កើតទុក្ខ​ក៏ជាជម្ងឺ សើចសប្បាយ​ក៏ជាជម្ងឺ

ឆ្លងពី​ជីវិត​កុមារ​ភាព ឈាន​មកដល់​វ័យ​ប្រកួត​ប្រជែង ដែលប្រើ​ការគិត​ច្រើន ប្រើ​អារម្មណ៍​ច្រើន មានភាព​ស្មុគស្មាញ​ច្រើន នាំឱ្យ​មនុស្ស​ឧស្សាហ៍​កើតជម្ងឺ​ផ្លូវចិត្ដ​ណាស់។ ជម្ងឺ​ផ្លូវចិត្ដ​មានច្រើន​ប្រភេទ និង​ចំណាត់​ថ្នាក់តាម​ការ​វិនិច្ឆ័យ​របស់អ្នក​ជំនាញ​ខាងវិកល វិទ្យា មាន​ដូចជា​ជម្ងឺ​វិកលចរិក​ស្រួចស្រាវ ជម្ងឺ​ស្ដ្រេស្ស ជម្ងឺធ្លាក់​ទឹកចិត្ដ ជម្ងឺ​បាក់ស្បាត ជម្ងឺចាញ់ច្រាប​ជាដើម។ មូលហេតុ និងរោគ សញ្ញា​នៃជម្ងឺ​ផ្លូវចិត្ដ​នីមួយៗ​មានការ​ពិបាក​ក្នុងការ​ធ្វើចំណាត់​ថ្នាក់ និងយល់ដឹង​ណាស់ សម្រាប់អ្នក​ដែលមិន​មាន​ចំណេះដឹង​ខាងផ្នែក នេះ។ មានតែ​អ្នកឯកទេសទេ ដែលដឹង​ច្បាស់ពី​ប្រភេទជម្ងឺ និងធ្វើការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកសាស្ដ្រាចារ្យ ផាន់ ចាន់ពៅ ជាអនុប្រធាន​សមាគម​ចិត្ដវិទ្យា​កម្ពុជា បាន​បកស្រាយ​ពីជម្ងឺ​ផ្លូវចិត្ដ​ម្យ៉ាងដែល​និយាយ ច្រើន សើចច្រើន ឬអួត មានឈ្មោះថា​ម៉េនៀ ដល់មិត្ដ​អ្នកអាន​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ជម្ងឺម៉េនៀ ជាអ្វី?

ម៉េនៀ​ជាឈ្មោះ​ជម្ងឺជា​ភាសា​អង់គ្លេស ដែលមិន​ទាន់មាន​ការបកប្រែ​ជាភាសាខ្មែរ​ជាផ្លូវការ​នៅឡើយទេ។ វាជា​ជម្ងឺ​ផ្លូវចិត្ដ ម្យ៉ាងដែល​អាចចាត់​ទុកថា​ជាប្រភេទ​ជម្ងឺធ្ងន់ធ្ងរ​មួយ បើអ្នក​ជម្ងឺមិន​បានយក​ចិត្ដទុក​ដាក់ព្យាបាល។ ជម្ងឺម៉េនៀ​នាំឱ្យអ្នក​មាន​ជម្ងឺមាន អាការ​បែបសប្បាយ​ហួសប្រមាណ ស្រមើល​ស្រមៃ​ហួសប្រមាណ អណ្ដែង​អណ្ដូង​ហួសប្រមាណ ឬអាច​ចាត់ទុកថា​សប្បាយ​នៅក្នុង របៀប​មិនធម្មតា។ វាក៏ជា​ប្រភេទជម្ងឺ​វិកលចរិត​ដែរ។ ជម្ងឺម៉េនៀ​ច្រើនកើត​មានចំពោះ​មនុស្ស​ពេញវ័យ ហើយអ្នក​ឯកទេស​សុខភាព អាចសម្គាល់​បានងាយ​នៅដំណាក់កាល​ដែលអ្នក​ជម្ងឺមាន​អារម្មណ៍​ឡើងខ្ពស់។ ខុសពី​ជម្ងឺធ្លាក់ទឹកចិត្ដ​ដែលអ្នក​ជម្ងឺមាន​អារម្មណ៍​ធ្លាក់ចុះ វិញ។ លក្ខណៈ​ពិសេស​នៃជម្ងឺនេះ គឺវាមាន​ការប្រែប្រួល​ជាគ្រា។ ពេលខ្លះ​អ្នកជម្ងឺ​អាចមាន​សភាពល្អ​ជាធម្មតា​វិញ ទោះមិន​បានទទួល ការព្យាបាល​ក្ដីខុសពី​ជម្ងឺផ្លូវចិត្ដ​ផ្សេង ដែលត្រូវ​ការថ្នាំព្យាបាល​ទើបជា។ ដោយអ្នក​ជម្ងឺមិន​អាចគ្រប់គ្រង​ខ្លួនឯង​បាន វាអាច​នាំឱ្យមាន គ្រោះថ្នាក់​ដល់ថ្នាក់​បាត់បង់​ជីវិត។ រហូតមក​ដល់សព្វ​ថ្ងៃនេះ មិនទាន់​មានការ​សិក្សាអំពី​អ្នកដែល​រងគ្រោះ​ពីជម្ងឺនេះ​ឱ្យបាន​ច្បាស់លាស់ ទេ។

រោគសញ្ញា​ជម្ងឺម៉េនៀ

អ្នកជម្ងឺម៉េនៀ​ច្រើនមាន​អាការ​អាកប្បកិរិយា​សម្ដែងចេញ​មកមិន​ធម្មតា ដូចជា​និយាយច្រើន ឬនិយាយ​ញាប់មិន​ចំប្រធាន បទ ឬមិនចំ​សាច់រឿង មានអារម្មណ៍​សប្បាយ មោទនភាព និយាយអួត របៀបមិន​ធម្មតា គ្មានការ​ទទួល​ខុសត្រួវ មិនអាច​នៅ​សម្រាក ស្ងៀម ឬអង្គុយស្ងៀម ព្យាយាម​ធ្វើកិច្ច​ការ​ច្រើនយ៉ាង តែមិន​អាចបញ្ចប់​មួយណា​បាន។ ការទទួលទាន​ដំណេកតិច ឬអាចមិន​សម្រាន្ដ តែម្ដង ឬមួយយប់​អាចសម្រាន្ដ​ត្រឹមពីរម៉ោង។ ពេលអាន​សៀវភៅ ញញឹម សប្បាយចិត្ដ និងនិយាយ​ច្រើនតែ​ម្នាក់ឯង។ អ្នកជម្ងឺមាន អារម្មណ៍​ផ្លូវភេទ​កើនឡើង។ គាត់មិន​អាចបញ្ជា​ខ្លួនឯងបាន ច្រើននិយាយ​អ្វីដែល​បែកឆ្វេង ដូចជា​គាត់ថាមាន​គេបញ្ជា ហើយជួនពិបាក យល់ថា​គាត់និយាយ​ពីអ្វី។ អ្នកជម្ងឺមាន​ការទំនាក់​ទំនង​ល្អខុសពី​ធម្មតា ឬចិត្ដល្អ​ខុសពីធម្មតា​មិនដូចពីមុន។ មានគម្រោង​ទៅថ្ងៃអនា គតធំៗ ហើយកើត​នៅរយៈពេល​មួយអាទិត្យ​ទៅបីខែ។ អ្នកជម្ងឺ​មានអារម្មណ៍​នៃការគិត មានភាពជាធំ ភាពអស្ចារ្យ សប្បាយរីករាយ ដោយគ្មាន​មូលហេតុ មួម៉ៅ ធុញទ្រាន់ មានការ​មមើមមាយ និងឮសម្លេង​ដែលអ្នក​ដទៃមិនឮ។ ជារឿយៗ​សម្លេងនេះ​តែងប្រាប់​គាត់ ថាគាត់​ជាមនុស្ស​សំខាន់​ដែលអាច​ធ្វើអ្វី​អស្ចារ្យបាន អ្នកជម្ងឺ​គិតថា​គេជាកំពូល​មនុស្ស ជាស៊ុបភើរមែន ឬមនុស្សមិន​ធម្មតា​ដែលមាន វេទមន្ដ​អស្ចារ្យ មិនដូចគេ​ជាដើម។ មិនព្រម​ទទួលយក​ការព្យាបាល​ដោយគិតថា​ខ្លួនមានអានុភាព​ពិសេស ជាមនុស្ស​ពិសេស​អស្ចារ្យ ឬគិតថា​មនុស្សដទៃ​កំពុង​ព្យាយាម​ធ្វើទុក្ខទោស​ដល់គាត់ ឬប្រកែកថា​ខ្លួនមិនមាន​ជម្ងឺអ្វី។ គេមិន​អាចវិនិច្ឆ័យ​នរណាម្នាក់​ថាមាន​ជម្ងឺផ្លូវ ចិត្ដម៉េនៀ​តាមរយៈ​អាការខាង​ក្រៅភ្លាមទេ។ ពោលត្រូវ​ឆ្លងកាត់​បច្ចេកទេស​សាកសួរ និងការធ្វើ​ចំណាត់ថ្នាក់​ប្រភេទជម្ងឺ​តាមរយៈ រោគសញ្ញា​ដោយ​អ្នកជំនាញ។

មូលហេតុបង្ក​ជម្ងឺម៉េនៀ

មិនមាន​មូលហេតុ​ពិតប្រាកដ ដែលថា​ជម្ងឺនេះ​កើតឡើង​ដោយសារ​អ្វីទេ ជួនកាល​កើតដោយ​មិនមាន​មូលហេតុ​ពិតប្រាកដ។ ប្រសិនបើ​មិនបាន​ត្រួតពិនិត្យ ឬគ្រប់គ្រង់​ការគិត​ឱ្យបានល្អ ការគិត​ស្រមើល​ស្រមៃ​ហួសប្រមាណ អណ្ដែង​អណ្ដូង​ហួសហេតុ ភ្លើតភ្លើន ច្រើន មោទនភាព​ច្រើន រស់នៅក្នុង​សង្គមដែល​មិនមាន​លក្ខខ័ណ្ឌ​សមស្រប​ជាដើម ជាមូលហេតុ​ដែលនាំឱ្យ​មានជម្ងឺម៉េនៀ។ ជម្ងឺម៉េនៀ ច្រើនកើត​នៅលើមនុស្ស​ដែលឈានដល់​វ័យប្រកួត​ប្រជែង តែមិនមាន​ការអះអាង​ណាមួយឱ្យ​បានច្បាស់លាស់​ពីមូលហេតុ​នេះទេ។ ព្រោះពេល​ពួកគាត់​ត្រូវប្រកួត​ប្រជែង ប្រឡង​ប្រណាំងគ្នា​ច្រើន នាំឱ្យងាយ​ប៉ះទង្គិច​អារម្មណ៍​ផ្លូវចិត្ដ។ សុខភាព​ផ្លូវចិត្ដ​មានសារ​សំខាន់ ណាស់ បើមិនបាន​យកចិត្ដ​ទុកដាក់ វានាំឱ្យស្លាប់​ដូចគ្នា ជាក់ស្ដែង​អ្នកជម្ងឺម៉េនៀ​អាចធ្វើ​សកម្មភាព​ស្របទៅ​តាមការ​គិតរបស់​គាត់ ដូច ជាអាច​លោតពី​លើអគារខ្ពស់​ដោយគាត់​គិតថា​អាចហោះ​បានជាដើម។ បើលោកអ្នក​បានរស់នៅ​ក្នុងរបប​សង្គ្រាម ក្រោមឥទ្ធិពល​នៃអំពើហិង្សា​ក្នុងគ្រួសារ ឬមានការ​ពិបាក​ស្មុគស្មាញ អាចងាយ​បង្កជាជម្ងឺ​ផ្លូវចិត្ដ។

វិធីបង្ការ និងវិធីព្យាបាល​ជម្ងឺម៉េនៀ

ការរស់នៅ​ក្នុងសង្គម​គ្រួសារមួយ​ដែលមាន​ការថ្នាក់ថ្នម ការលើក​ទឹកចិត្ដ ការ​យោគយល់ ការស្រឡាញ់ ការយកចិត្ដ​ទុក ដាក់ មានសុខភាព​ផ្លូវចិត្ដល្អ ជីវភាព​សមរម្យ​ធូធារ គឺមិនងាយ​មានជម្ងឺ​ផ្លូវចិត្ដទេ។ សូមកុំគិត ឬប្រើប្រាស់​អារម្មណ៍​ច្រើនពេក គ្រប់ គ្រងការ​គិតប្រកប​ដោយ​សុទិដ្ឋិនិយម ឬការគិត​ប្រកបដោយ​ភាពជាក់ស្ដែង។ សូមកុំ​ប្រើប្រាស់​រូបារម្មណ៍ ឥន្ទ្រីយារម្មណ៍​ហួសហេតុ។ ការគិតគួរ​ស្ថិតនៅ​ក្នុង​បរិបទតថភាព ឬត្រឹមត្រូវ​តាមលក្ខណៈ​វិទ្យាសាស្ដ្រ។ គួរនាំអ្នក​ជម្ងឺទៅ​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យ​ដែលមាន សេវាព្យាបាល​ជម្ងឺផ្លូវចិត្ដ និងដែលមាន​អ្នកពិគ្រោះ​យោបល់។ មានតែអ្នក​ជំនាញទេ ដែលអាច​ព្យាបាលមាន​ប្រសិទ្ធភាពខ្ពស់។ ចំពោះ ការព្យាបាល អ្នកដែល​នៅជុំវិញ ជាទីប្រឹក្សា​ដ៏ល្អដែលអាច​ជួយឱ្យអារម្មណ៍​អ្នកជម្ងឺបាន​ធូរស្រាល។ សូមជ្រើសរើស​វិធីសាស្ដ្រ​លួង លោមដោយ​ពន្យល់ថាការ​គិតរបស់គាត់​នេះមិន​ពិតទេ តែកុំប្រឆាំង​គាត់ដោយចំៗ ឬផ្ទាល់។ សូមយកចិត្ដ​ទុកដាក់​ឱ្យបាន​ខ្លាំង ចំពោះ អ្នកមាន​ជម្ងឺផ្លូវចិត្ដ ដោយកុំ​បណ្ដោយឱ្យ​នៅតែ​ម្នាក់ឯង មិនត្រូវ​ស្ដីបន្ទោស ព្រោះងាយ​ខឹងជាមួយ​នឹងពាក្យដែល​មិនស្រប​នឹងចិត្ដគាត់ ណាស់។ សូមព្យាយាម​លើកទឹកចិត្ដ និងព្យាយាម​បង្វែរការ​គិតរបស់ជម្ងឺ​ឱ្យមកក្នុងផ្លូវ​ត្រឹមត្រូវ។ សូមព្យាយាម​ពន្យល់ឱ្យ​ខ្លួនគាត់ព្រម ទទួលបាន​នូវការ​ព្យាបាលនេះ ព្រោះដើម្បី​ងាយនៅ​ក្នុងការ​ព្យាបាល។ អ្នកនៅ​ក្នុងសហគមន៍ និងក្រុមគ្រួសារ​មានតួនាទី​សំខាន់ណាស់ នៅក្នុង​ការព្យាបាល​នេះ។ ដំណាក់កាល​ចុងក្រោយ​នៃការ​ព្យាបាល គឺការ​ប្រើប្រាស់​ថ្នាំ ហើយមាន​តែអ្នក​ឯកទេសទេ ដែលអាច​ផ្ដល់ថ្នាំ បានដោយ​មានប្រសិទ្ធ​ភាព។ ថ្នាំអាច​មានឥទ្ធិពល​ជួយបន្ថយ​ការគិត និងបន្ថយការ​និយាយច្រើន។ វាអាចឆាប់​មានប្រសិទ្ធភាព​ក្នុង រយៈពេល​តែមួយ​សប្ដាហ៍។ ភាគច្រើន​ការព្យាបាល​ជម្ងឺនេះចំណាយ​ពេលត្រឹមតែ​បីបួនខែអាច​ជាសះស្បើយ។

ដំបូន្មានអ្នក​ជំនាញ

សូមយក​ចិត្ដទុក​ដាក់ថែរក្សា​សុខភាព​ផ្លូវចិត្ដ ព្រោះវា​មានការ​ទាក់ទង​នឹងសុខភាព​រាងកាយ​ទាំងមូល ហើយមាន​សារប្រយោជន៍​ដូចសុខភាព​ផ្លូវកាយដែរ។ បើមានបញ្ហា​ដែលទាក់ទង​សុខភាព​ផ្លូវចិត្ដ សូមប្រញាប់​មកទទួលនូវ​ការពិគ្រោះ និងព្យាបាលឱ្យ បានទាន់ពេល​វេលា ព្រោះបើ​ធ្ងន់ធ្ងរ​មែនទែន នាំឱ្យពិបាក​នៅក្នុងការ​ព្យាបាល។ មិត្ដភក្ដិ​ជិតស្និទ្ធ​ក៏អាចជួយ​សម្រាលបន្ទុក​នៃជម្ងឺ​ផ្លូវចិត្ដ បានដែរ សូមនិយាយ​អ្វីដែល​ជាទុក្ខ​កង្វល់ចេញ​មកឱ្យ​អស់ប្រាប់​មិត្ដភក្ដិ ឬតាមវិធី​ផ្សេងៗចេញ​មកដើម្បី​ឱ្យធូរស្បើយ ដោយកុំ​ព្យាយាម​លាក់ទុក​នៅក្នុងចិត្ដ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative