សុខា​ សុធានី​ រវល់ច្រើន​តែសម្រស់​នៅតែស្អាត

សម្លេង​ស្រទន់​ពិរោះ​គួបផ្សំ​នឹងរូប​សម្ផស្ស​ដ៏ស្រស់ស្អាត ​ដែល​លោកអ្នក​ធ្លាប់បានស្ដាប់​ និងទស្សនា​ជាច្រើន​ឆ្នាំមក​ហើយនោះ​ ម្ចាស់រូបពិត​គឺលោកស្រី​ សុខា សុធានី​។ ​លោកស្រី​គឺជាពិធី​ការិនី​ប្រចាំស្ថានីយ៍់​ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្ដិ៍លេខ​៣ មិនតែ​ប៉ុណ្ណោះ​លោកស្រី​ក៏ជាវេជ្ជបណ្ឌិត​មួយរូប​ផ្នែកជម្ងឺ​ទូទៅទៀត​ផង។​ ពិតជារវល់​ខ្លាំងណាស់​សម្រាប់​អាជីព​ជាច្រើន​របស់​លោកស្រី​ ប៉ុន្ដែ​រូបសម្រស់​និង​សុខភាព​របស់​លោកស្រី​នៅតែស្អាត​ ហើយ​មាំមួន​ដែលមិន​អាចមាន​នរណា​ម្នាក់ជឿ​ថាលោកស្រី​មានវយ័​៣១​ឆ្នាំ និង​មានបុត្រី​មួយនាក់​រួចទៅ​ហើយ។​ តើមាន​រូបមន្ដ​អ្វីដែល​លោកស្រី​អាចរក្សា​សម្រស់​ និងសុខភាព​បានល្អ​បែបនេះ​ លោក​អ្នកចង់​ដឹងទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

អាថ៌កំបាំង​នេះ លោកស្រី​ពេញចិត្ដ​នឹងរៀបរាប់​ប្រាប់មិត្ដ​អ្នកអាន ​តាមរយៈ​ទស្សនាវដ្ដី​សុខភាពយើង​ ទុកជា​ការស្វែង​យល់​ និងជ្រើសរើស​យកអ្វីដែល​លោកអ្នក​យល់ថា​ល្អសម្រាប់​សម្រស់​ និងសុខភាព។

ការតុបតែង​ចិញ្ចើម​និងរោមភ្នែក

លោកស្រី​សុធានី​ជាស្ដ្រី​ដែលចូលចិត្ដ​តុបតែង​ខ្លួនតាម​បែបសាមញ្ញ​ លោកស្រី​មិនចូលចិត្ដ​ដករោម​ចិញ្ចើមទេ​ គ្រាន់តែ​កោររោម​ចិញ្ចើមតិចៗ​ប៉ុណ្ណោះ​។​ សម្រាប់​ការតុបតែង​រោមភ្នែក​វិញ​លោកស្រី​ប្រើម៉ាស្ការ៉ា​ធម្មតា​មាន​ពណ៌ខ្មៅ។​ ម៉ាស្ការ៉ា​ដែល​លោកស្រី​យកមក​ប្រើគឺ​ងាយស្រួល​នៅពេល​លុបលាងមុខ​ គឺវា​រលាយ​ដោយខ្លួន​វាមិន​ធ្វើឱ្យ​រោមភ្នែក​ជ្រុះ និង​មិនប៉ះពាល់​ដល់កែវ​ភ្នែកទេ។

ការថែរក្សា​បបូរមាត់

នៅផ្ទះ​លោកស្រី​មិនលាប​បបូរ​មាត់ទេ។ ​នៅពេល​ចេញទៅ​ធ្វើការ​ទើបលោកស្រី​លាបក្រែមនៅបបូរ​មាត់បន្ដិចបន្ដួច ​ដើម្បី​កុំឱ្យ​មើលទៅ​ឃើញ​ស្លេកស្លាំង​ពេក។ ​លោកស្រី​ប្រើក្រែម​ដែលមាន​ជាតិសំណើម​ធ្វើឱ្យ​បបូរមាត់​មានភាព​រអិលបន្ដិច ​និងមិន​ធ្វើឱ្យ​បបូរមាត់​ប្រេះ។ ​នៅពេល​ដែលធ្វើ​ការហត់​នឿយខ្លាំង​ ឬ​នៅរដូវ​រងារ​បបូរមាត់​លោកស្រី​ងាយ​នឹងប្រេះ។ ដូច្នេះ​លោកស្រី​តែងយក​ទឹកឃ្មុំ​លាបលើ​បបូរមាត់​ ព្រោះ​លោកស្រី​យល់ថា​ទឹកឃ្មុំ​ជួយដល់​ស្បែកធ្វើ​ឱ្យស្បែក​មាន​សំណើម។

ការថែ​រក្សា​ផ្ទៃមុខ

សម្រាប់​ការថែរក្សា​ផ្ទៃមុខវិញ ​លោកស្រី​មិនធ្លាប់​ស្ទីម​ឬ​ម៉ាស្សាមុខ​ឡើយ។ លោកស្រី​គ្រាន់តែ​លាងសម្អាត​ផ្ទៃមុខ​ជាមួយ​ទឹកដាំ​ពុះធម្មតា ​ឬ​ប្រើហ្វម​លាងមុខ​ធម្មតា​ប៉ុណ្ណោះ។​ ចំពោះ​ឡេសម្រាប់​លាបពេល​យប់​ឬ​ពេលថ្ងៃ​ ក៏​លោកស្រី​មិនប្រើ​ដែរ ប៉ុន្ដែ​លោកស្រី​ប្រើម្សៅ​ទ្រនាប់​សម្រាប់​ផាត់មុខ​នៅពេល​ដែល​លោកស្រី​ឡើង​កម្មវិធី​ទូរទស្សន៍​ និង​ពេលចូល​ទៅក្នុង​ពិធីផ្សេងៗ​ ដូចជា​ពិធី​អាពាហ៍​ពិពាហ៍​ជាដើម។ ​លោកស្រី​យល់ថា​ស្បែកមុខ​ត្រូវការ​ដំណក​ដង្ហើម​ បើយើង​យកអ្វី​មកបិទបាំង​ឱ្យជិត​ជារៀងរាល់​ពេលនោះ​ក៏មិនល្អ​ដែរ។​ លោកស្រី​ចង់ឱ្យ​ផ្ទៃមុខ​មានខ្យល់​ចេញចូល​តាមលក្ខណៈ​ធម្មជាតិ។ ​និយាយ​រួម លោកស្រី​ចូលចិត្ដ​ថែរក្សា​សម្ផស្ស​តាមបែប​សាមញ្ញ​ធម្មតា។ ​លោកស្រី​ថែរក្សា​ស្បែក​តាមរយៈ​ការទទួល​ទានចំណី​អាហារ។

ការថែរក្សា​ស្បែក​ដងខ្លួន

នៅ​ក្រោយ​ពេល​លោកស្រី​សម្រាល​បុត្ររួច ​លោកស្រី​ឆ្ពង់រយៈ​ពេល១០​ថ្ងៃ​ដើម្បី​ឱ្យស្បែក​ស្អាត។ ​ចំពោះ​ឡេលាប​ខ្លួន​លោកស្រី​លាបតែ​នៅពេល​ឡើង​កម្មវិធី​ទូរទស្សន៍​ ឬ​ចូលរួម​ពិធីអាពាហ៍​ពិពាហ៍​តែប៉ុណ្ណោះ​ ជាពិសេស​នៅពេល​ដែលពាក់​អាវវាល​ដើម្បី​ឱ្យមើល​ទៅឃើញ​ស្បែកមាន​សំណើម​ ឬ​លាបនៅ​រដូវរងារ​ការពារ​កុំឱ្យបែក​ស្រកា។​ ការពិត​លោកស្រី​ក៏ចង់​ប្រើឡេ​ដើម្បី​ជំនួយ​ដល់ស្បែក​ផងដែរ ​ប៉ុន្ដែ​លោកស្រី​ពុំមាន​ពេលវេលា​គ្រប់គ្រាន់។ ​ផ្ទុយទៅវិញ​លោកស្រី​យល់ថា​ការសម្រាក​បំបាត់​ស្ដ្រេស្ស ​ការសប្បាយ​ចិត្ដ ការ​ទទួលទាន​ទឹកច្រើន​ របប​អាហារ​គ្រប់គ្រាន់​ និងទៀង​ទាត់​ធ្វើឱ្យមានសុខភាពល្អ ស្បែកស្អាត​តាមបែប​ធម្មជាតិ​ទៅហើយ និងវាអាចបន្ថយ​នូវការ​ចាស់ជាង​វ័យមួយ​ផ្នែកផង​ដែរ។

វិធីបំបាត់​ស្ដ្រេស្ស

លោកស្រី​ជាមនុស្ស​សប្បាយចិត្ដ​ជាមួយនឹង​ការងារ។ ម្យ៉ាងទៀត ដោយសារ​លោកស្រី​ជាគ្រូពេទ្យ​ស្រាប់ នៅពេល​ដែលអ្នក ជម្ងឺមានការ​ធូរស្រាល​ពីជម្ងឺ លោកស្រី​សប្បាយចិត្ដ ការនឿយ​ហត់ទាំង​ប៉ុន្មានក៏​បែរជាធូរ​ស្រាលទៅដែរ។ នៅចុងសប្ដាហ៍ លោកស្រី តែងចេញ​ទៅជួបពិភាក្សា​ការងារ​ជាមួយ​មិត្ដភក្ដិ ដើម្បីដោះ​ដូរបទ​ពិសោធន៍​ការងារ និងដើម្បី​ជជែក​គ្នាបំបាត់​ការអផ្សុក​ផងដែរ។ ទាំងនេះ​ពិតជាជួយ​បំបាត់​ស្ដ្រេស្ស​បាន។

ការទទួល​ទានចំណី​អាហារ

លោកស្រី​ចូលចិត្ដ​ទទួលទាន​ម្ហូបខ្មែរ ជាពិសេស​ប្រភេទ​ម្ហូបដែល​មានអន្លក់​ច្រើន។ លោកស្រី​ចូលចិត្ដ​ទទួល​ទានបន្លែ ក្នុង មួយសប្ដាហ៍ លោកស្រី​ទទួលទាន​បន្លែស្ទើរ​តែរាល់ថ្ងៃ។ លោកស្រី​មិនទទួល​ទានសាច់​ណាដែល​មានខ្លាញ់​ច្រើននោះទេ។ លោកស្រីចូល ចិត្ដទទួល​ទានផ្លែឈើ​ដែលមាន​ពណ៌លឿង មាន​រសជាតិជូរ ព្រោះ​លោកស្រី​យល់ថា​វាអាច​ជំនួយ​ដល់ភ្នែក សក់ ស្បែក និងជាតិ​អង់ទីគ័រ​សំខាន់​សម្រាប់​ជួយឱ្យ​សុខភាព​មានភាព​មាំទាំ។

ការថែរក្សា​សុខភាព​មាត់ធ្មេញ

សុខភាព​មាត់ធ្មេញ​ជារឿង​សំខាន់​ណាស់ តាំងពី​តូចរហូត​មកដល់​បច្ចុប្បន្ន​នេះ បន្ទាប់​ពីទទួល​ទានអាហាររួច លោកស្រី​តែងតែ​ដុសសម្អាត​ធ្មេញ។ ទោះនៅ​កន្លែង​ធ្វើការក្ដី ក៏​លោកស្រី​យកថ្នាំ​ដុះធ្មេញ និង​ច្រាសទៅ​ជាមួយ​ផងដែរ។ រាល់៣ ឬ​៦ខែម្ដង លោក ស្រីតែងតែ​ទៅសម្អាត​ធ្មេញនៅ​គ្លីនិក​ព្យាបាល។

ការហាត់​ប្រាណ

លោកស្រី​ហាត់ប្រាណ​បន្ដិចបន្ដួច​ប៉ុណ្ណោះ គឺប្រមាណ​ជារយៈ​ពេល១០នាទី តែរាល់​ពេលព្រឹក ឬ​ល្ងាច។ លោកស្រី​ហាត់ដើរ ឱ្យបាន​ច្រើន ដូចជា​ឡើងចុះ​ជណ្ដើរ​ញឹកញាប់ លើកដៃ​លើកជើង​បន្ដិបន្ដួច​ជាដើម។ ធ្វើបែប​នេះ ដើម្បី​ឱ្យមាន​សុខភាពល្អ រាងកាយ ស្អាត ជាពិសេស​ធ្វើឱ្យ​ត្រគាក​មិនធ្លាក់។

ការថែទាំ​ខ្លួនក្រោយ​សម្រាលកូន

ក្រោយ​ពេលសម្រាល​កូនហើយ ស្ដ្រីទាំង​ឡាយ​គួរសម្អាត​ខ្លួនប្រាណ​ដោយងូត​ទឹក។ ប្រសិន​បើខ្លាច​ត្រជាក់ អាចងូត​ជាមួយ ទឹកក្ដៅ​បានដើម្បី​កុំឱ្យមាន​មេរោគ និង​កុំឱ្យមាន​ក្លិនឆ្អេះឆ្អាប​ផងដែរ។ ចំពោះ​លោកស្រី​សុធានី​ឆ្លងទន្លេ​បានតែ​មួយខែកន្លះ ក៏មក​ធ្វើការ វិញ ក៏ប៉ុន្ដែ​លោកស្រី​មាន​សុខភាព​ល្អ លោកស្រី​ដឹងខ្លួន​ថាដូចមិន​មានភាព​ទ្រុឌទ្រោម​ឡើយ។ ប្រការ​ទាំងនេះ​លោកស្រី​យល់ថា​ទាក់ទង​នឹងរបប​ទទួលអាហារ​បានគ្រប់គ្រាន់ ទម្លាប់​រស់នៅ​ល្អធ្វើ​ឱ្យមាន​សុខភាពល្អ ដែលផ្ទុយ​ពីស្ដ្រី​មួយចំនួន​ក្រោយពេល​សម្រាលកូន ហើយ​ច្រើនតែ​តមអាហារ។ លោកស្រី​ថែទាំខ្លួន​តាមបែប​វេជ្ជសាស្ដ្រ ដែលមិន​តម្រូវឱ្យ​មានការតប​អាហារ​ក្រោយពេល​ឆ្លងទន្លេ​ឡើយ ។ ដោយហេតុ​ថានៅពេល​ឆ្លងទន្លេ ស្ដ្រីបាត់​បង់ឈាម​ច្រើន ហើយ​មិនមាន​ពេល​សម្រាក​គ្រប់គ្រាន់ ព្រោះកូន​នៅតូច គួបផ្សំ​នឹងទទួល ទានអាហារ​មិនគ្រប់គ្រាន់​ទៀត នាំឱ្យ​សុខភាពស្ដ្រី​ជាម្ដាយ​ច្រើនមាន​សភាព​ទ្រុឌទ្រោម។

បណ្ដាំផ្ញើ​របស់សុខា សុធានី

សុភាពនារី​ទាំងអស់ គួរតែ​ជ្រើសរើស​របៀបលាប​ម្សៅឱ្យ​ដឹងពេល​កំណត់​ត្រឹមត្រូវ ថ្វីត្បិត​ការលាប​ម្សៅបាន​បិទបាំងនូវ ស្នាមខ្មៅ​ដែលមាន​នៅលើផ្ទៃ​មុខយើង និង​ធ្វើឱ្យផ្ទៃមុខ​យើងសស្អាត​ផូរផង់​មែន ក៏ប៉ុន្ដែ​ប្រសិនបើ​យើងលាប​វាជាដរាប​មិនមាន​ពេល លុបចេញ​នោះ ផ្ទៃមុខ​អាចចេញមុន ឬ​ជាំបាន។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ សុខា សុធានី
  • អាយុ ៖ ៣១ឆ្នាំ
  • អាជីព ៖ វេជ្ជបណ្ឌិត ពិធីការិនី និងជាអ្នក​សម្របសម្រួល​នៅអង្គការ CHEC
  • កម្ពស់ ៖ ១,៦១ម៉ែត្រ
  • ទម្ងន់ ៖ ៤៨គីឡូក្រាម
  • ទំហំទាំងបី ៖ ទ្រូង៣២, ចង្កេះ២៤, ត្រគាក៣៦
  • ស្ថានភាពគ្រួសារ ៖ រៀបការរួចមានបុត្រី១នាក់

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative