កីឡា​ហែល​ទឹក

ជា​ធម្មជាតិ មនុស្សកើត​មកចេះ​ត្រឹមតែ​វារ ដើរ និងរត់​ប៉ុណ្ណោះ។ តែដោយសារ​ការវិវឌ្ឍន៍​នៃជីវិត និងការ​ឆ្លងកាត់​បទពិសោធន៍​ថ្មីៗ ទើប​តម្រូវ​ឱ្យមនុស្ស​ត្រូវចេះ​ច្នៃប្រឌិត​បង្កើតឡើង​នូវ​ស្នាដៃ និងមេរៀន​ជាច្រើន​ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​ក្នុងជីវភាព រស់នៅ​ប្រចាំថ្ងៃ។ ការ​ហ្វឹកហាត់ និងចំណេះដឹង​ត្រូវបាន​គេផ្ទេរ​ដោយការ​បង្រៀន​ពីមនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់ទៀត។ ចំណេះដឹងនៃ ការធ្វើ​អត្ដពលកម្ម​ក្នុងជីវិត​ប្រចាំថ្ងៃ​ក៏បាន​ប្រែក្លាយ​ជាកីឡា ហើយឈាន​ដល់ការ​ប្រកួត​ប្រជែង ជាក់ស្ដែង​ដូចជា​កីឡា​ហែលទឹក​នេះជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ហែម ថុន ជាអគ្គលេខាធិការ​នៃសហព័ន្ធខ្មែរ​កីឡាហែល​ទឹកកម្ពុជា បាន​បកស្រាយ​ពីប្រវត្ដិ និងរបៀប​ហ្វឹកហាត់ ដែលជឿថា​អាចមាន​ប្រយោជន៍​ច្រើនដល់​ការហាត់​របស់អ្នក​ដែលចូលចិត្ដ​ការ​ហែលទឹក។

កីឡា​ហែលទឹក ជាអ្វី?

ដោយជីវិត​រស់នៅ​ប្រចាំថ្ងៃ​ត្រូវឆ្លង​កាត់លើដី និងទឹក ចំណេះដឹង​នៃការ​ហែលទឹក​ត្រូវបាន​ក្លាយជា​អត្ថិភាព​មួយ​ដើម្បីងាយ ស្រួល​ឆ្លងកាត់​ទឹក និងធានា​ការធ្វើ​ដំណើរ​ដោយមាន​សុវត្ថិភាព និងលំនឹង​តាមផ្លូវទឹក និងអាច​ការពារ ឬជួយសង្គ្រោះ​ជីវិតអ្នក​ដទៃបាន ។ គ្មានឯកសារ​ច្បាស់លាស់​ណាមួយដែល​អាចបញ្ជាក់់​បានថា​នរណាម្នាក់​ជាអ្នក​បង្កើត​របៀប​ហែលទឹក​នេះទេ។ ការហែលទឹក​មិនមែន ជាកំណើត​របស់មនុស្ស​ជាតិទេ តែការ​ចេះដឹង​គឺបាន​មកពីការ​រៀនតៗគ្នា។ នៅលើ​ឆាកអន្ដរជាតិ​ក្នុងឆ្នាំ​១៩៤២ មានលោក វីសម៊ែល ឡឺ ជាជនជាតិ​ហាវៃយ៉ាង បានហែល​ទឹកលឿន និងលេចធ្លោ​ជាងគេ​នៅក្នុង​របៀបហែល​មួយដែល​គេហៅថា​ក្រូល ឬហែលបែប​សេរី  ហើយរបៀប​នៃការ​ហែលនោះ​ត្រូវបាន​គេអនុវត្ដ​តាមគ្នា​តរហូតមក​ដល់បច្ចុប្បន្ន។ ដោយឡែក​នៅប្រទេសកម្ពុជា កីឡា​ហែលទឹក​ត្រូវ បាននាំចូល​ក្នុងឆ្នាំ​១៩៣៧ កំឡុងពេល​ដែលបារាំង​ត្រួតត្រា​ស្រុកខ្មែរ។ ដំបូងមាន​ត្រឹមតែ​កន្លែងហាត់​ពីរប៉ុណ្ណោះ គឺនៅភ្នំពេញ និងកំពង់ចាម។ ក្រោយមក​ក្នុងឆ្នាំ​១៩៦១ ទើបកីឡាខ្មែរ​នេះត្រូវ​គេទទួល​ស្គាល់ជា​សមាជិក​នៃកីឡា​ហែលទឹក​អន្ដរជាតិ។ កាលពីមុន កីឡា ហែលទឹក​មិនទាន់​មានវ៉ែនតា និងមួកទេ គឺមានត្រឹមតែ​ខោខ្លី​ដែលជឿថា​អាចងាយស្រួល​នៅក្នុង​ការហែល។ របៀប​ហែល​ដែលគេ អនុវត្ដ​ច្រើនបំផុត​នៅលើឆាក​អន្ដរជាតិមាន​ត្រឹមតែ៤​ប៉ុណ្ណោះ គឺរបៀប​ហែលទឹក​បែបសេរី ហែលបែប​កង្កែប បែបផ្ងា និងហែលបែប មេអំបៅ។ តែក៏មាន​ការបំបែក​ក្បាច់តូចៗ​ជាច្រើនទៀត​ផងដែរ។

អត្ថប្រយោជន៍​របស់កីឡា​ហែលទឹក

កីឡាប្រភេទ​នេះមាន​ប្រយោជន៍ច្រើន​ដល់រាងកាយ និងសុខភាព ដូចជាវា​អាចជួយ​ឱ្យរាងកាយ​ស្លីម​(ស្វែល) មានស្មារីក​ល្អ ដើមទ្រូង​រីកធំ ប្រព័ន្ធដកដង្ហើម​អភិវឌ្ឍន៍​ច្រើន សាច់ទន់ ជើងទន់ និងមិនរឹង​សាច់ដុំ។ ការហែលទឹក​អាចជួយ​ការពារ​ជម្ងឺបាន ដូចជាជម្ងឺ ឈឺសន្លាក់ដៃ ឬសាច់ដុំ និងអាចជួយ​ឱ្យការ​សម្រាល​កូនរបស់​ស្ដ្រីមាន​ផ្ទៃពោះ​បានប្រសើរ​ថែមទៀតផង តែរបៀប​ហាត់ហែល​សម្រាប់ អ្នកជម្ងឺ ឬអ្នកមាន​ផ្ទៃពោះ​ខុសពីរ​បៀបហែល​បែប​សុខភាព និងអាជីព​ផ្សេងៗទៀត។ បើមិនមែន​ជាការ​ប្រកួត ចំណេះដឹង​ហែលទឹក អាចជួយ​ស្រោចស្រង់ ឬសង្គ្រោះ​អ្នកលង់​ទឹកបាន និងជួយខ្លួន​យើងឱ្យ​ចៀសផុត​ពីគ្រោះថ្នាក់​ផ្លូវទឹក​ជាដើម។

ពេលណា​ហាត់ហែល​ទឹក

នៅប្រទេស​ជឿនលឿន ទារក​ដែលទើប​នឹងកើត​ភាគច្រើ​នក៏អនុញ្ញាត​ឱ្យមាន​ការរៀន​ហែលទឹកដែរ ពួកគេ​អាចចេះ​ហែល ទឹកមុន​ចេះដើរ​ទៅទៀត។ ការរៀន ឬចេះ​ហែលទឹក បើអាយុ​កាន់តែ​ក្មេងកាន់​​តែល្អ។ តែនៅប្រទេសកម្ពុជា មានតែ​ក្មេងអាយុ​៤ឆ្នាំ ដែលអាច​រៀនហែល​បាន តែវាមាន​របៀបហាត់ និងឧបករណ៍​ហាត់​ផ្សេងៗគ្នា។ ចំពោះក្មេង ការហាត់​តាមក្បួន​ចំណាយ​ពេល​ត្រឹមតែ កន្លះខែ​ប៉ុណ្ណោះ ពួកគេអាច​ចេះហែល​បានខ្លះ​ហើយ។ ក្មេងឆ្អឹង​ទន់ងាយស្រួល​ក្នុងការ​ឆាប់បត់បែន​បានងាយ តែសម្រាប់​មនុស្សចាស់ មានការ​ពិបាកបន្ដិច មនុស្សចាស់​មានអារម្មណ៍​គិតច្រើន ឆ្អឹងរឹង​ជាដើម។ ពេលព្រឹក ល្អបំផុត​សម្រាប់​អ្នកហាត់ ឬហែលដើម្បី​សុខភាព ព្រោះពេល​ព្រឹកទឹក​ត្រជាក់។ គួរមាន​ការហាត់​៤ពេលក្នុង​មួយសប្ដាហ៍ ដែលក្នុង​មួយពេល​អាចហាត់​ត្រឹម២០ ទៅ៣០នាទី​ជាការគ្រប់ គ្រាន់ហើយ​សម្រាប់អ្នក​ដែលត្រូវ​ការហាត់​ដើម្បី​សុខភាព។ ពេលល្ងាច ល្អសម្រាប់​កីឡាករ តែទឹករាង​ក្ដៅបន្ដិច។ កីឡាករ​គួរហាត់៥ ពេលក្នុង​មួយសប្ដាហ៍ ដោយមួយ​ពេលប្រហែល​២ទៅ៣​ម៉ោង។ គួរមាន​ការចាត់ពេល​វេលាច្បាស់​លាស់ ដូចជាពេល​វេលាហាត់ ធ្វើការ ងារ រៀនសូត្រ ទទួលទាន​អាហារ​ជាដើម។ សូមធ្វើការ​ហាត់ឱ្យ​បានទៀង​ទាត់ និងជាប់​លាប់។

របៀបហាត់​ហែល​ទឹក

ការហែល​ដែល​ប្រជាពលរដ្ឋ​ធម្មតា​អនុវត្ដ គឺហែលក្បាល​ងើបផុត​ពីទឹក ដកដង្ហើម​តាមច្រមុះ ដៃវៀស ជើងធធាក់ ភាគ ច្រើនហែល​តាមបែប​សេរី មានចាក់​កាណូត ផ្ងាជាដើម។ ការហែល​តាមឥរិយាបថ​នេះចំណាយ​កម្លាំងថាមពល​ច្រើន ហើយមិន​សូវបាន ឆ្ងាយ និងលឿនតាម​ការកំណត់​ទេ។ ការហែល​ដែលត្រឹមត្រូវ​តាមក្បួន គឺជើងត្រូវ​គោះទាំង​សងខាង ដៃកកាយ ដកដង្ហើម​តាមមាត់ ពេលហែល​ត្រូវរក្សាដង​ខ្លួនឱ្យស្រប​តាមផ្ទៃទឹក មិនឱ្យ​ខ្លួនលេចចុះ​ទៅក្នុងផ្ទៃ​ទឹកយូរទេ។ បើខ្លួន​យើងលិច​ទឹក នាំឱ្យ​យើងត្រូវ​ចំណាយ កម្លាំង​ពីរដង គឺឱ្យខ្លួន​អណ្ដែត និងឱ្យទៅមុខ។ របៀបហែល​ដែលស្រួល​រៀនជាងគេ គឺហែលតាម​ក្បាច់កង្កែប ព្រោះក្បាល​ងើបពីទឹក ងាយស្រួល​ក្នុងការ​រៀនទាំងស្រី​ទាំងប្រុស ទាំងចាស់​ទាំងក្មេង។ តែមូលដ្ឋាន​ដែលល្អ គឺរបៀបហែល​បែបសេរី ដែលត្រូវ​ការ​ប្រើកាយ វិការស្មា ចលនាដៃ ដងខ្លួន ចង្កេះ កែងដៃ ម្រាមដៃ​ជាដើម។ ការហែល​ដែលពិបាក​ជាងគេ គឺរបៀបហែល​មេអំបៅ ព្រោះវា​ហត់ជាងគេ ចលនា​ធ្ងន់ជាងគេ ចលនាលំហាត់​ក៏ច្រើន​ជាងគេ។ ការហែល​ដែលល្អ គួរមានការ​ស្វែងយល់​ពីស្ថានភាព​ទីតាំងដែល​ត្រូវហែល​ផងដែរ ព្រោះទឹក​នៅក្នុង​អាងហែល​ខុសពី​ទឹកទន្លេ។ តាមពាក្យ​សាមញ្ញ ទឹកទន្លេ​មានសរសៃ ទឹកអាង​អត់សរសៃ តែតាម​ពិតទៅ​ទឹកនៅ ក្នុងអាង​មិនមាន​ចលនា នាំឱ្យភាព​ជំរុញមនុស្ស​ឱ្យទៅមុខ ឬទ្រឱ្យអណ្ដែត​មានតិច។ ឯទឹកទន្លេ​មានចរន្ដហូរ​ដែលអាចទ្រ​មនុស្សឱ្យ អណ្ដែត​បានច្រើនជាង ហើយអាច​ប្រើកម្លាំង​តិចជាង​ក្នុងអាង។ តាមកាយ​វិការ​របស់អ្នក​ដែលហែល​តាមទន្លេ ឃើញថា​មាន​ទេពកោសល្យ តែមិនទាន់​អាចមាន​លទ្ធភាព​ត្រឹមត្រូវ​តាមក្បួនខ្នាត បើពួកគាត់​អាចចេះ​ហែលតាម​របៀប វានាំឱ្យ​កាន់តែ​ជក់ចិត្ដ​ចង់លេង ពិសេស​ហែលបានឆ្ងាយ និងយូរតាម​ចំណង់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការគួរ​ប្រតិបត្ដិ និងមិនគួរ​ប្រតិបត្ដិ

កីឡាហែលទឹក​អាចមាន​ផលប៉ះពាល់​ខ្លះដែរ បើសិន​ជាអ្នក​ប្រតិបត្ដិ​រំលោភ​លើកម្មវិធី​ហ្វឹកហាត់​ដែលបាន​កំណត់។

  • គួរមានការ​ហាត់កម្ដៅ​សាច់ដុំ​ជាមុន យ៉ាងហោចណាស់​៥នាទី មុនពេល​ដែលចុះទឹក ដើម្បីចៀសវាង​ការមិនរលា​សាច់ដុំ
  • សូមកុំ​ប្រឹងហែល និងលេង​រហូតដល់​ហត់ខ្លាំង​ហួសកម្រិត ដែលមិន​អនុវត្ដតាម​វិធីសាស្ដ្រ​នៃការហាត់ ព្រោះវា​នាំឱ្យបាក់ កម្លាំង និងឈឺសាច់ដុំ
  • ពេលហាត់ហត់ សូមកុំអាល​ឡើងពីក្នុង​ទឹកភ្លាម ព្រោះបើ​ហត់ហើយ​ឡើងមក​លើគោក​ភ្លាម វានាំឱ្យ​ងាយខ្យល់​គរដួល ព្រោះពេល​ហត់នៅ​ក្នុងទឹក យើងបែកញើស ក្ដៅខ្លួន តែមិន​ដឹងថា​ខ្លួនហត់​បែកញើសទេ ពេលមក​ប៉ះនឹង​អាកាសធាតុ​ត្រជាក់ ខ្យល់ បក់នាំ​ឱ្យខ្យល់គរ បីដូចជា​កែវទឹកក្ដៅ​ប៉ះនឹងទឹក​ត្រជាក់
  • ត្រូវសម្អាត​ស្បែកឱ្យ​ស្អាតជានិច្ច បន្ទាប់ពី​ពេលហាត់ ឬលេង​ទឹករួច ព្រោះវា​អាចងាយ​បង្កជម្ងឺ​ឆ្លងដោយសារ​ទឹកមិន​ស្អាត ឬមានសារ​ធាតុគីមី
  • ទោះក្នុង​ទឹកខ្លះ​អាចមាន​ជាតិក្លរ ឬអំបិល ក៏មិនមាន​ការហាម​សម្រាប់អ្នក​ដែលចង់​ហែលទឹកទេ តែអាច​មានត្រឹមតែ​ការ ហាម ឬហាត់​ទៅតាម​ជំពូកមនុស្ស ឬអ្នកមាន​ប្រតិកម្ម​ស្បែក
  • ក្មេងដែល​លេងទឹកច្រើន​នាំឱ្យ​ឃ្លានបាយ​ខ្លាំង ងងុយដេក​ច្រើន និងផឹកទឹក​ច្រើន។ ដូច្នេះសូម​កុំមាន​ការភ័យ​អំពី​បញ្ហានេះ កុំបារម្ភ នេះជាអំណោយ​ផលល្អទេ តែការហូប​មិនមានពេល និងបរិមាណ​កំណត់ វានាំឱ្យធ្វើ​ទុក្ខក្រពះ។

ដំបូន្មាន​អ្នកជំនាញ

សូមចាំថា​គ្រប់វិញ្ញាសារ​ទាំងអស់​នៃកីឡា​មានផល​ល្អសម្រាប់​សុខុមាលភាព និងសារៈសំខាន់​ជាច្រើន​ដទៃទៀត។ ដោយ ឡែកកីឡា​ហែលទឹក​នាំឱ្យ​មានលំនឹង និងមិនសូវ​ភ័យពេល​ឆ្លងកាត់ ឬធ្វើដំណើរ​តាមផ្លូវទឹក ពិសេសនាំ​ឱ្យមានរាងកាយ​មាំមួន​ទន់ភ្លន់។ ប្រសិនបើ​ចង់ហាត់​កីឡាណាមួយ គួរមានគ្រូ ឬចំណេះដឹង​ខ្លះទើប​ជាការល្អ ព្រោះវាងាយ​ចេះក្នុងរយៈ​ពេលខ្លី ត្រូវតាម​របៀប និងសន្ទុះ ដែល​ចង់បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative