ឃើញក្ដារ​មឈូស ទើបស្រក់​ទឹកភ្នែក

ភាពផុសផុល​នៃសង្គម​ជឿនលឿន​បានធ្វើ​ឱ្យស្ដ្រី​ភាគច្រើន​មាន​អារម្មណ៍​ថា កំពុង​ទទួលរង​នូវការ​រាលដាល​អំពី​ផល​ប៉ះពាល់ទាំងនេះ។ ជាមួយ​គ្នានេះ ស្ដ្រី​តែងតែ​ខ្លាច​រអា​ជានិច្ច ពីព្រោះ​តែគ្មាន​ជំនឿ​ទៅលើ​ការ​ស្មោះត្រង់​របស់ប្ដី​ឡើយ។ បើការ​ប៉ះពាល់​នេះវា ពិឃាត​ត្រឹមតែ​អ្នកដែល​ប្រព្រឹត្ដនូវ​ឧបាយមុខ​នោះ វាជា​ការមួយ​គួរឱ្យ​សោកស្ដាយ​ណាស់ទៅ​ហើយ។ ប៉ុន្ដែអ្វី​ដែលគួរ​ឱ្យ​សោកស្ដាយ ខ្លាំងបំផុត​នោះ គឺវា​ថែមទាំង​បន្ដឈាន​ទៅផ្ដាច់​ជីវិត​ប្រពន្ធ​កូនដែល​ស្លូតត្រង់ ពុំបាន​ប្រព្រឹត្ដខុស​នោះ​ថែម​ទៀត។

រូបភាពទស្សនាវដ្តីសុខភាពយើង

សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកអត្ថបទ​សង្គម​ដែលទាក់ទង​នឹងភាព​ភ្លើតភ្លើន​មួយ គឺការ​រីករាល ដាលនៃ​ជម្ងឺអេដស៍។ ស្ដ្រីជា​ភរិយា​តែងតែ​ព្រួយបារម្ភ​ជានិច្ច​ថាតើ​ស្វាមី កូនរបស់ខ្លួន ឬក៍ខ្លួនផ្ទាល់​កំពុងតែ​ផ្ទុកមេរោគ​អេដស៍ដែរ ឬ យ៉ាងណា។ អេដស៍​មិនដែល​ស្គាល់ពាក្យថា​សក់អ្នក​ណាក្បាល​អ្នកហ្នឹង​ឡើយ។ ចំពោះអ្នក​ដែលនាំ​អេដស៍មក​ចម្លងប្រពន្ធ​កូន តើគេគិត យ៉ាងណាដែរ? គេនឹងមាន​តែការ​ស្ដាយក្រោយ នឹកស្រណោះ​ប្រពន្ធកូនក្នុង​ទីអវសាន​នៃជីវិតគេតែ​ប៉ុណ្ណោះ។ ព្រោះពេល​វេលា​ជ្រុលហួស​អស់ទៅហើយ ពុំមាន​ឱកាសណា​នឹងកែខ្លួន​បានទៀតឡើយ។ នេះហើយ​ដូចពាក្យថា “ទាល់តែ​ឃើញក្ដារ​មឈូស ទើបស្រក់​ទឹកភ្នែក ។

ការប្រព្រឹត្ដ​របស់បុរស

ចំពោះបុរស​ដែលកំពុង​តែ​ភ្លើតភ្លើន​នឹងរឿងស្រី ស្រា និងល្បែង​ស៊ីសង ល្បែងទាំងបី​ប្រការនេះ អាចធ្វើឱ្យ​ទ្រព្យសម្បត្ដិ ដែលខ្លួន​ខំរក​ដោយពិបាក​ត្រូវរលាយ​ក្នុងពេល​តែមួយ ជួនកាល​ថែមទាំង​នាំអេដស៍​ចូលផ្ទះ​ថែមទៀត។ បើបុរស​ទាំងអស់​តាំងខ្លួនថា ទៅរក​ការសប្បាយ​ជាមួយស្រី​បម្រើ​ផ្លូវភេទ​នោះ ពួកគាត់​ពិតជា​មិនឆ្លងមេរោគ​អេដស៍ឡើយ។ ផ្ទុយទៅវិញ បើពួក​គាត់ចង់​ភ្លក់ក្ដាម ស្រែពួក គាត់ពិត​ជាអាចឆ្លង​មេរោគ​អេដស៍​មិនខាន។ ព្រោះថា​បើទៅរក​ស្ដ្រី​បម្រើ​ផ្លូវភេទ ពួកគាត់​ប្រាកដ​ជាសម្រេច​ចិត្ដប្រើ​ស្រោម អនាម័យ​ការពារ ប៉ុន្ដែ​ជាមួយ​ក្ដាមស្រែ​មាន​ហេតុផល​អ្វីដែល​ត្រូវការពារនោះ។ នរកឋាន​កណ្ដាល​ពិតជា​ស្វាគមន៍​គាត់មិនខាន។ បុរស មានលុយ​មួយចំនួន​ដែលនិយម​យកវប្បធម៌​ទិញស្រី​ក្មេងៗមក​បម្រើតណ្ហា​របស់ខ្លួន ដោយមាន​ជំនឿថា​បើរួមភេទ​ជាមួយ​ស្រីក្រមុំព្រហ្ម ចារី​អាចធ្វើឱ្យ​ក្មេងជាងវ័យ អាចព្យាបាល​ជម្ងឺអេដស៍​បានជាដើម។ បុរសវ័យ​ចំណាស់ខ្លះ នៅពេល​ដែលគេ​ទាក់ទង​ជាមួយ​ស្រីក្មេង គេ និយមយក​ពាក្យប៉ា និងកូនមក​និយាយគ្នា ស្ដាប់ទៅ​ដូចជា​ពិរោះ​ទំនងដែរ ប៉ុន្ដែតាមពិត​ជាប៉ាកូន​លើគ្រែសោះ។ លួចលាក់​មានកំណាន់ ស្រីក្មេង ភ្លេចប្រពន្ធ ភ្លេចកូន​មិនខុស​ពីបទចំរៀង​ដែលនិពន្ធ​ដោយលោក ហ៊ុន ហេង ច្រៀងដោយ​អ្នកស្រី ហ៊ឹម ស៊ីវ៉ន ដែលមាន​ចំណង ជើងថា​ស្រីណាមិនយំ​(កាលគ្រាក្រ ស្រីល្អនោះនៅឯណា….)។ សប្បាយ​ជាមួយ​ស្រីក្មេង ពេលមាន​ទុក្ខ ឆ្លងមេរោគ​អេដស៍​ជាដើម រត់ ទៅរក​ប្រពន្ធកូន។ សួរថា​តើការ​សោកស្ដាយ​របស់គេ​មាន​ប្រយោជន៍​អ្វី ? មានស្ដ្រី​មេម៉ាយ និងក្មេងកំព្រា​មិនតិចទេ ដែលរងគ្រោះ ព្រោះប្ដី និងឪពុកម្ដាយ ដែលស្លាប់ដោយ​ជម្ងឺអេដស៍។ បុរស​ទាំងឡាយ​តោងដឹង​ខ្លួនថា ខ្លួនដើរ​តួជាស្ពាន​ចម្លងមេរោគ​អេដស៍​ពីស្ដ្រីរក ស៊ីផ្លូវភេទ​ទៅកាន់​ភរិយា​របស់ខ្លួន ហើយបន្ដ​ការចម្លង​នេះទៅដល់់​កូនទៀតផង។

មូលហេតុ​វិនាសកម្ម

សង្គមខ្មែរ​កំពុង​តែត្រូវ​បំពុលដោយ​វប្បធម៌​ពាលា​អាវាសែ ស្រីស្រា ម៉ាស្សា ខារាអូខេ គ្រឿងញៀន បញ្ឆារ អំហ្វេតាមីន​ជាដើម គួរឱ្យ​ភ័យខ្លាច។ សព្វថ្ងៃ​បុរសមួយ​ចំនួន​កំពុងតែ​ប្រលែងលេង​នឹងក្ដី​វិនាស​មច្ចុរាជ​ដោយ​ភ្លេចខ្លួន ខិតខំ​ប្រលង​ប្រជែង​សំញែង អួត អាង និងស៊ីចាយ​សប្បាយ ហ៊ឺហា ស្រី ស្រា បារ បន ខារាអូខេ​យ៉ាង​ងុបងល់។ ពេលណា​មួយ ពួកគេ​ពិតជា​ត្រូវទឹកភ្នែក​ជូនក្បាល ជង្គង់​មិនខាន​ទ្បើយ។ ពេលនោះ ពួកគេអាច​សប្បាយចិត្ដ​ដែលក្បាល​ជង្គង់របស់​ពួកគេសម្បូរ​ទៅដោយឆ្អឹង សម្រាប់ជូត​ទឹកភ្នែក ព្រោះ ជម្ងឺអេដស៍​បានធ្វើឱ្យ​ក្បាលជង្គង់​ធំជាង​ក្បាល។ បញ្ហាទាំងនេះ​បានធ្វើឱ្យ​សង្គម​មានភាព​ច្របូក​ច្របល់​មិនចេះចប់​មិនចេះហើយ។ ភាព ច្របូក​ច្របល់​នេះបន្ថែម​យ៉ាងធ្ងន់​ទៅលើភាព​ក្រីក្រ ជាពិសេស​នាំមកនូវ​ផលប៉ះពាល់​ដល់ស្ដ្រីភេទ ទាំងផ្នែក​ផ្លូវកាយ​ផ្លូវចិត្ដ និងមនោ សញ្ចេតនា។ ជាអាទិ នៅពេលបាន​ដឹងថាស្វាមី ឬកូនមាន​ជម្ងឺអេដស៍ អារម្មណ៍​ត្រូវ​ស្រកស្រុត ណាខ្មាសគេ ណាបង់ទ្រព្យ ណាសុខភាព ត្រូវទ្រុឌទ្រោម ណាថែអ្នកជម្ងឺផង ជួនអាច​ជំពាក់​បំណុលគេ ឬក៏អាច​ស្លាប់ខ្លួនឯង​ផងក៏​សឹងមាន។ បញ្ហាមួយទៀត នៅពេល​ដែលដឹង ថាស្វាមីក្បត់​ចិត្ដនោះ អារម្មណ៍ក្ដៅ​ក្រហាយ​មួហ្មង​អាចផ្ទុះ​ចេញជា​ការប្រច័ណ្ឌ​យ៉ាងឃោរឃៅ​គួរឱ្យ​តក់ស្លត់ មានដូចជា​ករណីបាញ់ សម្លាប់ ឬជះទឹក​អាស៊ីត​ពីសំណាក់​ស្រីលើស្រី​គ្នាឯងយ៉ាង​សាហាវ​ឥតមេត្ដា​ជាដើម។

ស្ដ្រីជាមេផ្ទះក្លាយជាមុខ​សញ្ញាឆ្លង​មេរោគ​អេដស៍

បច្ចុប្បន្ននេះ ស្ដ្រីមេផ្ទះ​ជាមុខសញ្ញា​នៃការ​ចម្លង​មេរោគ​អេដស៍ ព្រោះពាក់​កណ្ដាលនៃការ​ឆ្លងមេរោគ​អេដស៍ថ្មី គឺការឆ្លងពី ប្ដីទៅប្រពន្ធ និងប្រហែល​មួយភាគបី គឺឆ្លងពីម្ដាយ​ទៅកូន។ ក្នុងកិច្ច​ប្រជុំ​ក្រុមគាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ លើប្រធានបទ​ស្ដីពី​ស្ថានភាព​ជម្ងឺ អេដស៍​នៅកម្ពុជា បានឱ្យដឹងថា​បុរសកម្ពុជា​ប្រហែលជា​៣% និងស្ដ្រី២%កំពុង​ផ្ទុកមេរោគ​អេដស៍។ ហើយមាន​ប្រមាណ២,១% ជាស្ដ្រី មេផ្ទះ។ ស្ដ្រីមេផ្ទះ​ភាគច្រើន បើទោះជា​ដឹងថាប្ដី​របស់ខ្លួន​ដើរលេង​ខិលខូច​ក្រៅផ្ទះ​ច្រើនក្ដី ក៏មិនហ៊ាន​និយាយ​ជាមួយប្ដី ឱ្យប្ដីចេះ​បង្ការ ខ្លួន ចេះប្រើ​ស្រោមអនាម័យ​ជាមួយស្រី​ផ្សេង ឬក៏សំណូមពរ​ឱ្យប្ដីប្រើ​ស្រោម​អនាម័យដែរ។ ដូច្នេះស្ដ្រី​មេផ្ទះកម្រ​ហ៊ាននិយាយ​ជាមួយ ប្ដីពីរឿង​ការពារ​ខ្លួនពីការ​ឆ្លងជម្ងឺ​អេដស៍ ជាពិសេស​ជំរុញឱ្យប្ដី​ទៅធ្វើ​តេស្ដឈាម​រកមេរោគអេដស៍ ដើម្បីឱ្យ​អស់ក្ដីសង្ស័យ និងសៅហ្មង ទៅថ្ងៃមុខទៀត​នៅក្នុង​ក្រុមគ្រួសារ​ណាស់។

បើបុរស​នៅតែមិនព្រម​ផ្លាស់ប្ដូរ​ទម្លាប់នៃការ​ប្រព្រឹត្ដទេ នោះគាត់​នឹងបាត់អ្វីៗ​ទាំងអស់រួម​នឹងជីវិត​របស់ខ្លួនផង។ បើលោក អ្នកប្រថុយ​នឹងការ​សប្បាយ​មួយភ្លែត រួចត្រូវ​រងទុក្ខមួយ​គ្រួសារនោះ លោកអ្នក​នឹងសោកស្ដាយ​អស់មួយជីវិត។ តាមការ​សន្និដ្ឋាន មាន ប្រជាពលរដ្ឋខ្មែរ​ប្រហែលជា​២០០០០នាក់ ឈឺដោយសារ​ជម្ងឺអេដស៍​ជារៀងរាល់​ឆ្នាំ ក្នុងនោះ៧០%​កើតទ្បើង​លើមនុស្ស​ដែលមាន អាយុពី២០​ទៅ៤០ឆ្នាំ។ នេះបើតាម​របាយការណ៍​របស់ប្រជុំ​ក្រុមគាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើប្រធាន​បទស្ដីពី​ស្ថានភាព​ជម្ងឺអេដស៍​នៅកម្ពុជា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative