របៀបរៀប​ចំបន្ទប់​គេង

ការធ្វើផ្ទះ គឺមិនមែន​ធ្វើសម្រាប់​តែជ្រកទេ គឺធ្វើ​សម្រាប់​ក្ដីសង្ឈឹម​មួយថា​យើងនឹង​បោះ​ទីតាំង​មួយ ចាក់ឫស​នៅកន្លែង​នោះ ។ អ្វីៗដែល​មាននៅ​ក្នុងផ្ទះ​ត្រូវ​មានការ​ទាក់ទាញ​ឱ្យយើង​មានចិត្ដ​ចង់​រស់នៅ ហើយយើង​ក៏មិន​ចង់​ផ្លាស់ប្ដូរ​ទីលំនៅ​ដែរ។ ការរៀបចំផ្ទះបាយ និងបន្ទប់គេង​ក៏ត្រូវ​ឱ្យមាន​ទៅតាម​ក្បួនខ្នាត​ត្រឹមត្រូវ​ដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកវិធី​រៀបចំ​បន្ទប់គេង​មកបង្ហាញ​ជូនដោយ​ជួបសម្ភាសន៍​ជាមួយលោក ទៀវ វីណ្ណូ សាស្ដ្រាចារ្យ​ស្ថាបត្យកម្ម។

ទីតាំង​បន្ទប់​គេង

ជាទស្សនៈជប៉ុន បន្ទប់គេង​ត្រូវដាក់​ឱ្យបែរ​ទៅសួន ពេលបើក​បង្អួច អាចមើល​ឃើញទៅ​ខាងក្រៅ​ឃើញ​សួនច្បារ។ ប្រសិន បើគ្មាន​សួនច្បារទេ សូមដាក់​គ្រែគេង​បែរទៅ​រកទេសភាព​នៅខាងក្រៅ។ ស្ថានភាព​បែបនេះ យើងហាក់​មានអារម្មណ៍​ថាយើង​រស់នៅ ខាងក្នុងសួន។ តាមពិត មនុស្សត្រូវ​ការរស់​នៅជាមួយ​ធម្មជាតិ ជារឿង​សំខាន់​ណាស់ វាសម្រួល​ដល់ចិត្ដសាស្ដ្រ​របស់មនុស្ស។ មនុស្ស ត្រូវការ​រស់នៅ​ក្បែរ​ធម្មជាតិ ក្បែរខ្យល់ ក្បែរថ្ងៃ និងក្បែរ​រុក្ខជាតិ។ បន្ទប់គេង​ត្រូវតែ​បែរទៅ​រកពន្លឺ។

វិធីរៀបចំ​ក្នុងបន្ទប់​គេង

ការរៀបចំ​បន្ទប់គេង​ត្រូវធ្វើ​ទៅតាម​ចំណង់ចំណូល​ចិត្ដរបស់​មនុស្ស​ម្នាក់ៗ។ ប៉ុន្ដែក្នុង​បន្ទប់គេង គួរមានទូ​សម្រាប់ដាក់ សម្លៀកបំពាក់។ គួរមានទូ​ដែលមាន​ថតជាថ្នាក់ៗ​សម្រាប់ដាក់​ទូរទស្សន៍ និងសម្រាប់​ដាក់សៀវភៅ​អានខ្លះ។ មានតុ​ការិយាល័យ១ សម្រាប់ធ្វើការ ឬរៀនសូត្រ។ ទូសម្រាប់​ដាក់សៀវភៅ​ត្រូវដាក់​នៅជិតតុ​ធ្វើការ។ ទូដាក់​សៀវភៅ​មិនត្រូវ​ដាក់សៀវភៅ​ច្រើនពេកទេ ព្រោះវា​មិនមែន​ជាបណ្ណាល័យ​ទេ។

1. ពន្លឺនៅ​ក្នុងបន្ទប់ ពន្លឺនៅក្នុង​បន្ទប់គេង ត្រូវប្រើ​ចង្កៀង​ទំហំ៧០​វ៉ាត់ ឫ១០០វ៉ាត់​ជាការ​គ្រប់គ្រាន់ ត្រូវដាក់​វានៅលើ តុ​ការិយាល័យ។ ការដាក់​អំពូល​ធ្វើឡើង​ទៅតាម​ទំហំ​បន្ទប់តូច ឬធំ។ ត្រូវជ្រើសរើស​យកអំពូល​ណាដែល​មានពណ៌​ពងមាន់ មិនមែន ពណ៌សពេក និងកុំឱ្យ​ងងឹតពេក​នាំឱ្យ​ខូចភ្នែក។

2. ការដាក់គ្រែ​បែរទៅ​ទិសខាង​កើត តាមទស្សនៈថ្មី គេដាក់គ្រែ​នៅកន្លែង​ណាដែល​មានពន្លឺ​ចេញចូល​គ្រប់គ្រាន់ និងបែរ មុខទៅ​រកទេសភាព​ល្អ។ លោកសាស្ដ្រាចារ្យ ទៀវ វីណ្ណូ បានបញ្ចេញ​ទស្សនៈថា​គ្រែគេង​គួរដាក់​បែរមុខ​ទៅទិស​ខាងកើត​ជាការល្អ ព្រោះថា​ពន្លឺនៅពេល​ព្រឹកព្រលឹម​មិនមាន​កម្ដៅខ្លាំង។ ម្យ៉ាងទៀត ពន្លឺពេលព្រឹក​មានកាំរស្មី​អ៊ុត្រាវីយោឡេ​ដែលមាន​ប្រយោជន៍ក្នុង ការថែរក្សា​ស្បែក។ សម្រាប់កុមារ​ត្រូវការ​កាំរស្មីនេះ ដើម្បីពង្រឹង​ឆ្អឹង។

ដូច្នេះត្រូវ​ធ្វើបន្ទប់បែរ​ទៅទិស​ខាងកើត បង្អួចបើកបែរ​ទៅទិស​ខាងកើត និងបែរ​ទៅរក​សួនច្បារ គឺជាការ​ប្រសើរណាស់។ បើមាន​រានហាល​ទៀតរិត​តែល្អ យើងអាច​ចេញទៅ​ហាត់ប្រាណ​ខាងក្រៅ​នៅពេលព្រឹក។ ទូរទស្សន៍​ត្រូវដាក់ឱ្យ​បែរទៅ​រកគ្រែ មិនត្រូវ ដាក់បែរ​ទៅរកបង្អួចទេ ព្រោះនៅ​ពេលពន្លឺថ្ងៃ​ចាំងមកវា​នាំឱ្យរំខាន។ បន្ទប់គេង​ត្រូវមានការ​តុបតែង​ខ្លះដែរ ដូចជា​មាន​ថូដាំ​ដើមឈើ ដែលត្រូវ​ការពន្លឺតិច។

3. ការតាំង​រូបភាពនៅ​លើជញ្ជាំង  ត្រូវមាន​ដាក់ជា​ផ្ទាំងរូបភាព​ជារូបផ្ទាល់ខ្លួន ឫគ្រួសារព្យួរ ឬតាំងនៅ​លើជញ្ជាំង។ តាំងរូប​ឪពុកម្ដាយ នៅលើក្បាល​ដំណេក វាជាការល្អ។ ការដាក់​រូបច្រើន​ពេកជា​ការមិន​ល្អទេ ព្រោះវានាំឱ្យ​មើលទៅឃើញ​ស្មុគស្មាញ និងសាំញាំ។ បន្ទប់គេង​ត្រូវការ​ភាពស្រ ឡះ មានខ្យល់​អាកាសចេញ​ចូលច្រើន និងត្រូវការ​ពន្លឺគ្រប់គ្រាន់។ ភាពងងឹត​ជាកន្លែង​កកកុញ​ទៅដោយ​មេរោគ។ បន្ទប់គេង​ក៏ត្រូវ មានបង្អួចដែរ យ៉ាងហោច​ណាស់ឱ្យបាន​១ភាគ៥នៃ​ផ្ទៃបន្ទប់ដែរ។ បន្ទប់គេង​តូចបំផុត១៦​ម៉ែត្រការ៉េ សមរម្យ​អាចរស់​នៅបាន។ បើ មានបន្ទប់​គេងតូចយ៉ាង​ដូចម្ដេចក៏​ដោយ ធ្វើយ៉ាងណា​ឱ្យបន្ទប់មាន​ពន្លឺគ្រប់គ្រាន់ ហើយកុំឱ្យបិទ​ជិតឈឹង។

4. ការដាក់បន្ទប់​ទឹកនៅក្នុង​បន្ទប់គេង មិនត្រូវ​ដាក់បន្ទប់ទឹក​នៅក្នុង​បន្ទប់គេងទេ ព្រោះបន្ទប់ទឹក​ជារបស់​មួយសើម បន្ទប់គេង​ជារបស់មួយ​ត្រូវការស្ងួត។ ម្យ៉ាងទៀត​បង្គន់ជា​របស់មួយ​មិនស្អាត វាស្រួលមែន​ក្នុងការ​រស់នៅ ប៉ុន្ដែវាមិនល្អ​សម្រាប់សុខភាព និងការ​តុបតែង​ឡើយ។ នៅពេល​ដែលទ្វារចំហ​ទៅឃើញ​បង្គន់ ជួនកាលទៀត​នៅពេលចេញ​ពីបន្ទប់ទឹក ធ្វើឱ្យ​សើមការូ ឬកម្រាល។ ដូច្នេះ បន្ទប់ទឹក​គួរតែ​សាងសង់​នៅដាច់ដោយ​ឡែកពី​បន្ទប់គេង។

5. ការលាបពណ៌ ការលាបពណ៌​ជញ្ជាំងបន្ទប់គេង​សម្រាប់ក្មេង​គួរលាប​ពណ៌រាងឆើត ដូចជាពណ៌​ផ្ទៃមេឃ ពណ៌សូកូឡា​ជាដើម។ សម្រាប់​មនុស្សចាស់ គួរលាប​ពណ៌រាង​ស្រទន់បន្ដិច ដើម្បីកុំឱ្យ​ចាំងភ្នែក ដូចជា​ពណ៌ពងមាន់ ពណ៌ស្លាទុំ ពណ៌កាកអំពៅ ជាដើម។

ដំបូន្មានអ្នក​ជំនាញ

លោកទៀវ វិណ្ណូ បានផ្ដល់​ជាដំបូន្មាន​ដល់ប្រជាពលរដ្ឋ​ក្នុងការ​សាងសង់​ផ្ទះថា​បន្ទប់គេង​គួរបែរ​មុខទៅទិស​ខាងកើត ជាការ ល្អ ព្រោះខាងជើង និងខាងលិច​នៅខែចែត្រ​អាកាសធាតុ​ក្ដៅខ្លាំង។ ចំពោះខាងកើត ក្ដៅនៅពេល​ព្រឹកព្រហាម​រហូតដល់ម៉ោង​១០ទើប ផុត ហើយពន្លឺ​ពេលព្រឹក​ព្រហាម​ល្អសម្រាប់​សុខភាព​ទៅវិញទេ។ ចំពោះការ​ដាក់ម៉ាស៊ីន​ត្រជាក់ អាចរំខាន​ដល់សុខភាព អាចទៅ​ជាផ្ដាសាយ អ្នកខ្លះទៀត​មិនអាច​ទ្រាំបានទេ។ ហេតុដូចនេះ​ហើយបាន​ជាយើង​ទាមទារឱ្យ​មានការរៀប​ចំផ្ទះទៅតាម​ក្បួនខ្នាត និងមានខ្យល់ អាកាស​ចេញចូល​គ្រប់គ្រាន់។ យើងអាច​ប្រើកង្ហា​ម្ដងម្កាល​ជំនួសម៉ាស៊ីន​ត្រជាក់បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative