ជម្ងឺអំបៅ​អំបែក​អាចបង្ក​ការរលាក​ស្រោម​ខួរក្បាល

ជម្ងឺអំបៅ​អំបែក​ត្រចៀក​ត្រូវបាន​ប្រជាពលរដ្ឋ​កម្ពុជា​ចាត់ទុក​ជាជម្ងឺ​សាមញ្ញ​មួយ​ប្រភេទ។ ទោះបី​ជាកើត​មានជម្ងឺ​នេះ ហើយក៏មិនសូវ​ជាយក​ចិត្ដទុកដាក់​ក្នុងការ​ព្យាបាល​ប៉ុន្មានដែរ។ តាមពិត​ទៅជម្ងឺនេះ ជាជម្ងឺ​ដែលមិនគួរ​នឹងមើល​ស្រាល​ទ្បើយ បើ លោកអ្នក​ធ្វេសប្រហែស​ក្នុងការ​ព្យាបាល​នោះ ប្រាកដ​ជាមាន​គ្រោះថ្នាក់​មិនខានទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពីជម្ងឺ​អំបៅ​អំបែក​ត្រចៀក​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោកវេជ្ជបណ្ឌិ ត ប្រាក់ ស៊ីថា ជាប្រធាន​ផ្នែកជម្ងឺ​ត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យ​ព្រះអង្គឌួង។

អំបៅ​អំបែក ជាអ្វី?

អំបៅ​អំបែក​ជាពាក្យ​ហៅធម្មតា​របស់ប្រជាពល​រដ្ឋសាមញ្ញ ដែលគ្រូពេទ្យ​ហៅតាម​ពាក្យបច្ចេកទេស​ថាជម្ងឺ​រលាកត្រចៀក ។ អំបៅ​អំបែក​ជាជម្ងឺ​រលាកភ្នាស​មុយកឺ​(ស្បែកស្ដើង​គ្របពីលើ)​របស់ត្រចៀក​ផ្នែកកណ្ដាល។ ការរលាក​នៃត្រចៀក​ខាងក្រៅ ក៏អាច រីករាល​ដាលដល់​ត្រចៀក​ខាងក្នុង​ដែរ។ សត្រូវ​ដែលធំ​បំផុតរបស់​ជម្ងឺនេះ គឺទឹក​មិនស្អាត។ ជម្ងឺនេះ​ច្រើនកើត​នៅរដូវវស្សា​ដែលមានអា កាសធាតុ​ត្រជាក់ និងច្រើន​កើតលើ​អ្នកកើត​ផ្ដាសាយ។ ជម្ងឺអំបៅ​អំបែក​ចែកចេញ​ជាពីរ​ប្រភេទ គឺជម្ងឺ​អំបៅ​អំបែក​ស្រួចស្រាវ និងជម្ងឺ អំបៅ​អំបែក​រ៉ាំរ៉ៃ។ ជម្ងឺអំបៅ​អំបែក​នេះអាច​ជាជម្ងឺ​ឆ្លងដែរ តែវា​មិនអាច​ឆ្លងតាម​រយៈខ្យល់​អាកាសទេ គឺវាអាច​ឆ្លងបាន​តាមរយៈការ ប៉ះពាល់​ខ្ទុះរបស់​អ្នកជម្ងឺ​តែប៉ុណ្ណោះ។

មូលហេតុជម្ងឺ​អំបៅ​អំបែក

មានមូលហេតុ​ពីរដែល​នាំឱ្យកើត​ជម្ងឺអំបៅ​អំបែក ៖

  • មូលហេតុ​ទីមួយ ការឆ្លង​គឺបណ្ដាល​មកពីការ​មិនមាន​អនាម័យ​ត្រចៀកឱ្យ​បានត្រឹមត្រូវ ដែលជា​ហេតុនាំ​ឱ្យបាក់តេរី អាចចូល​មករំខាន​នៅក្នុង​ត្រចៀកបាន។ ជាពិសេស​តាមរយៈ​ទឹកមិនស្អាត​ចូលត្រចៀក ការដាច់​រលាត់​ត្រចៀក​ដោយសារ​ការខ្វារនឹង ឧបករណ៍​មិនស្អាត ដែលនាំ​ឱ្យរលាក​ត្រចៀក។
  • មូលហេតុ​ទីពីរ គឺបណ្ដាល​មកពីការ​រលាកច្រមុះ និងបំពង់ក ដែលភាគច្រើន​កើតនៅលើ​ក្មេងដែល​មានអាយុ​ចាប់ពី៦ខែ រហូត​ដល់៦ឆ្នាំ។

រោគសញ្ញា​ជម្ងឺអំបៅ​អំបែក

រោគសញ្ញា​អាស្រ័យ​ទៅតាម​កម្រិត​របស់ជម្ងឺ។ មានតែ​គ្រូពេទ្យទេ ដែលអាច​កំណត់នូវ​កម្រិត​នេះបាន។

1. អំបៅអំបែក​ស្រួចស្រាវ ថ្ងៃដំបូង​នៅពេល​មានបាក់តេរី​ចូលក្នុង​ត្រចៀក អ្នកជម្ងឺ​នឹងមាន​អាការក្ដៅ​ខ្លួន អាចក្ដៅខ្លាំង (ចំពោះក្មេងតូច) តែក្ដៅខ្លួន​តិចតួច​(ករណីមនុស្សធំ) ឈឺក្បាល អស់កម្លាំង ហឹងត្រចៀក និងឈឺត្រចៀក។ បើមេរោគ​ចូលរយៈ​ពេល ចាប់ពី៣​ថ្ងៃឡើងទៅ យើងនឹង​ឃើញមាន​ខ្ទុះហូរ​ចេញពី​ត្រចៀក​មកខាងក្រៅ។ កម្រិត​នេះច្រើន​កើតញឹកញាប់​ទៅលើក្មេង​អាយុចាប់ ពី២ទៅ​៣ឆ្នាំ។ មនុស្សចាស់​កម្រឃើញ​មានកើត​ជម្ងឺនេះ ក៏ព្រោះ​ពួកគាត់​យល់ដឹង​ពីរបៀប​នៃការ​ថែទាំ​អនាម័យ​ត្រចៀក។

2. អំបៅអំបែក​រ៉ាំរ៉ៃ ជាទូទៅ​អ្នកជម្ងឺ​ច្រើនមាន​អាការ ដូចជា​ឈឺក្បាល ហូរខ្ទុះ​ចេញពី​ត្រចៀករយៈ​ពេលយូរ​ញឹកញាប់ ឬ ក៏ហូរ​មិនឈប់​ជាដើម។ លក្ខណៈបែប​នេះបញ្ជាក់ថា​មានដាច់​ក្រដាស​ត្រចៀក​ហើយ។ ជម្ងឺអំបៅ​អំបែករ៉ាំរ៉ៃ​ចែកជាពីរ​ករណី​ទៀត គឺ ករណី​សាមញ្ញ និងករណី​ធ្ងន់ធ្ងរ

  • ករណីរ៉ាំរ៉ៃ​សាមញ្ញ គេអាច​សម្គាល់បាន​តាមរយៈ​ការហិតក្លិន​នៃខ្ទុះដែល​ហូរចេញ​មកក្រៅ។ បើវា​ធុំក្លិនឆ្អាប ល្មម ឬធម្មតា គឺវាកំពុង​ស្ថិតនៅក្នុង​លក្ខខ័ណ្ឌ​រ៉ាំរ៉ៃ​សាមញ្ញ​នេះហើយ វាអាច​ងាយនឹង​ព្យាបាល និងមិនសូវ​ជាធ្ងន់ធ្ងរ​ទេ។
  • ករណីរ៉ាំរ៉ៃ​ធ្ងន់ធ្ងរ ៖ វាអាច​បណ្ដាលឱ្យ​អ្នកជម្ងឺ​ស្លាប់បាន បើសិន​ជាវាបាន​រាលដាល​ឈានដល់​ខួរក្បាល។ ចំ ពោះខ្ទុះ​ដែលហូរ​ចេញមក​ខាងក្រៅ គឺវាធុំក្លិន​ស្អុយខ្លាំង។ វិធានការណ៍​ការពារ​នៅដំណាក់​កាលនេះ គឺមិនត្រូវ​ឱ្យទឹកមិន ស្អាតចូល​ត្រចៀក​ជាដាច់​ខាត ករណីនេះ​អាចវិវឌ្ឍន៍​ទៅជាជម្ងឺ​រលាកស្រោម​ខួរក្បាល​បាន និងមិនងាយ​នឹងព្យាបាល​បានទេ តែត្រូវ​ការវះកាត់​ជាបន្ទាន់។

ការព្យាបាលជម្ងឺ​អំបៅអំបែក

ជាធម្មតា ការរលាក​កើតឡើង​ក្នុងរយៈ​ពេលមួយ​ឆាប់។ ចំពោះ​ការព្យាបាល​មិនសូវ​ឈានទៅ​ដល់ការវះ​កាត់ទេ ភាគច្រើន គេព្យាបាល​ដោយប្រើ​ថ្នាំតែ​ប៉ុណ្ណោះ។ បើករណី​ក្មេងមាន​អាយុលើស​ពី៣ខែ ការព្យាបាល​មិនត្រូវ​ប្រើប្រាស់​ថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយូទិក ភ្លាមទេ គេច្រើន​ព្យាបាល​ដោយការ​ប្រើប្រាស់​ថ្នាំធម្មតា ដូចជា​បំបាត់ការ​ឈឺចាប់​ជាដើមសិន មុននឹងពិនិត្យ​ទៅលើខ្ទុះ។ ជួនកាល​ការ ព្យាបាល​ត្រូវធ្វើ​ទ្បើងទៅ​តាមរោគសញ្ញា​ផ្សេងៗ​របស់ជម្ងឺ។

ចៀសវាង​ការប្រើថ្នាំ​ផ្សះដែល​អាចនាំឱ្យ​ដុះផ្សិត​ត្រចៀក ឬជម្ងឺរ៉ាំរ៉ៃ​ផ្សេងៗទៀត។ បើមាន​ការប្រើប្រាស់​ថ្នាំផ្សះ លុះត្រាតែ មានការ​តាមដាន​នូវប្រសិទ្ធភាព​នៃការព្យាបាល​ដោយថ្នាំ​ធម្មតាចាប់​ពី៤៨ទៅ​៧២ម៉ោង។ គេក៏​អាចបូម​ខ្ទុះយក​ទៅពិនិត្យ ឬក៏ចោះ ក្រដាស​ត្រចៀក​តែម្ដង ដើម្បីបូម​ខ្ទុះយក​មកពិនិត្យ​មើល។

ដើម្បីឱ្យ​ដឹងប្រាកដ​ថាមេរោគ​បានរាលដាល​ឈានទៅ​យាយី​ដល់ខួរក្បាល​ហើយឬនៅ នោះត្រូវ​ការថត ឬឆ្លុះដោយ​កាំរស្មី ឬ ស្កែននែ។ អាការ​ខាងក្រៅ ដូចជា​ឈឺក្បាល​ខ្លាំង​ជាដើម វាក៏អាច​ទាមទារ​រហូតដល់​ធ្វើការវះ​កាត់ដែរ។

ប្រការគួរ​ប្រតិបត្ដិ

ត្រូវជូត​សម្អាតត្រចៀក​ឱ្យមាន​អនាម័យ​ជានិច្ច បន្ទាប់ពី​មានទឹកមិន​ស្អាតចូល​ត្រចៀក និងមិនត្រូវ​យករបស់​ដែលមិន​ស្អាត ទៅរុកត្បាល ឬខ្វារត្រចៀក​លេងទេ។ ត្រូវប្រញាប់​ទៅព្យាបាល​ភ្លាម ករណី​មានការ​ហូរខ្ទុះ​ចេញពី​ត្រចៀក និងឈឺ​ត្រចៀក។ បើចង់ យកអាចម៍​ត្រចៀកចេញ គួរធ្វើ​តែពេលណា​ដែលអាចម៍​ត្រចៀក​មានការរំខាន​ខ្លាំងដល់​ការស្ដាប់​របស់យើង​ប៉ុណ្ណោះ។ តាមធម្មតា​អាច ម៍ត្រចៀក​អាចធ្លាក់​ចេញមកក្រៅ​ដោយឯកឯង​ពេលដែល​មានអាចម៍​ត្រចៀក​ច្រើន។ ជាងនេះ​ទៅទៀត អាចម៍ត្រចៀក​មានប្រយោជន៍​អាចជួយ​ថែរក្សា​ឱ្យត្រចៀក​ស្ងួត។ វាជាករណី​ធម្មតាទេ ដែលអាចម៍​ត្រចៀកខ្លះ​រឹង ខ្លះទន់ វាមិនមែន​ជាអាការ​នៃជម្ងឺទេ។

ដំបូន្មាន​អ្នកជំនាញ

សូមទទួល​នូវការព្យាបាល​ជាមួយនឹង​អ្នកជំនាញ​ឱ្យបាន​ទាន់ពេល​វេលា ប្រសិនបើ​លោកអ្នក​យល់ថា​ត្រចៀករបស់​អ្នកឈឺ ឬ មានបញ្ហា​ផ្សេងៗទៀត។ ពិសេស​ការព្យាបាល​ដោយថ្នាំ ដែលមិន​មានការ​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​ជាមុន គួរតែ​ចៀសវាង​ ព្រោះ ការដែល​ប្រើប្រាស់ថ្នាំ​មិនបានត្រឹម​ត្រូវនាំឱ្យ​លោកអ្នក​ខាតបង់​ថវិកាឥត​ប្រយោជន៍ និងរិតតែ​ធ្វើឱ្យ​លោកអ្នក​មានអាការ​ជម្ងឺធ្ងន់ធ្ងរ​ទៅ វិញទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative