌។ គួរមាន​ការសាកសួរ​ទៅអ្នកជិត​ខាងនូវ​ព័ត៌មាន​ពីកន្លែង​ដែលលោក​អ្នកចង់​លេងទឹក ថាតើ​វាមាន​គ្រោះថ្នាក់​ឬ​ទេអាច លេងទឹក​បាន​ឬ​អត់ និង​គួរមានបំពាក់​សម្ភារៈ​ការពារខ្លួន ដូចជា​អាវ​ពោងសុវត្ថិភាព​នៅរាល់ពេល​លេងទឹក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative