ម៉ូដសម្លៀក​បំពាក់​ទៅវត្ដ​ពេល​ភ្ជុំបិណ្ឌ

ជាតិសាសន៍​នីមួយៗ​តែងមាន​ប្រពៃណី​វប្បធម៌​ផ្សេងៗពីគ្នា ទាំងការ​រស់នៅ ទាំងការ​ស្លៀកពាក់។ កម្ពុជា ជាប្រទេស​មួយកាន់​ព្រះពុទ្ធសាសនា ដែលមាន​ពិធីបុណ្យ​ជាច្រើន​តាមទំនៀម​ទម្លាប់​ប្រពៃណី​ដ៏ថ្លៃថ្នូរ​តាំងពីបុរាណ​កាលមក។ ការស្លៀក​ពាក់ចូលរួម ក្នុងពិធីបុណ្យ​សាសនា​ទាំងនោះ គឺខុសៗគ្នា ដូចជា​ពិធីបុណ្យ​បច្ច័យបួន ពីធីបុណ្យ​កឋិន បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

សម្លៀក​បំពាក់ គឺជា​គ្រឿង​គ្របដណ្ដប់​រាងកាយ​ក៏ពិត​មែនហើយ ប៉ុន្ដែវា​ក៏ជួយ​លើកកម្ពស់​សម្រស់​បុរសស្ដ្រី​បានមួយ​ផ្នែក ផងដែរ។ តាមរយៈ​សម្លៀក​បំពាក់នេះ បង្ហាញ​ឱ្យឃើញ​ពីសេចក្ដី​ថ្លៃថ្នូរ​របស់មនុស្ស​ម្នាក់ៗ​ផងដែរ។ កាល​ពីលេខមុន ប្រិយមិត្ដអ្នក អានធ្លាប់​បានអាន និង​ជ្រាបរួច​មកហើយ​នូវម៉ូដ​សម្លៀក​បំពាក់​ឆ្នាំថ្មីឆ្នាំ​២០០៦។ រដូវ​នេះជារដូវ​បុណ្យទាន ជាពិសេស​បុណ្យភ្ជុំបិណ្ឌ ដែល​ជាបុណ្យ​ប្រពៃណី​ខ្មែរដ៏ធំនោះ ឈាន​ចូលមក​ដល់លេខ​ខែនេះ។ ទស្សនាវដ្ដី​សុខភាពយើង​សូមបង្ហាញ​ជូនប្រិយមិត្ដ​អ្នកអានគ្រាន់ ជាការ​ស្វែងយល់​អំពីសម្លៀក​បំពាក់​ខ្មែរក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ តាមរយៈ​កិច្ចជួប​សម្ភាសន៍​ជាមួយ​លោកស្រី ធិ សុគន្ធា ម្ចាស់់ហាង រស្មីធារិកា​២កាត់ដេរ។

ម៉ូដសម្លៀក​បំពាក់​សម្រាប់ស្ដ្រី

តាំងពី​ដើមរៀង​មក ស្ដ្រីទាំង​ចាស់ទាំង​ក្មេងជ្រើស​រើសសម្លៀក​បំពាក់​ដើម្បី​ស្លៀក​ពាក់ទៅវត្ដ មិនថា​សម្រាប់​ពេលបុណ្យភ្ជុំ ឬ​បុណ្យទាន​អ្វីនោះទេ ច្រើន​តែពាក់អាវ​ប៉ាក់ពណ៌ស​ជាមួយ​សំពត់​បត់។ ចាស់បុរាណ​លោកយល់​ថាពណ៌ស គឺតំណាង​ឱ្យភាពស្អាត បរិសុទ្ធ គ្មានមន្ទិល គឺមានន័យថា​ធ្វើបុណ្យ​ដោយ​ចិត្ដស្មោះស។

១. សម្លៀក​បំពាក់​សម្រាប់ស្ដ្រីវ័យ​ចំណាស់

នៅក្នុង​រដូវបុណ្យ​ភ្ជុំបិណ្ឌ ការស្លៀក​ពាក់របស់​គាត់ទៅ​វត្ដនោះ មិនមាន​អ្វីជាបញ្ហា​ចោទ​នោះទេ។ គាត់ច្រើន​និយម​ស្លៀកជា សំពត់បត់​ពាក់ជាមួយ​អាវប៉ាក់​ពណ៌ស ជារឿយៗ​ជាប្រពៃណី​តាំងពី​បុរមបុរាណ​មក។

២. សម្លៀក​បំពាក់​សម្រាប់​យុវវ័យ

ជាមួយ​នឹងការរីក​ចម្រើន​របស់សង្គម សុភាពនារី​ជាយុវនារី​ច្រើនតែ​និយមលេង​ម៉ូដសម្លៀក​បំពាក់​បន្ដិចដែរ។ ប៉ុន្ដែ​ទោះបី ជាយ៉ាង​ណាក៏ដោយ​ក៏សុភាពនារី​ទាំងឡាយ​មិនត្រូវ​ពាក់អាវ​ដែលមាន​លក្ខណៈវាល ឬ​បញ្ចេញ​សាច់ហួស​ហេតុពេក​នោះទេ ត្រូវឱ្យមាន លក្ខណៈជិតបន្ដិច។

៣. ម៉ូដអាវ

  • ពណ៌អាវ ចំពោះ​ពណ៌វិញ សុភាពនារី​អាចធ្វើ​ការជ្រើស​រើសបាន ដោយប្រើ​ពណ៌ស កាកអំពៅ ពងមាន់ ឬ ពងក្រសា​ក៏បាន។ សូម​ជ្រើសរើស​ពណ៌​ស្រាលៗ។
  • ម៉ូដកអាវ ដោយសារ​ម៉ូដកអាវ​មានច្រើន​ប្រភេទ សូមជ្រើសរើស​ទៅតាម​ការនិយម​ចូលចិត្ដ ដូចជាកខ្ទះ កមូល កអប្សរា​ជាដើម។ សម្រាប់​ពិធីបុណ្យ​ដែលទាក់​ទងនឹង​ការទៅវត្ដ លើកលែង​តែករណី​បុណ្យសព​ចេញ ស្ដ្រីទាំង ឡាយ​គួរជ្រើស​រើសកអាវ​ដែលមាន​លក្ខណៈជិត កុំឱ្យវាល​ខ្លំាងពេក។
  • ដៃអា ចំពោះ​ដៃអាវ​ក៏ដូចគ្នាដែរ មានច្រើនម៉ូដ ដូចជា​ដៃក្លឹង ដៃត្រ័រកា ដៃប៉ោង ដៃប៉ិត​ជាដើម។ ភាគ ច្រើនគេ​ប្រើដៃក្លឹង ប្រសិន​បើអាកាស​ធាតុក្ដៅ​ស្អុះស្អាប់ គេប្រើអាវ​ដៃបំពង់​ដោយក្រណាត់​ប៉ាក់ដែល​ទន់ ព្រោះ​មិននាំ ឱ្យស្កៀប​ពេក។

៤. ម៉ូដសំពត់

តាម​លក្ខណៈ​ជាប្រពៃណីខ្មែរ គេច្រើន​ប្រើសំពត់​បត់។ ដោយសារ​សង្គម​បច្ចុប្បន្ន​នេះមាន​ការរីកចម្រើន​ជឿនលឿន សុភាពនារី​ច្រើនលេង​ម៉ូដសំពត់​បន្ដិចដែរ ដោយច្នៃ​ជាសំពត់បត់​ដែលមាន​ជីពជាភ្លី ឬ​ដាក់ឱ្យ​មានរូតក្រោយ ច្នៃជាផ្កាភ្ញី​ជាដើម។ ដើម្បីឱ្យ​រិតតែ ស្អាត​មួយកម្រិត​ទៀតដែរ។ ទោះបី​ជាមានការ​ច្នៃយ៉ាង​នេះក្ដី គឺស្ថិត​នៅតែជាសំពត់​ដែលមាន​លក្ខណៈ​ជាប្រពៃណី​ខ្មែរ​ដដែល។ ព្រោះ អ្នកខ្លះ​ចង់ឱ្យមាន​ម៉ូដបន្ដិច ជាបែប​បុរាណដែរ តែបុរាណ​បែប​សម័យ។

  • ការជ្រើស​រើស​ក្រណាត់​សំពត់ ៖ បច្ចុប្បន្ន​នេះ មិនថា​បុរស ឬ​ក៏ជាស្ដ្រី​នោះទេ ច្រើននិយម​ក្រណាត់ហូល ឬ​ផាមួង ដែលជា ស្នាដៃរបស់​ប្រជាពលរដ្ឋ​ខ្មែរ។ ព្រោះថា​ក្រណាត់​ហូលមាន​គោមស្អាត​ជាច្រើន និង​មានតម្លៃ​ថោក​សមរម្យ។
  • ការជ្រើស​រើសពណ៌ សម្រាប់​អ្នកមាន​ទ្រព្យសម្បត្ដិ​ច្រើន គេច្រើន​ទិញសំពត់​គ្រប់ពណ៌​តម្រូវទៅ​តាមថ្ងៃទាំង​៧ប្រចាំ សប្ដាហ៍។ ប៉ុន្ដែ​សម្រាប់​អ្នកដែល​មានជីវភាព​ពុំសូវធូរធា អាចប្រើ​សំពត់​មិនចាំបាច់​មានពណ៌​គ្រប់៧​ក៏បានដែរ។

៥. ការជ្រើស​រើសកន្សែង​ពានា

កន្សែង​ពានាជា​ទូទៅ​គេច្រើនយក​កន្សែង​ដែលមាន​ពណ៌ដូចគ្នា​ទៅនឹង​ពណ៌សំពត់។ សម្រាប់​ស្ដ្រីចំណាស់វិញ គាត់​ច្រើនប្រើ ពានា​កន្សែង​ពណ៌ស គឺមិន​ដូចទៅ​នឹងពណ៌​សំពត់ទេ។

ម៉ូដ​សម្លៀក​បំពាក់​សម្រាប់​បុរស

សម្រាប់​បុរស ជាការ​ងាយស្រួល​បំផុត មិនមាន​អ្វីគួរឱ្យ​តុបតែង​ច្រើននោះទេ។ គ្រាន់តែ​ស្លៀកពាក់​អាវដៃវែង ឬ​ដៃខ្លីជា មួយខោ​ជើងវែង​ពណ៌ខ្មៅ ឬ​ពណ៌ខៀវ​ដាក់អាវ​ក្នុងខោ ជាការ​ស្រេច។

ដំបូន្មាន​របស់​លោកស្រី ធិ សុគន្ធា

ជាការ​ប្រសើរ​បំផុត សុភាពនារី​ទាំងឡាយ​គួរជួប​ពិភាក្សា​ជាមួយ​មេជាង​ជាមុន ដើម្បី​ដឹងថាម៉ូដកអាវ​បែបណា​ដែល​សមល្មម​នឹងរូបរាង​របស់គាត់ តើគាត់​ត្រូវទិញ​សំពត់​ពណ៌អ្វី ដើម្បី​ឱ្យសក្ដិសម​ទៅនឹង​សម្បុរ​របស់គាត់។ ប្រសិន​បើចេះ​ស្លៀកពាក់​បានតាម ពេលវេលា​នោះ ធ្វើឱ្យ​យើងមាន​សិរីសួស្ដី និង​គួរជាទី​គយគន់​នៃអ្នកផង​ទាំងពួង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative