របៀបរៀប​ចំសួន​ច្បារ

សួនច្បារ​មានស្ទើរតែ​នៅគ្រប់​ទីកន្លែង ដូចជា​នៅតាម​លំនៅដ្ឋាន នៅតាម​ទីសាធារណៈ​នានា​ជាដើម។ យើង​តែងតែ​គិតថាសួនច្បារ​ធ្វើឡើង​ដើម្បីជា​ការលម្អរ​លំនៅដ្ឋាន​តែប៉ុណ្ណោះ។ ប្រសិន​បើគិតឱ្យ​បានដិតដល់​ទៅ សួនច្បារ​មានសារៈ​ប្រយោជន៍​សំខាន់ណាស់សម្រាប់​សុខភាព។ មនុស្ស​រស់នៅ​ត្រូវការ​ជាចាំបាច់​នូវការ​សម្រាក​កម្សាន្ដ ដើ់ម្បី​បន្ធូរបន្ថយ​នូវភាព​តានតឹង​មួយចំនួន​ដែលកើត មានឡើងក្នុងពេល​បំពេញកិច្ច​ការងារ​នឿយហត់​ពេញមួយថ្ងៃ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមណែនាំ​លោកអ្នក​អានឱ្យ​បានស្វែងយល់​ពីរបៀប​តុបតែង និងអត្ថប្រយោជន៍​នៃសួនច្បារ ដោយជួបសម្ភាសន៍​ជាមួយ​លោកស្រី ប្រាក់ បូថាវី ស្ថាបត្យករ នៅក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់។

គួរតុបតែង​សួនច្បារ ដូចម្ដេច?

ពាក្យថា​សួនច្បារ​មិនមែន​សំដៅ​ទៅលើ​តែសួន​មួយដែល​មានទៅ​ដោយ​រុក្ខជាតិ និងផ្កាគ្រប់​ពណ៌នោះទេ។ សួនច្បារ​មាន ច្រើនប្រភេទ និងច្រើន​រូបភាព​ទៅតាម​ការនិយម​របស់មនុស្ស និងទីតាំង​នៃអាគារ។ ប្រសិនបើ​អាគារនោះ​មានលក្ខណៈ​តូចចង្អៀត ដូចជាផ្ទះល្វែង​ជាដើមនោះ សួនច្បារ​អាចជំនួស​ដោយការ​ប្រើថូ ឬផើងផ្កា​មកជំនួស​បាន ដោយដាក់​វានៅខាង​ក្នុងផ្ទះ។ ប៉ុន្ដែ​សូមចៀស វាងនូវការយកវត្ថុ​មិនពិត​មកជំនួស ដូចជាផ្កាជ័រ​ជាដើម។ ការដាក់​រុក្ខជាតិ​នៅក្នុង​ផ្ទះបែបនេះ វាអាច​ក្លាយទៅ​ជាការ​តុបតែង​លំនៅដ្ឋាន​នៅផ្នែកខាងក្នុង​មួយដែរ។ ជាធម្មតា គួរដាក់ថូ ឬដើមឈើ​ទាំងនោះ​នៅទីកន្លែង​ដែលមាន​មនុស្សចេញចូល​ច្រើន ឧទាហរណ៍ នៅ បន្ទប់ទទួលភ្ញៀវ ដើម្បីឱ្យ​សាធារណជន​ទូទៅមើល​ឃើញថាវា​ល្អស្អាត ហើយនិងប្លែក​ភ្នែកផង។

រុក្ខជាតិ​ដែលត្រូវ​យកមក​ដាក់នៅ​ទីនោះ គួរយក​រុក្ខជាតិ​ដែលមាន​ពណ៌បៃតង។ គេពុំសូវ​យកផ្កា​ដែលមាន​ពណ៌​ឆើតឆាយ មកប្រើទេ ព្រោះវា​មិនត្រជាក់​ភ្នែក បែរទៅ​ជាច្រាល​ភ្នែកទៅវិញ។ ពណ៌រុក្ខជាតិ​ដែលល្អ​បំផុតសម្រាប់​គេហដ្ឋាន គឺពណ៌បៃតង។ នៅក្នុងម្លប់ យើងមិន​អាចដាក់​ផ្កា​ដែលមាន​ពណ៌ចម្រុះ​គ្នានោះទេ។ អាចដាក់​ផ្កាដែលមាន​ពណ៌បានខ្លះ​ផងដែរ ប៉ុន្ដែគួរ​ជ្រើសរើស​ផ្កាណា ដែលអាចរស់​នៅក្នុងផ្ទះ​បានផងដែរ។

ចំពោះអ្នក​ដែលមាន​ផ្ទះធំ មិនមែន​មានន័យថា​អាចធ្វើ​សួនច្បារ​តាមចិត្ដចង់​បាននោះទេ។ អ្នកខ្លះ​ធ្វើជាលម្ហ​នៅក្នុងផ្ទះ​របស់ គេ គេធ្វើជា​សួនតូច​មួយនៅ​ទីនោះ។ ខាងក្រៅផ្ទះ​ក៏មានសួន​ច្បារមួយដែរ។ ដូច្នេះ​ការរស់​នៅរបស់គេ ទាំងខាង​ក្នុងទាំងខាង​ក្រៅផ្ទះ មានលក្ខណៈ​ធម្មជាតិ។ គប្បីត្រូវ​សិក្សាផង​ដែរពី​ទីតាំង ភូមិសាស្ដ្រ ថាតើកន្លែង​ណាដែល​គួរដាំ​រុក្ខជាតិធំ និងតូចបាន តើវាប៉ះពាល់ដែរ ឬទេដល់​ប្រព័ន្ធលូ នៅពេល​ដែលដើមឈើ​នោះចាកឬស​ទៅជាដើម។

ការតុបតែង​រៀបចំ​សួនច្បារ​មានច្រើនប្រភេទ​ទៅតាមការ​និយមរបស់​មនុស្សម្នាក់ៗ។ អ្នកខ្លះធ្វើ​សួនច្បារ​ដែលមាន​ទឹកនៅ នឹង ទឹកហូរ ឬទឹកបាញ់។ មិនចាំបាច់​ប្រើទឹក ក៏អាចឱ្យ​សួនច្បារ​មានសោភ័ណភាព​រស់រវើក​ផងដែរ។ សួនច្បារ​តុបតែង​ឱ្យមានផ្កា​ច្រើន ពេក ធ្វើឱ្យសួន​ច្បារទៅជា​បាត់បង់​សោភ័ណភាព​ទៅវិញទេ។ អាចកាត់​ដើមឈើ​ដែលនៅក្នុង​សួនជារាង​សត្វផ្សេង​តាមការ​ស្រឡាញ់ ចូលចិត្ដ។ ជាទូទៅ សួនច្បារធំ​គួរដាក់វា​នៅទិសខាង​លិចជាការល្អ ព្រោះវាអាច​ជួយបាំងកម្ដៅ​ថ្ងៃដែលចាំង​មកលើផ្ទះ​បានខ្លះដែរ។ រុក្ខ ជាតិសម្រាប់​យកមក​តុបតែង​ធ្វើសួនច្បារ​មានច្រើន​ទៅតាម​ចំណង់​ចំណូលចិត្ដ។

របៀបថែទាំ​រុក្ខជាតិក្នុង​សួនច្បារ

ត្រូវថែទាំ​រុក្ខជាតិ​ជាប្រចាំ​ផងដែរ។ គួរយក​ផើងរុក្ខជាតិ ឬផ្កាដែល​ដាក់នៅ​ក្នុងផ្ទះនោះ មកហាល​ថ្ងៃឱ្យបាន​ម្ដងម្កាល​ផងដែរ ព្រោះរុក្ខជាតិ​ត្រូវការ​កម្ដៅថ្ងៃ​ផងដែរ។ ចំពោះ​រុក្ខជាតិ​ដែលនៅ​ត្រាំទឹក មិនគួរ​ឧស្សាហ៍ប្ដូរ​ទឹកញឹកញាប់​ពេកទេនាំឱ្យ​រុក្ខជាតិ​លូតលាស់ មិនបានល្អ។ ម្ចាស់សួន​ច្បារត្រូវមាន​ថ្នាំសម្រាប់​បាញ់សម្លាប់សត្វ​ល្អិតដែលមាន​នៅក្នុងផើង​រុក្ខជាតិ​ផងដែរ ដើម្បី​ចៀសវាង​នូវការ​កកផ្ដុំ មេរោគ ឬកុំជារោគ​ផ្សេងៗ។ សម្រាប់​រុក្ខជាតិ​មួយចំនួន ក៏គួរឧស្សាហ៍​កាត់តម្រឹម​ស្លឹកវាឱ្យ​បានល្អ​ប្រសើរ​ផងដែរ។

អត្ថប្រយោជន៍​សួនច្បារ

សួនច្បារ​មានសារៈ​ប្រយោជន៍​ណាស់សម្រាប់​ការរស់នៅ វានាំមក​នូវខ្យល់​អាកាស​ល្អផង សម្រាប់ជា​សោភ័ណភាព​ផង។ វា ធ្វើឱ្យ​ជីវិតស្រស់​ស្រាយ ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ។ សួនច្បារ​មិនមែន​ចាំបាច់តែ​សម្រាប់តែ​លម្អនៅតាម​គេហដ្ឋានតែ​ប៉ុណ្ណោះទេ សម្រាប់នៅក្នុង​ការិយាល័យ​ធ្វើការ សណ្ឋាគារ ភោជនីយដ្ឋាន ឬនៅតាម​ទីកន្លែង​សាធារណៈ​ផ្សេងៗ ក៏មានសួនច្បារ​ផងដែរ។ នៅប្រទេស​ជឿនលឿន​នានា សួនច្បារ​នៅក្នុង​ការិយាល័យ​ត្រូវបានគេ​និយមធ្វើ​ផងដែរ។ ប្រសិនបើ​គ្មានថវិកា​គ្រប់គ្រាន់​ក្នុងការធ្វើ​សួនទេ នោះ លោកអ្នកអាចដាំត្រឹម​ដើមឈើ​ក៏បានដែរ។ ដោយហេតុថា​នៅកន្លែង​ធ្វើការ យើងត្រូវ​ការកន្លែង​មានពណ៌​បៃតង ដើមឈើ​អាច ផ្ដល់នូវម្លប់​សម្រាប់ជាកន្លែង​ចតឡានផង កន្លែងលំហែ និងសម្រាក​កម្សាន្ដផង។ អាចតុបតែង​សួនដោយដាំ​រុក្ខជាតិ​តូចៗ ដូចជាផ្កា ព្យួរនៅ​ចន្លោះ​ដើមឈើទាំងនោះ​ក៏បាន ដើម្បីទុក​ប្រើប្រាស់ផង និងដើម្បីជា​សោភ័ណភាព​ផង។ ម្យ៉ាងទៀត អាចរៀប​ជាកៅអី ឬបង់ សម្រាប់អង្គុយ​លេងក៏បាន។ ដូចនេះ​ឃើញថា​សួនច្បារ​មានសារៈ​សំខាន់​ណាស់។ នៅតាម​ទីក្រុង គេឃើញមាន​សួនច្បារ​សម្រាប់សម្រា កលំហែកាយ ក៏ដូចជាសម្រាប់​ហាត់ប្រាណ​ដើម្បីសុខភាព​ផងដែរ។

ដំបូន្មាន​អ្នក​ប្រឹក្សា

វប្បធម៌​នៃការរៀប​ចំសួនច្បារ​មិនថា​នៅតាម​ទីលំនៅ​ដ្ឋានក្ដី នៅកន្លែង​ធ្វើការក្ដី ត្រូវរៀបចំ​ឱ្យមាន​របៀប​រៀបរយ ព្រោះវា មានសារៈ​ប្រយោជន៍​ច្រើនដល់​ការរស់នៅ ជាពិសេស​សុខភាព។ ការតុបតែង​សួនច្បារ​មានច្រើន​ប្រភេទទៅ​តាមចំណង់​ចំណូលចិត្ដ របស់លោកអ្នក។ សម្រាប់អ្នក​នៅទីក្រុង​ដែលមាន​ផ្ទះគ្មាន​សួនច្បារនោះ ហើយដែល​ប្រកបអាជីវកម្ម​ហត់នឿយ គួរចេញ​យកខ្យល់អា កាសនៅទីសួន​សាធារណៈ។ សួនច្បារ​សារធារណៈ​មិនមែន​ធ្វើសម្រាប់តែ​ល្អមើល​ប៉ុណ្ណោះទេ គឺធ្វើឡើង​ដើម្បីបម្រើ​ឱ្យសង្គម​ជាតិផង ដែរ។ ជាឧទាហរណ៍ សួនច្បារ​នៅមាត់ទន្លេ​ជាកន្លែង​សម្រាប់​ហាត់ប្រាណ​ផង មានកន្លែង​អង្គុយកម្សាន្ដ​លំហែកាយ និងជាកន្លែង សម្រាប់​ជួបជុំ​គ្នាផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative