ជម្ងឺមហារីក​សុដន់

បច្ចុប្បន្ននេះ ជម្ងឺមហារីក​សុដន់​ជាជម្ងឺ​មួយកំពុង​តែញាំញី​លើ​សុខភាព​ស្ដ្រីខ្មែរ​យ៉ាងច្រើន គួរឱ្យ​ព្រួយ​បារម្ភ។ នៅប្រទេសជឿនលឿន​នានា គេតែង​សង្កេតឃើញ​ជម្ងឺនេះ​កើតនៅ​លើតែ​ស្ដ្រីវ័យ​ចំណាស់តែ​ប៉ុណ្ណោះ។ ដោយឡែក​បច្ចុប្បន្ននេះ នៅប្រទេស កម្ពុជា គេសង្កេត​ឃើញថា​ជម្ងឺនេះ​កើតឡើង​ចំពោះស្ដ្រី​មិនរើស​វ័យឡើយ។ គេឃើញ​វាកើត​មាននៅ​លើកុមារី​វ័យ១៣ឆ្នាំ អាយុ៤ខែក៏មានដែរ។ តើមហារីក​សុដន់ ជាជម្ងឺធ្ងន់ធ្ងរ​កម្រិតណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺមហារីក​សុដន់ ជាអ្វី?

ដើម្បីធ្វើការ​ស្វែងយល់​អំពី​ជម្ងឺនេះ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា អ្នកឯកទេស​ជម្ងឺមហារីក​នឹងធ្វើការ​បកស្រាយ​ជូនមិត្ដអ្នក អានអំពី​ជម្ងឺមហារីក​សុដន់នេះ។ ជម្ងឺមហារីក​សុដន់ គឺជាដុំពក ឬដុំសាច់​ដែលដុះ​នៅក្នុង​សុដន់ ហើយមាន​ការរីក​លូតលាស់​ខុសប្រក្រតី។

ការរីករាលដាលជម្ងឺ​មហារីក​សុដន់

បច្ចុប្បន្ននេះ នៅកម្ពុជា​ជម្ងឺមហារីក​សុដន់​កំពុងតែ​កើតមាន​ច្រើនឡើងៗ។ យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព ពិភពលោក បានឱ្យ​ដឹងថា​នៅប្រទេស​អភិវឌ្ឍន៍​មានមនុស្ស​កើតជម្ងឺ​មហារីកសុដន់​៥លាននាក់​ក្នុងមួយឆ្នាំ។ ចំពោះ​ប្រទេស​កំពុងអភិ វឌ្ឍន៍ កើតមាន​ជម្ងឺមហារីក​សុដន់​រហូតដល់​១៥លាននាក់​ក្នុងមួយឆ្នាំ ដោយសារ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមាន​កម្រិត។ កាល ពីមុន នៅពេលឮ​ថាជម្ងឺមហារីក យើងគិត​ថាមិនអាច​ព្យាបាល​ជាសះស្បើយទេ គ្រូពេទ្យខ្លះ ក៏នៅតែប្រកាន់​ទស្សនៈ​បែបនេះដែរ។

ចាប់តាំងពី​ឆ្នាំ២០០៣​រហូតមកដល់​បច្ចុប្បន្ននេះ មន្ទីរពេទ្យ​មិត្ដភាពខ្មែរ​សូវៀត​ទទួលព្យាបាល​អ្នកជម្ងឺមហារីក​បានប្រហែល ៦០០០នាក់​ហើយ។ អត្រានៃ​ការព្យាបាល​អ្នកជម្ងឺអាច​ជាសះស្បើយ​ប្រហែល៧៥% ក្នុងនោះជម្ងឺ​មហារីកសុដន់​ព្យាបាល​ជាសះស្បើយ បានចំនួន​ច្រើនជាងគេ គឺមិនតិច​ជាង៩០%ឡើយ។ ក្នុងចំណោម​ជម្ងឺមហារីក​ទាំងអស់​នៅលើ​ខ្លួនស្ដ្រី មានតែ​ជម្ងឺមហារីក​សុដន់ទេ ដែលកើត​មានច្រើន​ជាងគេ ស្ថិតនៅ​ក្នុងលំដាប់​លេខ២បន្ទាប់​ពីជម្ងឺមហារីក​មាត់ស្បូន និងមហារីកស្បូន គឺមានប្រហែល​ជា១៩%។

មូលហេតុជម្ងឺ​មហារីក​សុដន់

រហូតមកដល់​ពេលនេះ ពុំទាន់មាន​ការស្រាវជ្រាវ​ណាមួយ​បង្ហាញឱ្យដឹង​ពីមូលហេតុ​ពិតប្រាកដ​ដែលនាំឱ្យ​កើតជម្ងឺ​មហារីក សុដន់នេះ​នៅឡើយទេ។ ប៉ុន្ដែ យើងសង្កេត​ឃើញថាជម្ងឺ​មហារីកសុដន់​នេះច្រើនកើត​នៅលើជំពូក​មនុស្សខាង​ក្រោម។

  • ស្ដ្រីវ័យចំណាស់ ចន្លោះពេលដែល​ជិតអស់រដូវ គឺឋិតក្នុងកំឡុង​វ័យ៤០ឬ៥០ឆ្នាំ។
  • ស្ដ្រីដែលចូលចិត្ដទទួល​ទានសាច់ និងខ្លាញ់​ច្រើនជ្រុល។
  • ស្ដ្រីឆាប់ពេញវ័យពេក គឺជាស្ដ្រី​ដែលមានរដូវ​នៅអាយុក្រោម​១៣ឆ្នាំ និងស្ដ្រី​ដែលក្រ​អស់រដូវ។ បញ្ហាដែល​គួរឱ្យចាប់ អារម្មណ៍​ខ្លាំងនោះ គឺនៅប្រទេស​កម្ពុជាសព្វ​ថ្ងៃនេះ ជម្ងឺមហារីក​នេះកើតនៅ​លើក្មេងស្រី​ដែលមាន​អាយុក្រោម​២៥ឆ្នាំផង​ដែរ គឺ មានប្រហែល​ជា១៧%។
  • ជម្ងឺនេះត្រូវ​បានអ្នក​ប្រាជ្ញរក​ឃើញថា​ជាជម្ងឺ​សួពូជ ចម្លងតាម​រយៈហ្សែន ជាអាទិអាច​ឆ្លងពីម្ដាយ​ទៅកូន និងពីកូនទៅ ចៅបាន។
  • ការមិនបំបៅ​កូនដោយ​ទឹកដោះ ក៏ជាកត្ដា​មួយជំរុញ​ឱ្យកើតជម្ងឺ​មហារីក​សុដន់​ផងដែរ។
  • ស្ដ្រីដែលប្រើ​សារធាតុគីមី​ប្រភេទ​ស៊ីលីកូន​មិនបាន​ត្រឹមត្រូវ។ ពេលចាក់​ដោយផ្ទាល់ចូល​ទៅក្នុង​សុដន់ ជាតិគីមី​នេះធ្វើខូច កោសិកាសុដន់ ក្នុងរយៈ​ពេលយូរ អាចវិវឌ្ឍន៍​ទៅជាជម្ងឺ​មហារីក​សុដន់ផងដែរ។

រោគសញ្ញាជម្ងឺ​មហារីក​សុដន់

អ្នកជម្ងឺ​ភាគច្រើន​ពុំបានដឹង​ខ្លួនជាមុន​ទេថាខ្លួន​កើតមាន​ជម្ងឺមហារីកសុន់។ ដោយសារ​ដំបូងឡើយ ជម្ងឺនេះមិន​មានឱ្យជា រោគសញ្ញា​អ្វីឱ្យពិតប្រាកដ​នោះទេ ទាំងការ​ឈឺចាប់ ទាំងការ​ចេញជារោគ​សញ្ញាផ្សេងៗ​ឱ្យដឹង​ជាមុន។ នៅពេល​ជម្ងឺនេះឈាន​ចូលដល់ កម្រិតធ្ងន់ធ្ងរ មានឃើញ​រោគសញ្ញា​អាចច្រឡំថា​ជាជម្ងឺ​ដំបៅសុដន់ ឬបូសសុដន់ នោះបើ​ក្រលេកមើល​ពីផ្នែកខាងក្រៅ​នៃសុដន់ ដោយ សារសុដន់​ឡើងក្រហម​ប៉ោង ឬក្លាយជាដំបៅ​ជាដើម។ ជម្ងឺនេះ​ជាជម្ងឺកាច​សាហាវ ប្រសិនបើ​ធ្វើការព្យាបាល​មិនទាន់ពេល​វេលាទេ អ្នកជម្ងឺ​នឹងមាន​គ្រោះថ្នាក់​ដល់ជីវិតបាន។

ប្រការដែលត្រូវ​ធ្វើពេលមាន​ជម្ងឺមហារីក​សុដន់

  • ហាត់ប្រាណតាមកម្លាំង ៖ ការហាត់ប្រាណ​អាចជួយឱ្យ​សុខភាពរបស់​យើងមាំមួន ពន្យារនូវការ​ឆាប់ទ្រុឌ ទ្រោម​បានខ្លះ។
  • គួរចៀសវាងការទទួលទានសុរា ឬបារី ៖ បារី និងសុរា​ជាកត្ដាមួយ​បង្កឱ្យមាន​ជម្ងឺមហារីក និងក៏ជា​កត្ដាមួយ ជំរុញឱ្យ​ជម្ងឺមហារីក​វិវឌ្ឍន៍លឿន​ផងដែរ។
  • ការទទួលទានចំណីអាហារ ៖ ជម្ងឺមហារីក​មិនមែន​ជាជម្ងឺឆ្លង។ សូមទទួលទាន​ចំណីអាហារ​ជាធម្មតា ប៉ុន្ដែ មិនត្រូវ​បរិភោគ​អាហារណា​ដែលមាន​ជាតិសាច់ច្រើន​ពេកនោះទេ។

ការពិនិត្យសុដន់រកមើល​ដុំសាច់មហារីក​ដោយខ្លួនឯង

ប្រសិនបើ​ក្រឡេកមើល​ពីផ្នែក​ខាងក្រៅ អាចច្រឡំ​ថាជម្ងឺមហារីក​សុដន់ជា​ជម្ងឺដំបៅដោះ ឬបូសដោះ។ ដោយសារ​ដុំមហា រីកមាន​នៅក្នុងសុដន់​មានលក្ខណៈរឹង និងមិនបង្ក​ឱ្យមានការ​ឈឺចាប់ នាំឱ្យអ្នក​ជម្ងឺមិនបាន​នឹកដល់​ជម្ងឺនេះឡើយ។ ជាហេតុ​ធ្វើឱ្យអ្នក ជម្ងឺមក​មន្ទីរពេទ្យច្រើន​តែឋិតក្នុង​ដំណាក់កាល​ហួសពេល។ ដូចនេះ នៅពេល​ពេញវ័យ​ហើយ ស្ដ្រីទាំងឡាយ​គួរតែពិនិត្យ​សុដន់ដោយ ខ្លួនឯង​ជារៀងរាល់​មួយខែម្ដង។ ត្រូវពិនិត្យ​នៅក្រោយពេល​មករដូវ៤​ទៅ៥ថ្ងៃ។ ព្រោះនៅ​កំឡុងពេល​មករដូវនោះ ស្ដ្រីមាន​ការឡើង សុដន់ និងមានការ​ឈឺចាប់​បន្ដិចបន្ដួច នាំឱ្យការ​ពិនិត្យមាន​ភាពពុំ​ច្បាស់លាស់។

ប៉ុន្ដែមានវិធីពិនិត្យ​សុដន់ដោយ​ខ្លួនឯង ដែលលោកស្រី​អ្នកនាង​អាចធ្វើបាន​ដោយខ្លួនឯង។ ចូរយក​ដៃទៅដាក់​ផ្អិបនឹង​សុដន់ របស់​ខ្លួនឯង ដើម្បីស្ទាប​រកមើលដុំ​នៅក្នុង​សុដន់ ថាតើមាន​ដុំអ្វីឬទេ។ ប្រសិនបើ​ស្ទាបទៅ ទទួលអារម្មណ៍​ថាមាន​ជាដុំតូច​មួយរអិល​នៅ ក្រោមម្រាមដៃ នុះគឺជាដុំ​មហារីកហើយ។ នៅពេល​ពិនិត្យឃើញ​ដុំបែបនេះ គួរប្រញាប់​ទៅជួបពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ មានតែ គ្រូពេទ្យទេ ដែលអាច​វិនិច្ឆ័យថា​ដុំនោះជា​ដុំកាច ឬដុំស្លូតបាន។ មធ្យោបាយ​នេះហើយ ដែលជួយ​ឱ្យអ្នកជម្ងឺ​មកជួប​គ្រូពេទ្យ​នៅដំណាក់ កាលដំបូង ដែលគ្រូពេទ្យ​អាចធ្វើការ​ព្យាបាល​បានទាន់​ពេលវេលា និងអាចជា​សះស្បើយបាន។

ត្រូវមកជួបគ្រូពេទ្យនៅពេលណា?

ក្រោយពេលស្ទាបដើម្បីរកមើលដុំមហារីកហើយ ក្នុងករណីសង្ស័យ ឬដឹងថាមានដុំអ្វីមួយនៅក្នុងសុដន់ ទោះបីជាប្រភេទដុំ នោះធ្វើឱ្យឈឺចាប់ក្ដី មិនមានធ្វើឱ្យមានការឈឺចាប់ក្ដី ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

ការពិនិត្យជម្ងឺ និងវិភាគ​វេជ្ជសាស្ដ្រ

គ្រូពេទ្យមាន​​មធ្យោបាយ​ពីរយ៉ាង ដែលអាចរក​ឃើញដុំ​នោះ ថាជាដុំ​មហារីក ឬជាដុំសាច់​ធម្មតា។

  • មធ្យោបាយទី១ ៖ គ្រូពេទ្យអាច​ពិនិត្យដោយស្ទាប​រកដុំមហារីក​នោះ ឬថតដោយ​ម៉ាស៊ីនអេកូ​ដើម្បីមើល​ដុំមហារីក។
  • មធ្យោបាយទី២ ៖ ក្នុងករណី​សង្ស័យ គ្រូពេទ្យ​នឹងថត​សុដន់របស់​អ្នកជម្ងឺ​ជាមួយ​នឹងម៉ាស៊ីន​កាំរស្មីអ៊ិច ដែលមាន​ឈ្មោះថា ម៉ាមូក្រាហ្វី ឬម៉ាស៊ីនថត​ឆ្លុះសុដន់។ នៅពេលថត​ទៅឃើញ​សង្ស័យថា​មានជម្ងឺមហារីក​សុដន់​នៅលើ​ហ្វីលម៉ាស៊ីនថត​ឆ្លុះសុដន់ គ្រូពេទ្យ ត្រូវធ្វើ​ការបូម​យកកោសិកា​នៅចំកន្លែង​ដែលសង្ស័យ​យកទៅ​មន្ទីរពិសោធន៍។ ប្រសិនបើ​វាជា​កោសិកា​មហារីក យើងនឹង​ឃើញនៅ ពេលនោះ​ហើយ។ យើងអាច​សន្និដ្ឋានថា​អ្នកជម្ងឺមាន​ជម្ងឺមហារីក​សុដន់ហើយ។

នៅពេល​គ្រូពេទ្យពិនិត្យ​ឃើញមានដុំ​នៅក្នុងសុដន់ គេត្រូវបូម​យកវាទៅធ្វើ​ការពិសោធន៍មើល​ថាតើវាជា​ដុំកាច​ឬស្លូត មាន កោសិកា​មហារីក​ឬទេ។ ប្រសិនបើ​ដុំនោះជា​ដុំស្លូត ហើយជាដុំ​ធំលឿនជាង​៣សង់ទីម៉ែត្រ គេត្រូវវះកាត់​យកវាចេញ។ ផ្ទុយទៅ​វិញ ប្រ សិនបើ​ដុំនោះជា​ដុំកាចវិញ ទោះបីជា​តូចក្ដី ក៏គ្រូពេទ្យ​ត្រូវវះកាត់​យកវា​ចេញដែរ។ ដុំមាន​លក្ខណៈ​ជាមហារីក ឬហៅថាដុំ​កាច គឺជាដុំ សាច់ដែល​មិនមាន​លក្ខណៈ​មូលស្មើ ហើយវា​រីកធំយ៉ាង​ឆាប់រហ័ស។

ការព្យាបាល​ជម្ងឺមហារីក​សុដន់

ជម្ងឺមហារីក ជាជម្ងឺ​មួយដែល​ទាមទារ​នូវការ​ព្យាបាល​ដោយ​ហ្មត់ចត់ និងចំណាយ​ពេលយូរ។ រហូតមក​ដល់ពេល​នេះ ដោយ មានមធ្យោបាយ​វេជ្ជសាស្ដ្រ ជម្ងឺមហារីក​សុដន់អាច​ព្យាបាលជា​សះស្បើយពី​៨៥ទៅ៩០%។ បច្ចុប្បន្ននេះ ការព្យាបាល​ជម្ងឺមហារីក សុដន់មាន​៥យ៉ាង ដែលក្នុង​នោះមានបី​ដំណាក់កាល​សំខាន់ និង២ដំណាក់កាល​ទៀត ជាការព្យាបាល​បន្ទាប់បន្សំ។ មធ្យោបាយ​សំខាន់ បំផុត គឺការ​វះកាត់។ ការវះកាត់ គឺជាវិធី​ព្យាបាល​ជម្ងឺនេះដ៏​ចាំបាច់ជាង​គេបំផុត។ បើវះកាត់​មិនបាន​ត្រឹមត្រូវ​ល្អទេ អ្នកជម្ងឺ​មិនអាច ព្យាបាល​ជាបានទេ។

1. ដំណាក់កាល​ព្យាបាល​លើកទីមួយ ៖ យុទ្ធសាស្ដ្រ​នៃការព្យាបាល​ស្ដ្រីម្នាក់​ដែលមាន​ជម្ងឺមហារីក​សុដន់ គ្រូពេទ្យ​ត្រូវវាយ តម្លៃថា​តើជម្ងឺមហារីក​សុដន់នោះ ឋិតនៅ​ក្នុងដំណាក់​កាលណា ដំណាក់កាល​ដំបូងឬ​ធ្ងន់ធ្ងរ។ បើសិនជា​ដំណាក់កាល​ដំបូង គ្រូពេទ្យនឹង ធ្វើការ​វះកាត់​សុដន់ទាំង​មូលចេញ ។ នៅប្រទេស​ជឿនលឿន ដូចជា​នៅអឺរ៉ុប​ជាដើម គេធ្វើខុស​ពីនៅកម្ពុជា​បន្ដិច ទីមួយ​ប្រជាពលរដ្ឋ គេមាន​មាឌធំ នាំឱ្យ​ទំហំសុដន់​គេធំជាង​ប្រជាពលរដ្ឋ​នៅអាស៊ី។ បើដុំមហារីក​នោះតូច គេមិនកាត់​សុដន់ទាំងមូល​នោះចេញទេ គេកាត់ តែមួយ​ជ្រុងដែល​មានដុំមហារីក​តែប៉ុណ្ណោះ។ បន្ទាប់មក​គ្រូពេទ្យបិត​មុខវះនោះ សុដន់នៅ​ដដែល គ្រាន់តែវា​តូចជាងមុន។ ប្រជាពល រដ្ឋខ្មែរ​ច្រើនមាន​មាឌតូច ហើយសុដន់តូច និងមានការ​យល់ដឹងទាប អ្នកជម្ងឺ​មកធ្វើការ​ព្យាបាលច្រើន​មានដុំធំរួច​ស្រេចទៅ​ហើយ។ ដូច នេះនៅ​ប្រទេសកម្ពុជា ច្រើនតែ​កាត់សុដន់​ចេញទាំងមូល​តែម្ដង។

2. ដំណាក់កាល​ព្យាបាល​លើកទីពីរ ៖ បន្ទាប់ពី​ធ្វើការវះកាត់​សុដន់ចេញ​ហើយ គ្រូពេទ្យ​ត្រូវវះយក​កូនកណ្ដុរ​ចេញពីក្នុង ក្លៀកឱ្យ​អស់ទៀត ទោះបីជា​ស្ទាបទៅ មិនប៉ះ​កូនកណ្ដុរ​ក៏ដោយ។ កូនកណ្ដុរ​នៅក្នុងក្លៀក​ចែកចេញ​ជាបីកម្រិត។

  • ជាធម្មតា គ្រូពេទ្យ​ត្រូវវះកាត់​យកកម្រិត​ទីមួយ និងកម្រិតទីពីរ​ចេញ ពីព្រោះថា​យ៉ាងហោច​ណាស់ពីរ​កម្រិតនេះ ក៏ ត្រូវយក​កូនកណ្ដុរ​ចេញឱ្យបាន​ចំនួនដប់ដែរ តាមស្ដង់ដា​អន្ដរជាតិ។
  • ចំពោះ​កម្រិតទីបី គ្រូពេទ្យ​បញ្ចាំងកាំរស្មី​បិតពីលើ​ថែមទៀត ដើម្បីសម្លាប់​មេរោគ​មហារីក នៅពេល​វះចេញ​ហើយ។ មានន័យថា​ដុំមហារីកយក​ចេញពីក្នុង​សុដន់ហើយ ប៉ុន្ដែវា​មិនទាន់​គ្រប់គ្រាន់ទេ។ ព្រោះថា​ដុំមហារីកកាល​ណាមាន​ទំហំ១ សង់ទីម៉ែត្រ មានមេរោគ​មហារីករហូត​ដល់ដប់ស្វ័យ​គុណ៩កោសិកា​មហារីក មានន័យថា​មាន១០០០លាន​កោសិកា​មហារីក ដែលអាច​រាលដាល​ពេញខ្លួនអ្នក​ជម្ងឺរួចអស់​ទៅហើយ។ ដូច្នេះហើយ មេរោគមហារីក​អាចមាន​នៅកន្លែង​ផ្សេងទៀត​នៃ ខ្លួន​អ្នកជម្ងឺ។ បន្ទាប់ពី​ធ្វើការវះកាត់​ហើយ អ្នកជម្ងឺ​ត្រូវសម្រាក​រយៈពេល​ប្រហែល​មួយខែ។

3. ដំណាក់កាលព្យាបាល​លើកទីបី គ្រូពេទ្យ​ចាប់ផ្ដើម​ព្យាបាល​ដោយកាំរស្មី​រយៈពេល​ប្រហែល​មួយខែ​ជាបន្ដទៀត។ គ្រូ ពេទ្យបញ្ចាំង​កាំរស្មី​ទៅលើ​សាច់ទ្រូង​ដែលវះ ចៀសវាង​កុំឱ្យវា​នៅសល់កោសិកា​មហារីកតូចៗ​នៅមុខ​ថ្នេរដែល​វះកាត់ ព្រោះខ្លាច​វារើ ឡើងវិញ។ យើងបញ្ចាំង​កាំរស្មីពី​២៥ទៅ៣០ដង ប្រហែលជា​៥ទៅ៦សប្ដាហ៍ ដើម្បីកុំឱ្យ​រើឡើងវិញ។ ការព្យាបាល​ដោយ​កាំរស្មីនេះ ប្រជាពលរដ្ឋ​មួយចំនួនយល់​ច្រឡំថាកាំរស្មី​នេះជាកាំ​រស្មីឡាស៊ែ តាមការពិត​វាមិនមែន​ជាកាំរស្មី​ឡាស៊ែទេ។ កាំរស្មីឡាស៊ែ​ត្រូវបានគេ យកមក​ប្រើតិចតួច​ណាស់ក្នុង​វិស័យ​សុខាភិបាល។ កាំរស្មី​ដែលយកមក​ព្យាបាល​ជម្ងឺមហារីក​នេះ គឺជាថាមពល​មួយដែល​បញ្ចេញ​ពីម៉ាស៊ីន។ វាបុកទៅ​កោសិកា​មហារីក ធ្វើឱ្យកោសិកា​មហារីកងាប់។

4. ដំណាក់កាល​ព្យាបាល​លើកទីបួន បន្ទាប់ពី​វះកាត់ ត្រូវចាក់​ថ្នាំគីមីប្រាំមួយ​ដងទៀត ដើម្បី​សម្លាប់មេរោគ​មហារីកតូចៗ ទាំងនោះ​ទៀត។ ការទប់​កុំឱ្យកើត​នៅកន្លែង​ដដែល និងទប់មិន​ឱ្យកើតនៅ​កន្លែងផ្សេងទៀត​បាន ពេលនោះ​ហើយដែល​អ្នកជម្ងឺ​ជាសះ ស្បើយ។

5. ដំណាក់កាលព្យាបាលលើក​ចុងក្រោយ គឺជាការ​ព្យាបាលដោយ​ថ្នាំអ័រម៉ូន ដែលអ្នក​ជម្ងឺត្រូវ​លេប១ថ្ងៃ១​គ្រាប់ រយៈ ពេល៥ឆ្នាំ។ អ្នកជម្ងឺ​ត្រូវមកមន្ទីរ​ពេទ្យម្ដង​ទៀតរាល់​៣ខែម្ដង ដើម្បីពិនិត្យ​ឈាម ពោះ និងសុដន់​ឡើងវិញ។ លុះឆ្លង​កាត់៥ឆ្នាំ​ហើយ ពិនិត្យ​មិនឃើញ​មានអ្វី​ទៀតទេ មានន័យថា​ជម្ងឺមហារីក​ជាសះស្បើយ​រហូតហើយ។ ការលេប​ថ្នាំអ័រម៉ូន គឺដើម្បីទប់ស្កាត់​កុំឱ្យមេរោគ មហារីកឆ្លង​ទៅសុដន់ម្ខាង​ទៀត ព្រោះមេរោគ​មហារីកអាច​ឆ្លងទៅសុដន់​ម្ខាងទៀត១%។

ផលវិបាកនៃការព្យាបាល​ជម្ងឺមហារីក​សុដន់

ការចាក់ថ្នាំ​គីមីមានផល​វិបាកខ្លះដែរ ដូចជា​ធ្វើឱ្យអ្នក​ជម្ងឺជ្រុះសក់ ក្អួតចង្អោរ ខ្ពើមចំណី​អាហារ មានអាការ​ដូចស្ដ្រី​ចាញ់កូន ជាដើម។ ប៉ុន្ដែអាការ​ទាំងនេះ​នឹងត្រឡប់​មកជា​ធម្មតាវិញ ក្រោយពី​ព្យាបាលមិន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់ជីវិតទេ។

វិធានការទប់​ស្កាត់ជម្ងឺមហារីក​សុដន់

ជម្ងឺនេះ បើកើត​ឡើងហើយ នៅដំណាក់កាល​ដំបូង មិនធ្វើឱ្យ​អ្នកជម្ងឺ​ឈឺចាប់អ្វី​ទាំងអស់។ វាជាជម្ងឺ​ដែលអាច​ឱ្យដឹង​ជាមុន បាន នៅពេល​ស្ទាបសុដន់​ទៅប៉ះដុំ​នៅក្នុង​សុដន់។ នៅពេល​នោះ ត្រូវប្រញាប់​ទៅជួប​គ្រូពេទ្យ​ជាបន្ទាន់ ចៀសវាង​នូវការទុក​យូរនាំ​ឱ្យដុំ នោះធំលឿន ដល់ដំណាក់កាល​ណាមួយ​នាំឱ្យមាន​គ្រោះថ្នាក់​ដល់ជីវិត។ ដោយសារ​ជម្ងឺនេះជា​ជម្ងឺតពូជ ដូចនេះ នៅក្នុង​គ្រួសារ​លោក អ្នក ប្រសិនបើមាន​សមាជិកណា​ម្នាក់កើតមាន​ជម្ងឺនេះ លោកអ្នក​ដែលជាកូន ឬជាចៅ​ត្រូវមានការ​ប្រុងប្រយ័ត្ន ចំពោះ​សុខភាព​របស់ ខ្លួន។ គួរប្រុងប្រយ័ត្ន​ជាមួយ​របប​ហូបចុក និងត្រូវឧស្សាហ៍​ពិនិត្យ​សុខភាពខ្លួន។

សព្វថ្ងៃនេះ ក្រសួង​សុខាភិបាល និងអង្គការ​សុខភាព​ពិភពលោក កំពុងរៀបចំ​ឱ្យមាន​យុទ្ធសាស្ដ្រ​ប្រយុទ្ធប្រឆាំង​នឹងជម្ងឺ មហារីក​បីមុខ គឺជម្ងឺមហារីក​មាត់ស្បូន មហារីក​សុដន់ និងមហារីក​នៅក្នុង​ត្រចៀក បំពង់ក និងច្រមុះ ដើម្បីអប់រំ​ប្រជាពលរដ្ឋ​ឱ្យយល់ដឹង និងមកធ្វើ​ការព្យាបាល​ទាន់ពេល​វេលា ប្រយោជន៍​ឱ្យអត្រានៃ​ជម្ងឺមហារីក​ថយចុះ​មកកម្រិត​ទាបបំផុត។

បុរសកើត​មានជម្ងឺមហារីក​សុដន់ដែរទេ

នៅប្រទេសកម្ពុជា​ក៏មានករណី​បុរសកើតជម្ងឺ​មហារីកសុដន់​ដែរ តែមានភាគតិច​ណាស់។ បើកើត​ទៅលើបុរស​ហើយ ការ ព្យាបាល​ច្រើនតែ​ទទួល​បរាជ័យ ដោយសារ​តែវាមាន​លក្ខណៈ​កាចសាហាវ​ជាងជម្ងឺ​មហារីកសុដន់​ដែលកើត​នៅលើ​មនុស្សស្រី។ ដូចនេះ បុរសៗ នៅពេល​មានការឡើង​ដោះខុស​ធម្មតា គួរប្រញាប់​អញ្ចើញទៅជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់។

ដំបូន្មានអ្នក​ជំនាញ

បន្ថែមពី​លើការ​រៀបរាប់​របស់លោក​រួចមក លោកវេជ្ជបណ្ឌិត អ៊ាវ សុខា សូមផ្ដល់​ជាដំបូន្មាន​បន្ថែម​ដូចតទៅ។ សម្រាប់​ជម្ងឺ មហារីក​សុដន់ ចំពោះស្ដ្រី សូមយក​ចិត្ដទុកដាក់​លើសុដន់​របស់ខ្លួនឯង។ រៀងរាល់​មួយខែម្ដង ត្រូវពិនិត្យ​សុដន់ដោយ​ខ្លួនឯង ថាតើមាន ដុំអ្វី​ឬទេ។ ទោះបីជា​ដុំនោះជាដុំ​ដែលមានការ​ឈឺចាប់ក្ដី មិន​ឈឺចាប់ក្ដី គួរតែ​ទៅជួប​គ្រូពេទ្យ​ឱ្យបាន​លឿនជា​ទីបំផុត។ ព្រោះថាកាល ណាដុំ​នៅតូច មិនទាន់ឈឺ ការព្យាបាល​អស់ថវិកាតិច ហើយអាច​ជាសះស្បើយ​១០០%។ ប្រសិនបើ​ជម្ងឺមហារីក​ឈានដល់​កម្រិតធ្ងន់ គ្រូពេទ្យ​មិនអាច​ព្យាបាល​បានទេ គ្រាន់តែ​ជួយព្យាបាល​សម្រន់ការ​ឈឺចាប់ និងពន្យារ​ជីវិតតែ​ប៉ុណ្ណោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative