អម្ពរ ទេវី ខ្ញីកាន់​តែចាស់ កាន់តែ​ហិរ

អ្នកនាងអម្ពរ ទេវី ជាតារា​ភាពយន្ដ​ដ៏ល្បីល្បាញ​មួយរូប​ក្នុងអំឡុង​ទសវត្សរ៍​ទី៨០​រហូតមក​ដល់​បច្ចុប្បន្ននេះ។ រហូតមកដល់ពេលនេះ អ្នកនាង​នៅតែ​មានវ័យ​ស្រស់ស្អាត​ដដែល។ តើអ្នកនាង​អម្ពរ ទេវី មានវិធី​ថែរក្សា​សម្ផស្ស និងសុខភាព​របស់​អ្នកនាង បែបណាទៅ? ទស្សនាវដ្ដី សុខភាពយើង បានជូបសម្ភាសន៍​ជាមួយ​អ្នកនាង​អម្ពរ ទេវី ដើម្បី​បកស្រាយ​ពីអាថ៌កំបាំង​នៃការ​ថែរក្សា សម្ផស្ស និងសុខភាព​របស់អ្នក​នាងជូន​ប្រិយមិត្ដ​អ្នកអាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​ផ្ទៃមុខ

តាំងពីពេល​អ្នកនាង​ចូលថត​ភាពយន្ដ​នៅវ័យ​១៩ឆ្នាំ​រហូតដល់​សព្វថ្ងៃ អ្នកនាង​តែងប្រើ​ឡេលាប​លើផ្ទៃមុខ​ជាប្រចាំ ព្រោះ ស្បែកមុខ​ត្រូវកម្ដៅ​ថ្ងៃច្រើន​ងាយនឹងខូច។ ជាពិសេស​អ្នកនាង​លាបឡេ​ការពារ ដើម្បី​កុំឱ្យ​ស្បែកនៅ​ក្រោមត្របក​ភ្នែកឆាប់​ជ្រួញ។ ប៉ុន្ដែការជ្រើសរើស​ឡេយក​មកប្រើនោះ អ្នកនាង​មិនគិត​ថាជា​ផលិតផល​ប្រភេទថ្លៃ ឬថោកទេ សំខាន់ឱ្យ​តែប្រើទៅ​ត្រូវនឹង​ស្បែកមុខ របស់​អ្នកនាង។ អ្នកនាង​តែងតែ​ប្រើឡេលាប​ស្បែកមុខ នៅក្រោយ​ពេលងូត​ទឹកហើយ នៅពេល​ចេញទៅ​ខាងក្រៅ ឬនៅពេល​សម្ដែង ភាពយន្ដ។

អ្នកនាង​មានរបៀប​សម្អាត​ស្បែកមុខ​ដ៏ល្អមួយ។ ពេលមក​ពីសម្ដែងវិញ អ្នកនាង​តែងតែ​ប្រញាប់​លុបលាង​មុខចេញ​ជាបន្ទាន់ ព្រោះទុក​យូរនាំ​ឱ្យម្សៅ​ជ្រាបចូល​ផ្ទៃមុខ នាំឱ្យ​ខូចមុខ។ មុនធ្វើការ​លុបលាងមុខ អ្នកនាង​តែងតែ​ប្រើឡេ​សម្រាប់ជូត​សម្អាតម្សៅ​នៅ លើស្បែក មុខរួច​ហើយទើប​លាងស្បែក​មុខចេញ​ជាមួយ​នឹងសាប៊ូ។

ការថែរក្សា​សក់

អ្នកនាងអម្ពរ ទេវី ជ្រើសរើស​សាប៊ូមួយ​ប្រភេទ ដែលមិន​ធ្វើឱ្យ​សក់របស់​អ្នកនាង​បែកចុង និងកើតអង្គែ ព្រោះអ្នកនាង យល់ថា​ការកើត​អង្គែជា​មូលហេតុ​អាក្រក់ធ្វើ​ឱ្យសក់ងាយ​ជ្រុះបាន។ អ្នកនាង​ឧស្សាហ៍​ធ្វើសក់ជា​ញឹកញាប់​នៅពេល​ចេញសម្ដែង និង ចូលក្នុងពិធីផ្សេងៗ។ នៅពេល​ត្រឡប់​មកវិញ អ្នកនាង​តែងតែ​កក់សក់​ជាមួយក្រែម​ម្យ៉ាងធ្វើ​ឱ្យសក់ទន់​ងាយស្រួលសិត និងមិនធ្វើឱ្យ សក់ជ្រុះ។ បន្ទាប់មក ទើបអ្នកនាង​លាបសក់​ជាមួយ​ប្រេងម្យ៉ាង​ដើម្បីឱ្យ​សក់មាន​ទម្ងន់ល្អ។

ការថែរក្សា​រោមភ្នែក និងចិញ្ចើម

អ្នកនាងអម្ពរ ទេវី ចូលចិត្ដ​ប្រើម៉ាស្ការា​ពណ៌ខ្មៅ​លាបនៅ​លើរោមភ្នែក និងខ្មៅដៃ​គូសចិញ្ចើម​ពណ៌សូកូឡា លាយពណ៌ខ្មៅ ។ ក្រោយពេល​ថតភាពយន្ដ​ហើយ អ្នកនាង​តែងតែ​ប្រញាប់លាង​ម៉ាស្ការា​ចេញភ្លាមដែរ ចៀសវាង​នូវការ​ជ្រុះរោម​ភ្នែក។

ការថែ​សុខភាព​មាត់ធ្មេញ

អ្នកនាង​តែងដុស​សម្អាត​ធ្មេញ១​ថ្ងៃ៣ដង និងអ្នកនាង​តែងទៅ​ពិនិត្យសុខភាព​មាត់ធ្មេញ រាល់៣ខែ​ម្ដងផងដែរ។

ការថែរក្សា​ស្បែក

ចំពោះ​សុខភាព​ស្បែក តាំងពី​អ្នកនាង​ពេញវ័យ​ពេលណាមក ម្ដាយអ្នកនាង​តែងតែ​យកចិត្ដ​ទុកដាក់​ថែរក្សា​ស្បែកដងខ្លួន និងស្បែកមុខ​តាមបែប​បុរាណ ដោយបុក​ពន្លៃលាយ​ជាមួយ​ល្មៀត ផ្លែក្រូច​សើចយក​មកលាប​នៅលើស្បែក​របស់អ្នកនាង ព្រមទាំងឆ្ពុង ផងដែរ។ ម្ដាយរបស់​អ្នកនាង​តែងតែ​ធ្វើបែបនេះ រហូតដល់​អ្នកនាង​អាចយល់​ដឹងធ្វើបាន​ដោយខ្លួនឯង។ នៅរៀងរាល់​ពេលមករដូវ អ្នកនាងតែងតែ​យកពន្លៃ​ដែលបុក​ជាមួយ​ល្មៀតមក​លាបលើស្បែក ហើយពាក់​អាវដៃ​វែងជិត។ នៅក្រោយ​ពេលមក​រដូវ អ្នកនាងឆ្ពុង រយៈពេល៣ថ្ងៃទៀត។ អ្នកនាង​លាបឡេ​នៅលើស្បែក​ជាប្រចាំ​ផងដែរ នៅពេល​អ្នកនាង​ចេញទៅខាង​ក្រៅផ្ទះ។ អ្នកនាង​ជ្រើសរើស ក្រែមណា​ដែលត្រូវ​នឹងស្បែក​របស់អ្នកនាង នៅពេលលាប​ទៅមិនមាន​កើតកន្ទួល​រមាស់នៅ​លើស្បែក។

ការហាត់ប្រាណ និងការថែទាំ​សុខភាព

អ្នកនាង​តែងតែ​ហាត់ប្រាណ​ជាប្រចាំផងដែរ ដើម្បីសុខភាព ជាពិសេស​នៅពេលព្រឹក​ក្រោកពី​ដំណេក។ ករណីអ្នក​នាងមិន ចេញទៅ​សម្ដែង អ្នកនាង​ហាត់ប្រាណ​រយៈពេល១​ម៉ោងក្នុង​មួយថ្ងៃ។ អ្នកនាង​ទម្លាប់​ហាត់ប្រាណ​តាមកាសែត​វីដេអូ​ហាត់ប្រាណ ដែល អ្នកនាង​ទិញមក​ពីបរទេស។ នៅពេល​អ្នកនាង​មានជម្ងឺ​ផ្ដាសាយ​ម្ដងៗ អ្នកនាង​តែងតែ​ទៅមន្ទីរពេទ្យ និងទៅឆ្ពុង។ នៅផ្ទះ​ជួនកាល អ្នកនាង​គេងត្រាំ​ទឹកក្ដៅ​ឧណ្ហៗ ឬត្រាំជើង​ជាមួយ​ទឹកក្ដៅ​តាមការ​ប្រាប់របស់​ម្ដាយអ្នកនាង។

ការទទួល​ទានអាហារ និងការរក្សា​ទម្ងន់

អ្នកនាង​ចូលចិត្ដ​ទទួលទាន​បន្លែដែល​មានពណ៌​បៃតង ដូចជាស្ពៃ​ជាដើម ជាងការ​ទទួលទាន​សាច់។ ចំណែក​សាច់វិញ អ្នក នាងចូលចិត្ដ​ទទួលទាន​តែសាច់ត្រី។ ជាទម្លាប់​អ្នកនាង​តែងតែពិសាទឹក​មួយកែវ នៅពេលមុន​ចូលដំណេក និងមួយកែវ​ទៀតក្រោយ ពេលភ្ញាក់ពីដំណេក។ ចំពោះ​ទម្ងន់វិញ អ្នកនាង​តែងតែ​ញ៉ាំអាហារ​ជាធម្មតា​ទៅតាម​ពេលដែល​អ្នកនាងឃ្លាន។ នៅពេល​អ្នកនាង សម្រេចថា​នឹងចុះកិច្ចសន្យា​ថតភាពយន្ដ​ជាមួយ​ផលិតកម្ម​ណាមួយ នោះទើប​អ្នកនាងធ្វើ​ការសម្រក​ទម្ងន់បន្ដិច ដោយកាត់​បន្ថយការ ញ៉ាំចំណី​អាហារ។ អ្នកនាងយល់ថា​អ្នកនាង​ជាមនុស្សម្នាក់​ដែលឆាប់ស្រកទម្ងន់ និងជាមនុស្ស​ឆាប់ឡើង​ទម្ងន់ដែរ។ ដូច្នេះ ប្រសិនបើ អ្នកនាងចង់​បានទម្ងន់ធាត់វិញ អ្នកនាង​បង្កើនការ​បរិភោគវិញ អ្នកនាង​នឹងមានរាង​ធម្មតាវិញ។

ការថែទាំខ្លួន​ក្រោយពេល​ឆ្លងទន្លេ

ក្រោយពេល​ឆ្លងទន្លេ អ្នកនាង​តបការងូត​ទឹករយៈពេល​ពីរសប្ដាហ៍ និងឆ្ពុងជាប្រចាំ។ អ្នកនាង​គ្រាន់តែជូត​សម្អាតខ្លួន​ជាមួយ ទឹកធម្មតា​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

បណ្ដាំផ្ញើ​របស់អម្ពរ ទេវី

ចំពោះស្ដ្រី​នៅលីវ ដែលចង់​ថែរក្សា​រាងកាយ​របស់ខ្លួនឱ្យ​ល្អស្អាត​ជានិច្ចនោះ គឺត្រូវតែ​មានការ​ហាត់ប្រាណ​ជាប្រចាំ។ យើង អាចបន្ថយ​ការញ៉ាំបន្ដិច ហើយយើង​ហាត់ប្រាណ វាអាចធ្វើ​ឱ្យរាងកាយ​យើងល្អ​ប្រសើរបាន។ ត្រូវទទួលទាន និងជ្រើសរើស​ប្រភេទ​អាហារណា​ដែលមាន​វីតាមីន និងសារធាតុ​ចិញ្ចឹមសម្រាប់​ចិញ្ចឹមរាងកាយ។ ចំពោះ​អាហារខ្លះ មិនគួរ​បរិភោគទេ ដូចជា​លៀសហាល​ជាដើម វាជាអាហារ​គ្មានសុវត្ថិភាព និងមិនអាច​ផ្ដល់នូវ​វីតាមីន​ដើម្បីចិញ្ចឹម​សរីរាង្គយើង​បានល្អទេ។

ជីវប្រវត្ដិសង្ខេប

  • ឈ្មោះ ៖ អម្ពរ ទេវី
  • អាយុ ៖ ៣៧ឆ្នាំ
  • អាជីព ៖ ជាតារាសម្ដែង
  • ចូលប្រឡូកក្នុងវិស័យ​សិល្បះ ៖ ឆ្នាំ១៩៨៣
  • បងប្អូន ៖ ៥នាក់ (ជាកូនទីមួយ)
  • ស្ថានភាពគ្រួសារ ៖ រៀបការរួច (មានបុត្រ​មួយនាក់)
  • ទម្ងន់ ៖ ៥៣គីឡូក្រាម
  • កម្ពស់ ៖ ១,៦០ម៉ែត្រ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative