កូនខ្ញុំ​​ស្គមក្រិន

ការចិញ្ចឹម​កូនរបស់​ឪពុកម្ដាយ​គ្រប់រូប​រមែងតែ​ចង់ឱ្យ​កូនមាន​សុខភាពល្អ មិនថា​ក្នុងកាល​ទេសណាទេ។ ទន្ទឹមនឹង​នោះដោយ​សារបញ្ហា​ជីវភាពមាន​ឪពុកម្ដាយ​ជាច្រើន​ធ្វេសប្រហែស​ក្នុងការបំប៉ន​រាងកាយ​​​កូន មានខ្លះ​ច្រើននិយម​ឱ្យកូនកាន់​លុយទៅ​ទិញចំណី ដែលក្មេងចង់​ញ៉ាំដោយខ្លូនឯង។ កុមារដែល​កាន់លុយទិញ​ចំណីអាហារ​ដោយខ្លួនឯង ច្រើនជ្រើស​ទិញនូវចំណី​អាហារ​ដែលគ្មាន​គុណភាព​សម្រាប់​​​ទ្រទ្រង់​រាងកាយ។ ក្នុងនោះ​ក៏មាន​ឪពុកម្ដាយ​មួយចំនួនគ្មាន​លទ្ធភាពផ្ដល់​ចំណីអាហារ​ឱ្យកូនបាន​គ្រប់គ្រាន់​តែម្ដង។ កុមា រដែល​ទទួល​ចំណីអាហារ​មិនគ្រប់គ្រាន់​ត្រូវប្រឈមមុខ​នឹងជម្ងឺខ្វះ​អាហារូបត្ថម្ភ​ដែលបង្កបាន​ជាសភាព​ស្គមក្រិន​ដែលនិយម​ហៅថាជា​ជម្ងឺខ្វះ​វីតាមីន។

រូបភាពទស្សនាវដ្តីសុខភាពយើង

បញ្ហាកង្វះ​អាហារូបត្ថម្ភ​នេះជាបញ្ហា​កំពុងជួបប្រទះ​ច្រើននៅ​កម្ពុជា។ លោកស្រី​វេជ្ជបណ្ឌិត ជា កាំហ៊ូយ អ្នកជំនាញ​ខាងអាហារ​បំប៉ន​នៅមន្ទីរ​ពេទ្យកុមារជាតិ នឹងបកស្រាយ​ពន្យល់ពី​មូលហេតុ និងផលវិបាក​នៃភាពស្គម​ក្រិនរបស់​កុមារ។

ស្គមក្រិន ជាអ្វី?

វាជាប្រភេទ​មួយក្នុង​ចំណោម​ជម្ងឺខ្វះ​អាហារូបត្ថម្ភ ឬ​ចំណីអាហារ។ ជម្ងឺ​នេះបណ្ដាល​មកពីការ​ផ្ដល់ជាតិ​ប្រូតេអ៊ីន និងកាទ្បូរី មិនគ្រប់គ្រាន់ តិចតួច ឬ​ក៏មិន​ត្រឹមត្រូវ​តាមសេចក្ដី​ត្រូវការរបស់​រាងកាយ ហើយ​បូករួម​ទាំងជាតិ​រ៉ែខនិច និង​ជាតិ​វីតាមីន។

ប្រភេទ និងរោគសញ្ញា​ស្គមក្រិន

ស្គមក្រិន​របស់កុមារ​ចែកជា​៣កម្រិត និងមាន​រោគសញ្ញា​ទៅតាម​កម្រិត​នីមួយៗ ៖

– ស្គមក្រិន​កម្រិតស្រាល ក្នុងកម្រិតនេះ សុខភាព​កុមារ​មិនសូវ​បង្កផលវិបាក​ប៉ុន្មានទេ។ កម្រិត​នេះងាយ​ស្រួល​ក្នុងការ​ព្យាបាល ដោយគ្រាន់​តែបំពេញ​បន្ថែមនូវ​សារធាតុ​បំប៉នផ្សេងៗ​ដល់កុមារ​តែប៉ុណ្ណោះ។

– ស្គមក្រិន​កម្រិតមធ្យម កុមារតូចៗ​គួរតែមាន​ការលូតលាស់ និងឡើង​ទម្ងន់យ៉ាង​ឆាប់រហ័ស។ ប្រសិន​បើកុមារ​មិនកើន​ទម្ងន់ ក្នុងអំឡុង​ពេល២ខែ នោះជាសញ្ញា​បញ្ជាក់ថា​កុមារមាន​បញ្ហាហើយ។ ក្នុងកម្រិត​មធ្យមនេះ ឪពុកម្ដាយ​ត្រូវនាំកុមា​រមកកាន់មន្ទីរ ពេទ្យយ៉ាង​ហោចណាស់​ឱ្យបាន១​ខែម្ដងយ៉ាង​ទៀងទាត់ ដើម្បី​តាមដាន​សភាព​ជម្ងឺរ​បស់កុមារ។ បើធ្វេស​ប្រហែស​ក្នុងដំណាក់កាល​នេះ កុមារ​អាចមាន​ជម្ងឺស្គមក្រិន​ក្នុងកម្រិត​ជម្ងឺធ្ងន់ធ្ងរ​បាន។

– ស្គមក្រិន​កម្រិតធ្ងន់ធ្ងរ ៖ វាជាកម្រិត​មួយដែល​ពិបាកក្នុង​ការព្យាបាល​ណាស់។ កុមារអាច​ស្លាប់បាន បើសិន​ជួយសង្គ្រោះ​មិនទាន់​ពេលវេលា។ ក្នុងកម្រិតនេះ កុមារ​មានសភាព​ស្គមខ្លាំង មុខជ្រួញ​ដូចមនុស្សចាស់ ភ្នែកខូង ខ្សោយ​សាច់ដុំ សក់ក្បាល​ស្ដើង​ក្រហមតិចៗ ហើយងាយ​ពុកផុយ ងាយបាក់ និងងាយជ្រុះ ឆាប់ហត់ ដកដង្ហើម​ដង្ហក់​ជាដើម។ ក្នុងកម្រិត​ធ្ងន់ធ្ងរនេះ កុមារមិន​ត្រឹមតែស្គម ក្រិនប៉ុណ្ណោះទេ តែកុមារ​អាចមាន​អាការ​ហើម​ថែមទៀត។ គ្រប់កម្រិត​នៃជម្ងឺស្គម​ក្រិនរបស់​កុមារ ឪពុកម្ដាយ​មិនអាច​សន្និដ្ឋាន​ដោយ ខ្លួនឯង​បានឡើយ។ កុមារ​ក្នុងកម្រិតនេះ មានចរិត​ឆាប់ខឹង ឆាប់ឃ្លាន តែហូប​មិនបាន ឬ​ក៏ហូបចូល​ទៅត្រូវក្អួត​ចេញមកវិញ គ្មាន កម្លាំង​កំហែង តែកុមារ​នោះយំតិចៗ​សឹងមួយ​ថ្ងៃទល់​ល្ងាច។ កុមារ​ស្គមក្រិន​ក្នុងកម្រិត​ធ្ងន់ធ្ងរនេះ ច្រើនតែ​កើតមាន​ឡើងនៅពេល ដែលគេ​ត្រូវផ្ដាច់ ឬបញ្ឈប់​ការបំបៅដោះ។ គ្រប់ដំណាក់​កាលនៃជម្ងឺ គ្រូពេទ្យ​ជំនាញ​នឹងអាច​ប្រាប់ឪពុកម្ដាយ​ទាំងឡាយ​អំពីកម្រិត ជម្ងឺដែលកំពុង​ប្រឈមមុខ។

ផលវិបាក​ស្គមក្រិន

បើសិន​ជាលោកអ្នក​បណ្ដោយ​ឱ្យកូនមាន​ជម្ងឺស្គមក្រិន នោះកូន​របស់លោក​អ្នកនឹងជួប​ប្រទះបញ្ហា​អសមត្ថភាព ទាំងរាងកាយ​និងខួរក្បាល​របស់គេ។ កុមារ​នឹងមានកាយ​សម្បទា​មិនមាំមួន រឹងប៉ឹង ខ្សោយកម្លាំង ឆាប់ហត់​ធ្វើអ្វី​មិនកើត ងាយរង​ផលប៉ះពាល់ ជម្ងឺផ្សេងៗ កោសិកា​នៃឆ្អឹងត្រូវ​បានកាត់​បន្ថយការ​វិវឌ្ឍន៍ ធ្វើឱ្យកុមារ​មានកម្ពស់​ទាបដែល​និយមហៅ​ថាជម្ងឺក្រិន។ ការប៉ះ​ពាល់ផ្នែក ខួរក្បាល ធ្វើឱ្យកុមារ​គ្មានលទ្ធភាព​ទទួលយក​ការចងចាំ​ពេញលេញ រៀនមិន​ពូកែ អន់ថយ​ប្រាជ្ញា ចាញ់ច្រាប​គេជាដើម។

វិធីបង្ការស្គមក្រិន

ដើម្បី​ទប់ទល់​នឹងបញ្ហា​ខ្វះអាហា​រូបត្ថម្ភ ក៏ដូច​ជាជម្ងឺ​ស្គមក្រិន​របស់កុមារ​បាន ឪពុកម្ដាយ​ទាំងឡាយ​ត្រូវព្យាយាម​ប្រតិបត្ដិ តាមវិធីដូច​ខាងក្រោមនេះ ៖

– ការបំបៅ​ដោះកូនដោយ​ទឹកដោះម្ដាយ​ជួយការពារ​កុមារ​ឱ្យគេចផុ​តពីជម្ងឺផ្សេងៗ ជាពិសេស​ជម្ងឺខ្វះអាហា​រូបត្ថម្ភ និងជួយ ឱ្យកុមារ​មានការ​លូតលាស់​ទាំងផ្លូវកាយ និងផ្លូវចិត្ដ​បានល្អ។ យ៉ាងហោច​ណាស់​ក៏ត្រូវបំបៅ​កូនឱ្យបាន៦ខែ​នៃកំណើត​ដំបូងដែរ។

– កុមារត្រូវ​ការបរិភោគពី៣ ទៅ៥ដងក្នុ​ងមួយថ្ងៃ។ បើកុមារ​បរិភោគ​អាហារអស់ ហើយចង់​បរិភោគទៀត លោកអ្នកត្រូវ ឱ្យវាបរិភោគ​បន្ថែម។

– អាហារ​ដែលជួយ​ឱ្យកុមារ​លូតលាស់​បានល្អ មានដូចជា​សាច់សត្វ សាច់ត្រី ស៊ុត សណ្ដែក គ្រាប់ធញ្ញជាតិ ប្រេងឆា​ជាដើម ។ អាហារផ្សេងៗ ដែលសម្បូរ​ដោយជីវជាតិអា មានថ្លើម ស៊ុត ផ្លែឈើ​ដែលមាន​ពណ៌លឿង និងបន្លែ​ដែលមាន​ស្លឹកពណ៌​បៃតង។ ប្រសិន​បើអាហារ​ទាំងនោះ មិនអាចមាន ឬ​ផ្ដល់ឱ្យ​មិនគ្រប់គ្រាន់ទេ នោះលោក​អ្នកអាចផ្ដល់​ថ្នាំគ្រាប់ជីវជាតិអា​២ដង​ក្នុងមួយឆ្នាំ។

– ក្រពះ​របស់កុមារ​តូចជាង​ក្រពះ​របស់មនុស្ស​ពេញវ័យ ដូចនេះ​កុមារមិន​អាចបរិភោគ​ច្រើនក្នុង​ពេលតែម្ដង​បានទេ។ ប៉ុន្ដែ សេចក្ដី​ត្រូវការ​ផ្នែកថាមពល​ដើម្បី​លូតលាស់ គឺត្រូវ​ការក្នុង​កម្រិតមួយ​ខ្ពស់ណាស់។ ដូច្នេះវា​ចាំបាច់​ខ្លាំងណាស់ ដែលកុមារត្រូវការបរិ ភោគអាហារឱ្យបានច្រើនដង ដើម្បីបំពេញសេចក្ដីត្រូវការអស់ទាំងនេះ។

– វាជាការ​សំខាន់ណាស់​ដែលត្រូវ​លួងលោម​កុមារឈឺ​ឱ្យបរិភោគ។ បញ្ហានេះ​អាចជាការ​លំបាក ពីព្រោះ​កុមារដែល​ឈឺអាច បាត់បង់​ចំណង់​ហូបចុក។ ការសំខាន់​មួយទៀត ត្រូវបន្ដ​ផ្ដល់អាហារ​ដែលកុមារ​ចូលចិត្ដ ហើយ​ត្រូវផ្ដល់​ឱ្យបន្ដិចម្ដងៗ​ឱ្យបាន​ច្រើនដង តាមតែ​អាចធ្វើ​ទៅបាន។ ប្រសិនបើ​ជម្ងឺបាន​ធូរស្រាល ហើយចំណង់​នៃការបរិភោគ​នៅតែបន្ដថយ​ចុះច្រើន​ថ្ងៃនោះ ត្រូវយក​កុមារទៅ ជួបគ្រូពេទ្យ។ កុមារមិនទាន់ជាសះ​ស្បើយ​ទាំងស្រុងទេ បើកុមារ​មិនទាន់​មានទម្ងន់​ស្មើនឹងទម្ងន់​ដែលវាទើប​នឹងចាប់ផ្ដើម​ឈឺ។ នៅពេល​ជាសះស្បើយ កុមារត្រូវ​ការអាហារ​ក្រៅពេលមួយ​ពេលបន្ថែម​ទៀតជារៀង​រាល់ថ្ងៃ យ៉ាងហោច​ណាស់ឱ្យ​បានមួយ​សប្ដាហ៍។

បើលោកអ្នក​អនុវត្ដបាន​តាមប្រការ​ដែលជម្រាប​ជូនខាង​លើនេះ កូនរបស់​លោកអ្នក​ពិតជាអាច​គេចផុតពីជម្ងឺ​ស្គមក្រិន ឬខ្វះ អាហារូបត្ថម្ភ​បាន។

ដំបូន្មាន​អ្នកជំនាញ

សូមលោក​អ្នកប្រុងប្រយ័ត្ន​ដល់ការផ្ដល់​ចំណីអាហារ​ដល់កូន ព្រោះ​ចំណីអាហារ​ប្រភេទខ្លះ​គ្មានគុណភាព​គ្រប់គ្រាន់​សម្រាប់ ទ្រទ្រង់​រាងកាយទេ ផ្ទុយទៅ​វិញវាអាច​ធ្វើឱ្យកូន​លោកអ្នកមាន​ជម្ងឺថែម​ទៀតផង។ សូមប្រុង​ប្រយ័ត្ន​ផងដែរ​ចំពោះកា​រផ្ដល់ថ្នាំ​ដែល ជួយឱ្យកុមារ​ញ៉ាំបាយបាន សូមជួប​ជាមួយ​គ្រូពេទ្យ​ជាមុនសិន មុនសម្រេច​ផ្ដល់ថ្នាំ​ឱ្យកុមារ​លេប។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative