កូនខ្ញុំ​អាប់បញ្ញា

អនក្ខរកម្ម គឺជា​សត្រូវ​ដ៏ចម្បង​សម្រាប់​ការ​អភិវឌ្ឈន៍។ នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឈន៍ កុមារ​ត្រូវតែ​ទទួលបាន​នូវការ​សិក្សា យ៉ាងហោច​ណាស់ត្រឹម​កម្រិត​បឋម ដើម្បីជា​ទុនលំនឹង​សម្រាប់​ខ្លួនឯង និងដើម្បី​កសាង​ប្រទេសជាតិ​ជំនាន់ក្រោយ។ ប្រសិន​ជាការ សិក្សា​របស់ពួក​គេ​មិនមែន​ខាតបង់​ដោយសារ​ការមិន​មាន​ឱកាស​បានចូល​សាលា ជំនួស​ដោយបញ្ហា​ជម្ងឺដែល​រៀនមិន​ចូល ឬក៏តាម​មិន ទាន់គេ និងមិន​អាចព្យាបាល​បានវិញ​នោះ តើវាជា​រឿងមួយ​ដែលគួរ​ឱ្យសោក​ស្ដាយ​ប៉ុណ្ណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជាប្រយោជន៍​ដល់​សុខភាព​កុមារ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ស៊ិន ប៉ូលី អ្នកឯកទេស​វិកលវិទ្យា នៃកម្មវិធី​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ដ និងដកស្រង់​ចំណុចខ្លះ​ចេញពី​សៀវភៅ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ដែលបោះ ពុម្ពផ្សាយ ដោយអង្គការ​ចិត្ដសង្គម​អន្ដរ​វប្បធម៌។ បញ្ញាអាប់​មិនអាច​ព្យាបាល​ឱ្យជា​ដាច់បានទេ តែអាច​ការពារ​បាន។

បញ្ញា​អាប់ ជាអ្វី?

បញ្ញាអាប់ ឬអាប់បញ្ញា គឺសម្ដៅ​ទៅលើ​ការរៀន​សូត្រមិន​ពូកែ ឬការ​លូតលាស់​យឺតយ៉ាវ​ផ្នែកបញ្ញា។ ពាក្យបញ្ញា​អាប់ត្រូវ បានគេ​ប្រើប្រាស់​តាមបែប​រើសអើង ឬទៅលើ​កុមារដែល​មិនគ្រប់ទឹក។ តាមពិត​ទៅ យើងគួរ​ប្រើពាក្យ​ថាពិការ​ភាពក្នុង​ការរៀន​សូត្រ ។ បញ្ញាអាប់​មិនមែន​ជាជម្ងឺ​ផ្លូវចិត្ដទេ វាគឺជា​សភាព​ជម្ងឺដែល​កើតមាន​ឡើងតាំង​ពីវ័យដំបូង​នៃជីវិត​កុមារ​(ជាធម្មតា​តាំងពី​ពេលកើត) ហើយវា​ស្ថិតនៅ​ជាមួយ​កុមារ​រហូតស្ទើរ​អស់មួយ​ជីវិត។ ភាគច្រើន​គេសម្គាល់​ទៅលើ​កុមារដែល​មានអាយុ​ខួរក្បាល​តិចជាង​១២ឆ្នាំ ទោះបី​ជាគេ​មានអាយុ​ច្រើន ឬរាងកាយ​ជាមនុស្ស​ធំក៏ដោយ តែចរិត​របស់គេ​នៅតែ​ជាក្មេង​មិនទាន់ធំ ឬខុសពី​ធម្មតា។

មូលហេតុ​បញ្ញាអាប់

បញ្ញាអាប់​កើតឡើង​ដោយសារ​ការលូតលាស់​របស់ខួរក្បាល​យឺតខុស​ធម្មតា ឬមុខងារ​បញ្ញារីក​លូតលាស់​យឺតយ៉ាវ។ មូល ហេតុដែល​ប៉ះពាល់​លើការរីក​លូតលាស់​របស់ខួរ​ក្បាល រួមមាន​កត្ដាជាច្រើន​ដូចជា​អាចកើត​តាំងពីនៅ​ជាទារក​ក្នុងផ្ទៃម្ដាយ​ដោយរង ការប៉ះទង្គិច​ខួរក្បាល នាំឱ្យ​រលាក​ស្រោម​ខួរក្បាល ឬម្ដាយមាន​ជម្ងឺឆ្លង​ផ្សេងៗ ម្ដាយពុល​សំណរ ម្ដាយទទួល​ទានសុរា ម្ដាយមិនបាន ទទួលការ​ចិញ្ចឹម​រាងកាយ​របស់គាត់​ឱ្យបាន​គ្រប់គ្រាន់​ជាដើម។ ពេលសម្រាល​ក៏ជាកត្ដា​គ្រោះថ្នាក់​ផងដែរ ដូចជា​ឆ្លងទន្លេ​យូរ ឬទងសុក រុំកទារក។ បញ្ហាក្នុង​ការផ្គត់ផ្គង់​មិនបាន​គ្រប់គ្រាន់​នូវតម្រូវ​ការអាហារ​ចិញ្ចឹម​រាងកាយ នាំឱ្យការ​លូតលាស់​របស់កុមារ​ថមថយ មិនដូច ប្រក្រតី ក្មេងមាន​អាយុខួរក្បាល​ទាបជាង​ធម្មតា។ នៅពេល​កុមារ​កំពុង​លូតលាស់ អាចមាន​បញ្ញាដោយ​ការ​បោះបង់ ទុកចោល មិន យកចិត្ដ​ទុកដាក់​ពេលមាន​ជម្ងឺឆ្លង​ទៅក្នុង​ខួរក្បាល ឬមាន​គ្រោះថ្នាក់​ជាដើម។ បញ្ហាតំណរ​ពូជក៏ជា​មូលហេតុ​មួយដែរ បើសិន​ជាឪពុក ម្ដាយ​មាន​ជម្ងឺនេះ កុមារ​ក៏អាចងាយ​នឹងមាន​ជម្ងឺនេះ។ នៅមាន​មូលហេតុ​ជាច្រើន​ទៀតដែរ ដែលបង្ក​បញ្ញាអាប់។

រោគសញ្ញា​បញ្ញាអាប់

  • កុមារបញ្ញា​អាប់ភាគ​ច្រើន មើលទៅ​ដូចជា​ក្មេងដទៃ​ទៀតដែរ តែមាន​រោគសញ្ញា​មួយចំនួន​ដែលអាច​បង្ហាញថា​កុមារ សង្ស័យ​មានបញ្ញា​អាប់។
  • ការអង្គុយ ដើរ និងនិយាយ​មានភាព​យឺតយ៉ាវ​ក្នុងការ​លូតលាស់ និងមិនអាច​ធ្វើតាម​ការណែនាំ​បានជាដើម។
  • មានបញ្ហានៅក្នុង​ការរៀន​សូត្រ​(រៀនមិន​ទាន់គេ ឬត្រួតថ្នាក់) មានការ​ពិបាកខ្លាំង​ក្នុងកិច្ច​ការសាលា ឬលេង​ជាមួយ​គេ ។
  • មានការលំបាក​នៅក្នុង​ការធ្វើ​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ដទៃ ជាពិសេស​ជាមួយ​ក្មេងៗ​ដូចគ្នា។
  • មានបញ្ហាក្នុងការបំពេញ​កិច្ចការ​ប្រចាំថ្ងៃ ដូចជា​ការដាំស្ល ការគ្រប់គ្រង​ប្រាក់កាស រកការ​ងារធ្វើ ធ្វើកិច្ច​ការងារ​មួយឱ្យ ជាប់លាប់​ជាដើម។
  • អ្នកជម្ងឺមិននិយាយ ហើយមាន​អត្ដចរិត​លក្ខណៈ ដូចកូនក្មេង ទោះបី​ជាគេ​មានរាងកាយ​ជាមនុស្សធំ​ក៏ដោយ។
  • តាមរយៈ​ការសិក្សា​ជាច្រើន គេសម្គាល់​បានថា​អាប់បញ្ញា​កើតលើ​កុមារដែល​មានអាយុ​ក្រោម១៨ឆ្នាំ និងវ័យ​ជំទង់ ហើយ វាមិន​អាចរក​ឃើញលើ​មនុស្សចាស់ ពិសេស​ករណី​បញ្ញាអាប់​កម្រិតស្រាល។ គួរនាំ​កុមារដែល​មានបញ្ហា​ទៅពិនិត្យ និងពិភាគ្សា​ជាមួយ នឹងគ្រូពេទ្យ​ជំនាញ​ដើម្បី​វិនិច្ឆ័យឱ្យ​បានច្បាស់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាក​បញ្ញាអាប់

បញ្ញាអាប់​មានឥទ្ធិពល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ការ​រីក​លូតលាស់​របស់កុមារ​លើផ្នែក​រាងកាយ ដូចជា​សមត្ថភាព​របស់កុមារ ក្នុងការដើរ ឬប្រើប្រាស់ដៃ មិនអាច​ញុំាបាយ ងូតទឹក បន្ទោរបង់​ដោយខ្លួន​ឯងបាន​ជាដើម ព្រមទាំង​ពិបាក​នៅក្នុង​ការសន្ទនា​ជាមួយនឹង អ្នកដទៃ​(ពិបាកយល់នូវ​អ្វីដែលគេ​និយាយ)។ ចំពោះ​គ្រួសារ វាជា​បន្ទុកមួយ ព្រោះកុមារ​មិនអាច​រកការងារ​បានធ្វើ។ សង្គម​នឹងមាន ការខាតបង់​នូវធនធាន​មនុស្ស​សម្រាប់​អភិវឌ្ឈន៍​ប្រទេសជាតិ។ តាមរយៈ​ការអង្កេត បញ្ញាអាប់​កម្រិតស្រាល​មានបញ្ហា​ក្នុងការ​រៀន សូត្រ ពិបាក​ចងចាំ និងមិនមាន​បញ្ញាផ្នែក​ផ្សេងទៀត។ បញ្ញាអាប់​កម្រិត​មធ្យម មិនអាច​ឱ្យកុមារ​ធ្វើអ្វីកើត ឬបានល្អ មានដូចជា​បរា ជ័យក្នុង​ការសិក្សា​តាមកម្មវីធី​របស់​សាលារៀន ឬរៀន​មិនទាន់ និងការថែទាំ​អនាម័យ​ផ្ទាល់ខ្លួន ដូចជា​ការងូតទឹក​សម្អាតកាយ​មិនកើត ឬមិនស្អាត​ជាដើម។ កុមារ​ដែល​បញ្ញាអាប់​កម្រិតធ្ងន់​ត្រូវការ​ជំនួយ សូម្បីតែ​សកម្មភាព​ងាយៗ ដូចជា​ទទួលទាន​អាហារ​ជាដើម។

វិធីបង្ការ​បញ្ញាអាប់

ការពារ​ប្រសើរ​ជាង​ព្យាបាល។ សូមធ្វើ​ការថែទាំ​សុខភាព​ឱ្យបានល្អ ពេលមាន​ផ្ទៃពោះ និងពេល​សម្រាល។ ការថែ​ទាំសុខ ភាពបឋម​របស់​ទារក និងការ​លូតលាស់​របស់​កុមារ ក៏គួរមាន​ការយក​ចិត្ដទុក​ដាក់ផង​ដែរ ជាពិសេស​នៅពេល​មានទម្ងន់​ក្រោមបីខែ។ សូមជួយ​ការពារ​ករណីមួយ​ចំនួនដែល​នាំឱ្យមាន​បញ្ញាអាប់ ដូចជា​មិនគួរ​ទទួលទាន​សុរា បារី ថ្នាំញៀន ឬថ្នាំមួយ​ចំនួន​(ថ្នាំទម្លាក់កូន) ជាដើម ព្រោះអាច​បង្កផល​ប៉ះពាល់​ដល់ទារក។ គួរស្វែង​រកនូវ​បញ្ហាឱ្យ​បានឆាប់រហ័ស​ដើម្បីជួយ​កុមារឱ្យ​បានប្រសើរ។

ការព្យាបាល​បញ្ញាអាប់

បញ្ញាអាប់​មិនអាច​ព្យាបាល​ឱ្យជា​ដាច់បាន​ទេ ប៉ុន្ដែវា​អាចការ​ពារបាន។ ឪពុកម្ដាយ​គួរទទួល​ព័ត៌មាន និងការ​បង្រៀនពិសេ ស​សម្រាប់​ការថែទាំ​កុមារ​បញ្ញាអាប់។ ថ្នាំអាច​ព្យាបាល​បញ្ញាអាប់​បានតិចតួច​ជាទីបំផុត លើកលែង​តែថ្នាំទប់​ប្រកាច់ និងថ្នាំ​សម្រាប់ ជម្ងឺផ្លូវចិត្ដ​មួយចំនួន​(ដែលមានជម្ងឺ​ទាំងនេះ​មកជាមួយ)។ នៅកម្ពុជា ការព្យាបាល​ជម្ងឺនេះ​មិនទាន់​មានជា​ការអនុវត្ដ​ធំដុំនៅ​ឡើយទេ មានត្រឹមតែ​ការព្យាបាល​ជម្ងឺដែល​មកជាប់​ជាមួយ ដូចជា​អាការ​កុមារ​ឆេវឆាវ ឬប្រកាច់​ឆ្កួតជ្រូក។ តែសម្រាប់​នៅប្រទេស​អភិវឌ្ឈន៍ មានការ​ថែទាំ ឬថ្នាក់បណ្ដុះ​បណ្ដាល​ពិសេស​សម្រាប់កុមារ​អាប់បញ្ញា។

ដំបូន្មាន​អ្នកប្រឹក្សា

បើក្នុង​គ្រួសារ​សង្ស័យថា​មានអ្នក​បញ្ញាអាប់ សូមមក​ទទួលនូវ​ការប្រឹក្សា និងពិនិត្យ​នៅមជ្ឈមណ្ឌល​ដែលមាន​ផ្គត់ផ្គង់សេវា សុខភាព​ផ្លូវចិត្ដ ដើម្បីឱ្យ​បានយល់ពី​ស្ថានភាព​នៃជម្ងឺនេះ។ ប្រការដែល​ល្អបំផុត គឺការការពារ និងយកចិត្ដ​ទុកដាក់​ចំពោះទារក​តាំងពី នៅក្នុងផ្ទៃ ដោយថែរក្សា​ផ្ទៃពោះ​ឱ្យបានល្អ និងកុមារ​វ័យក្រោម​អាយុ៣ខែ។ សូមមាន​ការយល់ចិត្ដ​ចំពោះកុមារ​អាប់បញ្ញា សូមកុំបង្ខំ ឬទើសទាល់​ចំពោះ​ពួកគេ ព្រោះគេ​ត្រូវការយក​ចិត្ដទុក​ដាក់ច្រើន។

ដំណាក់​កាលលូតលាស់​របស់កុមារ​ដែលមាន​ការលូតលាស់​យឺតយ៉ាវ​ផ្នែកបញ្ញា​

ដំណាក់​កាលលូតលាស់

អាយុកុមារ​ធម្មតា

អាយុកុមារ​សង្ស័យ​ថាបញ្ញាអាប់

ឆ្លើយ​តបពេល​ឮ​សម្លេង​ឬ​ហៅឈ្មោះ ១-៣​ខែ ខែទី​៤
ចេះញញឹមដាក់អ្នកដទៃ ១-៤​ខែ ខែទី​៦
រឹងក ២-៦​ខែ ខែទី​៦
ចេះអង្គុយនឹង ៥-១០​ខែ ខែទី​១២
ចេះឈរនឹង ដោយមិនបាច់ទប់ ៩-១៤ខែ ខែទី១៨
ចេះដើរ ១០-២០​ខែ ខែទី​២០
ចេះនិយាយពាក្យ ២-៣ម៉ាត់ ១៦-៣០ខែ ឆ្នាំទី៣
ចេះញុំាបាយ-ទឹក និងប្រាប់ឈ្មោះខ្លួនឯង ២-៣ឆ្នាំ ឆ្នាំទី៤
ចេះចៀសវាងគ្រោះថ្នាក់ងាយៗនិងប្រាប់ចង់ជុះនោម ៣-៤ឆ្នាំ ឆ្នាំទី៤

 

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative