វិធីថែ​ប្រអប់ជើង​នៅរដូវ​រស្សា

ស្របពេល​រដូវភ្លៀង​មកដល់ ប្រជាពលរដ្ឋខ្មែរ​ច្រើនតែ​មានបញ្ហា​នៅលើ​ប្រអប់ជើង នៅពេល​ដែលគាត់​ដើរត្រូវ​ទឹកជាញឹកញាប់។ បញ្ហាដែល​គាត់ជួប​ប្រទះ​នោះមាន ដូចជា​កើតមាន​រមាស់ ចេញជា​ពងថ្លាៗ​នៅតាម​ច្រវែប​ជើង ឬអាចប្រេះ​កែងជើង​ជាដើម។ តើត្រូវ​ធ្វើ​ដូចម្ដេច​ទៅ ដើម្បី​ចៀសវាង​បញ្ហា​ទាំងនេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញ​ជូនអ្នក​អានឱ្យ​ស្វែងយល់​អំពីវិធី​ថែរក្សា​ប្រអប់ជើង នៅពេល​ដែលជើង​លោកអ្នក ឧស្សាហ៍​ត្រូវទឹក​ជាញឹកញាប់ ដោយជួប​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ហ៊ាង មុំ អ្នកឯកទេស​ជម្ងឺសើរស្បែក និងកាមរោគ។

មូលហេតុ​ដែលបណ្ដាល​មកពីការ​គ្មានអនាម័យ​ប្រអប់ជើង

នៅរដូវភ្លៀង យើងដើរ​ប៉ះទឹក​ជាញឹកញាប់។ នៅពេល​ដើរកាត់ទឹក ប្រអប់ជើង​អាចមាន​បញ្ហាកើត​ឡើង ព្រោះ​ទឹកដែល ដើរកាត់​នោះជា​ទឹកមិន​ស្អាត។ បន្ទាប់ពី​បានដើរ​កាត់ទឹក​ហើយ ប្រអប់ជើង​កើតមាន​រមាស់ មានពង​ទឹកថ្លាៗ​នៅលើ​ម្រាមជើង និង ប្រអប់ជើង។ អ្នកខ្លះឆ្គឹះ ឬចាក់ឱ្យ​ពងនោះ​បែក។ នៅពេល​ពងនោះ​បែកប្រៀប​ដូចជា​បើកផ្លូវ​ឱ្យមេរោគ​ចូល​ដូច្នោះដែរ។ ជួនកាល​អាច ចេញជា​ស្នាមរទុះៗ​ដាច់រលាត់​សាច់ស្បែក​ជើង។ ការដើរ​ប៉ះទឹក​ច្រើនអាច​បណ្ដាលឱ្យ​ស្បែកស្ងួត រលាក ឬប្រេះនៅ​តាមកែង​ជើងក៏មាន ដែរ។ បើមាន​បញ្ហាសង្ស័យ​ត្រូវទៅ​ជួបគ្រូពេទ្យ​ជំនាញដើម្បី​ពិគ្រោះ និងព្យាបាល​ជម្ងឺ។ មានអ្នកខ្លះ​ដើរត្រូវ​ទឹកច្រើន​មានរមាស់ ដល់ ពេលអេះ​ទៅជាក្លាយ​រហូតដល់​មានខ្ទុះ។

ផលវិបាក​នៃការគ្មាន​អនាម័យ​ប្រអប់ជើង

នៅពេល​ដែលមាន​កើត​រមាស់​ភ្លាមៗ បើមិន​បានព្យាបាល​ភ្លាមៗទេ វាអាចក្លាយ​ទៅជាពង​ខ្ទុះ ពាក្យសាមញ្ញ​ហៅថា​ទឹកស៊ីជើង ដែលបង្ក​ឡើងដោយ​សារបាក់​តេរី។ ជួនកាល​ទៀតមាន​ពពួកផ្សិត​ដែលបង្កឱ្យ​មានជា​ដំបៅ ហើយ​រីករាលដាល​ដល់​ក្រចកជើង ទៀត។ ជម្ងឺទាំងនេះ​ច្រើនកើត​នៅតាម​ម្រាមជើង ច្រវែបជើង បន្ទាប់មក​រាលដាល​ដល់ក្រចក​ជើងទៀត។

តើត្រូវ​អនាម័យ​ប្រអប់ជើង​ដោយ​របៀបណា?

យើងអាច​លាបប្រេង​ដូងតិចៗ​ឱ្យសើម​ស្បែក នៅមុន​ពេលចូល​សម្រាន្ដ ទោះបី​ជាមិន​អាចការពារ​បាន១០០% តែវាក៏​អាច កាត់បន្ថយ​បញ្ហាបាន​ខ្លះដែរ។ ចំពោះអ្នក​ដែលមាន​មុខរបរ​ត្រូវចុះទឹក​ជារៀងរាល់ថ្ងៃ នៅពេល​ត្រឡប់មក​ផ្ទះវិញ ត្រូវឆាប់​លាងជើងជា មួយសាប៊ូ​ដែលមិន​កាត់ខ្លាំង ហើយអាច​កម្ចាត់មេរោគ​បាន។ នៅពេលលាង​ទឹកហើយ យើងជូត​សម្អាតជើង​ឱ្យស្ងួត ប្រសិន​បើយើង មានក្រែម យើងអាច​លាបវា​នៅលើ​ប្រអប់ជើង ដើម្បី់ឱ្យ​ស្បែកមាន​សំណើម និងទន់។ ពីព្រោះថា​ស្បែកនៅ​ពេលត្រូវ​ទឹកច្រើន អាច ស្ងួត របក ប្រេះជាដើម។ គួរពាក់​ស្បែកជើង​កវែង ដើម្បីកុំ​ឱ្យជើងប៉ះ​ទឹកញឹកញាប់​ពេក។

ដំបូន្មាន​អ្នក​ជំនាញ

ត្រូវសម្អាត​ជើងភ្លាម​នៅពេល​ឡើងពី​ទឹកវិញ។ ត្រូវជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ពេលប្រអប់ជើង​មានបញ្ហា ដើម្បី​ចៀសវាង ការប្រើក្រែម​ផ្ដេសផ្ដាស នាំឱ្យ​ខាតបង់​ប្រាក់កាស និងពេលវេលា។ នៅពេល​មានសញ្ញា​ថ្មីៗ ដូចជា​ចេញរមាស់ ឬមានពង​នៅតាម​ម្រាម ជើង ហើយបើ​ទុកឱ្យវារាលដាល​រហូតដល់​ក្រចកជើង នាំឱ្យ​ការព្យាបាល​ត្រូវប្រើរយៈ​ពេលយូរ។ ដូច្នេះសូម​លោកអ្នក​អញ្ជើញ​ទៅជួប ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បីទទួល​ការព្យាបាល​ឱ្យទាន់ពេល​វេលា ព្រោះវាអាច​ជាសះស្បើយ​រហ័សទាន់​ចិត្ដបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative