គ្រុនឈាម​រាតត្បាត​ទ្វេដង

ជម្ងឺ​គ្រុនឈាម លោកអ្នក​ធ្លាប់បាន​ទទួលជ្រាប​រួចមក​ហើយ​តាមរយៈ​ការ​ចេញផ្សាយ​របស់​ទស្សនាវដ្ដី​សុខភាពយើង​កាលពី លេខ០០៦ ខែកក្កដា ២០០៦។ ប៉ុន្ដែ​នៅពេល​ថ្មីៗនេះ ព័ត៌មាន​ដែល​​​ទទួល​បានបាន​ឱ្យ​ដឹងថា​រយៈពេល៦​ខែដើមឆ្នាំ​២០០៦នេះ ជម្ងឺគ្រុនឈាម​កើនទ្វេដង បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នានៅ​ឆ្នាំ២០០៥។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមបន្ដ​ជ្រាប​ជាមួយ​ទស្សនាវដ្ដី​សុខភាពយើង អំពីការ​រីករាលដាល​នៃជម្ងឺ​គ្រុនឈាម​កុមារ​ក្នុងឆ្នាំ​២០០៦ ក្នុង​រយៈពេល៦ ខែដើម​ឆ្នាំនេះ។ លោក​វេជ្ជបណ្ឌិត ក្ដាន់ យុវត្ថា អនុប្រធាន​មន្ទីរពេទ្យ​កុមារជាតិ នឹងផ្ដល់​ព័ត៌មាន​ជូនលោកអ្នក​អំពី​ការរីក​រាលដាល​នៃ ជម្ងឺ​គ្រុនឈាម​នេះ។

ការរាតត្បាត​ជម្ងឺគ្រុនឈាម​នៅឆ្នាំ​២០០៦

នៅឆ្នាំ២០០៥​កន្លងមក មន្ទីរពេទ្យ​កុមារជាតិ​បានទទួល​កុមារ​ដែលមាន​ជម្ងឺគ្រុនឈាម​ចូលមក​សម្រាក​ព្យាបាល​ចំនួន​២៦៦ នាក់ នៅរយៈ​ពេល៦ខែ ក្នុងនោះ​កុមារ៣​នាក់បាន​ស្លាប់​បាត់បង់​ជីវិត។ ដោយទ្បែក​សម្រាប់ឆ្នាំ​២០០៦ ក្នុងរយៈពេល​ដូចគ្នា​កុមារ​ចំនួន ៤៣៣នាក់​មានជម្ងឺ​គ្រុនឈាម និង៥នាក់​បានស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជម្ងឺនេះ​រួចទៅ​ហើយ។ តាមរយៈ​តួលេខ​ខាងលើ​នេះ បាន បញ្ជាក់ថា​នៅក្នុងឆ្នាំ​២០០៦ កុមារ​មានជម្ងឺ​គ្រុនឈាម​កើនទ្បើង​ទ្វេដង ដែលជា​ចំនួនមួយ​គួរឱ្យ​ព្រួយបារម្ភ ចំពោះខាង​មន្ទីរពេទ្យ ជាពិសេស​មាតាបិតា​របស់កុមារ​ផ្ទាល់តែម្ដង។ តាមរយៈ​ព័ត៌មាន​ពញាក់​អារម្មណ៍​មួយនេះ​នឹងទាមទារ​ឱ្យពួក​គាត់​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​បុត្រធីតា​របស់ខ្លួន​ឱ្យចៀសផុត​ពីជម្ងឺ​ដ៏សាហាវ ដែលអាច​សម្លាប់ជីវិត​បាននេះ។ ក្នុងចំណោម​ខេត្ដក្រុង​ទាំង២៤ នៅកម្ពុជា មាន ខេត្ដក្រុង​ចំនួន៤​ដែលទទួល​រងនូវ​ការរាតត្បាត​ពីជម្ងឺ​គ្រុនឈាម​ច្រើនជាងគេ គឺក្រុងភ្នំពេញ ខេត្ដកំពង់ចាម ខេត្ដព្រៃវែង និងខេត្ដកំពង់ ស្ពឺ។

មូលហេតុ​រាតត្បាត​ជម្ងឺគ្រុនឈាម

នៅក្នុងឆ្នាំ​២០០៦នេះ ជម្ងឺ​គ្រុនឈាម​កើនទ្បើង​ដោយសារ​ឆ្នាំនេះ​មាន​ភ្លៀងធ្លាក់​ខ្លាំងចាប់​តាំងពី​ដើមខែ​មេសាមក។ ជាធម្មតា ភ្លៀងធ្លាក់​ខ្លាំងនៅ​ខែឧសភា ឬមិថុនា ហេតុនេះ​ហើយទើប​បង្កឱ្យ​រយៈពេល​នៃការ​ប្រឈមមុខ​នឹងជម្ងឺនេះ មានរយៈ​ពេលវែង​ជាង រាល់ឆ្នាំ។ ម្យ៉ាងទៀត បើតាម​ការកត់​សម្គាល់​របស់មន្ដ្រី​ជំនាញផ្នែក​ជម្ងឺកុមារ​បានឱ្យ​ដឹងថា​រៀងរាល់ពីរ ឬបីឆ្នាំម្ដង តែងតែ​មានការ​ផ្ទុះ ចេញនូវ​ជម្ងឺ​គ្រុនឈាម​ខ្លាំងម្ដង ដែល​ទាមទារ​ឱ្យមាន​ការត្រៀម​លក្ខណៈ​ទប់ស្កាត់។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីបង្ការ​ជម្ងឺ​គ្រុនឈាម

គ្រុនឈាម​ជាជម្ងឺ​ដែលអាច​បង្ការបាន តាមរយៈ​ការចៀសវាង​កុំឱ្យ​ភ្នាក់ងារ​ចម្លងរោគ គឺមូសខ្លា​ញីខាំបាន។ ការសម្រាក ទោះបីពេល​ថ្ងៃក៏ដោយ ត្រូវឱ្យ​កូនតូច​របស់​លោកអ្នក​សម្រាក​ក្នុងមុង​ជានិច្ច។ ក្នុងផ្ទះ ត្រូវមាន​ពន្លឺគ្រប់គ្រាន់ បើកទ្វារ​បង្អួច​ជានិច្ច។ សម្លាប់​ភ្នាក់ងារ​ចម្លងរោគ គឺសម្លាប់មូស​ខ្លាញី។ ជាដំបូង ត្រូវសម្លាប់​ដង្កូវទឹក ព្រោះមូសខ្លា​កើតពី​ដង្កូវទឹក ដោយ​លោកអ្នក​ត្រូវឧស្សាហ៍​លាងពាងទឹក អាងទឹក ឬដាក់ថ្នាំ​អាល់ប៊ែត​សម្លាប់​ដង្កូវទឹក ហើយគ្រប​ពាងជា​ប្រចាំ។ ថូផ្កា និងចាន​ទ្រតុទូ ត្រូវឧស្សាហ៍​ប្ដូរទឹក​ចេញ បើមិន​ដូច្នោះទេ ត្រូវចាក់​ប្រេងកាត​បន្ដិចចូល​ដើម្បីកុំឱ្យ​មូសពងបាន។ បំផ្លាញ​ជំរកមូស​ដែលមាន ដូចជា​សម្អាត​កន្លែង ឬឧបករណ៍ ដែលអាច​ដក់ទឹក​បាន ស្មៅ ព្រៃស៊ុបទ្រុប​ដែលនៅ​ជុំវិញផ្ទះ សម្បកកំប៉ុង ត្រទ្បោកដូង និងសម្បក​កង់ទ្បាន​ត្រូវកាយ​កប់ក្នុងដី។

ដំបូន្នានអ្នក​ជំនាញ

សូមលោកអ្នក​ជាមាតាបិតា​គប្បីបន្ថែម​ការប្រុង​ប្រយ័ត្ន ជាពិសេស​នៅពេល​ដែលកុមារ​មានអាការ​ក្ដៅខ្លួនខ្លាំង។ ត្រូវតែ​ប្រញាប់​នាំកុមារ​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ បើមាន​ការធ្វេស​ប្រហែស អាយុជីវិត​កូនរបស់​លោកអ្នក​នឹងត្រូវ​គំរាមគំហែង​ដោយ​ជម្ងឺគ្រុនឈាម​ជាមិនខានទ្បើយ។ សូមចង​ចាំថា​ជម្ងឺគ្រុនឈាម​ជាជម្ងឺ​អាចបង្ការ​បាន ដូចនេះ​សូមកុំ​ស្ដាយក្រោយ​ដោយសារ​តែអ្វី​ដែលយើង អាចទប់ស្ដាត់​បានឱ្យ​សោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative