ស្រុតស្បូន កើតលើ​ស្ដ្រីគ្រប់វ័យ

សរីរាង្គ​បន្ដពូជ​របស់ស្ដ្រី​អាច​ប្រឈម​មុខនឹង​បញ្ហា​ជាច្រើន​ដែលមិន​អាចធ្វេស​ប្រហែស​ក្នុងការ​ការពារ ក៏ដូចជា​ការព្យាបាល បានទេ។ មានជម្ងឺ​នៅ​សរីរាង្គ​បន្ដពូជ​ដែលអាច​បណ្ដាលឱ្យ​ស្ដ្រីប៉ះពាល់​ដល់​​​សុខភាព ឬក៏អាច​បាត់បង់​ជីវិត។ ស្រុតស្បូន​ជា​ជម្ងឺមួយ ប្រភេទ​ដែលស្ដ្រី​ភាគច្រើន​បានប្រទះ ជាពិសេស​ចំពោះស្ដ្រី​ដែលមាន​ប្រវត្ដិ​សម្រាលកូន និងរបួស​គ្រាំគ្រា​នៅតំបន់​ទ្វារមាស។ ថ្វីត្បិតតែ ជម្ងឺស្រុត​ស្បូនមិន​បណ្ដាលឱ្យ​ស្ដ្រីបាត់បង់​ជីវិត តែផល​រំខាន​របស់វា​ពិតជា​ធ្វើឱ្យ​ស្ដ្រីពិបាក​ទ្រាំ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីឱ្យ​មិត្ដអ្នកអាន ជាពិសេស​ស្ដ្រីយល់​ដឹងពីជម្ងឺ​ស្រុតស្បូន​នេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​មកបង្ហាញ តាមរយៈ កិច្ចសម្ភាសន៍​ជាមួយ​លោក​សាស្ដ្រចារ្យ​មហាបរិញ្ញា គុំ កាណាល់ នាយក​មជ្ឍមណ្ឌល​ជាតិគាំពារ​មាតា និងទារក។

ស្រុតស្បូន ជាអ្វី?

មុននឹង​ឈានដល់​ជម្ងឺ​ស្រុតស្បូន ឬស្បូនស្រុត គប្បីត្រូវ​យល់ជាមុន​សិនពី​សរីរាង្គ​បន្ដពូជ​របស់ស្ដ្រី។ សរីរាង្គ​បន្ដពូជ​របស់ស្ដ្រី មាន​ទំនាក់ទំនង​មកលម្ហ​ខាងក្រៅ​តាមទ្វារមាស។ សរីរាង្គ​បន្ដពូជ​របស់ស្ដ្រី​មាននៅ​រួមជាមួយ​សរីរាង្គ​ដទៃទៀត ដូចជា​នៅខាង​មុខស្បូន មាន​ប្លោកនោម និងខាងក្រោយ​ស្បូនមាន​ផ្នែកចុងក្រោយ​នៃពោះវៀនធំ។ នៅពេល​សរីរាង្គ​ទាំងអស់​នោះស្រុត អាចជា​ដើមហេតុ​ដែល បណ្ដាលឱ្យ​ស្បូនស្រុត ជួនកាល​តួស្បូនស្រុត​ដោយខ្លួនឯង​តែម្ដង។ ជាទូទៅ​សរីរាង្គ​បន្ដពូជ​ត្រូវបាន​ទ្រទប់​ដោយ​ប្រព័ន្ធពួរ និងប្រព័ន្ធ សាច់ដុំ​នៅ​តំបន់ទ្វារ។ នៅពេល​ដែលសរីរាង្គ​បន្ដពូជ​ចុះខ្សោយ ឬបាត់បង់ សរីរាង្គ​ទាំងនោះ​នឹងស្រុត​មកលម្ហ​ខាងក្រៅ។ ជាធម្មតា នៅនឹងស្បូន​មានពួរ​សម្រាប់ព្យួរ​ស្បូនឱ្យ​នៅនឹងកន្លែង។ ជាមួយគ្នា​នេះដែរនៅ​ចង្កេះស្បូន​ខាងក្រោយ មានពួរ២​ផ្សេងទៀត​ដែលជាប់ នឹងឆ្អឺង​ត្រគាក​សម្រាប់​ទ្រទប់។ ដូចនេះស្បូន​អាចធ្វើ​ចលនាបាន​ដោយសារ​សរសៃពួរ​ទាំងបួននេះ។ ប្រព័ន្ធទ្រទប់​ដែលនៅ​ពីក្រោយ សាច់ដុំ​ទ្វារមាស​មាន២ស្រទាប់ គឺស្រទាប់សើ និងស្រទាប់ជ្រៅ ដែលជា​សាច់ដុំ​ញំងសាច់​ម្ដុំទ្វារ​មានសណ្ឋាន​ដូចអង្រឹង។ រួមសេចក្ដីមក វិញ ស្រុតស្បូន គឺមានន័យថា​ស្បូននៅមិន​ចំកន្លែងធម្មតា​របស់វា អាចធ្លាក់​មកក្រោម​បន្ដិច តែបើ​ស្ថានភាព​ជម្ងឺមាន​កម្រិត​ធ្ងន់ធ្ងរ គឺ ស្បូនធ្លាក់​ចេញមក​ក្រៅតែម្ដង។

មូលហេតុ​ស្រុតស្បូន

ជម្ងឺស្រុតស្បូន​អាចកើត​មានចំពោះ​ស្ដ្រីដែល​មិនធ្លាប់​មានប្រវត្ដិ​សម្រាលកូន និងស្ដ្រីដែល​ធ្លាប់មាន​ប្រវត្ដិ​សម្រាលកូន ហើយ ជួបប្រទះ​នឹងរបួស​គ្រាំគ្រា​នៅតំបន់​ទ្វារមាស​ពេលសម្រាល។

  • ស្ដ្រីដែល​មិនធ្លាប់​មានប្រវត្ដិ​សម្រាលកូន ស្រុតស្បូន​អាចកើតទ្បើង​បានដោយសារ​ស្ដ្រីទាំងនោះ​មានប្រព័ន្ធ​ទ្រទប់ខូចពី កំណើត មានន័យថា​ប្រព័ន្ធ​ទ្រទប់ខ្លី ឬស្ដើងពេក។ ម្យ៉ាងទៀត​អាចដោយ​សារកស្បូន​របស់ស្ដ្រី​នោះវែងពេក។ ជាទូទៅ​កស្បូនមាន ប្រវែងតែ២ ឬ៣សង់ទីម៉ែត្រ​ប៉ុណ្ណោះ តែស្ដ្រីមួយ​ចំនួនមាន​កស្បូន​រហូតដល់​ទៅពី១០ ទៅ១២សង់ទីម៉ែត្រ​ដែលអាច​លៀន​ចេញមក ក្រៅបាន។
  • ស្ដ្រីដែល​ធ្លាប់មាន​ប្រវត្ដិ​សម្រាលកូន ស្រុតស្បូន​ច្រើនកើត​ទ្បើងនៅ​ពេលដែល​ស្ដ្រីឆ្លងកាត់​ការ​សម្រាលកូន ព្រោះពេល សម្រាល​កូនម្ដងៗ ស្បូនរីកប៉ោង​ទ្បើង សរសៃដែល​ទ្រទប់ស្បូន​ក៏យឺតទ្បើងដែរ ហើយខ្សោយ​ទៅៗ​បន្ដិចម្ដងៗ។ បើការ​សម្រាលកូន​ធ្វើ ទ្បើងដោយ​គ្រូពេទ្យ​ដែលគ្មាន​ជំនាញ​ច្បាស់លាស់ និងមិនអាច​គ្រប់គ្រង​ស្ថានភាព​សម្រាល នោះបាន​ធ្វើឱ្យ​សរីរាង្គ​បន្ដពូជ​របួស​គ្រាំគ្រា ឫក៏អាច​បណ្ដាលមក​ពីការកាត់​មាត់ទ្វារ​មាស​ផ្ដេសផ្ដាស។ ម្យ៉ាងទៀត បើការ​សម្រាលកូន​ធ្វើទ្បើង​ដោយ​ឆ្មបបុរាណ ច្រើនតែ​ជួយរុញ ពោះដើម្បី​ឱ្យកូនឆាប់​ចេញមកក្រៅ នេះគឺជា​ការខុស​ឆ្គងធ្ងន់​ណាស់ ព្រោះវា​អាចធ្វើ​ឱ្យស្បូន និងទ្វារមាស​ដាច់ដោយ​ខ្ទេចខ្ទីអស់។

ស្ដ្រីមួយ​ចំនួនយល់​ច្រលំថា​ជម្ងឺស្រុតស្បូន​បណា្ដលមកពី​ការឆាប់​ធ្វើការងារ​ធ្ងន់​របស់ស្ដ្រី នៅពេល​ទើបសម្រាល។ ពោលមិន មាននិន្នាការ​ណាមួយ​នៃជម្ងឺ​ស្រុតស្បូន​ដែលជាប់​ទាក់ទង​នឹងការ​ធ្វើការងារ​របស់ស្ដ្រីទេ ព្រោះថា​ក្រោយពេល​សម្រាលរយៈ​ពេល៦ សបា្ដហ៍ ស្ដ្រីដែល​មិនបំបៅកូន​នឹងមាន​ឈាមរដូវ​ទ្បើងវិញ ហើយគាត់​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់ការ​បន្ដពូជ​ទ្បើងវិញ។ ហេតុ ផលចម្បង​នៃការ​ស្រុតស្បូន​សម្រាប់ស្ដ្រី​ដែលធ្លាប់​សម្រាល គឺមកពី​ការខ្សោយ​ប្រព័ន្ធទ្រទប់។

រោគសញ្ញា​ស្រុតស្បូន

គេចែកការ​ស្រុតស្បូន​ជាបី​កម្រិត​ដូចតទៅ ៖

  • ស្រុតស្បូនកម្រិត​ទីមួយ ក្នុងកម្រិតនេះ មាត់ស្បូន​ធ្លាក់មក​ទីតាំងធម្មតា​ចូលមក​រន្ធទ្វារមាស ហើយនៅពេល​លូកដៃចូល ទៅប៉ះសាច់​ដែលនៅនឹង​មាត់ស្បូន។ ប៉ុន្ដែមាត់ស្បូន​មិនធ្លាក់​ចេញមក​ក្រៅលម្ហ​ទ្វារមាសទេ ទោះបី​ជាទាញចេញ​មកក៏ដោយ។ ក្នុង កម្រិតនេះ ស្ដ្រីច្រើន​ជួបអាការ​នោមញឹក សើចលេចនោម ឬក្អកហៀរ​នោមដែល​សុទ្ធតែជា​ការរំខាន។
  • ស្រុតស្បូន​កម្រិតទីពីរ ៖ នៅដំណាក់កាល​នេះ មាត់ស្បូន​បានលូន​ចេញមក​ក្រៅដល់​មាត់ទ្វារមាស។ នៅពេល​ដែលស្ដ្រី ប្រឹងធ្វើការ​អ្វីមួយ ឬក្អកខ្លាំង ពួកគាត់​នឹងឃើញ​ស្បូនរបស់​គាត់ចេញ​មកក្រៅ​តែម្ដង ហើយមាន​ការឈឺចាប់។ ក្រៅពី​នេះទៀត អ្នក ជម្ងឺច្រើន ឧស្សាហ៍ឈឺចង្កេះ ហើយមាន​លាន់ស្នូរ​សម្លេង​ដូចផោម នៅពេល​ដែលគាត់​ខំប្រឹង​ធ្វើចលនាដែល​ខ្មែរយើង​និយម​ហៅថា លាន់ស្បូន។
  • ស្រុតស្បូន​កម្រិតទីបី មាត់ស្បូន និងតួស្បូន​ចេញក្រៅ​លម្ហ​ទាំងអស់ ដែលបង្ក​ជាការ​រលាក​ដំបៅអាច​ឱ្យអ្នក​ជម្ងឺឈឺ ចាប់ខ្លាំង ជួនកាល​ដំបៅនេះ​អាចរលួយ​ទៅជាជម្ងឺ​មហារីក​ទៀតផង។

ការព្យាបាល​ស្រុតស្បូន

ស្រុតស្បូន​មិនបណ្ដាល​ឱ្យស្ដ្រីមាន​គ្រោះថ្នាក់​ដល់ជីវិតទេ។ ការព្យាបាល​ត្រូវធ្វើទ្បើង​ទៅតាម​ស្ថានភាព​ផ្ទាល់​របស់ស្ដ្រី។ ផ្ទុយទៅវិញ បើទាមទារ​ការវះកាត់ ស្ដ្រីអាច​មានគ្រោះថ្នាក់​ដោយសារ​ការវះកាត់។ ជាទូទៅ​ការវះកាត់​មិនត្រូវបាន​ធ្វើទ្បើង​តាមផ្លូវ លើទេ ព្រោះការ​វះកាត់តាម​ផ្លូវលើ​មិនអាច​កែកុន​សរីរាង្គ​ផ្សេងទៀត​ដែលស្រុត​ជាមួយ​នឹងស្បូនទេ។ ប៉ុន្ដែការ​កាត់ស្បូនតាម​ទ្វារមាស ក្រោមមិន​ស្រួលទេ អាចមាន​គ្រោះថ្នាក់​ច្រើនជាង​វះកាត់​តាមផ្លូវលើ នៅពេល​ដែល​គ្រូពេទ្យ​គ្មានជំនាញ​ច្បាស់លាស់។ ផ្ទុយទៅវិញ បើ ស្ដ្រីនោះ​នៅក្មេង ហើយចង់​បន្ដពូជ​តទៅទៀត តែដោយ​ស្បូនគាត់​ធ្លាក់ដោយ​សារ​កស្បូនវែង គ្រូពេទ្យ​អាចកាត់​កស្បូន​របស់​គាត់ពាក់ កណ្ដាលចេញ។ ម្យ៉ាងវិញទៀត បើស្ដ្រីមាន​ការរំខាន​ខ្លាំង តែសុខភាព​មិនអំណោយ​ផលដល់ការ​វះកាត់យក​ស្បូនចេញ គេអាច​វះកាត់ តាមផ្លូវ​លើដើម្បី​ចងស្បូន​ភ្ជាប់នឹង​ឆ្អឹងខ្នង ឬចងជាប់​សាច់វាវ​ពោះខាង​លើកុំឱ្យ​ធ្លាក់មកបាន តែមិន​បានកែកុន​សរីរាង្គ​ផ្សេងៗ ដូចជា ប្លោកនោម ឬផ្លូវលាមក​ដែលស្រុត​មកជាមួយទេ។ ដោយទ្បែក បើសុខភាពស្ដ្រី​នោះមិនអាច​ទប់ទល់​នឹងថ្នាំ​សណ្ដំបាន ដោយមាន​ជម្ងឺ ផ្សេងៗទៀត ឬមានវ័យ​ចំណាស់ពេក អ្នកជម្ងឺ​អាចជ្រើសរើស​យកកង ឬចានសម្រាប់​ទ្រទប់​ស្បូនបាន។ មិនទាន់​ឃើញមាន​ឯកសារ​ណា បញ្ជាក់ថា​មានថ្នាំ​ដែលអាច​ឱ្យស្បូន​រួញចូល​ទៅវិញទេ។

វីធីបង្ការ​ស្រុតស្បូន

នៅពេល​សម្រាលកូន ត្រូវចៀសវាង​ឱ្យបាន​នូវការ​កាត់ទ្វារមាស​ដោយគ្មាន​ការពិនិត្យ​ច្បាស់លាស់។ គ្រូពេទ្យ​អាច​កាត់ទ្វារមាស​បានលុះត្រា​តែការ​ពិនិត្យទៅ​ឃើញថា​ទ្វារមាស​នោះអាច​រហែក ឬជិតរហែក។ ប៉ុន្ដែ​បើសិន​ជាកូនតូច ទ្វារមាស​ស្រឡះ មិនអាច រហែក មិនគប្បី​កាត់ទ្វារមាស​ទ្បើយ។ ពីព្រោះ​ពេលកាត់​ទោះបី​ជាជុសជុល​ទ្បើងវិញ ជួនបានល្អ ជួនមិន​បានល្អ ដែលអាច​បង្កទៅជា ក្រិនសាច់​ដែលបង្ក​ជាការ​ឈឺចាប់​នៅពេល​រួមភេទ អាចជា​ចំណុចនាំ​ទៅរក​ការ​បែកបាក់គ្នា។ ពេលខ្លះ​នៅពេល​សរីរាង្គ​បន្ដពូជ​រងរបួស គ្រាំគ្រា​ខ្លាំងពេក អាចបណ្ដាល​ឱ្យស្ដ្រី​ពិការក៏​មានដែរ ព្រោះពួក​គាត់មិន​អាចចូលរួម​ក្នុង​សង្គមបាន ដោយសារ​តែគាត់​មិនអាច​គ្រប់គ្រង ការហូរចេញ​នៃទឹកនោម ឬលាមក​(លេចនោម ឬលេចអាចម៍) ធ្វើឱ្យ​ខ្លួនប្រាណ​របស់គាត់​មានក្លិន​មិនល្អ។

ដំបូន្មានអ្នក​ជំនាញ

បន្ទាប់ពី​បានជ្រាប​អំពីផល​វិបាកផ្សេងៗ​នៃជម្ងឺ​ស្រុតស្បូន សង្ឃឹមថា​គ្រប់ស្ដ្រី​មានផ្ទៃពោះ​ទាំងអស់​នឹងមក​សម្រាលកូន​នៅ មន្ទីរពេទ្យ ដើម្បី​ចៀសវាង​នូវគ្រោះថ្នាក់​ផ្សេងៗដែល​អាចកើត​មាន នាំឱ្យ​ស្រុតស្បូន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative