អំបិលអុីយ៉ូដ​ជួយប្រាជ្ញា និង​សុខភាព

គ្រប់ចំណី​អាហារ​ដែលយើង​ទទូលទាន​រាល់ថ្ងៃ សុទ្ធតែ​ត្រូវផ្សំ​ទ្បើងដោយ​សារធាតុ​អំបិលគ្រាន់​តែតិច ឬច្រើន​ប៉ុណ្ណោះ។ ដូចនេះ អំបិល​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​រាងកាយ​យើង។ ប៉ុន្ដែ​មិនមែន​អំបិល​គ្រប់​ប្រភេទ សុទ្ធតែ​មាន​ប្រយោជន៍ នោះទេ។ អំបិល​ដែលមាន​ប្រយោជន៍​ច្រើនចំពោះ​រាងកាយ ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​នាពេល​បច្ចុប្បន្ននេះ គឺអំបិល​ដែលមាន​ផ្ទុក សារធាតុ​អ៊ីយ៉ូដ ដែលហៅថា​អំបិល​អ៊ីយ៉ូដ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមស្វែងយល់​អំពី​អំបិល​ដែលផ្ទុក​សារធាតុ​អ៊ីយ៉ូដ​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ក្នុងលេខនេះ។ លោក​វេជ្ជបណ្ឌិត ថោ រ៉ា សូកា មន្ដ្រីផ្នែក​ទ្រទ្រង់​សុខភាព​កុមារ​ប្រចាំ​អង្គការ​យូនីសេហ្វ បានផ្ដល់​បទសម្ភាសន៍​លើប្រធានបទ​នេះ។

សារធាតុ​អ៊ីយ៉ូត ជាអ្វី?

អ៊ីយ៉ូដ​ជាមីក្រូ​សារជាតិ​សំខាន់​ចាំបាច់ ដែល​រាងកាយ​មនុស្ស​ត្រូវការ​សម្រាប់​ធានាការ​អភិវឌ្ឍន៍​រូបរាងកាយ និងប្រាជ្ញា​បានល្អ ធម្មតា។ តាមធម្មតា សារធាតុ​អ៊ីយ៉ូដ​មានស្រាប់​នៅក្នុងដី ហើយមាន​នៅក្នុង​ចំណីអាហារ​ធម្មជាតិ។ ដោយទ្បែក​សម្រាប់​ប្រទេស យើង សារធាតុ​អ៊ីយ៉ូដ​ត្រូវបាត់បង់​ដោយសារ​ការហូរ​នាំរបស់​ទឹកភ្លៀង​នារដូវវស្សា។ ហេតុដូច​នេះហើយ ដើម្បីប្រឆាំង​កង្វះ​សារធាតុ​អ៊ី យ៉ូដនេះ ទើបតម្រូវ​ឱ្យមាន​កម្មវិធី​បំពេញ​បន្ថែម​សារធាតុ​អ៊ីយ៉ូដ តាមរយៈ​ការបញ្ចូល​សារធាតុ​នេះទៅក្នុង​អំបិល​ដែលមាន​តម្លៃសម រម្យ ហើយ​ប្រជាពលរដ្ឋ​ត្រូវការ​ជាប្រចាំ។

អំបិល​អ៊ីយ៉ូត ជាអ្វី?

អំបិលអ៊ីយ៉ូដ​សំដៅ​ដល់អំបិល​ធម្មតា​ដែលបាន​បញ្ជូលជាតិ​អ៊ីយ៉ូត​រួចជាស្រេច ដែលចាំបាច់​ត្រូវ​ប្រើប្រាស់​ក្នុងម្ហូប​អាហារ។ ការ បញ្ជូល​ជាតិអ៊ីយ៉ូដ​ក្នុងអំបិល គឺជាការ​រលាយ​សារធាតុ​ឈ្មោះសូដ្យូម និងប៉ូតាស្យូមអ៊ីយ៉ូដួរ ឬអ៊ីយ៉ូដាត (NaI ឬ KI ឬ NaIO3 ឬ KIO3) ទៅក្នុង​អំបិល​ធម្មតា។

សារសំខាន់​នៃអំបិល​អ៊ីយ៉ូត

ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ឱ្យឃើញថា​កង្វះជាតិ​អ៊ីយ៉ូដ​ធ្ងន់ធ្ងរ​អាចកាត់​បន្ថយប្រាជ្ញា​របស់​កុមារ ព្រមទាំង​រារាំង លទ្ធភាព​របស់កុមារ​មិនឱ្យ​រៀនសូត្រ​បានល្អ​នៅ​សាលារៀន។ កង្វះជាតិ​អ៊ីយ៉ូដ​អាចបណ្ដាល​ឱ្យមាន​បញ្ហាសុខភាព​ធ្ងន់ធ្ងរ ចំពោះទារក និងកុមារ រួមមាន​ទារក​ស្លាប់ក្នុង​ផ្ទៃម្ដាយ ការអភិវឌ្ឍន៍​រាងកាយ និងប្រាជ្ញា​មិនបានល្អ បើក្នុង​ករណី​ធ្ងន់ធ្ងរវិញ អាចបណ្ដាល​ឱ្យទារកឡិ ឡក់ ឬមិនពេញ​លក្ខណៈ​ទៀតផង។ បញ្ហាទាំងនេះ ប្រសិនបើ​កើតមាន​ចំពោះកុមារ​នៅក្នុង​គ្រួសារ​ក៏ដូចជា​សហគមន៍ ពុំសូវ​មាន​នរណា ទទួលស្គាល់ ឬគិតដល់ថា​វាកើតមក​ពីការខ្វះ​ជាតិ​អ៊ីយ៉ូដ​នោះទេ។ ដោយឡែក​ចំពោះមនុស្ស​ពេញវ័យ បើមិនបាន​ទទួលជាតិ​អ៊ីយ៉ូដគ្រប់ គ្រាន់ទេ នោះត្រូវ​ប្រឈមមុខ​នឹងការ​ប៉ោងឡើង​នៃក្រពេញ​ទីរ៉ូអ៊ីត​នៅត្រង់ក ដែលយើង​និយមហៅថា​ជម្ងឺពកក។ ជាងនេះ​ទៅទៀត កង្វះជាតិ​អ៊ីយ៉ូដ​ចំពោះមនុស្ស​ពេញវ័យ ប្រសិនបើ​មិនមាន​ជម្ងឺពកក​ទេនោះ អាចមាន​អាការឡើង​ទម្ងន់មាន​ការងោកងុយ​ខ្លាំងខុសពី ធម្មតា មិនអាច​ទ្រាំនឹង​អាកាសធាតុ​ត្រជាក់បាន ការកើនឡើង​នូវជាតិ​ខ្លាញ់ក្នុង​ឈាម ស្ពឹកស្រពន់​ផ្នែកស្មារតី និងមុខងារ​របស់បេះដូង ខ្លះត្រូវ​កាត់បន្ថយ។

សកម្មភាព​ផលិតអំបិល​អ៊ីយ៉ូដ​នៅកម្ពុជា

នៅកម្ពុជា មានសិប្បកម្ម​ផលិតអំបិល​ចំនួន១៧០​កន្លែង ក្នុងខេត្ដកំពត និងក្រុងកែប។ សិប្បកម្ម​ទាំងនោះ​បានទទួលការ ឧបត្ថម្ភ​សារជាតិ​អ៊ីយ៉ូដ​សម្រាប់បញ្ចូល​ក្នុងអំបិល និងម៉ាស៊ីនបញ្ចូល​ជាតិអ៊ីយ៉ូដ​ចំនួន១០​ពីអង្គការ​យូនីសេហ្វ។ អំបិលដែល​មាន​ជាតិអ៊ីយ៉ូដ​ត្រូវបាន​លក់ទូទាំង​ប្រទេសកម្ពុជា​ក្នុងតម្លៃ​ថោកសមរម្យ និងមានផ្លាក​សម្គាល់​ត្រឹមត្រូវ។ ប៉ុន្ដែទោះបី​ជាយ៉ាងណា​ក៏ដោយ ក៏អំ បិល​ដែលគ្មាន​លាយជាតិ​អ៊ីយ៉ូដក៏នៅតែ​មានដាក់លក់​នៅឡើយ ជាពិសេស​តាមតំបន់​ជាយដែន​ប្រទេស។ តាមតួលេខ​ដែល​ស្រាវជ្រាវ ដោយ​អង្គការយូនីសេហ្វ​បានឱ្យដឹងថា​ប្រជាពលរដ្ឋ​កម្ពុជាប្រមាណ​៧៣,៧% បានប្រើប្រាស់​អំបិល​អ៊ីយ៉ូដ​នៅតាម​ផ្ទះរបស់​ពួកគេ។ ចំនួន នេះនឹង​កើនឡើង​ដល់៨០%​នៅឆ្នាំ២០០៧។

វិធីថែរក្សា​ជាតិអ៊ីយ៉ូត​ក្នុងអំបិល

ដើម្បីកាត់​បន្ថយនូវ​កម្រិតបាត់បង់​ជាតិអ៊ីយ៉ូដ​ក្នុងអំបិលឱ្យ​បានទាប​បំផុត ក្នុងពេល​រក្សាទុក​មិនត្រូវដាក់​អំបិលឱ្យ​ត្រូវកម្ដៅ ថ្ងៃខ្លាំងពេក ឬប៉ះពាល់​នឹងពន្លឺ​ព្រះអាទិត្យ។

– មិនត្រូវដាក់​អំបិលក្នុង​អាកាសធាតុ​សើមខ្លាំង ជាពិសេស​មិនត្រូវ​ដាក់ឱ្យ​ប៉ះពាល់​ទឹកភ្លៀង

– មិនត្រូវឱ្យឆ្លងជាប់ធូលី ឬប៉ះពាល់​ជាមួយ​សារធាតុ​គីមីផ្សេងៗ

– ត្រូវប្រើអំបិលឱ្យ​អស់មុន​ថ្ងៃកំណត់​ការប្រើប្រាស់។

ដំបូន្មាន​អ្នកជំនាញ

ការប្រើប្រាស់​អំបិលជាតិ​អ៊ីយ៉ូដ​ជំនួស​អំបិលធម្មតា​ពេលដាំស្ល​នៅតាម​គ្រួសារ អាចផ្ដល់​ឱ្យស្ដ្រីមាន​ផ្ទៃពោះ កុមារ និងសមាជិក​ទាំងអស់​នៅក្នុង​គ្រួសារ​នូវជាតិ​អ៊ីយ៉ូដ​ក្នុងចំនួនមួយ​ដែលរាងកាយ​ត្រូវការ​ប្រយោជន៍​ទប់ស្កាត់​បញ្ហាកង្វះ​ជាតិអ៊ីយ៉ូដ។

អនុក្រឹត្យស្ដីពីការ​គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​អំបិល​អ៊ីយ៉ូដ

តាមអនុក្រឹត្យ​ស្ដីអំពីការ​គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​អំបិលអ៊ីយ៉ូដ ដែលត្រូវ​ចុះហត្ថលេខា​ដោយសម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីខែតុលា ឆ្នាំ២០០៣ ចែងថារាល់​ផលិតករ និងអាជីវករ​ត្រូវតែ​ផលិត​ចែកចាយ​នាំចូល និងលក់តែ​អំបិលដែល​មានសារ ជាតិអ៊ីយ៉ូដ។ អនុក្រិតនេះ​ត្រូវបានដាក់​ចូលជាធរមាន​ឱ្យអនុវត្ដការ​ផាកពិន័យកាល​ពីខែតុលា ឆ្នាំ២០០៤ កន្លងទៅនេះ ចំពោះ​ផលិតករ និងអ្នកលក់​ទាំងទ្បាយណា​ដែលផលិត និងលក់អំបិល​ដែលគ្មានផ្ទុក​សារជាតិ​អ៊ីយ៉ូដ។ ការផ្ដន្ទាទោស​ចំពោះការ​ប្រព្រឹត្ដល្មើស​នឹងអនុក្រឹ ត្យនេះ ត្រូវបានចែង​ដូចខាង​ក្រោមនេះ ៖

1. ពិន័យដោយ​ដកហូត​អំបិលដែល​គ្មានជាតិ​អ៊ីយ៉ូដ ចំពោះបទល្មើស​នឹងមាត្រា២ លើកលែង​តែករណី​តាមគេហដ្ឋាន។

2. ពិន័យជាប្រាក់​ស្មើនឹងបួន​សែនរៀល​លើកទី១ ចំពោះបុគ្គល​ណាប្រព្រឹត្ដ​ល្មើសនឹង​មាត្រា៤។ ក្នុងករណី​មិនធ្វើ​តាម ត្រូវ ពិន័យ​ទ្វេដង។ ក្នុងករណី​មិនរាងចាល ត្រូវផ្អាកផលិត និងផ្អាកធ្វើ​អាជីវកម្ម​រហូតដល់​ពេលមាន​លិខិតអនុញ្ញាត​ត្រឹម ត្រូវ។

3. ពិន័យជាប្រាក់​ស្មើនឹង​មួយលានរៀល​លើកទី១ ចំពោះបុគ្គលណា​ដែលប្រព្រឹត្ដល្មើស​នឹងមាត្រា៤ និងមាត្រា៦។ ករណី មិនធ្វើតាម ត្រូវពិន័យទ្វេដង។ ក្នុងករណី​មិនរាងចាល ត្រូវដកហូត​លិខិតអនុញ្ញាត​ធ្វើអាជីវកម្ម​អំបិល។

4. ពិន័យជាប្រាក់​ស្មើនឹងប្រាំ​មួយសែនរៀល​លើកទី១ ចំពោះបុគ្គលណា​ដែលប្រព្រឹត្ដល្មើស​នឹងមាត្រា៧ មាត្រា៨ និងមា ត្រា៩។ ករណីមិន​ធ្វើតាម ត្រូវពិន័យ​ទ្វេដង។ ក្នុងករណីមិន​រាងចាល ត្រូវដកហូត​លិខិតអនុញ្ញាត​ធ្វើអាជិវកម្ម​អំបិល ។

5. ពិន័យជាប្រាក់​ស្មើនឹងមួយ​សែនរៀល ចំពោះបុគ្គល​ណាដែលប្រព្រឹត្ដ​ល្មើសនឹង​មាត្រា១១។

6. ពិន័យជា​ប្រាក់ស្មើនឹង​តម្លៃទំនិញ និងត្រូវទទួល​ទោសតាមច្បាប់ ចំពោះមន្ដ្រី​មានសមត្ថកិច្ចណា​ដែលបានធ្វើ​ឱ្យខូចខាត ទ្រព្យសម្បត្ដិ​របស់អាជីវ​ករអំបិល ឬពាណិជ្ជករអំបិល​ដោយអចេតនា​ក្នុងពេលកំពុង​ដំណើរការ​អធិការកិច្ច។

7. ត្រូវផ្ដន្ទាទោតាម​ច្បាប់ចំពោះបុគ្គល ឬមន្ដ្រីរាជការ​ណាដែលបាន​ចូលរួម ឬបានឃុបឃិត​ប្រព្រឹត្ដល្មើស​ដូចបានចែងក្នុង ​ចំណុចទាំង៦ នៃមាត្រា១៦។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative