សុខា សុធានី បុត្រធីតា​មានសុខ​ភាពល្អ គ្រួសារ​មានសុភមង្គល

ម្ដាយគ្រប់រូប​តែងតែ​ចង់បាន​បុត្រដែល​មានសុខភាព​ល្អ ទ្រលុក​ទ្រលន់ និងឆ្លាតវៃ។ ដូចគ្នា​នេះដែរ សម្រាប់​លោកស្រី​សុខា សុធានី ដែលជា​ពិធីការិនី​ប្រចាំស្ថានីយ៍​ទូរទស្សន៍ វិទ្យុ និងជា​វេជ្ជបណ្ឌិត​ទៀត សព្វថ្ងៃនេះ​លោកស្រី​មានបុត្រ​មួយនាក់។ កូនស្រីមាន អាយុទើប​តែ២ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែគេ​មានទម្ងន់​២១គីឡូ​ទៅហើយ។ កូនរបស់​លោកស្រី​ជាក្មេង​ដែលវៃឆ្លាត និងមាន​សុខភាព​ល្អទៀត ផង។ តើលោកអ្នក​ជាមាតាបិតា​ចង់ដឹងពី​វិធីសាស្ដ្រ​ក្នុងការថែទាំ​បុត្ររបស់​លោកស្រី​ឬទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

សម្រាប់ទំព័រ​សុខភាពស្ដ្រី មាតា និងបុត្រ​របស់ទស្សនាវដ្ដី​សុខភាពយើង នៅលេខនេះ សូមបង្ហាញ​ជូនលោកអ្នក​ពីវិធី​សាស្ដ្រ ក្នុងការ​ថែទាំបុត្រ​របស់លោកស្រី​តាំងពីពេល​មានផ្ទៃពោះមក ដោយជួប​សម្ភាសន៍​ជាមួយ​លោកស្រីផ្ទាល់។ តាមរយៈ​បទពិសោធន៍ របស់លោក​ស្រីខាងក្រោម​នេះ តើមាតា​ទាំងឡាយ​គួរយក​ជាគំរូដែរឬទេ?

ការ​ថែរក្សាគភ៌

1. ឥរិយាបថ និងការធ្វើ​ការងារ​ពេលមាន​ផ្ទៃពោះ ៖ នៅពេល​មានផ្ទៃពោះ ស្ដ្រីមួយចំនួន​តែងគិតថា​ត្រូវថ្នមខ្លួន ពេលខ្លះ គាត់ថ្នម​ខ្លួនជ្រុលពេក ធ្វើឱ្យ​សុខភាព​បែរជា​ទ្រុឌទ្រោម​ទៅវិញ។ សម្រាប់លោក​ស្រីវិញ ដោយសារ​លោកស្រី​មានការងារ​ច្រើន លោក ស្រីត្រូវ​ធ្វើការ​ធម្មតា​រហូតដល់​ថ្ងៃសម្រាល​បុត្រតែម្ដង។ មិនត្រឹមតែ​ប៉ុណ្ណោះ នៅពេល​ដែលសម្រាល​បុត្របាន​មួយខែកន្លះ លោកស្រី ចូល​បម្រើការងារ​វិញទៀត។ លោកស្រី​ហាក់គិត​បែបវិទ្យា​សាស្ដ្របន្ដិច​ដោយយល់ថា​ធម្មតាកូន និងម្ដាយ​មានអារម្មណ៍​ទាក់ទងគ្នា។ ដូច្នេះ ក្នុងកំឡុង​ពេលមាន​ផ្ទៃពោះ ប្រសិនបើ​លោកស្រី​គេងច្រើន​នៅផ្ទះ នៅពេល​សម្រាល​រួចមក កូនរបស់​លោកស្រី និងខ្លួន​លោកស្រី នឹងក្លាយជា​ក្មេងខ្ជិល ឬស្ពឹកស្រពន់​ជាមិនខាន។

លោកស្រី​បានពន្យល់​អំពីបញ្ហា​ទាំងនេះថា​ជាធម្មតា​នៅពេល​មានផ្ទៃពោះ ស្ដ្រីតែងតែ​មានអាការ​ចាញ់គភ៌​ជារឿងធម្មតា។ ទោះបីជា​មានសភាព​ចាញ់បែប​នេះក្ដី លោកស្រី​នៅតែបន្ដ​ការងារ​ជាធម្មតា។ លោកស្រី​យល់ថា​នៅពេល​គភ៌មានអាយុ​ចាប់ពី៣ខែទៅ វាចាប់ផ្ដើម​ដឹងថា​ម្ដាយគិតអ្វី និងធ្វើអ្វី។ ហើយ​ម្យ៉ាងទៀត​ស្ដ្រីមាន​ផ្ទៃពោះ​មិនត្រូវគិត​អ្វីច្រើន​នោះទេ ប៉ុន្ដែលោកស្រី​បានទទួល​ស្គាល់ ថាជីវិត​រស់នៅ​រមែងជួប​នូវវិបត្ដិ​ជាធម្មតា ដូចនេះ​យើងត្រូវចេះ​រកវិធីដោះស្រាយ។ ប្រការ​ទាំងប៉ុន្មាន​នេះហើយ ដែលអាច​ឱ្យទារក នៅក្នុង​ផ្ទៃម្ដាយ​ចេះគិត​ពិចារណា ដឹងពីអ្វី​ដែលគួរធ្វើ និងមិនគួរធ្វើ។ គេដឹង​ពីវិធីគួរ​ដោះស្រាយបញ្ហា​ដូចម្ដេច តាមរយៈ​អារម្មណ៍ និង សកម្មភាព​ការងារ​របស់ម្ដាយ។ នៅពេល​សម្រាល គេនឹងក្លាយ​ជាក្មេងឆ្លាត។ លោកស្រី​ត្រេកអរ​ជាមួយនឹង​បុត្រីរបស់​លោកស្រី នៅ ពេលដែលគេ​សម្រាលមក គេជាក្មេង​ម្នាក់ដែលឆ្លាត ហើយពូកែ​ដោះស្រាយបញ្ហា​ដែលគេ​ជួបប្រទះ ដោយមិនមាន​អ្នកណា​បង្រៀនគេ ឡើយ គឺហាក់ដូចជា​គេដឹងរួច​ទៅហើយ។

2. ការហាត់​ប្រាណពេល​មានផ្ទៃពោះ លោកស្រី​តែងក្រោក​ឡើងនៅពេល​ព្រឹកព្រលឹម​ហាត់ប្រាណ​ដោយចាក់ភ្លេង ឬ ចម្រៀង។ លោកស្រី​លើកដៃ​បន្ដិចបន្ដួច ហាត់កាយ​វិការដែល​ទាក់ទងនឹង​ការអង្គុយ ព្រមទាំង​ដើរច្រើន​ដើមី់្បជួយ​សម្រួលដល់ការ សម្រាល។

3. ការទទួល​ទានចំណី​អាហារពេល​មានផ្ទៃពោះ លោកស្រី​យកចិត្ដទុក​ដាក់ជាខ្លាំង​លើចំណី​អាហារក្នុង​កំឡុងពេលនេះ លោកស្រី​បង្កើនការ​ទទួលទាន​អាហារ។ ប្រសិនបើ​លោកស្រី​ទទួលទាន​ទៅក្អួត លោកស្រី​ប្រញាប់ទៅ​លុបលាង​មាត់ចេញ រួចទើប លោកស្រី​បន្ដទទួល​ទានអាហារ​បន្ដិចៗ​ជាបន្ដទៀត។ លោកស្រី​ទទួលទាន​អាហារតិចៗ​តែច្រើនដង ដើម្បីកុំឱ្យ​សុខភាពទន់​ខ្សោយ។ ឧទាហរណ៍ ពីមុនធម្មតា​ធ្លាប់ញ៉ាំបាយ​មួយចាន តែក្រោយ​ត្រូវការញ៉ាំ​ពីរចាន។

លោកស្រី​ទទួលទាន​បន្លែច្រើន ដើម្បីឱ្យ​បុត្ររបស់​លោកស្រី​មានសាច់ស្អាត សក់ស្អាត មានរោមល្អ។ លោកស្រី​ទទួលទាន សណ្ដែកច្រើន ព្រោះពពួក​សណ្ដែកមាន​វីតាមីន​ច្រើនយ៉ាង អាចជួយឱ្យ​ស្បែកស្អាត។ លោកស្រី​មិនទទួល​ទានជាតិ​ផ្អែមច្រើនទេ ជាពិ សេសផ្លែ​ឈើដែល​លោកស្រី​យល់ថាមាន​ជាតិគីមីច្រើន ដូចជា​អាហារកំប៉ុង អាហារ​ផ្អាប់ជូរ ដូចជា​ជ្រក់ម្ទេស ព្រោះវា​ងាយនឹង​ឱ្យរាក រូស។ លោកស្រី​ទទួលទាន​អាហារណា​ដែលលោកស្រី​យល់ថាល្អ​សម្រាប់​សុខភាពម្ដាយ និងកូន។ លោកស្រី​ទទួលទាន​អាហារបន្ថែម ដូចជាពពួក​វីតាមីនអា​ដែលជួយ​ដល់ភ្នែក វីតាមីនដេ កាល់ស្យូម ត្រីសមុទ្រ និងទទួលទាន​ទឹកដោះគោ​បន្ថែម ដើម្បជួយ​ឱ្យឆ្អឹង និង ធ្មេញរបស់​ទារក​លូតលាស់ល្អ។ ទោះបីជា​លោកស្រី​ជាវេជ្ជបណ្ឌិត​ក៏ដោយ ក៏លោកស្រី​ទៅពិនិត្យ​ផ្ទៃពោះ​នៅឯមន្ទីរ​ពេទ្យជារៀងរាល់ ខែដែរ។ គ្រឿងស្រវឹង និងបារី លោកស្រី​មិនទទួល​ទានឡើយ ពោលមុននឹង​លោកស្រី​ទទួលទានអ្វី ក៏លោកស្រី​គិតពីកូន​ក្នុងផ្ទៃដែរ។ អ្វីដែល​មិនល្អដល់​កូនក្នុងផ្ទៃ លោកស្រី​មិនទទួល​ទានឡើយ។

4. ប្រការ​តំណម​មួយចំនួន

  • មិនត្រូវឈោង​ដៃយក​របស់អ្វី​ដែលនៅ​ទីតាំងខ្ពស់ ឬផុតដៃ
  • មិនត្រូវធ្វើ្វ​ដំណើរផ្លូ​វឆ្ងាយ ព្រោះខ្លាចមាន​គ្រោះថ្នាក់​ប៉ះពាល់ដល់​សុខភាពបុត្រ​ក្នុងផ្ទៃ​ជាយថាហេតុ។

ការថែទាំ​បុត្រ

នៅពេល​លោកស្រី​សម្រាលបុត្រ​បាន២៤ម៉ោង លោកស្រី​បានបំបៅ​កូនជាមួយ​ទឹកដោះដំបូង។ ដោយហេតុ​ថាកូនតូចបៅ ច្រើន ហើយលោក​ស្រីជាប់រវល់​ជាមួយ​ការងារផង លោកស្រី​បានឱ្យ​កូនបៅ​ទឹកដោះគោ​បន្ថែម។ នៅពេល​កូនអាយុ​បាន៦ខែ លោកស្រី ឱ្យអាហារ​បន្ថែមមាន​បបរជាដើម។ នៅក្នុង​បបរមានអង្ករ ពងមាន់ ដំឡូងបារាំង ល្ពៅ ថ្លើមជ្រូក និងត្រកួន រម្ងាស់​យកជាតិ រួចកិន បញ្ចុកកូន។ លោកស្រី​ឱ្យអាហារ​នេះនៅពេល​ព្រឹកព្រលឹម បន្ទាប់មក​យកបបរ​នៅសល់​ទ់ៅកម្ដៅ។ ពេលព្រឹក​បន្ទាប់ពីបញ្ចុក​កូនរួច ប្រហែល​ជាម៉ោង១០ ពេលរសៀល និងពេលល្ងាច លោកស្រី​ត្រូវបញ្ចុកកូន​តូចម្ដងទៀត។

ការថែទាំ​បុត្ររបស់​លោកស្រី គឺជឿជាក់​ទៅលើការ​រស់នៅ​ជាចម្បង ដូចជាការ​ហូបចុក​មានអនាម័យ រស់នៅស្អាត នាំឱ្យ មានសុខភាពល្អ។ ជាពិសេស​ការហូបចុក ប្រសិនបើ​ចេះតែឱ្យ​កុមារហូបចុក​ផ្ដេសផ្ដាស ចម­្អិនមិន​បានឆ្អិនល្អ ឬខ្វះអនាម័យ គេនឹងងាយ ឈឺណាស់។ លោកស្រី​កត់សម្គាល់​ឃើញថា​ក្រោយពេលដែល​លោកស្រី​ថែទាំសុខភាព​បែបនេះ ឃើញថាកូន​លោកស្រី​ជាក្មេង​ឆ្លាតមាន ការចងចាំ​បានល្អ និងមាន​សុខភាពល្អ។

ចំពោះ​ការថែទាំ​សុខភាពបុត្រ លោកស្រី​យកកូនទៅ​ចាក់ថ្នាំបង្ការ​គ្រប់៧មុខ​តាមកម្មវិធី​ជាតិ។ លោកស្រី​ងូតទឹក​ឱ្យកូនជា មួយទឹក​ក្ដៅឧណ្ហៗ​រយៈពេល៥ខែ ដើម្បីឱ្យកូន​មានសុខភាពល្អ។ លោកស្រី​បានសារភាព​ដែរថាកូន​របស់លោកស្រី​ធ្លាប់ឈឺ តែទោះបី ជាឈឺ ក៏មិនឈឺ​រយៈពេលយូរ​ដែរ យ៉ាងច្រើន២ ឬ៣ថ្ងៃប៉ុណ្ណោះ។

រីឯការ​អនាម័យ លោកស្រី​លាងសម្អាត​បោកទុកដាក់​សម្ភារៈកូន​នៅដាច់​ដោយឡែកពី​សម្ភារៈរបស់​មនុស្សធំ ដោយលោក ស្រីយល់ថា​ក្មេងងាយនឹង​ឆ្លងមេរោគ​ណាស់ ប្រសិនបើយើង​ធ្វើអនាម័យ​មិនបានស្អាត។

បណ្ដាំផ្ញើ​របស់ សុខា សុធានី

ដើម្បីឱ្យ​មានសុខភាពល្អ និងសេចក្ដី​សុខនៅក្នុង​គ្រួសារ សុភាពបុរស និងសុភាព​នារីទាំងឡាយ គួរយកចិត្ដ​ទុកដាក់ឱ្យមែន ទែនចំពោះ​បញ្ហាសុខភាព​ជាចម្បង។ កាលណា​សុខភាពល្អ ការងារ​ក៏ល្អដែរ ហើយបុត្រធីតា​ក៏មាន​សុខភាពល្អ គ្រួសារ​មានសុភមង្គល។ ស្ដ្រីជាមាតា​ទាំងឡាយ ប្រសិនបើ​មានបុត្រ​ធីតាឈឺ គួរបញ្ជូន​ទៅមន្ទីរពេទ្យ ឬមណ្ឌល​សុខភាព​ដែលនៅជិតផ្ទះ ដើម្បីធ្វើការ​ព្យាបាល ទាន់ពេល។ ចូរកុំជឿ​ទៅលើ​អបីយ៍ជំនឿ ឬទៅទិញ​ថ្នាំដោយខ្លួនឯង ដោយមិនមាន​វេជ្ជបញ្ជា ព្រោះអាច​នាំឱ្យជម្ងឺ​របស់កូន​លោកអ្នក ទទួលការ​ព្យាបាលយឺតយ៉ាវ ឬអាចមាន​គ្រោះថ្នាក់​ដល់ជីវិត​ទៀតផង។ នៅពេលមាន​ផ្ទៃពោះ ស្ដ្រីជាម្ដាយ​មិនគួរទទួល​ទានអាហារ ដែលមាន​ជាតិផ្អែមពេក​នោះទេ ព្រោះអាច​នាំឱ្យកូន​ថ្លោសពិបាក​សម្រាល ជួនកាល​ទៀតម្ដាយអាច​កើតជម្ងឺ​ទឹកនោមផ្អែម លើសឈាម ឬព្រាយក្រឡាភ្លើង។ យើងមិនគួរ​ទទួលទាន​តាមឃ្លាននោះទេ ដែលធ្វើឱ្យ​លោកស្រី​អ្នកនាង​ធាត់ឥតអំពើ។ នាំឱ្យក្រោយ​ពេល សម្រាល​ធ្វើឱ្យ​លោកស្រី​អ្នកនាង​ធាត់មិន​មានរាង មានសង្វារពោះ ស្បែករហែក ដើមទ្រូងខូច និងឆាប់ចាស់​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative