ដង្កូវនាង​ក្នុង​សម្បុក

រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណមនុស្ស ៖ ២នាក់
  • រយៈពេលរៀបចំគ្រឿង ៖ ៣០នាទី
  • រយៈពេលចម្អិន ៖ ១៥នាទី

គ្រឿងផ្សំ

  • សាច់ជ្រូក ១០០ក្រាម (១ខាំ)
  • បង្គាស្រស់ ១០០ក្រាម (១ខាំ)
  • ត្រាវ ២៥០ ក្រាម
  • ពងមាន់ ២គ្រាប់
  • ម្សៅបំពង ២ស្លាបព្រា
  • ប្រេងខ្ចង ១ស្លាបព្រាបាយ
  • ខ្ទឹមស ២កំពឹស
  • ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្ករស កន្លះស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
  • ប្រេងឆា ២ចានកង្កឹះ
  • ជីវ៉ាន់ស៊ុយ
  • ទឹកជ្រលក់

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីធ្វើ

1. ជាដំបូង ត្រូវ​យកសាច់ និងបង្គា​ស្រស់ដែល​បានសម្អាត​រួចរាល់ មកចិញ្ច្រាំ​ជាមួយ​ខ្ទឹមស និងជីវ៉ាន់ស៊ុយ ទាល់តែ​ម៉ដ្ឋល្អ ទើបបន្ថែម ប្រេងខ្ចង ម្រេច អំបិល ស្ករស និងម្សៅស៊ុប ច្របល់​ចូលគ្នា​ឱ្យសប់​ទុកដោយ​ទ្បែក។

2. ត្រាវចិតសម្បក​ឱ្យស្អាត រួចឈូស​ជាសរសៃ​ស្ដើងៗ។

3. បំបែក​ពងមាន់​យកតែ​ផ្នែកលឿង​ដាក់ក្នុង​ចានលាយ​ជាមួយម្យៅ​បំពង កូរឱ្យ​ចូលសាច់គ្នា ទើបដាក់ត្រាវ​ដែលឈូស​ទុកនោះ​ចូល ច្របាច់​ជាមួយ​ម្សៅដែល​លាយពង​មាន់ទាល់តែ​ទ្បើងស្អិត ទើបឈប់។ សូមចងចាំ​ថាមិនត្រូវ​ថែមទឹកទេ ព្រោះធ្វើ​ឱ្យត្រាវ​មិនស្អិតល្អ។

4. នៅពេល​ត្រាវស្អិត​ហើយ ត្រូវយក​មកសូន​ជាដុំតូចៗ​ល្មមរាង​ជាពងក្រពើ យកដាក់​សាច់ដែល​ចិញ្ច្រាំជា​ស្នូល​កណ្ដាល។

5. ដាក់ខ្ទះ​លើចង្ក្រាន រួចចាក់​ប្រេងឆា​ចូលទុក​ឱ្យក្ដៅ ទើបបង់​ដុំត្រាវ​ដែលសូន​ទុកនោះ​ចូលបំពង​ក្នុងកម្ដៅ​តិចៗល្មម​ប្រមាណជា​១០នា ទី នោះត្រាវ​បំពងនឹង​ក្រហមស្រួយ​មិនខាន​ទ្បើយ។

6. បន្ទាប់ពីបំពង​រួចរាល់ហើយ ត្រូវយកត្រាវ​បំពង​មកតម្រៀប​ក្នុងចាន​ដែលរៀប​ចំមាន​សាទ្បាត់ និងការុត​ដែលឈូស​ជាសរសៃៗ​មាន រាង​ដូចជា​សម្បុក​សត្វ។

របៀប​ធ្វើទឹក​ជ្រលក់

យករំដេង និងខ្ទឹមស ចិតសម្បក​ឱ្យស្អាត បុកឱ្យម៉ដ្ឋ ពូតយក​ទឹកមកលាយ​ជាមួយទឹក​ខ្មេះបន្ដិច ស្ករត្នោត ទឹកក្រូចឆ្មារ និង អំបិល រួចភ្លក់ឱ្យ​បានរសជាតិ​ផ្អែម ប្រៃ និងជូរ។ នៅពេល​ទទួលទាន ត្រូវរោយ​សណ្ដែកដី​បុក​ពីលើ។

ចំណាំ ម្ហូបនេះ​ជាប្រភេទ​អាហារ​សម្រន់​សម្រាប់​ទទួលទាន​ក្រៅពេល​អាហារ តែក៏​អាចទទួល​ទានជាមួយ​បាយស​បានដែរ។ ម្ហូបនេះ ត្រូវ​ទទួលទាន​ជាមួយ​ទឹកជ្រលក់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative