វិធីទប់ស្ដាត់​កន្ទុយភ្នែក​ជ្រីវជ្រួញ

នរណា​មិនចង់​រក្សាវ័យក្មេង​របស់ខ្លួន​ឱ្យបាន​យូរអង្វែង។ ចំណង់នេះ​មិនទាន់​មាននរណា​បានសម្រេច​ទ្បើយ ទោះ​ប្រើវិធី​អ្វីក៏​ដោយ គ្រាន់តែ​ឆាប់ចាស់ និង​ក្រចាស់​ប៉ុណ្ណោះ។ អាយុកាន់​តែកើនស្នាម​​​ជ្រីវ​​​ជ្រួញ​​​​មានកាន់​តែច្រើន។ ស្នាម​ជ្រីវជ្រួញ​ច្រើនលេច​ចេញនៅត្រង់​កន្ទុយភ្នែក ក្រោម​ត្របកភ្នែក គែមមាត់​ជាដើម។ តើមាន​វិធីព្យាបាល និង​ទប់ស្កាត់​ស្នាមជ្រីវជ្រួញ​នេះ មានប្រសិទ្ធភាព​ឬ​ទេ ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដោយសារ​ការជ្រីវជ្រួញ​មានច្រើន​កន្លែងនោះ សម្រាប់​លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកវិធី​ទប់ស្ដាត់​ស្នាម ជ្រីវជ្រួញ​នៅត្រង់​កន្ទុយភ្នែក​មកជម្រាប​ជូនលោក​អ្នកស្វែង​យល់មុនគេ តាមរយៈ​ការបក​ស្រាយ​របស់​លោកវេជ្ជបណ្ឌិត​ថៃ គា អ្នកឯក ទេស​ជម្ងឺ​សើស្បែក។

ស្នាម​ជ្រីវជ្រួញ​ត្រង់កន្ទុយ​ភ្នែក ជាអ្វី?

រាល់ស្បែក​ដែលមាន​ស្នាមនៅ​ត្រង់កន្ទុយ​ភ្នែក​ប្រៀបដូច​ជាប៉េងប៉ោង​ដែលបញ្ចូល​ខ្យល់ ហើយ​បន្ធូរ​វិញ​ដូច្នេះដែរ។ កន្ទុយ ភ្នែកងាយ​ជ្រួញជាង​កន្លែង​ផ្សេងទៀត ដោយសារ​កន្ទុយ​ភ្នែក​រងនូវ​ចលនា​បិទបើក​នៃសាច់​ដុំភ្នែក។ ស្នាម​ជ្រីវជ្រួញ​នេះច្រើន​លេចចេញ នៅពេល​ដែល​លោកអ្នក​ចូលដល់​វ័យ៤០ឆ្នាំ។

មូលហេតុ​បង្កស្នាម​ជ្រីវជ្រួញ​ត្រង់កន្ទុយ​ភ្នែក

មានមូលហេតុ​ជាច្រើន​យ៉ាងណាស់​ដែលនាំ​ឱ្យមាន​ស្នាមជ្រួញ​ត្រង់​កន្ទុយភ្នែក។

  • ការវិវឌ្ឍន៍​របស់វ័យ​ដែលនាំ​ឱ្យស្បែក​យារ ស្បែក​ចាស់។ ដោយសារ​នៅពេល​មានវ័យ​កាន់តែ​ច្រើន ស្បែក​ច្រើនខ្វះ​ជាតិ ទឹក ជួនកាល​ក៏អាច​បណ្ដាល​មកពី​សុខភាព​របស់​លោកអ្នក​ផ្ទាល់ផង​ដែរ។ បើជា​មនុស្ស​មានរាង​កាយ​ស្គមស្គាំង លោកអ្នក​នឹង​ងាយរង នូវការ​ជ្រីវជ្រួញ​ជាងអ្នក​ដែលមាន​រូបរាងកាយ​សមល្មម ឬ​ក៏ធាត់។
  • ការរង​ពន្លឺ​ព្រះអាទិត្យ​ច្រើនពេក​អាចឱ្យ​លេចចេញ​ជាស្នាម​ពណ៌​ខ្មៅ​ស្រអាប់ បន្ទាប់​មកក៏​ក្លាយ​ទៅជា​ស្នាមជ្រីវជ្រួញ ដោយសារ​តែពន្លឺ​ថ្ងៃធ្វើឱ្យ​ខូចកោសិកា​ស្បែក។
  • ការចូលចិត្ដ​ធ្វើទឹក​មុខស្រពាប់​ស្រពោន ជ្រួញ​ចិញ្ចើម​ក៏អាច​ជាដើម​ចមនៃការ​មានស្នាម​ជ្រីវជ្រួញ​ត្រង់កន្ទុយ​ភ្នែកផង​ដែរ ។

វិធីព្យាបាល​ស្នាមជ្រីវជ្រួញ​ត្រង់​កន្ទុយភ្នែក

មានការ​ព្យាបាល​ពីរប្រភេទ​ដែលត្រូវ​បានលើក​យកមក​ប្រើ គឺការ​ប្រើថ្នាំលាប ឬ​ថ្នាំចាក់ និងការ​ប្រើកាំរស្មី​ឡាស៊ែ។

  • ការប្រើ​ថ្នាំលាប ឬ​ចាក់  ចំពោះ​ថ្នាំលាប ត្រូវប្រើ​ពេលវេលា​យូរ ប៉ុន្ដែ​មានប្រសិទ្ធភាព​ខ្ពស់ បានរយៈ​ពេលយូរ​មុននឹង លេចស្នាម​ជ្រីវជ្រួញ​មកវិញ។ ម្យ៉ាង​ទៀតថ្នាំ​មានប្រសិទ្ធភាព​យ៉ាងឆាប់​រហ័សទាន់ចិត្ដ​តែម្ដង ប៉ុន្ដែ​ស្នាមជ្រីវជ្រួញ​ទាំងនោះ​អាចត្រទ្បប់ មកវិញ។ ជួនកាល​ទៀតដោយ​សារការ​ចាក់ថ្នាំ​មិនប្រុង​ប្រយ័ត្ន មិនស្មើ​ដៃល្អ ធ្វើឱ្យ​កន្ទុយភ្នែក​កន្លែង​ខ្លះរាប ខ្លះហើម និង​ពេលខ្លះ​ទៀត អាចមាន​ប្រតិកម្ម ជាពិសេស​ពេលដែល​លោកអ្នក​ប្រើថ្នាំ​ផ្សេងដែរ។ ទង្វើ​ទាំងនេះ​អាចធ្វើ​ឱ្យលោក​អ្នកអាក្រក់​លើសដើម​ក៏ថាបាន។
  • ការប្រើ​កាំរស្មី​ឡាស៊ែ មិនសូវ​ជាទទួល​បានលទ្ធផល​ល្អប៉ុន្មាន​ទេ ហើយ​ត្រូវចំណាយ​ពេលធ្វើ​ជាញឹកញាប់ នាំឱ្យលោក អ្នកត្រូវ​ចំណយ​ថវិការ​អស់ច្រើន។

វិធីទប់ស្កាត់​ស្នាមជ្រីវជ្រួញ​កន្ទុយភ្នែក

ទោះបី​ជាមិនអាច​គេចផុត​ពីស្នាមជ្រួញ​ទាំងនេះក្ដី ក៏លោក​អ្នកអាច​ពន្យារពេល​កកើតរបស់​វាបានខ្ងះ​តាមរយៈ​ប្រការមួយ​ចំនួនដូចត​ទៅនេះ។

  • សូមទទួល​ទាន​ទឹកឱ្យ​បានច្រើន​យ៉ាងហោច​ណាស់​ឱ្យបាន​២លីត្រ​ក្នុងមួយថ្ងៃ
  • សូមពិសា​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន។ ជាពិសេស​បន្លែ និង​ផ្លែឈើ​ណាដែល​មានពណ៌​បៃតង លឿង ក្រហម ទឹកក្រូច ជាដើម។
  • សូមចៀស​វាងការ​រងនូវ​កម្ដៅថ្ងៃ​ខ្លាំង និង​យូរពេក
  • សូមចៀស​វាងការ​ប្រើផលិតផល​ដែលលាប​លើបរិវេណ​ភ្នែក ព្រោះជាតិ​ថ្នាំដែល​មានក្នុង​ផលិតផល​ទាំងនោះ​អាចជ្រាប​ចូលដល់ភ្នែក ធ្វើឱ្យ​ភ្នែករងនូវ​ប្រតិកម្មផ្សេងៗ មិនមែន​ត្រឹមតែ​ជ្រីញជ្រួញ​ប៉ុណ្ណោះទេ។
  • សូមព្យាយាម​ធ្វើចិត្ដ​ឱ្យសប្បាយ​រីករាយ សើចឱ្យ​បានច្រើន ព្រោះការ​សើចមិន​ត្រឹមតែ​ធ្វើឱ្យកើន​អាយុ​ប៉ុណ្ណោះទេ វាថែម ទាំងធ្វើ​ឱ្យលោកអ្នក​មិនអាច​លេចចេញ​នូវស្នាម​ជ្រីវជ្រួញ​ទៀតផង។

ដំបូន្មាន​អ្នកជំនាញ

ស្នាម​ជ្រីវជ្រួញ​លើស្បែក​មិនថា​កន្លែងណា​ទេ វាមិន​បង្កឱ្យ​មានគ្រោះថ្នាក់​អ្វីដល់​សុខភាព​ទ្បើយ ក្រៅពី​ការរំខាន​ផ្នែក សម្រស់ សម្ផស្ស និង​សោភ័ណភាព។ បើលោកអ្នក​ចំណាយ​លុយកាក់​ទៅកែលម្អ​ច្រើនពេក ក៏មិនអាច​ធ្វើការព្យាបាល​ជាសះស្បើយ ហើយ​ក៏មិនអាច​ឱ្យលោក​អ្នកមាន​ស្បែកស្អាត​ដូចវ័យ​ក្មេងដែរ។ ដូចនេះ​លោកអ្នក​ត្រូវពិចារណា​មុននឹង​ទៅរកការ​ព្យាបាល​ណាមួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative