វីធីថែទាំ​ស្បែកពេល​នៅហាល​ថ្ងៃ

នៅរដូវក្ដៅ ប្រទេស​កម្ពុជា​មាន​អាកាសធាតុ​ក្ដៅហួតហែង​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់។ ជាពិសេស​នៅពេល​ដែលធ្វើ​ដំណើរ ទៅណា​មកណា​ក្រោម​កាំរស្មី​នៃកម្ដៅនេះ។ ពន្លឺថ្ងៃ​មានឥទ្ធិពល​ចំពោះ​​​ស្បែក​ច្រើនប្រការ​ណាស់។ បើលោកអ្នក​សង្កេត ហើយ​ចាប់អារម្មណ៍​ឱ្យមែនទែន គឺស្បែក​របស់​លោកអ្នក​នឹងផ្លាស់​ប្ដូរពណ៌​សម្បុរភ្លាម បន្ទាប់ពី​ត្រូវរង​កម្ដៅ​ថ្ងៃរយៈ​ពេល២ ឬ៣ម៉ោង​ក្រោយមក។

រូបភាពទស្សនាវដ្តីសុខភាពយើង

វីធីថែទាំ​ស្បែកពេល​នៅហាល​ថ្ងៃជា​ប្រធានបទ​ដែលត្រូវ​លើកមក​ជូនមិត្ដ​អ្នកអាន​ឱ្យស្វែង​យល់ តាមរយៈ​កិច្ចសម្ភាសន៍ជា មួយលោក​ស្រីវេជ្ជបណ្ឌិត ហ៊ាង មុំ អ្នកជំនាញ​ជម្ងឺសើ​ស្បែក នៃគ្លីនិក​ជាតិសើ​ស្បែក និងកាមរោគ។

ពន្លឺថ្ងៃផ្ដល់​គុណសម្បត្ដិ និងគុណ​វិបត្ដិ

តាមពិត​ទៅពន្លឺ​ថ្ងៃបាន​ផ្ដល់នូវ​ផលប្រយោជន៍​ចំពោះស្បែក​របស់យើង ដូចជា​ផ្ដល់​វីតាមីនដេ ដែលរាងកាយ​ត្រូវការ ដោយពុំ ចាំបាច់​ទៅចំណាយ​ប្រាក់​សម្រាប់​ទិញទ្បើយ។ ប៉ុន្ដែ​លោកអ្នក​គួរតែ​ស្រូបយក​សារធាតុ​ទាំងនេះ​នៅពេល​ព្រឹកព្រលឹម ឬពេលល្ងាច ប្រសើរជាង ព្រោះពន្លឺថ្ងៃ​ក្នុងអំទ្បុង​ពេលនោះ​មិនសូវ​មានកម្ដៅ​ខ្លាំងទេ។ ផ្ទុយទៅវិញ បើកម្ដៅ​ថ្ងៃខុស​ពីពេល​ដែលជម្រាប​ជូននេះ លោកអ្នក​រងកម្ដៅ​ត្រឹមតែ​១០នាទី ស្បែក​របស់លោកអ្នក​នឹងទ្បើង​ពណ៌ក្រហម ហើយមាន​ចំហាយក្ដៅ​ភាយៗ។ ដោយទ្បែក ប្រសិន បើរង​កម្ដៅថ្ងៃ​យូរជាងនេះ ក៏ប្រហែល​ជាគ្មាន​នរណាហ៊ាន​អះអាង​ទ្បើយថា​ស្បែករបស់​លោកអ្នក​មិនផ្លាស់​ប្ដូរសភាព​នោះទេ។ កម្ដៅ ថ្ងៃនឹង​ធ្វើឱ្យ​ស្បែកលោកអ្នក​ទ្បើងខ្មៅ​ស្រគាំ ជ្រីវជ្រួញ ទ្បើងអាចម៍​រុយចាស់​ជាងវ័យ​ជាដើម។ ក្រោយពី​វាបាន​បំផ្លាញ​សុខភាព​ស្បែក របស់លោកអ្នក​ហើយ ពន្លឺថ្ងៃ​អាចបង្ក​គ្រោះមហន្ដរាយ​ដ៏ធំមួយ​ទៀតសម្រាប់​លោកអ្នក ជាប្រការ​មិនគួរមើល​រំលងនោះ គឺកើតរោគ មហារីក​ស្បែក។

ប្រការគួរ​ធ្វើដើម្បី​ថែរក្សាស្បែក​ពីកម្ដៅថ្ងៃ

មានវិធីសាស្ដ្រ​២យ៉ាង​ជាចម្បង​សម្រាប់​ការពារ​ស្បែកពី​កម្ដៅថ្ងៃ។

  • ប្រការទី១ ចៀសវាង​ការរង​កម្ដៅថ្ងៃ​ខ្លាំងក្នុង​រយៈពេល​លើសពី​១០នាទី ជាពិសេស​ចាប់ពីម៉ោង​១២ ដល់ម៉ោង​១៦។ មិនត្រូវ​ពឹងផ្អែក​លើផលិតផល​ការពារ​កម្ដៅថ្ងៃ​ទាំងស្រុង​ពេកទេ។ បើក្នុង​ករណី​ដែលចៀស​មិនរួច គួរតែ​មានរបាំង​សម្រាប់​ការពារ ដូច ជាមួក វ៉ែនតា ស្រោមដៃ ស្រោមជើង អាវដៃវែង ខោជើងវែង​ជាដើម។
  • ប្រការទី២ សព្វថ្ងៃនេះ​មានផលិតផល​ការពារ​កម្ដៅថ្ងៃ​ច្រើនណាស់​ដាក់លក់​នៅលើ​ទីផ្សារ ហើយមាន​កម្រិតដូច​ជា១៥ ជាន់ ២៥ជាន់ ៣០ជាន់​ជាដើម។ ចំពោះ​កម្រិតទាប ឬខ្ពស់ គឺសំំដៅ​ទៅលើ​សមត្ថភាព​ការពារស្បែក​របស់​ផលិតផល​នោះ។ បើលោក អ្នកជា​អ្នកដែល​ត្រូវរង​កម្ដៅថ្ងៃខ្លាំង លោកអ្នក​គួរតែ​ជ្រើសប្រើ​ផលិតផល​ការពារ​ដែលមាន​កម្រិតកាន់​តែខ្ពស់។ ផលិតផល​ការពារ កម្ដៅថ្ងៃ​ដែលមាន​កម្រិត១៥ជាន់ អាចទប់ស្កាត់​ឥទ្ធិពល​អាក្រក់​របស់កាំរស្មី​ព្រះអាទិត្យ​បាន៩៣%។ ហើយចំពោះ​កម្រិត២៥ជាន់ បាន ប្រមាណ៩៦% រីឯកម្រិត​៣០ជាន់វិញ គឺបានប្រមាណ​៩៧%។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបជ្រើសរើស​ផលិតផល​ការពារ​កម្ដៅថ្ងៃ

ដើម្បី​ជ្រើសរើស​ផលិតផល​ការពារ​ពន្លឺថ្ងៃ​មានគុណភាព​ល្អសក្ដិសម​នឹងស្បែក លោកអ្នក​គួរជ្រើសរើស​តម្រូវទៅ​តាមប្រភេ ទស្បែក​របស់ខ្លួន។

  • ស្បែកស្ងួត ៖ សម្រាប់​លោកអ្នក​ដែលមាន​ស្បែកស្ងួត ហើយងាយ​ចាញ់​ផលិតផល គួរតែ​ជ្រើសរើស​ប្រើនូវ​ផលិតផល​ការ ពារ​កម្ដៅថ្ងៃ​ដែលមាន​ជាតិប្រេង ឬខ្លាញ់​ដើម្បី​រក្សាបាន​នូវភាព​ស្រស់ថ្លា​របស់ស្បែក។
  • ស្បែកខ្លាញ់ ៖ សម្រាប់លោកអ្នក​ដែលមាន​ស្បែកខ្លាញ់ ពេលត្រូវ​ពន្លឺថ្ងៃ​ដែលមាន​កម្ដៅខ្លាំង​នោះ ស្បែកកាន់​តែបន្ថែម ជាតិខ្លាញ់​កាន់តែ​ច្រើនឡើង។ ហេតុនេះ មុនពេល​ដែលលោកអ្នក​ជ្រើសរើស​ផលិតផល​សម្រាប់លាប គួរតែពិនិត្យ​មើលនូវ​ផ្លាកផលិត ផលដែល​គេបាន​សរសេរថា​សម្រាប់អ្នក​ដែលមាន​ស្បែកសម្បូរ​ជាតិខ្លាញ់។
  • ស្បែកធម្មតា ៖ មិនចាំបាច់​ខំជ្រើសរើស​ច្រើនទេ ផលិតផល​ប្រើក្នុង​កម្រិតអ្វី​ក៏បាន។
  • ស្បែកខ្មៅ ៖ អ្នកមានស្បែកពណ៌ខ្មៅ ពិតជាមាន​សំណាង​ណាស់ ព្រោះស្បែក​ពណ៌ខ្មៅ​អាចទប់ទល់​ជាមួយ​កម្ដៅថ្ងៃ​បាន យ៉ាងល្អ ដោយពុំ​ចាំបាច់​ខ្វល់ខ្វាយ​ក្នុងការ​ជ្រើសរើស​ផលិតផល​ឡើយ។
  • ស្បែកស ៖ មានការ​លំបាកបន្ដិច ចំពោះស្បែក​ប្រភេទនេះ​នៅក្នុង​ការការ​ពារកម្ដៅ​ថ្ងៃ ព្រោះវា​ឆាប់រង​ឥទ្ធិពល​នៃកម្ដៅ ទោះបី​ក្នុងរយៈពេល​ខ្លីក៏ដោយ។ ដូចនេះ​លោកអ្នក​ដែលមាន​ស្បែកពណ៌ស គួរជ្រើសរើស​ផលិតផល​ដែលមាន កម្រិតខ្ពស់​បន្ដិច។

ប្រការប្រសើរបំផុត លោកអ្នក​គួរជ្រើស​រើសផលិតផល​ដែលផ្សំឡើង​ពីសារធាតុ​សារ៉ាអាមីណូ​(សារជាតិគីមីស៊ូហ្វីណូ) និង ផលិតផល​ដែលផលិត​ឡើងពី​វិតាមីនសេ និងវីតាមីនបេ។ ព្រោះអាច​ជំនួយឱ្យ​រាងកាយ​នូវសារជាតិ​មេឡានីន​ដើម្បី​ទប់ទល់​នឹងពន្លឺថ្ងៃ ។ ជាងនេះ​ទៅទៀត លោកអ្នក​ត្រូវលាប​ផលិតផល​ការពារ​ពន្លឺថ្ងៃឱ្យ​បានសព្វ​កន្លែង ដូចជា​ផ្ទៃមុខ ដើមទ្រូង ដៃ ជើង​ជាដើម ជារួមគឺ កន្លែងដែល​អាចរង​ពន្លឺថ្ងៃ។ លោកអ្នក​គួរតែ​លាបផលិតផល​ទាំងនោះ ២០នាទីមុន​ពេលចេញ​ទៅក្រៅ​ក្រោមពន្លឺថ្ងៃ ដើម្បីឱ្យ​ក្រែមការ ពារជ្រាប​ចូលបានល្អ​ក្នុងស្បែក។ ប្រសិនបើ​លោកអ្នក​ត្រូវរង​កម្ដៅថ្ងៃក្នុង​រយៈពេលយូរ លោកអ្នក​គួរលាប​ផលិតផល​ការពារ​កម្ដៅថ្ងៃ ក្នុងរយៈ​ពេល២​ម៉ោងម្ដង។ ចំពោះ​លោកអ្នក​ដែលចង់ឱ្យ​ស្បែកមាន​ពណ៌ស្រគាំ​ដោយសារ​ពន្លឺថ្ងៃ​(អាំងថ្ងៃ) លោកអ្នក​គួរតែលាប ផលិតផល​ការពារ​កម្ដៅថ្ងៃ មុនពេល​ដែលលោកអ្នក​ចេញទៅ​អាំងថ្ងៃ។ ហើយសូម​លាបវា​សារជាថ្មី នៅពេល​ដែលលោកអ្នក​បែក ញើស ព្រោះផលិតផល​ការពារកម្ដៅ​ថ្ងៃត្រូវថបថយ​គុណភាព​ដោយសារ​ញើស។ ត្រូវប្រើប្រាស់​ផលិតផល​ការពារ​កម្ដៅថ្ងៃ​រាល់ថ្ងៃ មិន ថានៅ​មាត់សមុទ្រ ក្នុងអាង​ហែលទឹក នៅពេល​មានពពកបាំង ឬក៏នៅក្នុង​ម្លប់ក៏ដោយ ពីព្រោះ​កាំរស្មីអ៊ុលត្រាវីយូទ្បេ អាចចាំង​ផ្លាតពី ផ្ទៃរាប​ដទៃមកប៉ះ​នឹងខ្លួនយើង។

ដំបូន្មាន​អ្នកជំនាញ

ចំណុចដែល​លើកមក​ជម្រាបជូន​ខាងលើនេះ សង្ឃឹមថា​វាអាចជា​ជំនួយដល់​ការប្រតិបត្ដិ ដើម្បីកុំឱ្យ​មានគ្រោះថ្នាក់​ដោយ ការរងនូវ​ពន្លឺថ្ងៃដែល​អាចការពារ​បាននេះ និងអាចឱ្យ​លោកអ្នក​ជ្រើសរើស​ទិញនូវ​ផលិតផល​ការពារកម្ដៅ​ថ្ងៃដែលមាន​គុណភាពល្អ ព្រមជាមួយ​ការប្រើប្រាស់​បានត្រឹមត្រូវ​តាមក្បួនខ្នាត​របស់វា។

គប្បីប្រុង​ប្រយ័ត្ន​ចំពោះ​កម្ដៅថ្ងៃ ពីព្រោះថា​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់តែ​កើនទ្បើង​ជាលំដាប់។ ចំណែក​ឯការ​ជ្រើស រើសផលិតផល​ក៏ដូចគ្នា សូមលោក​អ្នកហ្មត់ចត់​បន្ដិចក្នុង​ការ​ជ្រើសរើស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative