ជម្ងឺ​ប៉ោង​សរសៃ​ឈាម

ការកើត​មាន​សភាព​ប៉ោងប្លែក​ខុសពី​ប្រក្រតី​របស់​សរសៃ​ឈាម ជា​ហេតុ​ធ្វើឱ្យ​សរសៃ​ឈាម​ហើម​ឡើង​ខ្លាំង ជា​រោគសញ្ញា នៃ​ជម្ងឺ​ប៉ោង​សរសៃ​ឈាម។ ជម្ងឺ​ប៉ោង​សរសៃ​ឈាម ថ្វី​ត្បិតតែ​វាបាន​ផ្ដល់នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព តែបែរ​ជា​លោកអ្នក មួយ​ចំនួន​ធំបាន​មើល​រំលង​ដោយ​ពុំបាន​យកចិត្ដ​ទុកដាក់​ជាមួយ​បញ្ហានេះ​ឡើយ។ ការ​ថែរក្សា​ទាំង​រាងកាយ​ឱ្យបាន​ល្អនោះ​ជារឿង ដែល​គួរតែ​យកចិត្ដ​ទុកដាក់ ព្រោះថា​ជម្ងឺ​ប៉ោង​សរសៃ​ឈាម​ក៏អាច​បង្កជា​ជម្ងឺ​ធ្ងន់ធ្ងរ​បាន។

រូបភាពទស្សនាវដ្ដីសុសភាពយើង

លោក​វេជ្ជបណ្ឌិត សុខ ជួ ជា​អ្នក​ឯកទេស​ផ្នែក​បេះដូង​នៃមន្ទីរ​ព្យាបាល​ភ្នំពេញ នឹងធ្វើ​ការ​បកស្រាយ​បំភ្លឺ​ពីជម្ងឺ​ប៉ោង សរសៃ​ឈាម​នេះ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ជម្ងឺ​ប៉ោង​សរសៃ​ឈាម​ជាអ្វី?

ជម្ងឺប៉ោង​សរសៃ​ឈាម​ជាប្រភេទ​រោគ​សរសៃ​ដែលជា​ទូទៅ​វា​តែងតែ​កើតមាន​នៅលើ​កំភួន​ជើង និងភ្លៅ។ វាជា​ជម្ងឺ​ដែលធ្វើ ឱ្យ​ឈាម​ពិបាក​រត់តាម​ចលនា​នៃចរន្ដ ហើយ​បង្កឱ្យ​មាន​ភាពហើម និង​ប៉ោង​នៅតាម​សរសៃ​ឈាម​ផ្សេងៗ របស់​សារពាង្គកាយ​មនុស្ស។ ជា​ទូទៅ​ជម្ងឺនេះ​តែង​កើតឡើង​ចំពោះ​អ្នក​ដែលធ្វើ​ការលើក​ដាក់ធ្ងន់ ឈរ​រយៈពេល​យូរ និង​ស្ដ្រី​ដែលមាន​គភ៌។

មូល​ហេតុ​បង្ក​ជម្ងឺ​ប៉ោង​សរសៃ​ឈាម

ភាគច្រើន​នៃអ្នក​ជម្ងឺ​ប៉ោង​សរសៃ​ឈាម គឺជា​អ្នក​ដែល​ប្រកប​មុខរបរ​លើកដាក់​ធ្ងន់ និងឈរ​រយៈពេល​យូរពេក ដូចជា គ្រូបង្រៀន ជាងឈើ ភ្នាក់ងារ​ប៉ូលិស អ្នកអ៊ុត​ខោអាវ​ជាដើម។ ស្ថានភាព​បែបនេះ​បង្កឱ្យ​មានភាព​ខុស​ប្រក្រតី​នៃសរសៃ​ឈាម នាំឱ្យមានការ​ឈឺចាប់​ចុករួយ​ស្រពន់​នៅតាម​សរសៃ​ឈាម។ ការប្រឹង​បញ្ចេញ​កម្លាំង​ច្រើនពេក ដែលគ្មាន​ការ​បន្ធូរ​បន្ថយ​នៃភាពតានតឹង​របស់​សរសៃ​ជាដើម ជា​មូលហេតុ​ធ្វើឱ្យ​ឈាមចាប់​ផ្ដើម​កកជា​ដុំតូច​កើតជា​ការហើម​សរសៃ។ ពេលខ្លះ​ការប៉ោង​សរសៃ​ឈាមក៏អាច​កើតមាន​ចំពោះ​ស្ដ្រីដែល​កំពុង​តែមាន​គភ៌​ផងដែរ។

ផលវិបាក​នៃជម្ងឺ​ប៉ោង​សរសៃ​ឈាម

ជម្ងឺ​នេះជា​ប្រភេទ​ជម្ងឺ​សាមញ្ញ ប៉ុន្ដែ​វាក៏​អាចបង្ក​ជា​លក្ខណៈ​ធ្ងន់ធ្ងរ​បានដែរ ប្រសិនបើ​លោកអ្នក​មិន​ប្រញាប់​ទៅ​ពិនិត្យ និង ព្យាបាល​ឱ្យទាន់​ពេល​វេលា​នោះទេ។ ការធ្វេស​ប្រហែស​គ្មានការ​យកចិត្ដ​ទុកដាក់​ចំពោះ​ជម្ងឺនេះ​អាច​បណ្ដាល​ឱ្យមាន​ផលវិបាក​ជាច្រើន ដូចជា​ធ្វើឱ្យ​កោលិកា​ឈាម​របស់​លោកអ្នក​ចាប់ផ្ដើម​កកជា​ដុំតូចៗ។ ហើយ​កំណក​ឈាម​ទាំងនោះ​នឹងធ្វើ​ឱ្យស្ទះ​សរសៃ​ឈាម​នៅក្នុង ខ្លួន និង​ខួរក្បាល ជា​មូលហេតុ​ដែលអាច​បង្កឱ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន ឬ​ខូចខាត​នៅត្រង់​អវយវៈ​ណា មួយ​នៃផ្នែក​របស់​រាងកាយ បញ្ហា ទាំងនេះ​អាចកើត​មានឡើង​ចំពោះ​ប្រភេទ​ជម្ងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ និង​មិនបាន​ធ្វើការ​ព្យាបាល​ទាន់​ពេលវេលា។ ចំពោះករណី ខ្លះវា​ពុំបាន​ផ្ដល់នូវ​ផល​លំបាក​ខ្លាំង​នោះទេ វា​គ្រាន់តែ​បង្កការ​លំបាក​ក្នុងការ​ធ្វើ​ចលនា​លើកដាក់ និង​ឈឺចាប់​ខ្លាំង ដោយសារ​តែភាព ហើមនៅ​តាម​សរសៃ​ឈាម​របស់​លោកអ្នក ក៏ប៉ុន្ដែ​លោកអ្នក​គួរគប្បី​ទៅ​ពិគ្រោះ និង​ព្យាបាល​ជាបន្ទាន់ ដើម្បី​ចៀសវាង​ផលលំបាក ផ្សេងៗ​ដែល​បង្កឡើង​ដោយ​ជម្ងឺនេះ។

រោគ​សញ្ញា​ជម្ងឺ​ប៉ោង​សរសៃ​ឈាម

យើងអាច​ដឹងពី​រោគសញ្ញា​នៃជម្ងឺ​ប៉ោង​សរសៃ​ឈាម​បាន តាមរយៈ​ការ​ប្រែប្រួល​ខុស​ប្រក្រតី​របស់​សរសៃ​ឈាម​យើង ដូច ជាការ​សម្គាល់​ទៅលើការ​ហើម​ជើង និងប៉ោង​ធំខុស​ធម្មតា​នៃ​សរសៃ​ឈាម និងមាន​ពកពណ៌​ខៀវ​លេចឡើង​វៀចវេរ​តាម​សណ្ឋាន រាង​ដូចជា​សត្វពស់​វ័ណ្ឌគ្នា ដែលស្ដែង​ឱ្យឃើញ​ច្បាស់​នៅលើ​កន្លែង​ដែលហើម​នោះ និង​សរសៃ​ឈាម​របស់​លោកអ្នក។

វិធី​ព្យាបាល​ជម្ងឺ​ប៉ោង​សរសៃ​ឈាម

ជា​ទូទៅ​ការ​ព្យាបាល​ជម្ងឺនេះ​អាចជា​សះស្បើយ​មួយ​រយភាគរយ​ក្នុង​រយៈពេល​ខ្លី និង​ពុំមាន​ផល​ប៉ះពាល់​អ្វីច្រើន​នោះទេ បើ សិនជា​លោកអ្នក​បាន​ទទួល​ការព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​ត្រឹមត្រូវ និងបាន​ទាន់ពេល​វេលា​ផងដែរ។ ការ​យល់ដឹង​អំពី​របៀប​ថែរក្សា ខ្លួនប្រាណ​បានល្អ ទាំងការ​ហូបចុក ការ​ហាត់​ប្រាណ​បន្ធូរ​បន្ថយ​ការឡើង​តឹងនៃ​សរសៃ​ឈាម និងការ​ធ្វើការ​ដែល​រែកពន់​ទម្ងន់ធំ​ផ្សេងៗ ឬឈរ​គ្មានពេល​សម្រាក​នោះ ជា​កត្ដា​កាន់តែ​ល្អថែម​ទៀត​សម្រាប់​អ្នកជម្ងឺ​ប្រភេទ​នេះ ក្រោយពី​បាន​ទទួល​ការ​ព្យាបាល​ពីគ្រូពេទ្យ ជំនាញ​រួចហើយ។ រីឯ​ចំពោះ​ការបង្ការ​កុំឱ្យ​មានជម្ងឺ​នេះ លោកអ្នក​គ្រាន់តែ​អនុវត្ដ​ទម្លាប់​ល្អ​សម្រាប់​រាងកាយ និងធ្វើ​ការចេះស្មាន​កម្លាំង មិនឈរ​យូរ​ពេក ឬធ្វើ​ការហួស​កម្លាំង​នោះ​ឡើយ។

ដំបូន្នាន​អ្នក​ឯកទេស

សុខភាព​គឺជា​ចំណែក​នៃ​សុភមង្គល​ដែល​មនុស្ស​គ្រប់រូប​គួរតែ​ខិតខំ​ថែរក្សា។ ការ​ហាត់ប្រាណ និងការ​ទៅ​មណ្ឌល​សុខភាព​ឬ មន្ទីរ​ពេទ្យ​ជា​ទៀងទាត់ និងទាន់​ពេលវេលា​ពេលមាន​ជម្ងឺ ជាកត្ដា​ដែល​បុគ្គល​គ្រប់រូប​ត្រូវតែ​អនុវត្ដ។ ជាពិសេស​នៅពេល​លោកអ្នក មាន​អាការ​មួយ​ណាខុស​ប្រក្រតី​នៅតាម​សរសៃ​ឈាម ដែលជា​រោគសញ្ញា​នៃ​ជម្ងឺប៉ោង​សរសៃ​ឈាម លោកអ្នក​ត្រូវតែ​រួសរាន់​ទៅ ពិនិត្យ និងធ្វើ​ការ​ព្យាបាល​ជាបន្ទាន់ ចៀសវាង​មាន​ផលវិបាក​ដោយសារ​តែការ​ធ្វេស​ប្រហែស និងមិន​យកចិត្ដ​ទុកដាក់​ចំពោះ​ស្ថានភាព ជម្ងឺ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative