អត់កូន ៖ មូលហេតុ និងវិធី​ព្យាបាល

តួលេខ​អន្ដរជាតិ​បានឱ្យ​ដឹងថា​ក្នុងចំណោម​ស្វាមី​ភរិយា​មានចំនួន​១០%ដែល​មិនអាច​មានកូន ពោលគឺ​ប្ដីប្រពន្ធ​១០០គូ មាន១០គូ​ដែលមិន​អាចមា​នកូនបាន។ ក្នុងចំណោម​គូដែល​មិនមាន​កូនគេ​ឃើញ៤០%​បណ្ដាលមក​ពីភរិយា ៣០%បណ្ដាល​មកពី​បុរសជាប្ដីនិង៣០%ទៀត បណ្ដាលមក​ពីអ្នក​ទាំងនាក់ពីរ។ តើអត់​មានកូន​បណ្ដាលមក​ពីមូលហេតុ​អ្វីខ្លះ ហើយត្រូវ​កែខៃ​បែបណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង មានកិត្ដិយស​ចូលខ្លួន​មក​បម្រើ​លោកអ្នក​អានអំពី​មូលហេតុ និងវិធី​ព្យាបាល​អត់កូន តាមរយៈ កិច្ចសម្ភាសន៍​ជាមួយ​លោកវេជ្ជបណ្ឌិត ថៃហ្វា វ៉ីហ្គង់ អ្នកឯកទេស​ផ្នែករោគស្ដ្រី និងសម្ភព នៅមន្ទីរពេទ្យ​ព្រះកុសុមៈ។

បែបណា​ទើបហៅថា​អត់កូន?

ចាត់ទុកថា​មិនមានកូន លុះត្រាតែ​គូស្វាមី​ភរិយា​ទាំងពីរ​នោះរស់​នៅជាមួយ​គ្នារយៈ​ពេលលើស​ពី១ឆ្នាំ ដោយមាន​ការរួមរ័កទៀងទាត់ ដោយមិន​មាន​ប្រើថ្នាំ ឬមធ្យោបាយ​ពន្យារកំណើត។ ទៅតាម​ស្ថានភាព​របស់ស្ដ្រី​នៅចំពោះ​មុខ ភាពអត់​កូននេះ គេបាន ចែកជា៣​ប្រភេទ ៖

1. អត់កូន​ប្រភេទទី១ ជាករណី​អត់កូន​ដោយមិន​ដែលមាន​ផ្ទៃពោះសោះ បានន័យថា​ស្ដ្រីជា​ភរិយាមិន​ដែលមាន​ផ្ទៃពោះ សោះ​ពីមុនមក។

2. អត់កូន​ប្រភេទ​ទី២ ជាករណី​អត់កូន​កើតមាន​លើស្ដ្រី​ដែលធ្លាប់​មានកូន​ពីមុន គឺស្ដ្រីធ្លាប់​មានកូន​ពីមុនតែ​ក្រោយពី នោះមក គាត់មិន​ឃើញមាន​ផ្ទៃពោះ​ទៀតទេ។

3. អត់កូន​ប្រភេទ៣ ជាករណី​មានកូនតែ​កូនមិននៅ ឬអត់កូន​តែមាន​ផ្ទៃពោះ បានន័យថា​ស្ដ្រីជា​ភរិយាធ្លាប់​មាន​ផ្ទៃពោះ តែការ​លូតលាស់​របស់កូន​នៅក្នុង​ផ្ទៃមិនល្អ អាចបញ្ចប់​ដោយសារ​ការរលូត ឬស្លាប់ក្នុង​ពោះ។

មូលហេតុ​អត់កូន​ដោយ​សារស្ដ្រី

មានមូល​ហេតុ២​ធំៗ បណ្ដាលមក​ពីភាព​មិនធម្មតា​នៃមុខងារ​របស់​កន្សោមពង និងបណ្ដាល​មកពី​ភាពមិន​ធម្មតានៃ​សរីរាង្គបន្ដពូជ។

  • ភាពមិន​ធម្មតា​នៃមុខងារ​របស់​កន្សោមពង ៖ ច្រើនជួប​នៅលើ​ស្ដ្រីដែល​មានរដូវ​មិនទៀង​ទាត់ហៀរ​ទឹកដោះ ស្គមខ្លាំង វិបត្ដិផ្លូវចិត្ដ​ការងារប្រចាំថ្ងៃ​ជួបជាមួយ​ជាតិពុល​ជាដើម។ ភាពមិន​ធម្មតា​ទាំងនេះ ធ្វើឱ្យ​មេជីវិត​ស្ដ្រីមិនចេញ​ឬចេញមិន​បានល្អ។
  • ភាពមិនធម្មតា​នៃសរីរាង្គ​បន្ដពូជ គឺរាល់ភាព​មិនធម្មតា​ដែលរំខាន​ដល់ការចូល​របស់មេ​ជីវិតបុរស ឬដល់ការ​ជួបគ្នារវាង មេជីវិតស្ដ្រី និងមេជីវិត​បុរស។ ភាពមិន​ធម្មតា​ទាំងនេះ​អាចមាន​នៅតំបន់​ទ្វារមាស មាត់ស្បូន តួស្បូន ដៃស្បូន និងកន្សោមពង។ ភាពមិន​ធម្មតា​នេះត្រូវ​បានចែកជា​២ប្រភេទទៀត គឺភាពមិន​ធម្មតាពី​កំណើត និងភាពមិន​ធម្មតាក្រោយ​ពេលកើត។ ភាពមិន​ធម្មតា ក្រោយពេល​កើតអាច​មានមូលហេតុ​៣ទៀត គឺអាចមក​ពីមេរោគ​រាតត្បាត អាចមក​ពីផលវិបាក​ក្រោយពេល​វះកាត់ និងអាចមកពី ស្រទាប់​រដូវទៅដុះ​នៅខាង​ក្រៅស្បូន។

មូលហេតុ​អត់កូន​ដោយសារ​បុរស

  • ទឹកកាម​មិនមាន​មេជីវិត ៖ ក្នុងករណីនេះ បុរសអាច​រួមរ័កបាន និងបញ្ចេញនូវ​ទឹកកាម​ហាក់ដូចជា​បុរស​ផ្សេងទៀត​ដែរ ប៉ុន្ដែការ​ពិនិត្យ​ទឹកកាម​មិនឃើញ​មានមេ​ជីវិតទាល់​តែសោះ។ ភាពអត់​មាន​មេជីវិតនេះ អាចមក​ពីវិបត្ដិ​ក្នុងការ​ផលិត​មេជីវិត ឬវិបត្ដិ ក្នុងការ​បញ្ចេញ​មេជីវិត។ ការរាតត្បាត​ដោយមេរោគ​ស្រឡើទែន ការវះកាត់​នៅតំបន់​ពងស្វាស ការរលាក​ពងស្វាស ការរលាក ក្រពេញ​ប្រូស្ដាត ឬភាពមិន​ធម្មតាពី​កំណើត អាចជា​មូលហេតុ​នៃវិបត្ដិ​ខាងលើ។
  • ទឹកកាម​មានមេជីវិត​មិនគ្រប់​លក្ខណៈ ៖ ជាករណី​ដែលឧស្សាហ៍​ជួបប្រទះ។ មេជីវិត​ទាំងនោះ​អាចមិន​គ្រប់លក្ខណៈ ដូចជាចំនួន​តិចតួច​ពេក រូបរាងមិន​ប្រក្រតី ឬភាពរស់រវើក​មិនសកម្ម។ នៅពេលខ្លះ គេមិនអាច​រកមូលហេតុ​ឃើញថាភាព​មិនគ្រប់ លក្ខណៈនេះបណ្ដាល​មកពីអ្វីទេ។

ការពិនិត្យ និងវិភាគ​វេជ្ជសាស្ដ្រ ពេលអត់កូន

  • ចំពោះស្ដ្រី ៖ គ្រូពេទ្យ​ឯកទេស​ផ្នែកនេះ​ត្រូវធ្វើការ​សាកសួរ និងសុំការ​ពិនិត្យអម​មួយចំនួន​ទៀតផងដែរ។ ការពិនិត្យអម ទាំងនោះ គឺមានការ​យកកម្ដៅ​ប្រចាំខែ អេកូសាស្ដ្រ ការថត​ដោយបាញ់​ទឹកថ្នាំចូល​ក្នុងស្បូន និងការ​រកកម្រិត​អ័រម៉ូន​ក្នុងឈាម។
  • ចំពោះបុរស ៖ ត្រូវទទួល​ការពិនិត្យ​លើសរីរាង្គភេទ សាកសួរ​ពីប្រវត្ដិ​ផ្ទាល់ខ្លួន និងមានការ​ពិនិត្យទឹកកាម។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីព្យាបាល​អត់កូន

1. ករណី​អត់កូន​មកពីស្ដ្រី

  • ភាពមិន​ធម្មតា​នៃមុខងារ​របស់កន្សោមពង ៖ ការព្យាបាល​អាចប្រើថ្នាំ​ដើម្បីបង្ខំ​ឱ្យកន្សោមពង​ធ្វើការ ដូចជា​ប្រភេទក្លូមីដ ឬ​ហ្គូណាដូត្រូហ្វីន។
  • ភាពមិន​ធម្មតា​នៃសរីរាង្គ​បន្ដពូជ ៖ ការព្យាបាល​អាចដល់​ការវះកាត់​ដើម្បីកែ​តម្រូវភាព​មិនធម្មតា​នោះមកវិញ។

2. ករណី​អត់កូន​មកពី​បុរស

  • ទឹកកាម​មិនមាន​មេជីវិត ៖ អាចរក​មេជីវិត​ដោយសារការ​វះកាត់​នៅក្នុង​ពងស្វាស រួចហើយ​យកមក​ឱ្យជួប​ជាមួយ​មេជី វិតស្ដ្រី តាមបច្ចេក​ទេសចាក់​មេជីវិត​បុរសចូល​ទៅក្នុងស្បូន ឬស៊ីតូប្លាស​របស់ស្ដ្រី។
  • ទឹកាមមាន​មេជីវិត​មិនគ្រប់​លក្ខណៈ ៖ ការព្យាបាល​អាចមាន២ គឺការចាក់​ទឹកកាម​ចូលក្នុង​មាត់ស្បូន ឬចាប់ពី​តួស្បូន រហូតដល់ការ​ជួបគ្នា​របស់មេ​ជីវិតទាំងពីរ និងធ្វើនៅ​មន្ទីរពិសោធន៍​តាមបច្ចេកទេស​ដាក់ឱ្យ​មេជីវិត​ទាំងពីរ​ជួបគ្នា​ក្នុងកែវ។

ដំបូន្មានអ្នក​ជំនាញ

គូស្វាមីភរិយា​ដែលមាន​វិបត្ដិមិន​មានកូន សូមអញ្ជើញ​ទៅពិគ្រោះ​ពិនិត្យ​រកមូលហេតុ និងទទួលការ​ព្យាបាល​ពីសំណាក់ គ្រូពេទ្យ​ដែលមាន​ជំនាញក្នុង​ផ្នែកនេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

 

Google Analytics Alternative