តារាត្រៀម​ខ្លួនចួលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ជាពិធីបុណ្យ​តាមបែប​សាសនាព្រះ​ពុទ្ធដ៏ធំមួយ ដែល​ប្រារឰ​ធ្វើទ្បើង​ជារៀង​រាល់ឆ្នាំ ដោយចាប់​ផ្ដើមពី​ថ្ងៃទី១ រោច ខែភទ្របទ រហូតដល់​ថ្ងៃទី១៤រោច ខែភទ្របទ ដែល​ប្រជាពលរដ្ឋ​យើងនិយម​ហៅថា​ដាក់បិណ្ឌ និងថ្ងៃ​ទី១៥រោច ខែភទ្របទជា ថ្ងៃភ្ជុំធំ។ សម្រាប់​ប្រជាពលរដ្ឋ​ដែលគោរព​ព្រះពុទ្ធសាសនា មិនដែល​ខកខាន​ក្នុងការ​ចូលរួម​ពិធីបុណ្យ​នេះទ្បើយ។ ទោះបីជា​មិនបាន យកចង្ហាន់​ទៅប្រគេន​ព្រះសង្ឃ​ឱ្យបាន​ប្រាំពីរវត្ដ​តាមក្បួន​នៃពិធី​ក៏ដោយ ក៏ឆ្លៀត​ឱកាស​ទៅបាន១ ឬ​២វត្ដ​យ៉ាងតិច។ មានជំនឿ​ថាបើ ញ្ញាតិមិត្ដ​ដែលចែក​ឋានទៅ​ហើយក្លាយ​ជាប្រេត​ត្រូវបាន​គេដោះលែង​នៅពេល​ភ្ជុំបិណ្ឌនេះ ដើម្បី​មកទទួល​យកចំណី​អាហារ​ផ្សេងៗ ដែលអ្នក​នៅរស់​បញ្ជូន​ទៅឱ្យ។ បើប្រេត​ទាំងនោះ​ដើររក​បងប្អូន​គ្រប់ប្រាំពីរ​វត្ដហើយ នៅតែ​មិនឃើញ​ប្រាកដជា​ដាក់បណ្ដាសារ​មិនខាន​ទ្បើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សម្រាប់​ឱកាសបុណ្យ​ភ្ជុំបិណ្យនេះ ទស្សនាវដ្ដី​សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​តារាសម្ដែង និង​តារាចម្រៀង​មួយចំនួន​ដើម្បីជូន​មិត្ដអ្នកអាន​បានដឹង​ពីការយល់​ឃើញ និង​គម្រោង​របស់​ពួកគាត់​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌនេះ។

លោកស្រី ហ៊ឹម ស៊ីវន

អ្នកចម្រៀង​ជើងចាស់​ម្នាក់នេះ បានបញ្ជាក់​ប្រាប់ទស្សនាវដ្ដី​សុខភាពយើង ថានៅ​ពេលបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ លោកស្រី មិនបាន​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើតទេ ព្រោះ​លោកស្រី​មានការ​រវល់ច្រើន។ ទោះបីជា​យ៉ាងណា ក៏លោកស្រី​ឆ្លៀតពេល​ដើម្បី​យកចង្ហាន់​ទៅប្រគេន​ព្រះសង្ឃ​ឱ្យបានប្រាំពីរ​វត្ដនៅ​រាជធានី​ភ្នំពេញដែរ។ លោកស្រី​យល់ថា​បុណ្យភ្ជុំបិណ្ឌ​ជាពិធីបុណ្យ​ដ៏សំខាន់​មួយសម្រាប់ ប្រជាពលរដ្ឋ​ខ្មែរដែល​គោរព​ព្រះពុទ្ធសាសនា ដើម្បី​យកចង្ហាន់​ទៅប្រគេន​ព្រះសង្ឃ ឧទ្ទិសកុសល​ដល់ញ្ញាតិមិត្ដ​ដែលចែក​ឋានទៅហើយ ។

អ្នកនាង យុគ ចិន្ដា

លោកអ្នក​បានទទួល​ជ្រាបហើយ​ថាអ្នកនាង​មានការ​មមាញឹក​នឹងការងារ​ប្រចាំថ្ងៃ​ខ្លាំងណាស់។ ទោះបី​ជាយ៉ាង​ណា ក៏នៅ ពេលបុណ្យ​ភ្ជុំបិណ្ឌ អ្នកនាង​មិនដែល​ខកខាន​ក្នុងការ​ទៅធ្វើបុណ្យ​នៅស្រុកកំណើត​ឯខេត្ដ​ស្វាយរៀង​ជាមួយ​ញាត្ដិមិត្ដ និង​បងប្អូន​ដែរ។ ដោយទ្បែក​សម្រាប់​ថ្ងៃដាក់បិណ្ឌ អ្នកនាង​មានវត្ដ​មួយដែល​តែងតែ​ទៅជា​រៀងរាល់ឆ្នាំ មិនដែល​ខាននោះ គឺវត្ដស្វាយ​ផ្អែមនៅ​ក្នុងស្រុក អង្គស្នួល​ខេត្ដកណ្ដាល ក្បែរ​រាជាធានី​ភ្នំពេញ។ គ្រប់យ៉ាង​វាអាស្រ័យ​ទៅលើ​ពេលវេលា បើមាន​ពេលច្រើន​អ្នកនាង​នឹងទៅ​វត្ដឱ្យបាន ច្រើន តែបើមិន​មានពេល អ្នកនាង​ទៅតែ២ ឬ​៣វត្ដតែ​ប៉ុណ្ណោះ។

លោកស្រី គង់ សុជាតិ

ពេលឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌនេះ ជាពេលវេលា​ពិសេស​សម្រាប់​ក្រុមគ្រួសារ​របស់​លោកស្រី​ផ្ទាល់​តែម្ដង។ ធម្មតា ដោយ សារគ្រួសារ​របស់​លោកស្រី​រវល់ការងារ​រៀងៗខ្លួន ឯកូនរវល់​ទៅសាលា លោកស្រី​ត្រូវតែឆ្លៀត​ឱកាស​ពេលនេះ​ដើម្បី​ទៅវត្ដរួមគ្នា ទៅលេង​ផ្ទះម្ដាយក្មេក ឬ​បងប្អូន​សាច់ថ្លៃ ក៏ដូចជា​ឪពុកម្ដាយ​បងប្អូន​បង្កើត ដោយនាំ​ទៅជាមួយ​នូវម្ហូប​អាហារ​នំចំណី សម្លៀកបំពាក់ លុយកាក់​ជាដើម ដើម្បី​ជូនពួក​គាត់។ រៀងរាល់​ឆ្នាំ លោកស្រី​តែងតែ​ទៅវត្ដ​ចំនួនប្រាំពីរ​មិនដែល​ខានទ្បើយ។ ដោយទ្បែក​សម្រាប់ឆ្នាំ នេះ លោកស្រី​បញ្ជាក់​ថាអាស្រ័យ​ទៅលើ​ពេលវេលា មិនដឹង​ថាមាន​គ្រប់គ្រាន់​ឬ​អត់។ ក្រៅពី​ទៅវត្ដ​យកចង្ហាន់​ទៅប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិសកុសល​រួចហើយ លោកស្រី​នឹងឆ្លៀត​ឱកាស​នាំកូនៗ​ទៅលេង​នៅក្រុង​ព្រះសីហនុ​ទៀត សម្រាប់​ឆ្នាំនេះ។

លោក ប៉ែន ចំរុង

ថ្វីត្បិត​តែលោក​មានវ័យក្មេង​ក៏ពិតមែន តែលោក​បានយល់​ច្បាស់ពីសារៈ​សំខាន់​នៃពិធី​បុណ្យភ្ជុំបិណ្ឌនេះ។ ទោះបីជា​លោក រវល់យ៉ាង​ណា ក៏លោក​ត្រូវតែ​ត្រទ្បប់​ទៅកាន់​ស្រុកកំណើត​នៅឯខេត្ដ​បាត់ដំបង ដើម្បី​ជួបជុំ​ញ្ញាតិមិត្ដ ហើយនាំ​គ្នាយក​ចង្ហាន់​ទៅវត្ដ ប្រគេន​ព្រះសង្ឃ​ឱ្យបានពីរ ឬ​បីវត្ដដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

កញ្ញា កែវ ពេជ្រពិសី

ស្រីស្រស់​រូបនេះ​ពិតជា​បានយល់​ច្បាស់ពី​ពិធីបុណ្យ​តាមបែប​ព្រះពុទ្ធសាសនា​ច្រើន។ សម្រាប់​ពេលពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ កញ្ញា​ប្រាប់ថា​នាងមិន​ឱ្យខកខាន​ក្នុងការ​យកចង្ហាន់​ទៅប្រគេន​ព្រះសង្ឃ​នៅឯវត្ដ​ជាមួយ​ឪពុកម្ដាយ និង​បងប្អូនទេ។ ទោះបី​ជានាងមិន មានស្រុក​កំណើត​នៅតាម​បណ្ដាខេត្ដ​ក៏ដោយ ក៏​ពិសីព្យាយាម​ទៅវត្ដ​ដែលនៅ​ជុំវិញ​រាជធានី​ភ្នំពេញដែរ។

លោក ទេព រិន្ទដារ៉ូ

សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក៏មិនខុស​ពីឆ្នាំ​មុនដែរ លោក​តែងតែ​រួមដំណើរ​ជាមួយ​អ្នកម្ដាយ​របស់លោក​ទៅកាន់ស្រុក កំណើត​របស់ម្ដាយ​លោក​ឯខេត្ដ​កណ្ដាល។ លោករួម​ជាមួយ​ញ្ញាតិមិត្ដ​បានយក​ចង្ហាន់​ទៅប្រគេន​ព្រះសង្ឃ​នៅឯវត្ដ ជាពិសេស​សម្រាប់ ថ្ងៃ​ភ្ជុំធំ​កម្រខកខាន​ណាស់។

លោកស្រី ឌី សាវ៉េត

ពិតមែន​តែលោកស្រី​យល់ថា​បុណ្យ​ភ្ជុំបិណ្ឌ​ជាបុណ្យ​សំខាន់មួយ តែលោកស្រី​មិនអាច​មានពេល​វេលាគ្រប់គ្រាន់​ច្រើនសម្រាប់​ទៅវត្ដ​ឱ្យបាន​ច្រើនទេ។ ជារៀងរាល់ឆ្នាំ លោកស្រី​បានយក​ចង្ហាន់ទៅ​ប្រគេនព្រះសង្ឃ​បានត្រឹម​តែពីរវត្ដ​តែប៉ុណ្ណោះ។ ទោះបីជា​យ៉ាង ណា ក៏លោកស្រី​តែងតែ​ព្យាយាម​ធ្វើបុណ្យ​ក្រៅវត្ដ ដូចជា​ជួយដល់​ទុរគត៌ជន ជួយបង្ហាត់​បង្ហាញ​ដល់ក្មេង​ជំនាន់ក្រោយ ជួយយក​អាសារ​អ្នកដទៃ​ជាដើម។

 ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative