ថ្នាំទឹកកក ឃាតកថ្មី ទើបតែ​មកដល់​កម្ពុជា

បច្ចុប្បន្ន​នេះ ការប្រើប្រាស់​ថ្នាំញៀន​នៅកម្ពុជា​មានការ​រីករាល​ដាល​យ៉ាងលឿន និងគួរឱ្យ​ព្រួយបារម្ភ។ អ្នកដែល​ប្រើប្រាស់ ភាគច្រើន​សុទ្ធតែ​មិនបាន​យល់ពី​គ្រោះ​មហន្ដរាយ​ដ៏ធ្ងន់ធ្ងរ​នៃការ​ញៀន​​​ថ្នាំ​​​​ទេ។ ដើម្បី​ជាការ​រួមចំណែក​នៅក្នុង​ការផ្សព្វផ្សាយ​ជូនដល់ ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​យល់ដឹង​ពីគ្រោះថ្នាក់​នៃការ​ប្រើប្រាស់​គ្រឿងញៀន ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកនូវ​គ្រឿង​​​ញៀន​​​​មួយប្រភេទ​ដែលមាន​ឈ្មោះថា ថ្នាំទឹកកក ឬអាយ ប្រយោជន៍​ទុកជូន​ជាការ​ស្វែងយល់។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត មាស វិរិទ្ធ ជាប្រធាន​មន្ទីរពិសោធន៍​គ្រឿងញៀន នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន បានទទូចថា សូមមាន​ការស្វែងយល់​ពីថ្នាំញៀន​ឱ្យបាន​ច្បាស់សិន មុននឹង​អ្នកសម្រេច​ចិត្ដ​ប្រើប្រាស់។

ថ្នាំ​ទឹកកក ជាអ្វី?

ថ្នាំទឹកកក ឬអាយ ជាឈ្មោះ​ហៅក្រៅ​របស់ឈ្មួញ ឬអ្នកលក់​ថ្នាំញៀនទេ ឈ្មោះពិត​របស់វា​គឺ​មេតំហ្វេតាមីន។ ថ្នាំទឹកកក គឺជា​មេតំហ្វេតាមីន​សុទ្ធដែល​ជាក្រាម​ម្សៅម្យ៉ាង​ពណ៌ស គ្មានក្លិន មាន​រសជាតិ​ចត់ ហើយមាន​រាងដូច​គ្រីស្ដាល់ ដែលងាយ​រលាយ​នៅ ក្នុងទឹក ឬអាល់កុល។ នៅកម្ពុជា គេច្រើន​ជួបថ្នាំ​មេតំហ្វេតាមីន​នេះនៅ​ក្នុងប្រភេទ​ទម្រង់ជា​ថ្នាំគ្រាប់ មិនសូវ​ជួបប្រភេទ​ទម្រង់​ជាថ្នាំ ទឹកកកទេ។ ក្នុងសណ្ឋាន​ជាក្រាមនេះ គេប្រើវា​សម្រាប់ចាក់ ឬជក់  ហើយ​ប្រសិទ្ធភាព​របស់វា​អាស្រ័យ​ទៅលើ​បរិមាណ​នៃ​គ្រឿងញៀន និងការ​ប្រើប្រាស់។ វាជា​សារធាតុញៀន​ដែលមាន​ឥទ្ធិពល​ទៅលើ​អ្នកប្រើប្រាស់ នៅពេល​ដែលបាន​ប្រើលើស​ពី២០ ទៅ៣០មីលី ក្រាម ឬហៅថា​មួយដូស​(វាមានតម្លៃ​ប្រហែល​២ដុល្លារ) ហើយមាន​ប្រសិទ្ធភាព​រហូតដល់​ទៅ២៤​ម៉ោង។ ថ្នាំ​មេតំហ្វេតាមីន​ទម្រង់ជា គ្រាប់ គឺបានមក​ពីការយក​មេតំហ្វេតាមីន​សុទ្ធទៅ​កិនកម្ទេច​លាយជាមួយ​សារធាតុ​ផ្សេងទៀត លាយពណ៌​ដើម្បី​បោះពុម្ព​ជាគ្រាប់។ មេតំហ្វេតាមីន​ជាគ្រឿងញៀន​មួយនៅ​ក្នុងតារាង​ទី២ ដែលមាន​ន័យថា​វាមាន​លទ្ធភាព​ខ្ពស់ក្នុង​ការបង្ក​ឱ្យមាន​ការបំពាន។ នៅកម្ពុជា មានថ្នាំ​មេតំហ្វេតាមីន​ជាប្រភេទ​គ្រាប់ត្រូវ​បានចរាចរ​ចាប់ពីឆ្នាំ​១៩៩៥ រីឯថ្នាំ​ប្រភេទ​ទឹកកក​គេឃើញ​មាននៅក្នុង​ឆ្នាំ២០០២។

មូលហេតុ​ដែលនាំ​ឱ្យមានការ​ប្រើប្រាស់​មេតំហ្វេតាមីន

មេតំហ្វេតាមីន​មានសណ្ឋាន​នៃការ​ប្រើប្រាស់​ច្រើនយ៉ាង ដូចជាជក់ ហឺត លេប ឬចាក់ជាដើម។ គ្រឿងញៀន​នេះ​ផ្លាស់ប្ដូរ បានច្រើន​បែបអាស្រ័យ​លើវិធី និងគោលបំណង​ដែលគេប្រើ។ តាមបទ​ពិសោធន៍​ដែលទទួល​បានពីអ្នក​ប្រើប្រាស់ ភាគច្រើន​អាស្រ័យ ទៅលើ​ទឹកចិត្ដ និងស្ថានភាព​របស់អ្នក​ប្រើប្រាស់ ដូចជា​គេប្រើ​ក្នុងគោលបំណង​អាក្រក់​អ្វីមួយ ឬដោយចង់​សាកល្បង​នូវ​ប្រសិទ្ធភាព របស់ថ្នាំ។ ការជឿ​តាមការ​អូសទាញ ឬញ្ញុះញ៉ុង​ពីសំណាក់​មិត្ដភក្ដិ ឬការបង្ខំ ឬការបោក​បញ្ឆោត​ដោយប្រើ​ល្បិចដាក់​ក្នុងកែវ​ភេសជ្ជៈ វានាំឱ្យ​មានការ​ប្រើប្រាស់។ គោលបំណង​ខ្លះទៀត គឺដោយសារ​ការចង់​សប្បាយ ឬដោយជឿ​សម្ដី​ឃោសនា​របស់​អ្នកលក់ ឬអ្នកដែល ធ្លាប់​ប្រើប្រាស់ ដែលបាន​អួតប្រាប់​ពីលក្ខណៈ​ដ៏វិសេស​វិសាល​របស់​គ្រឿងញៀន​ថាវា​អស្ចារ្យ​បែបនេះ​បែបនោះ​ជាដើម ដែលធ្វើ​ឱ្យលង់ ជឿ ហើយឈាន​ដល់ការ​ប្រើប្រាស់​រហូតដល់​ញៀន។ នៅមាន​បញ្ហា​ខ្លះទៀត ដូចជា​មានអារម្មណ៍​ស្មុគស្មាញ ហើយពិបាក​ចិត្ដនៅក្នុង ក្រុមគ្រួសារ ឬការងារ​ដោយមិន​មានការ​ដោះស្រាយ ទើបត្រូវ​ជ្រើសការ​ប្រើប្រាស់​ថ្នាំញៀន ដោយសង្ឃឹមថា​គ្រឿងញៀន​អាចជួយ ខ្លួនបាន​ជាដើម។ មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់​ដែលថា តើអ្នក​ប្រើប្រាស់​ថ្នាំញៀន​ជាមនុស្ស​ជំពូកណា​នោះទេ។ តែតាម​តួលេខជា ផ្លូវការណ៍​របស់អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹងថា​នៅក្នុង​ឆ្នាំ២០០៦នេះ ចំនួននៃអ្នក​ប្រើប្រាស់ ថ្នាំញៀន​នៅកម្ពុជា​មានរហូត​ដល់ទៅ​ជាង៧០០០នាក់ នៅក្នុង៩​ខេត្ដក្រុង​សំខាន់ៗ ដែលភាគច្រើន​នៃអ្នក​ប្រើប្រាស់ គឺជាយុវវ័យ។ នៅ លើពិភពលោក អ្នកដែល​ប្រើប្រាស់​គ្រឿងញៀន​ច្រើនតែ​ជាយុវវ័យ​ដែលមាន​អាយុចាប់ពី​១៥ឆ្នាំ​ឡើងទៅ។

អាការៈអ្នកដែល​ប្រើប្រាស់​មេតំហ្វេតាមីន

អ្នកដែល​ប្រើប្រាស់​ថ្នាំមេតំហ្វេតាមីន ទោះបី​ជាដោយ​ស្ម័គ្រចិត្ដ ដោយបន្លំ ឬដោយបង្ខំ ឥទ្ធិពល​របស់វា​អាចនាំ​ឱ្យជាតិ ឬ សារធាតុញៀន​ជ្រាបចូល​តាមឈាម ហើយបំពុល​ទៅលើ​ខួរក្បាល ដែលធ្វើឱ្យ​អារម្មណ៍​ប្រែប្រួល និងផ្លូវចិត្ដ​មិនប្រក្រតី នាំឱ្យ​ការគិត មិនប្រក្រតី​នៅក្នុងការ​គ្រប់គ្រងខ្លួន និងអារម្មណ៍។ យើងអាច​សម្គាល់បាន​តាមរយៈកាយ​វិការ និងការ​ប្រព្រឹត្ដ​របស់អ្នក​ប្រើប្រាស់ គ្រឿងញៀន ដូចជា​ចរិតប្រែប្រួល​ខ្លាំងជាដើម។ បើគាត់ជក់ ឬប្រើប្រាស់​មេតំហ្វេតាមីន អាចធុំ​ក្លិនឈ្ងៀម ហើយរាងកាយ​ចុះស្គម សាច់ឡើងក្ដៅ ចូលចិត្ដ​គេងថ្ងៃ មិនសូវ​ចូលចិត្ដ​ពិសាអាហារ​ជាដើម។ អ្នកប្រើប្រាស់​មិនចូលចិត្ដ​សម្អាតខ្លួន ព្រោះពេល​គាត់ប្រើ​មេតំហ្វេតាមីន​នាំឱ្យកម្ដៅ​ក្នុងខ្លួន​កើនឡើង ដែលជា​ហេតុនាំឱ្យ​គាត់រងា​នៅក្នុង​សីតុណ្ហភាព​ធម្មតា តែបើគាត់​ចុះទឹក នាំឱ្យគាត់​មិនចង់ ក្រោកពី​ទឹកទៅវិញ ព្រោះវា​ត្រជាក់ស្រួល។ បើគាត់ចាក់ អាចឃើញ​ស្នាមចាក់​នៅលើដៃ។ ដើម្បីឱ្យ​ច្បាស់ថា​តើគាត់​ពិតជា​បានប្រើ ប្រាស់​មេតំហ្វេតាមីន ឬអត់ មានតែ​ការពិនិត្យ​នូវទឹកនោម និងឈាមទេ ទើបអាច​ដឹងលទ្ធផល​ប្រាកដបាន។

ស្ថានភាពញៀន​របស់អ្នក​ដែលប្រើប្រាស់​មេតំហ្វេតាមីន

ជាធម្មតា បើសិន​ជាគាត់​បានប្រើតែ​មួយដង វាមិនងាយ​ញៀនទេ តែ​មេតំហ្វេតាមីន​មានចំណុច​ពិសេសម្យ៉ាង​ដែលអាចអូស ទាញអារម្មណ៍​របស់អ្នក​ប្រើប្រាស់​ឱ្យមានចិត្ដ​ចង់តែ​ប្រើរហូត​ដល់ថ្នាក់ញៀន។ អ្នកប្រើប្រាស់​នឹងមាន​ចំណង់ដោយ​ខាន​ប្រើប្រាស់មិន បាន ទោះបីជា​គាត់បាន​ដឹងថា​វាជា​ថ្នាំញៀន​ក៏ដោយ ឥទ្ធិពល​របស់វា​បានទាក់ទាញ​ចិត្ដរបស់​អ្នកប្រើឱ្យ​បំភ្លេច​មិនបាន។ ហើយវាបាន ទាក់គាត់​ឱ្យចង់​ប្រើប្រាស់​បន្ដដើម្បី​ចង់បាន​អារម្មណ៍​ដែលគាត់​ចង់បាន ឬឆ្លងកាត់​ដំណាក់កាល​ដែលគាត់​ប្រើប្រាស់​ជាលើក​ទីមួយ។ វាក៏ ដូចជា​គ្រឿងញៀន​ដទៃទៀត​ដែរ ការប្រើប្រាស់​មេតំហ្វេតាមីន​ច្រើនឆាប់​ទទួលផល​ជាភាពស៊ាំ ឬដុះមេ តែក្នុងរយៈ​ពេលពី២​ទៅ៣នាទី​ប៉ុណ្ណោះ។ វាជា​អន្ទាក់​សម្រាប់​ថ្ពក់អ្នក​ប្រើឱ្យ​មានចំណង់​ចង់ប្រើវា​ដោយខាន​មិនបាន។ អ្នកដែល​បានប្រើប្រាស់​ច្រើនដង ហើយចង់ បញ្ឈប់ការ​ប្រើប្រាស់ អាការញៀន​នឹងស្ដែង​ចេញមក។

វិធីព្យាបាលអ្នកញៀន​មេតំហ្វេតាមីន

មកដល់​ពេលនេះ មិនទាន់​មានរូបមន្ដ​ណាមួយ​ដែលអាច​ព្យាបាលអ្នក​ញៀន​មេតំហ្វេតាមីន​ឱ្យបានជា​ពិតប្រាកដទេ។ តាម បទពិសោធន៍​នៃការ​ព្យាបាល​តាមក្បួន​វេជ្ជសាស្ដ្រ បើអ្នក​ប្រើប្រាស់​រយៈពេលខ្លី ហើយកម្រិត​នៃការ​ញៀននៅ​មានកម្រិត​ស្រាល អ្នក ជំនាញ​អាចជួយ​ព្យាបាល​ទៅតាម​លំនាំមួយដែល​អាចមាន​ប្រសិទ្ធភាព។ ការព្យាបាល​ដែលមាន​ប្រសិទ្ធ​ភាពខ្ពស់ លុះត្រាណា​តែអ្នកប្រើ ប្រាស់ ព្រមទាំង​ក្រុមគ្រួសារ ឬអ្នកគាំទ្រ​របស់អ្នក​ប្រើប្រាស់ ត្រូវទទួល​យកដោយ​ស្ម័គ្រចិត្ដ​នូវសេវាព្យាបាល​ក្នុងការផ្ដាច់​គ្រឿងញៀន ។ វាទាមទារ​ការចូលរួម និងតាំងចិត្ដ​ឱ្យបាន​ម៉ឺងម៉ាត់។

មេតំហ្វេតាមីន​បំផ្លាញ​ជីវិតអ្នក​ប្រើប្រាស់ និងសង្គម

មេតំហ្វេតាមីន​មានផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់សុខភាព​របស់អ្នក​ប្រើប្រាស់ អាចបណ្ដាល​ឱ្យស្លាប់​ភ្លាមៗ បើប្រើប្រាស់​ថ្នាំ ដែលមិនសុទ្ធ មិនត្រឹមត្រូវ ឬលើសកម្រិត។ មេតំហ្វេតាមីន​នាំឱ្យមាន​គុណវិបត្ដិ និងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ប្រព័ន្ធ​ប្រសាទអាច បណ្ដាលឱ្យ​ដាច់សរសៃឈាម​នៅក្នុង​ខួរក្បាល និងគាំង​បេះដូង។ បើសិន​ជាគាត់ជក់ វាអាចនាំ​ឱ្យខូចសួត ហើមសួត មហារីកសួត​ជាដើ មដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាងមនុស្ស​ធម្មតា​រហូតដល់​ជាង១០០ដង។ វាអាចនាំ​ឱ្យខូចសាច់​ដុំបេះដូង ខូចតម្រង​នោម រលាកច្រមុះរ៉ាំ រ៉ៃជាដើម។ ពេលមាន​អារម្មណ៍​រួមភេទ ប្រព្រឹត្ដ​ដោយមិន​មានការ​ប្រើប្រាស់​ស្រោមអនាម័យ ឬការ​ប្រើប្រាស់​ថ្នាំដោយ​ការចាក់ម្ជុល រួមគ្នា ពិតជាងាយ​ឆ្លងមេរោគអេដស៍ និងជម្ងឺកាម​រោគផ្សេងៗ​ណាស់ ប្រសិនបើ​អ្នកដទៃទៀត​មានផ្ទុក​ជម្ងឺស្រាប់។ សម្រាប់​អ្នកប្រើ ប្រាស់ជា​ស្ដ្រីដែល​មានគភ៌ អាចនាំឱ្យ​ទារកនៅ​ក្នុងផ្ទៃរលូត ញៀន​ដល់ទារក ការរីកចម្រើន​ផ្នែកខួរក្បាល និងផ្នែកបញ្ញា​មានការអន់ ថយជាដើម។ ចំពោះសង្គម វានាំឱ្យ​អ្នកប្រើប្រាស់​មានការ​ចាយលុយ​ច្រើន និងពេលវេលា​យ៉ាងច្រើន​ទៅលើ​គ្រឿងញៀន មិនអាច មានលទ្ធភាព​កាន់កាប់​តួនាទី​ការងារ​បានល្អ ព្រោះត្រូវ​ចំណាយ​ពេលសម្រាប់​ការស្វែង​រក និងប្រើប្រាស់​ទៅលើ​គ្រឿងញៀន។ វាអាច រាលដាល​ដល់ការ​កកើត​ជាអំពើប្លន់ គម្រាម​ទារប្រាក់ ដែលនាំឱ្យ​សង្គមវឹកវរ។ កាលណា​មានអ្នក​ប្រើប្រាស់​គ្រឿងញៀន​កាន់តែច្រើន នាំឱ្យមាន​បទល្មើស​ច្រើននៅជុំវិញ​ខ្លួន និងក្នុងសង្គម​កាន់តែច្រើន​ផងដែរ។

ដំបូន្មាន​អ្នក​ប្រឹក្សា

សូមកុំព្យាយាម​សាកល្បង​ប្រើថ្នាំញៀន និងសូមកុំ​គិតថា​ថ្នាំញៀន​អាចជួយរំដោះ​ទុកបាន បែបនេះ​ជាការគិត​ខុសហើយ​ក៏ជា ការដុត​ខ្លួនឯង​វិញទេ។ បើលោកអ្នក​មានចំណេះដឹង​ពីផលវិបាក​នៃការ​ប្រើប្រាស់​ថ្នាំញៀន សូមជួយ​ផ្សព្វផ្សាយ​បន្ដផង ព្រោះអាច​ជួយ ទប់ស្កាត់ និងកាត់បន្ថយ​ការ​ប្រើប្រាស់ និងគ្រោះថ្នាក់​នៃការញៀន​នេះបានមួយ​កម្រិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative