ស្វាមីភរិយាគួរពិភាក្សាគ្នា​ពីផ្លូវភេទ

បញ្ហាសុខភាព​ជារឿង​សំខាន់ ដែលគូ​ស្វាមី​ភរិយា​ត្រូវតែ​ពិភាក្សាគ្នា។ ហើយវា​មិនមែន​ជារឿង​ដែល​ទទួល​ខុសត្រូវ តែបុរស​ជាស្វាមី ឬជារឿង​របស់ស្ដ្រី​ជា​ភរិយា​តែម្នាក់ៗ​នោះទេ វាជារឿង​ទាំងបុរស​ទាំងស្ដ្រី។ បុរសខ្លះ​គិតថា​ខ្លួនមាន​គ្រួសារ ហើយ មិនសូវ​ខ្វល់ទេ ជាហេតុនាំ​ឱ្យទៅ​លេងសើច​ជាមួយ​ស្រីញី​ខាងក្រៅ ដែលជា​ឥរិយាបថ​មួយ​ខុសឆ្គង។ នៅក្នុង​គ្រួសារ ប្ដី ប្រពន្ធ​គួរតែ​ចាប់ផ្ដើម​និយាយ​បញ្ហាសុខភាព​ពីឥឡូវ​នេះទៅ។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅប្រទេសកម្ពុជា បញ្ហាសុខភាព​បន្ដពូជ​មិនទាន់​ត្រូវបាន​គេយក​មកនិយាយ​ឱ្យបាន​ទូលំទូលាយ​នៅឡើយទេ។ ដោយ សារការ​អប់រំ​នៅមិនទាន់​បាន​ទូលំទូលាយ ឯកម្រិត​យល់ដឹង​របស់​ប្រជាពលរដ្ឋខ្មែរ​នៅមានកម្រិត​នៅឡើយ ការផ្សព្វផ្សាយ​ក៏នៅ មិនបាន​គ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ននេះ សម្រាប់​សុខភាព​ក្រោយ​អាពាហ៍ពិពាហ៍ មានភរិយា​តិចណាស់ ដែលនិយាយ​ពីរឿងសុខភាពផ្លូវភេទ សុខភាព​ផ្ទាល់ខ្លួន​ប្រាប់ទៅ​បុរស​ជាស្វាមី។ ស្ដ្រីដែល​ហ៊ាននិយាយ​បែបនេះ ភាគច្រើន​ជាស្ដ្រី​ដែលរស់​នៅតាម​ទីប្រជុំ ជនធំៗ​តែប៉ុណ្ណោះ។ ដោយសារ​មកពី​ភាព​ខ្មាសអៀន ស្ដ្រីនៅ​ពេលឈឺ​ថ្កាត់ម្ដងៗ​មិនហ៊ាន​និយាយ​ជាមួយ​ស្វាមីទេ។ ហើយស្ដ្រីខ្លះ ទៀតគិត​ថាការនិយាយ​រឿងផ្លូវភេទ​ជាមួយស្វាមី គឺជាការ​មើលស្រាល​ប្ដី ឬគិតថា​ជារឿង​អាសអាភាស។ ការគិត​បែប​នេះមិន ត្រឹមត្រូវទេ ស្ដ្រីត្រូវ​គិតថា​កាលរស់​នៅជាមួយ​ម្ដាយ នៅពេលឈឺ គាត់តែង​និយាយប្រាប់​ម្ដាយ​ឱ្យជួយ។ នៅពេល​មាន​ស្វាមី គួរ តែនិយាយ​បញ្ហាប្រាប់​ទៅស្វាមី ព្រោះថា​មានតែ​ស្វាមីទេ ជាអ្នកដឹង​ទុក្ខធុរៈ​ស្ដ្រីជាភរិយា​ជាងអ្នកណាៗ​ទាំងអស់។ ហើយការ និយាយ​ញឹកញាប់​អាចធ្វើឱ្យ​បុរសជា​ស្វាមីដែល​មានដៃគូ​ខាងក្រៅ​មានការ​ប្រុងប្រយ័ត្ន។

តើស្ដ្រីគួរនិយាយ​បញ្ហាអ្វីខ្លះ​ទៅកាន់​ស្វាមី?

ការនិយាយត្រូវ​ធ្វើឡើង​ទៅតាម​បែបបទ និងដែន​កំណត់​របស់វា ទៅតាម​តម្រូវការ​នៃសង្គម​គ្រួសារ​នីមួយៗ ព្រោះ គ្រួសារ​នីមួយៗ​មានលក្ខណៈ​ខុសគ្នា។ ស្ដ្រីត្រូវ​គិតថា​នៅពេល​ណាដែល​អាចនិយាយ​បាន និងពេលណា​ដែលមិន​អាចនិយាយ​បាន។ ស្រី្តជា​ភរិយាគួរ​ស្វែងយល់​ពីដៃគូ​របស់ខ្លួន​ថាតើ​ដៃគូ​របស់គាត់​ចង់ចេះ​ចង់ដឹង​ដែរឬទេ តើគួរ​និយាយ​ទៅគាត់​កម្រិតណា ព្រមទាំង​ថាតើគាត់​អាចទទួល​យកបញ្ហា​នេះបាន​ដែរឬទេ។

បញ្ហាគួរ​ពិភាក្សា​នៅក្នុង​គ្រួសារ​រវាងប្ដី​ប្រពន្ធ គួរនិយាយ​ពីបញ្ហា​ផ្លូវភេទ រឿងពន្យារ​កំណើត និងថាតើ​យើងចង់បាន កូននៅ​ពេលណា ហើយគួរតែ​មានកូន​ភ្លាមឬទេ ព្រោះវា​អាច​ប៉ះពាល់​ដល់សេដ្ឋកិច្ច​គ្រួសារ។ ការយករឿង​ទៅនិយាយ​ជាមួយដៃគូ ត្រូវតែ​មានការ​ស្វែងយល់​ពីគ្នា​ទៅវិញ​ទៅមក​ផងដែរ។ ទាក់ទង​នឹង​សុខភាព​បន្ដពូជ ជម្ងឺកាមរោគ និងរោគស្ដ្រី ស្ដ្រីត្រូវតែ​ហ៊ាន និយាយ​ពីការឆ្លង ពីការការពារ​ជម្ងឺកាម រោគអេដស៍​ផងដែរ បើគ្រួសារ​គាត់ជា​អ្នកទៅរក​ដៃគូស្នេហា​ខាងក្រៅ។ មានស្ដ្រី​មេផ្ទះ មួយចំនួន ក្លាហាន​ហ៊ាននិយាយ​ជាមួយ​ស្វាមីជា​ចំហហើយ។ សូមឱ្យ​ស្ដ្រីដែល​មិនទាន់​បាននិយាយ សូមហ៊ាន​និយាយ​រឿងនេះជា មួយស្វាមី​ខ្លួនឱ្យ​បានច្រើន។

ជាឧទាហរណ៍ នៅក្នុង​គ្រួសារខ្លះ បុរសជាប្ដី​មិនសូវ​យល់ដឹង​ពីរឿង​ស្រោមអនាម័យ រឿងពន្យារ​កំណើត រឿងសុខភាព បន្ដពូជទេ។ គាត់គិតថា​ជារឿង​របស់ស្ដ្រី មិនមែន​ជារឿង​របស់​បុរសទេ។ ស្ថិតក្នុង​ករណីនេះ ប្រពន្ធ​ត្រូវសួរ ឬត្រូវនិយាយ​ទៅដៃ គូ ដើម្បីដឹងថា​តើគាត់​យល់ដឹង​ពីបញ្ហា​ផ្លូវភេទ​កម្រិតណា។

ផ្ទុយទៅវិញ ប្រសិន​បើដៃគូ​បានយល់​ដឹងពី​បញ្ហាសុខភាព​ផ្លូវភេទ​ហើយ ស្ដ្រីជា​ភរិយាក៏​គួរតែ​សួរបុរស​ជាស្វាមី​ដែរថា តើគាត់យល់​ដឹងបាន​កម្រិតណា និងយល់ដឹង​ដូចម្ដេច។

ប្រពន្ធគួរនិយាយពី​បញ្ហាសុខភាព​ផ្លូវភេទ​នៅពេល​ណា?

ការនិយាយ​ពីបញ្ហា​សុខភាព ទោះជា​សុខភាព​ផ្លូវភេទក្ដី សុខភាព​ទូទៅក្ដី មិនមែន​ជាការ​និយាយរឿង​អាសអាភាស​ទេ គឺជារឿង​សុខភាព​សម្រាប់​ទាំងអស់គ្នា។ បុរស​ភាគច្រើន​គិតថា​ការបញ្ជូន​ប្រពន្ធទៅ​កាន់​មន្ទីរពេទ្យ ឫមណ្ឌល​សុខភាព ជាការ ខ្មាស​អៀនមួយ ការគិត​បែបនេះ​មិន​ត្រឹមត្រូវ​ទេ។ ផ្ទុយទៅវិញ គឺជា​ឥរិយាបថ​ល្អរបស់​ស្វាមីចំពោះ​ភរិយា​ទៅវិញទេ។ ស្ដ្រីជា ភរិយា​ក៏គួរមើល​កាលៈទេសៈ ថាតើ​ពេលណា​អាចនិយាយ​បាន។ ការនិយាយ គឺគួរមើល​ទៅលើ​បរិយាកាស​រីករាយ ធូរស្រាល។ ការនិយាយ​មិនមែន​មានលក្ខណៈ​សួរដេញដោល ជីក​ឬសគល់​ពីបញ្ហា​របស់ស្វាមី​នោះទេ គឺជាការ​ប្រាប់ឱ្យ​ដឹងដើម្បី​ឱ្យ​មានសុខុ មាលភាព​នៅក្នុង​គ្រួសារ​ទាំងប្ដី​ប្រពន្ធ និងកូន។

ស្ដ្រីជា​ភរិយា​គួរព្យាយាម​សួរ ព្យាយាម​ពន្យល់ ព្យាយាម​អប់រំស្វាមី ធ្វើយ៉ាងណា​ឱ្យគាត់​ចេះទទួល​ខុសត្រូវ​លើទង្វើ របស់គាត់ ព្រោះបញ្ហា​សុខភាព​បន្ដពូជ​ជារឿង​សំខាន់ណាស់​សម្រាប់មនុស្ស​ទាំងពីរ​នាក់នេះ។ ដូចនេះហើយ យើងត្រូវការ សង្កេតពីគ្នា​ទៅវិញ​ទៅមក ព្រោះមនុស្ស​រស់នៅ​ជាមួយគ្នា អាចយល់​ដឹងពីចិត្ដ​គ្នាទៅវិញ​ទៅមក។

ស្វាមីត្រូវយកចិត្ដទុកដាក់​ចំពោះ​សុខភាព​គ្រួសារ

បុរសជាស្វាមី​ត្រូវបង្ការ​ខ្លួនឱ្យ​បានពីការ​ឆ្លងរោគ និងពីជម្ងឺ​ផ្សេងៗ ក្នុ្នងន័យនេះ​បុរស​មិនត្រូវ​ព្រងើយ​កន្ដើយ​នឹងសុខភាព​របស់ខ្លួន​នោះទេ។ ដើម្បីឱ្យ​មានសុខភាព​ល្អទាំងព្រម បុរសត្រូវ​ធ្វើអនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ត្រឹមត្រូវ ឬការ​ហាត់ប្រាណ ផ្សេងៗ។ បុរសមិន​គួរប្រព្រឹត្ដ​នូវទង្វើ​មិនគប្បី​មួយចំនួន ដូចជាការ​សេពសុរា​ហួសហេតុពេក បារី និងការទៅរក​ស្រីញី​ខាងក្រៅ ដែលជះឥទ្ធិពល​មិនល្អដល់​សង្គមគ្រួសារ​របស់ខ្លួន​ឡើយ។ ស្វាមី​ត្រូវស្វែង​យល់អំពី​សុខភាព​របស់ភរិយា និងជួយលើក​ទឹកចិត្ដភរិយា​ក្នុងការ​ថែរក្សា​សុខភាព។ ចំណែក​ភរិយាវិញ​ក៏ដូចគ្នាដែរ ត្រូវថែរក្សា និងការពារ​សុខភាព​របស់ខ្លួនឱ្យ​បានគត់មុត​ផងដែរ។

ហេតុអ្វីបាន​ជាប្ដីប្រពន្ធ​ត្រូវនិយាយ​បញ្ហាសុខភាព​ផ្លូវភេទ?

ប្រសិនបើ​ប្ដីប្រពន្ធ​មិនបាន​ពិគ្រោះគ្នា​ពីបញ្ហា​សុខភាពទេ គាត់អាច​មានបញ្ហា​សុខភាព​ផ្សេងៗ ដែលនាំឱ្យ​គ្រួសារមាន សុភមង្គល​មិនពេញលេញ ការឆ្លងជម្ងឺ​កាមរោគ ជាពិសេសគឺ​ជម្ងឺអេដស៍។ មិនត្រឹមតែ​និយាយពី​បញ្ហាផ្លូវភេទ​តែប៉ុណ្ណោះទេ ស្ដ្រី ប្រសិនបើ​មានបញ្ហា​សុខភាព ទោះបីជា​ជម្ងឺរោគស្ដ្រី ឬអ្វីក៏ដោយ ក៏គួរតែប្រាប់ ឬពិភាក្សា​ជាមួយស្វាមី ឧទាហរណ៍ ដូចជាថាតើ គួរទៅជួប​គ្រូពេទ្យ ឬគួរធ្វើអ្វីជា​បន្ដទៀត។

ស្វាមីគួរ​ចូលរួម​ចំណែក​ក្នុងការ​ជូនប្រពន្ធ​ទៅមន្ទីរពេទ្យ ដើម្បីទទួល​បាននូវ​ព័ត៌មាន​សុខភាព​ទាំងអស់គ្នា ព្រោះថា​ជាប្ដី ប្រពន្ធ គឺមានន័យថា​រួមជីវិត​តែមួយ។ ស្វាមីភរិយា​គួរពិគ្រោះ​ពិភាក្សា​គ្នាទៅវិញ​ទៅមក ព្រោះថា​សុខភាពល្អ គ្រួសារ​រីកចម្រើន ជឿនលឿន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative