កែវជ័រដាក់​ក្នុងភ្នែក ជួយសម្រស់​ភ្នែក

សម្រាប់អ្នក​ដែលមាន​កង្វល់​លើការ​ពាក់វ៉ែនតា លែង​ជាបញ្ហា​ទៀតហើយ ព្រោះសព្វ​ថ្ងៃនេះ​នៅកម្ពុជា​មាននាំចូល​នូវឧបករណ៏​ម្យ៉ាងដែល​អាចជួយ​សម្រួល​ដល់ការ​មើលបាន​យ៉ាងប្រសើរ និង​​​មាន​​​លក្ខណៈ​ជាសិល្បៈ​ទៀតផង។ ឧបករណ៍​នោះ មានឈ្មោះថា កែវជ័រ​ដាក់ក្នុងភ្នែក ឬខុនថាក់ឡែន។ សព្វថ្ងៃនេះ អ្នក​ប្រើប្រាស់​ភាគច្រើន​ជាស្ដ្រី​ដែលមាន​អាយុចាប់ពី​១៨ដល់​៣០ឆ្នាំ។ បុរសមានចំនួនតិច​ណាស់ដែល​ប្រើ ហើយមនុស្ស​ចាស់មិនសូវ​ជ្រើសប្រើទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក អ៊ឹង ឌីប៉ូឡា ជាអគ្គនាយក​មជ្ឈមណ្ឌល​ថែរក្សាភ្នែក​អាយឃែរ បានរៀបរាប់​ពីកែវជ័រដាក់​ក្នុងភ្នែក ឬខុនថាក់ឡែន ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ដូចតទៅ។

កែវជ័រដាក់​ក្នុងភ្នែក ជាអ្វី?

កែវជ័រដាក់​ក្នុងភ្នែក គឺជាប្រភេទ​ជ័រម្យ៉ាង​ដែលមាន​រាងស្ដើង និងមានបន្ទាត់​ផ្ចិតប្រហែល​១៤មីលីម៉ែត្រ ប្រើ​សម្រាប់ដាក់ បំពាក់​នៅលើ​ប្រស្រីភ្នែក។ កែវជ័រដាក់​ក្នុងភ្នែក​ជាភាសា​អង់គ្លេស​ហៅថា​ខុនថាក់ឡែន ត្រូវបាន​គេនាំចូល​មកក្នុង​ប្រទេស​កម្ពុជា​តាំងពី ឆ្នាំ១៩៩៤​មកម្ល៉េះ។ វាមាន​ការពេញ​និយមចំពោះ​យុវវ័យ​សម័យថ្មី​ដែលចូលចិត្ដ​ប្រើដើម្បី​លាក់នូវ​បញ្ហានៃភ្នែក​នៅក្នុងការ​មើលដោយ មិនចង់​ពាក់វែនតា និងការ​តុបតែង​ខ្លួនឱ្យដូច​ជនបរទេស ពិសេសពណ៌​ប្រស្រីភ្នែក។ មិនតែវា​ត្រូវបាន​ប្រទេសជាច្រើន​ធ្វើការផលិត តែគេឃើញ​មានត្រឹមតែ​ផលិតផល​របស់ក្រុមហ៊ុន​ធំៗពីរតែ​ប៉ុណ្ណោះដែល​បានចរាច​នៅលើទីផ្សារ​ពិភពលោក ហើយត្រូវបាន​គេទទួល ស្គាល់។ សម្រាប់នៅ​ក្នុងស្រុក កែវជ័របិត​លើភ្នែកនេះ​មានត្រឹមតែ​ពីរប្រភេទ​ប៉ុណ្ណោះ គឺមានដឺក្រេ​ឥតពណ៌ និងឥតដឺក្រេ​មានពណ៌។ កែវជ័របិត​លើភ្នែក​មានដឺក្រេ ជាទូទៅ​វាមានអាយុ​សម្រាប់​ប្រើប្រាស់​ទៅតាម​គុណភាព និងតម្លៃ ដូចជាអាច​ប្រើបាន​មួយថ្ងៃ ពីរ សប្ដាហ៍ មួយខែ មួយឆ្នាំ​ជាដើម និងកែវជ័រឥត​ដឺក្រេមានពណ៌ ជាទូទៅ​ប្រើសម្រាប់រយៈ​ប្រាំមួយខែ។

អត្ថប្រយោជន៍​កែវជ័របិត​លើភ្នែក

  • កែវជ័រ​បិតលើ​ភ្នែកមាន​ដឺក្រេ​ឥតពណ៌ ៖ ជាធម្មតា​វាមានពណ៌​រាងខៀវ​បន្ដិច មិនមែន​មានពណ៌ស​សុទ្ធ ឬឥតពណ៌​នោះទេ ព្រោះគេ​ផលិតឡើង​ដើម្បីងាយស្រួល​នៅក្នុងការ​រុករក​នៅពេល​ដែលវាជ្រុះ ឬធ្លាក់ពីភ្នែក។ វាមានទម្ងន់​ស្រាល ហើយមាន​រូបរាងតូច គេប្រើ​សម្រាប់​សម្លឹងមើល​ឃើញច្បាស់​ដូចកញ្ចក់​វែនតា​មានដឺក្រេ ជាពិសេស​នៅពេលដែល​ភ្នែកមាន​បញ្ហាលើការ​មើលជិត ឬឆ្ងាយ។ វាមាន​ការងាយស្រួល​នៅក្នុងការ​ពាក់មើល និងមានគ្រប់​ដឺក្រេ។ លក្ខណៈពិសេស​របស់វា គឺមើលទៅ​ដូចជាកែវ​ភ្នែក​ធម្មជាតិ ព្រោះវា អាចបិទ​បាំងនូវ​ទ្រង់ទ្រាយ​របស់វាបាន​ស្ទើរតែទាំង​ស្រុង បើសិនជា​មិនបានពិនិត្យ​ឱ្យល្អិតល្អន់ ទោះបី​ជាស្ថិតនៅ​ជិតគ្នាចំងាយ​១ម៉ែត្រ ក៏ដោយ។ ការប្រើ​ខុនថាក់ឡែន ភ្នែកអាច​មើលឃើញ​រហូតដល់​១៨០អង្សា មិនមានការ​ទើសដូចពាក់​វែនតាទេ។
  • កែវជ័របិត​លើភ្នែកឥត​ដឺក្រេមានពណ៌ ៖ គេប្រើដើម្បី​ប្ដូរពណ៌​ប្រស្រីភ្នែក និងដើម្បី​ឱ្យមាន​សោភ័ណភាព។ ជាទូទៅវា មានប្រហែល​ជា៥ពណ៌ គឺមានពណ៌ខៀវ បៃតង ស្វាយ ត្នោត និងពណ៌​ទឹកប្រាក់។ បច្ចុប្បន្ននេះ ពណ៌ដែល​ពេញនិយម​ជាងគេ គឺពណ៌ ស្វាយ។ វាអាច​ប្រើបាន៦ខែ ហើយមាន​បីប្រភេទ គឺពណ៌មួយជាន់ ពីរជាន់ និងបីជាន់។ វាអាចប្រើ​ជាជំនួយនៅ​ក្នុងការតែង​ភ្នែកឱ្យស៊ី គ្នាជាមួយ​នឹងម៉ូដសក់ ឬពណ៌មុខ​ដែលបានតែង​នៅពេលចូលរួម​ពិធីផ្សេងៗ។ បច្ចុប្បន្ន​នៅបរទេស​កែវជ័របិត​លើភ្នែកមាន​ពណ៌នេះ ក៏ អាចមាន​ដឺក្រេដែរ តែសម្រាប់​អ្នកនៅក្នុង​ស្រុកត្រូវ​ចំណាយពេល​រហូតដល់​ទៅ៣សប្ដាហ៍ សម្រាប់ការ​បញ្ជាទិញ​បន្ទាប់ពីបាន​ធ្វើការ វាស់នូវ​កម្រិតដឺក្រេ​ភ្នែក។

ប្រការគួរប្រើ​កែវជ័របិត​លើភ្នែក

ជាទូទៅកែវ​ជ័របិតលើភ្នែក គេប្រើដើម្បី​ពាក់ការពារ​កែវភ្នែក និងឱ្យមាន​សោភ័ណភាព។ គួរទទួល​នូវការពិនិត្យ ឬវាស់ជា មុនពីអ្នក​ជំនាញដើម្បី​រើសនូវ​ប្រភេទ​លក្ខខ័ណ្ឌ​ដែលសមស្រប​នឹងភ្នែកយើង។ តាមការ​ណែនាំរបស់​អ្នកជំនាញ កែវជ័របិត​លើភ្នែកនេះ ប្រើសម្រាប់​តែអ្នក​ដែលមានអាយុ​ចាប់ពី១៦​ឆ្នាំឡើងទៅ ព្រោះពួក​គេអាចរក្សា​អនាម័យ និងសុវត្ថិភាព​ភ្នែកដោយខ្លួន​ឯងបានល្អ។ គួរ មានការ​ប្រើប្រាស់​ត្រឹមតែ១២​ម៉ោងក្នុង​មួយថ្ងៃ ពោលគឺចាប់​ពីពេលព្រឹករហូតដល់​ពេលល្ងាច ព្រោះពេល​យប់វាជាពេល​ដែលភ្នែក បញ្ចេញនូវ​ជាតិកម្អែល​(អាចម៍ភ្នែក)​មួយចំនួន ដែលអាច​បណ្ដាលឱ្យ​កែវជ័រ​ស្រអាប់។ សម្រាប់អ្នក​ដែលគិតថា​វែនតារំខាន ឬមានការ ទើស មិនអាចមើល​គ្រប់ទិស វែនតា​ធ្ងន់ពេក វែនតា​មិនសូវ​ស្អាត ដឺក្រេភ្នែក​ខ្ពស់ កែវជ័របិត​លើភ្នែកមាន​ដឺក្រេអាច​ជាជំនួយ​ដ៏ប្រសើរ បំផុត​សម្រាប់​គាត់។ អ្នកលេង​កីឡាបាល់ទាត់ ឬរត់ប្រណាំង​ជាដើម កែវជ័របិត​លើភ្នែកមាន​ដឺក្រេនេះមាន​ប្រយោជន៍​ណាស់ ព្រោះវា ងាយ​ស្រួលពាក់ មិនសូវធ្ងន់ និងមិនងាយជ្រុះ​ដូចពាក់​វែនតា។ នារីភាគ​ច្រើនចូល​ចិត្ដពាក់កែវជ័រ​បិតលើភ្នែក​មានពណ៌​ដើម្បី​ទាក់ទាញ សម្រស់។ អ្នកប្រើប្រាស់​ប្រហែល១០%​បានជ្រើសរើស​យកកែវជ័រ​បិតលើភ្នែកមាន​ដឺក្រេជា​ជំនួយជំនួស​វែនតាម្ញ៉ូប។ ភាគច្រើនពួក គាត់ប្រើ​នៅពេល​មានពិធី ឬករណីពិសេស​ណាមួយ។ អ្នកប្រើប្រាស់​គួរគោរពវិធី​ប្រើប្រាស់​មួយចំនួន ដូចជាដៃ​ត្រូវស្អាតជានិច្ច​ដើម្បីធា នាសុវត្ថភាព​នៅរាល់ការ​ដោះ ឬដាក់វាចូល​ក្នុងភ្នែក។ ក្រចកដៃខ្លី​ធានានូវការចាក់​រុកចូលទៅក្នុង​គ្រាប់ភ្នែកជា​យថាហេតុ។ រាល់ការ ប្រើប្រាស់​មិនមែនមាន​ន័យថាអ្នក​ប្រើពាក់រហូត​ដោយមិនដោះ​ចេញនោះទេ តែត្រូវ​ថែរក្សា​ត្រាំទុក និងលាង​សម្អាតជារៀង​រាល់ថ្ងៃជា មួយនឹង​ទឹកសូលុយស្យុង​សម្រាប់សម្អាត​វា។ បើមិន​មានការលាង​សម្អាត ឬត្រាំ និងប្ដូរទឹក​សូលុយស្យុង​ឱ្យបាន​ត្រឹមត្រូវទេ វានាំឱ្យកែវ ជ័របិតលើ​ភ្នែកនេះ​ប្រែប្រួល​លក្ខណៈដើម។ ជាធម្មតា អ្នកប្រើត្រូវ​ប្ដូរទឹកជា​រៀងរាល់២៤​ម៉ោងម្ដង ករណីត្រាំទុក​មិនបាន​ប្រើ និងគួរ លាងឱ្យ​ស្អាតជានិច្ច​នៅមុនពេល​ពាក់វា។ បើករណី​អ្នកប្រើប្រាស់​ចង់ប្រើតែ​កែវជ័របិត​លើភ្នែក គួរមានពីរ​គូជាប់ជាមួយ​ដើម្បីត្រៀម នៅពេល​ដែលជ្រុះ​បាត់មួយ ឬគួរមាន​វែនតាត្រៀម​ជំនួសនៅពេល​ជ្រុះបាត់វា។

ប្រការមិនគួរ​ប្រើកែវជ័រ​បិតលើភ្នែក

មិនគួរប្រើ​កែវជ័របិត​លើភ្នែក​នៅពេលងូត​ទឹកទេ ព្រោះវា​អាចងាយ​ជ្រុះតាមរយៈ​ទឹកដែលងូត ឬដុសសាប៊ូ។ ចាំបាច់​ត្រូវតែ ដោះចេញ ឬទុកដោយ​មានការលាង​សម្អាត ឬត្រាំជាមួយ​នឹងទឹក​សូលុយស្យុង​ដែលប្រើ​សម្រាប់លាង​សម្អាត ទោះបីជា​ទទួលទាន ដំណេក​ត្រឹមតែ១០ ឬ១៥នាទីក្ដី រាល់ពេលទទួល​ទានដំណេកក្ដី។ មិនគួរ​ប្រើបន្ដទៀត​ទេករណីហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ឬខូចទ្រង់ ទ្រាយ ព្រោះកែវ​ជ័របិតលើភ្នែក​នឹងប្ដូរទ្រង់ទ្រាយ​ទៅជា​រាងរឹង មើលមិនសូវ​ច្បាស់ ពណ៌រាងលឿង ពាក់ទៅរាង​រកាំភ្នែក រាងស្រអាប់ ភ្នែក រមាស់ភ្នែក និងអាចងាយ​ទាក់ទាញនូវ​មេរោគមក​ពីក្រៅ។ ជាទូទៅក្រោយ​ពេលបើកកែវ​ជ័របិតលើភ្នែក​ពីក្នុងប្រអប់ កាលបរិច្ឆេ ទកំណត់​ឈប់ប្រើប្រាស់ ត្រូវបាន​គិតចាប់ពី​ថ្ងៃហែក។ នៅពេល​ដែលគាត់មាន​អារម្មណ៍ថា​ភ្នែកក្រហម ហូរទឹកភ្នែកច្រើន​(គួរបន្ដក់ ទឹកភ្នែក​សិប្បនិមិត្ដ) ឬអាការប្រតិកម្ម​(អាឡែកហ្សី) គួរទៅជួប​ជាមួយ​នឹងអ្នកជំនាញ​ខាងភ្នែកដើម្បី​ទទួលការ​ប្រឹក្សា និងព្យាបាល ជាបន្ទាន់។ នៅពេលជ្រុះ ធ្លាក់ ប្រឡាក់ ឬខូច គួរធ្វើអនាម័យ​ឱ្យបាន​ត្រឹមត្រូវ​មុនពេលពាក់​ចូលក្នុងភ្នែក ព្រោះវាអាច​នាំឱ្យ​មេរោគ ងាយ​ជ្រាបចូល។ សំខាន់បំផុត ត្រូវចាំ​ថ្ងៃផុតកំណត់​ដោយរាប់ចាប់ពី​ថ្ងៃដែលបាន​ហែកចេញ​ពីប្រអប់។

ផលប៉ះពាល់​នៃការប្រើប្រាស់​កែវជ័របិត​លើភ្នែក

តាមការ​សិក្សាស្រាវជ្រាវ ការប្រើ​កែវជ័របិត​លើភ្នែកអាច​បណ្ដាលឱ្យដុះ​ផ្សិតក្នុងកែវ​ភ្នែក ក្ដៅភ្នែក ហៀរទឹកភ្នែក រលាក ភ្នែក​ជាដើម ករណីដែល​អ្នកប្រើប្រាស់​មិនបានគោរព​តាមគោលការណ៍​រក្សាអនាម័យ ឬកំហុស​ខាងផ្នែក​បច្ចេកទេស​នៃការ​ផលិតកែវ ជ័របិត​លើភ្នែក។ តាមការ​ពិសោធន៍ ការប្រើប្រាស់​កែវជ័រ​ពាក់ជាប់​រយៈពេលយូរ​ពេកលើសពី៨​ម៉ោងក្នុងមួយ​ថ្ងៃ តែងតែនាំ​ឱ្យរកាំ ភ្នែក កកិតភ្នែក ឬក្ដៅភ្នែក​ជាដើម។ អាចមាន​កំហុសដោយ​ចៃនដ្យដែរ ករណីដែល​កែវជ័របិត​លើភ្នែកមិនមាន​លក្ខខ័ណ្ឌ​គ្រប់កំណត់ តាមស្ដង់ដា​នៃការ​ប្រើប្រាស់ ដូចជា​មានភាព​លម្អៀងខាង​កម្រិត​បច្ចេកទេស ឬទឹកសូលុយស្យុង​សម្រាប់លាង​កែវជ័រមាន​បញ្ហាជាដើម នាំឱ្យ​កម្រិតនៃ​ការមើលដោយ​កែវជ័របិត​លើភ្នែក​មានបញ្ហា។

ដំបូន្មាន​អ្នកជំនាញ

ពេល​បើកបរ​ម៉ូតូ គួរតែ​ពាក់វែន​តាខ្មៅ ឬពាក់មួក​ការពារ​បន្ថែមដើម្បី​ការពារ​នូវធូលីដី​ចូលភ្នែក។ សូមកុំបារម្ភ​ថាកែវជ័រ បិតលើភ្នែក​មានការ​ប៉ះពាល់​ដល់ភ្នែក​ចំពោះការ​ពាក់បិត​លើភ្នែក ព្រោះវា​មិនមាន​មហន្ដរាយ​អ្វីដល់​ភ្នែកទេ ប្រសិនជា​គោរពនូវ​វិធីប្រើ ប្រាស់​បានល្អ។ បើមាន​ការព្រួយបារម្ភ​ពីការឡើង​ដឺក្រេ​នៃភ្នែក ដែលត្រូវ​ពាក់វែនតា​ធ្ងន់ ហើយក្រាស់ កែវជ័របិត​លើភ្នែកនេះ អាច ជួយបាន និងសាកសម​បំផុត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative