ភ្នំពេញ​ជន់លិច ពេលភ្លៀង​ម្ដងៗ

រដូវ​ភ្លៀងធ្លាក់​ឆ្នាំនេះ​ខុសប្លែក​ពីឆ្នាំ​មុនៗ ព្រោះនៅ​ទីក្រុង​ភ្នំពេញ មាន​ភ្លៀងធ្លាក់​ម្ដងៗ​ទឹកលិច​ផ្លូវស្ទើរ​គ្រប់​ទីកន្លែងទាំងអស់។ ការលិច​ទឹកនេះ​បានធ្វើ​ឱ្យមាន​ការរំខាន​យ៉ាងច្រើន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ មូលហេតុ​នៃការ​លិចទឹកនេះ នៅតែជា​បញ្ហានៅ​ទ្បើយ។ ប៉ុន្ដែ​អ្វីដែល​យើងទាំង​អស់គ្នា​បានដឹង​នោះ មួយភាគធំ​ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិនសូវ យល់ដឹង​ថាប្រព័ន្ធលូ​ទឹកមាន​សារៈ​សំខាន់​យ៉ាងណា។ ហេតុនេះ​ហើយ​ប្រជាពលរដ្ឋ​ខ្លះមិន​បានយក​ចិត្ដទុក​ដាក់ក្នុង​ការ​ថែរក្សាលូ ដែលនៅ​ក្បែរលំនៅដ្ឋាន​ខ្លួន។ តើការ​ជន់លិច​នេះ បណ្ដាលមក​ពីមូល​ហេតុអ្វី? ផលប៉ះពាល់​ដូចម្ដេច​ខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក នៅ សារឿន ប្រធាន​អង្គភាព​លូទឹកបូម​ទឹករបស់​មន្ទីរ​សាធារណៈ​ការ និងដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចូលរួម ជាមួយ​ទស្សនាវដ្ដី​សុខភាពយើង ដើម្បីឱ្យ​លោកអ្នក​បានជ្រាប​អំពី​បញ្ហានេះ។

ប្រព័ន្ធលូ​ទឹកស្អុយ​នៅទី​ក្រុងភ្នំពេញ

ទីក្រុង​ភ្នំពេញ​មាន​បំពង់លូ​ទាំង​ទំហំតូច និងធំ​ចំនួន​១៩៣ ២៥៧​គីឡូម៉ែត្រ និងប្រឡាយ​ចំនួន៧០ ០០០ម៉ែត្រ ដូចជា ប្រឡាយ​បឹងទំពុន​មាន​ប្រវែង៤ ០០០ម៉ែត្រ បឹងត្របែក​មាន​ប្រវែង២ ៤៥០ម៉ែត្រ បឹងសាឡាង​មានប្រវែង​១ ៥០០ម៉ែត្រ ប្រឡាយទួលសែន​ខាងកើត​មានប្រវែង​៦០០ម៉ែត្រ និងប្រឡាយ​ទួលសែន​ខាងលិច​មានប្រវែង​៥៦០ម៉ែត្រ។ គោលបំណង​ធំក្នុងការ បង្កើតជា​ប្រព័ន្ធលូ​ទឹកស្អុយ​ទាំងនេះ​ទ្បើង គឺដើម្បី​រំដោះទឹក​ស្អុយចេញ​ពីក្រុង ដើម្បីកុំ​ឱ្យមាន​ការ​លិចលង់​នៅរដូវ​ភ្លៀងធ្លាក់។ ម្យ៉ាងទៀត​ដោយសារ​ទីក្រុងភ្នំពេញ​សំបូរទៅ​ដោយ​រោងចក្រ សហគ្រាស និងសិប្បកម្ម​ផ្សេងៗនោះ ទើបមិន​អាចខ្វះ​បាននូវ​លូ សម្រាប់​បង្ហូរទឹក​ចេញពី​កន្លែង​ទាំងនោះ។ បើគ្មាន​ប្រព័ន្ធបង្ហូរ​ទឹកទាំង​នេះទេ គ្មាននរណា​ម្នាក់អាច​បរិយាយ​បានពី​ការខូច និងប៉ះ ពាល់ជាច្រើន​ផ្នែក ដូចជា​សេដ្ឋកិច្ច បរិស្ថាន សុខភាព​ជាដើម។

មូលហេតុ​នៃការស្ទះលូ​ទឹកស្អុយ

មានមូលហេតុ​ច្រើនដែលនាំ​ឱ្យស្ទះ​ប្រព័ន្ធលូ​ទឹក ធ្វើឱ្យ​លិចផ្លូវ​នានា​នៅពេល​ភ្លៀងធ្លាក់​ម្ដងៗ។ មូលហេតុ​ទាំងនោះ​រួម មានៈ

  • ដោយសារ​ទីក្រុងភ្នំពេញ​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​មានការ​អភិវឌ្ឍន៍​ពង្រីកជា​លំដាប់ ធ្វើឱ្យ​ប្រព័ន្ធលូ​មានចម្ងាយ​កាន់តែ វែង កម្រិត​ទឹកខ្ពស់ ហើយមុខ​កាត់បំពង់​លូមានប្រវែង​១ម៉ែត្រ ជាហេតុ​ធ្វើឱ្យ​ចរន្ដទឹក​ហូរយឺត។ កាលពីមុន ប្រព័ន្ធលូ​នៅតាម តំបន់នីមួយៗ​មានប្រវែង​យ៉ាងច្រើន​ត្រឹម១ ០០០ម៉ែត្រតែ​ប៉ុណ្ណោះ។
  • នៅតាម​តំបន់មួយ​ចំនួន មានកាក​សំណល់​សម្រាម​ច្រើនដែល​គរនៅ​មាត់លូ។ នៅពេល​មាន​ភ្លៀងធ្លាក់​ម្ដងៗ បើក្រុម ហ៊ុនប្រមូល​សម្រាម​ប្រមូល​មិនទាន់ សម្រាម​ទាំងនោះ​ត្រូវទឹកភ្លៀង​ហូរនាំ​ទៅក្នុង​លូធ្វើ​ឱ្យស្ទះ​មុខលូ​បង្ហូរទឹក ជាហេតុ​ធ្វើឱ្យ​ទឹក ហូរមិនទាន់។
  • ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​ចង់បាន​សោភ័ណភាព​នៅខាង​មុខផ្ទះ​របស់ខ្លួន ពួកគាត់​បានរៀប​ជាការឺឡា ឬចាក់ សាបលប់​លើបំពង់លូ​បង្ហូរទឹក ដែលជា​ហេតុមិន​អាចធ្វើឱ្យ​ទឹកហូរ​បាន។
  • នៅពេល​មានការ​ជួសជុល ឬក៏សាងសង់​គេហដ្ឋាន មាន​ប្រជាពលរដ្ឋ​មួយចំនួន​បានយកវត្ថុ ដូចជាខ្សាច់ គ្រួស ថ្ម ឬសំណល់​សំណង់​ផ្សេងៗ មកដាក់​នៅក្បែរ ឬចាក់ក្នុង​បំពង់លូ​ដែលធ្វើឱ្យ​វត្ថុទាំងនេះ​ធ្លាក់ចូល​ទៅក្នុងលូ ជាហេតុធ្វើ​ឱ្យមុខ​កាត់លូ កាន់តែ​តូចទៅ នាំឱ្យ​ទឹកហូរ​មិនទាន់។
  • ម្យ៉ាងទៀត​អាចបណ្ដាល​ដោយសារ​ប្រព័ន្ធលូ​កន្លែងខ្លះខ្ពស់ ហើយទិសដៅ​ដែលត្រូវ​ហូរទឹកពី​ទាបទៅខ្ពស់ ធ្វើឱ្យទឹក ហូរមិនបាន​ពេញប្រឡាយ ហើយចរន្ដ​ទឹកហូរយឺត។ ជួនកាល​មកពី​ប្រព័ន្ធលូ​កន្លែងខ្លះ​បត់បែន​ច្រើនពេក។

ផលប៉ះពាល់​នៃការ​ស្ទះលូទឹក

  • ផលប៉ះពាល់​សុខភាព ៖ ទឹកលិច​ពិតជាគេច​មិនផុតពី​ជម្ងឺផ្សេងៗ ដូចជា​រាករូស អាសន្នរោគ គ្រុនពោះវៀន​ជាដើម។ ជម្ងឺទាំងនេះ​បានធ្វើ​ឱ្យសុខភាព​របស់​ប្រជាពលរដ្ឋ​ធ្លាក់ចុះ មេរោគ​បាក់តេរី​ងាយ​ជ្រៀតចូល។ បន្ថែមពី​លើនេះ​ទៅទៀត អាចធ្វើ ឱ្យកកើត​នូវពពួក​សត្វល្អិត ដូចជាមូស​ជាដើម ដែលជា​ភ្នាក់ងារ​ចម្លង​ជម្ងឺ។
  • ផលប៉ះពាល់​បរិស្ថាន ពេលលូហូរ​មិនទាន់ ឬស្ទះ ធ្វើឱ្យ​មានក្លិន​មិនល្អ ពេលនោះ​បរិស្ថាន​រស់នៅ​អាប់អួរ សោភ័ណ ភាពទីក្រុង​ត្រូវ​បាត់បង់។
  • ផលប៉ះពាល់​សេដ្ឋកិច្ច មិនថា​តែប្រជាពលរដ្ឋ​ដែលរស់​នៅតំបន់​លូទឹក​ដែលទទួល​រងនូវ​ផលប៉ះពាល់ទេ សូម្បីតែ រាជរដ្ឋាភិបាល​ក៏ប៉ះពាល់​ដូចគ្នា។ នៅពេល​ខូចប្រព័ន្ធលូ​ទឹក ប្រជាពលរដ្ឋ​ត្រូវខាត​បង់ប្រាក់ ដើម្បី​ព្យាបាល​ជម្ងឺ ចំណែក​ឯរាជ​រដ្ឋាភិបាល​ត្រូវខាតបង់​ក្នុងការ​ចំណាយ​ទៅលើ​ការស្ដារ​ជួសជុល​ប្រព័ន្ធលូ​ឡើងវិញ។

ដំណោះស្រាយ​បញ្ហា​ប្រព័ន្ធលូ

ដើម្បី​រិះរក​មធ្យោបាយ​រំដោះទឹក​ចេញពីតំបន់​មួយចំនួន​ដែលលិចលង់​ខ្លាំងនៅ​ពេលកន្លង​មកនៅ​ក្រុងភ្នំពេញ។ អង្គភាព លូទឹក​បានរៀប​ចំលូជា​យុទ្ធសាស្ដ្រ​ថ្មីមួយខ្សែ ដែលជា​ប្រព័ន្ធលូ​ដែលមាន​មុខកាត់​១ម៉ែត្រកន្លះ ដើម្បីជា​ការកាត់​បន្ថយ ឬរំដោះទឹក ចេញពី​តំបន់វត្ដ​មហាមន្ដ្រី តំបន់ផ្លូវមុនីវង្ស តំបន់ផ្លូវលេខ​១៦៣ និងតំបន់​ខាងកើត​ស្ដាតអូឡាំពិច។ ប្រព័ន្ធលូ​ជាយុទ្ធសាស្ដ្រ​ថ្មីនេះ អាចធ្វើ​តាមបណ្ដោយ​ផ្លូវលេខ៣១០​ចាប់ពីប្រឡាយ​ទួលសែនលើ កាត់តាម​ផ្លូវលេខ១៦៣​ឆ្ពោះទៅប្រទ្បាយ​មេបឹងត្របែកទៅ ផ្លូវ១០៥ មានប្រវែង​៥០០ម៉ែត្រ។ ខ្លឹមសារ​នេះដកស្រង់​ចេញពី​កាសែតរស្មី​កម្ពុជា លេខ៤០៤០ ដែលបាន​ចុះផ្សាយនៅ​ថ្ងៃអង្គារ៍ ទី២៥ ខែកក្កដា ឆ្នាំ២០០៦។

ដំបូន្មានអ្នក​ជំនាញ

ទោះបី​ជាយ៉ាងណា មានតែ​ការសហការណ៍​រវាង​ប្រជាពលរដ្ឋ និងអាជ្ញាធរទេ ដែលអាច​ដោះស្រាយ​បញ្ហានេះបាន មិន មែនមាន​តែនរណា​ម្នាក់អាច​ដោះស្រាយ​បាននោះទេ។ សូមរួមគ្នា​ជួយគ្នា​សម្អាត​ទីក្រុង​យើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative