វិធីព្យាបាល​ការឆាប់​ចេញទឹកកាម

នៅក្នុង​លេខចេញ​ផ្សាយទី៤និងទី៥ទស្សនាវដ្ដី​សុខភាពយើង បានលើក​យកមក​បង្ហាញជូន​រួចមកហើយ នៅលើទំព័រ សុខភាពបុរស អំពីការឆាប់​ចេញទឹកកាម និងវិធីទប់​ស្កាត់ការ​ឆាប់ចេញ​ទឹកកាម។ ដូចដែល​បានសន្យា​ពីលើកមុនៗ លើកនេះសូម បង្ហាញជូន​អំពីវិធី​ព្យាបាល​ការឆាប់ចេញ​ទឹកកាម​វិញម្ដង។ ការឆាប់ចេញ​ទឹកកាម ជាបញ្ហា​ចំបងរបស់​បុរស និងជា​សំណួរ​ឈាមមុខគេ របស់បុរស​ទៀតផង។ តែទោះ​ជាបែបណា​ក៏ដោយ ក៏វាមាន​មូលហេតុ​បង្កណាមួយ របៀប​ទប់ស្កាត់ និងវិធី​ព្យាបាល​យ៉ាងមាន​ប្រសិទ្ធភាពផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

បុរសមិន​ថាក្មេង មិនថា​ចាស់ឡើយ សុទ្ធតែ​ធ្លាប់ជួប​ប្រទះបញ្ហា​ឆាប់ចេញ​ទឹកកាម​នេះក្នុង​ឆាកជីវិត​របស់ខ្លួន គ្រាន់តែមូល ហេតុខុសៗ​គ្នាតែប៉ុណ្ណោះ។ ដូចនេះ ប្រការ​សំខាន់​ត្រូវរកឱ្យ​ឃើញ​មូលហេតុ និងសាក​ល្បងគ្រប់​វិធីទប់ស្កាត់​ការឆាប់​ចេញទឹកកាម នេះ។ ការព្យាបាល​ត្រូវផ្អែក​ទាំងស្រុង​ទៅលើ​មូលហេតុ និងប្រភេទ​នៃការឆាប់​ចេញទឹកកាម។

ប្រភេទ និងមូលហេតុ​នៃការឆាប់​ចេញទឹកកាម

នៅក្នុង​វិស័យ​វេជ្ជសាស្ដ្រ គេបានបែង​ចែកការ​ឆាប់ចេញ​ទឹកកាមជា​២ប្រភេទ គឺឆាប់ចេញ​ទឹកកាម​ប្រភេទទី១ (ឆាប់ចេញ​ទឹកកាមពេល​រួមភេទ​លើកដំបូង)​និងឆាប់ចេញ​ទឹកកាម​ប្រភេទទី២ (ឆាប់ចេញ​ទឹកកាម​បន្ទាប់ពីជីវ​ភាពរួមភេទ​ធម្មតា)។

១- ឆាប់ចេញ​ទឹកកាម​ប្រភេទទី១

ជាករណី​កើតឡើង​តាំងពីការ​រួមភេទ​លើកដំបូង​ស្ទើរតែ​គ្រប់ករណី​ច្រើនតែ​បណ្ដាល​មកពីកត្ដា​ផ្លូវចិត្ដផ្លូវ​អារម្មណ៍។ តែក៏​អាចមាន​កត្ដាផ្សេងៗ​ទៀតផង​ដែរដែល​បណ្ដាលឱ្យ​ឆាប់ចេញទឹកកាម​ដូចជាការមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំងហួសហេតុ ការខ្លាច​រអារវាងដៃ​គូរួមភេទ​ការចង់យកឈ្នះចាញ់​ឬទំនាក់ទំនង​រវាងដៃ​គូរួមភេទ​ការអប់​រំផ្លូវភេទ​វិបត្ដិផ្លូវ​ចិត្ដជាដើម។ ចង់យល់​លំអិត​សូមអាន​អត្ថបទ“ឆាប់ចេញ​ទឹកកាម​ក្នុងទស្សនាវដ្ដី​សុខភាពយើង​លេខ០០៤​ខែឧសភា​២០០៦។

២-​ឆាប់ចេញ​ទឹកកាម​ប្រភេទទី២​ 

ជាករណី​កើតមាន​ឡើងបន្ទាប់​ពីមានជីវភាព​ផ្លូវភេទធម្មតា​ស្ងៀមៗ​ស្រាប់តែឆាប់​ចេញទឹកកាម។​បែបនេះ​ជាករណីច្រើន​តែបណ្ដាល​មកពីហេតុផល​ផ្លូវកាយ​ឬក៏អាច​មកពីហេតុផល​ផ្លូវចិត្ដផ្លូវ​អារម្មណ៍​ផងដែរ។​សរុបមក​ការឆាប់​ចេញទឹកកាម​ប្រភេទទី២​បណ្ដាលមក​ពីមូលហេតុ​ជាច្រើនដូចតទៅ​÷

-​ជម្ងឺរលាក​បង្ហូរនោម​ឬជម្ងឺរលាក​ក្រពេញ​ឬប្រូស្ដាត​ ៖​ ព្រោះថាការ​រំខានដែល​កើតចេញពី​ជម្ងឺទាំងនេះ​ធ្វើឱ្យ​បុរសមិន​ស្រួលក្នុងចិត្ដ​និងធ្វើ​ឱ្យបុរស​អាចខំបាញ់​បញ្ចេញទឹកកាម​បានដែរ។

– ការសេព​គ្រឿងញៀន ៖ ការប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ដូចជាពួក​កូកាអ៊ីន​ពួកអំហ្វេតាមីន​ជាដើម​អាចជម្រុញ​ដល់ការដាស់​ឬភ្ញោច​កាមារម្មណ៍​និងប្រព័ន្ធ​ប្រសាទ​ដែលឈាន​ដល់ការឆាប់​ចេញទឹកកាម​បានដែរ។

– វិបត្ដិការ​ឡើងរឹង​នៃលិង្គ​លិង្គងាប់​ ៖​ បុរសដែល​មានការ​ពិបាក​ក្នុងការរក្សា​លិង្គឱ្យ​ឡើងរឹង​បានយូរ​គាត់តែង​តែចង់ធ្វើ​ការស៊ក​បញ្ចូលលិង្គ​ទៅក្នុងទ្វារ​មាសរបស់​ស្ដ្រីឱ្យបានឆាប់ ប្រយោជន៍​ខ្លាចលិង្គ​ស្រកលែងរឹង​វិញរហ័សពេក ទីបំផុត​ការឆាប់​ចេញទឹក​កាមកើត​មានឡើង។

– វិបត្ដិផ្លូវចិត្ដ ឬការតាន​តឹងចិត្ដ ច្រើនតែ​កើតឡើង​ពេលស្ដ្រី​ជាដៃគូ​ចូលចិត្ដនិយាយ​អំពីកម្លាំង​ផ្លូវភេទ និងរិះគន់​ភាពអន់ ខ្សោយខាង​ផ្លូវភេទ​របស់បុរស​ជាដៃគូ​ថាអន់នេះ​អន់នោះ ខ្លួនចង់​បាននេះ​ចង់បាននោះ មិនបាន​ដូចចិត្ដ។ ការចង់​ឆាប់ដល់​កំពូល​នៃសេចក្ដី​សុខផ្លូវភេទ និងវ័យ​ខុសគ្នារវាង​ដៃគូរួមភេទ​ទាំងពីរ​(បុរសចាស់​ស្ដ្រីក្មេងជាដើម) ក៏​ជាដើម​ហេតុនៃការ​ឆាប់ចេញ​ទឹកកាមដែរ។

វិធីព្យាបាល​ការឆាប់ចេញ​ទឹកកាម

១- ការព្យាបាល​ឆាប់ចេញ​ទឹកកាម​ទាំងពីរប្រភេទ ដោយបញ្ហា​ផ្លូវចិត្ដផ្លូវ​អារម្មណ៍

ទោះជាករណី​ប្រភេទឆាប់​ចេញទឹកកាម​ទី១ក្ដី ទី២ក្ដី ការព្យាបាល​ដែលធ្វើឡើង​ដោយគ្រូពេទ្យ​ជំនាញខាង​ផ្លូវភេទអាច ទទួលបាន​ប្រសិទ្ធភាព រហូតដល់​ទៅ៩០%​ឯណោះ។ ការព្យា​បាលត្រូវ​មានលក្ខណៈ​ជាខ្នាត ឬស្ដង់ដា​ត្រឹមត្រូវ​មួយ។ជាទូទៅ​សូមសាកល្បង​ប្រើប្រាស់​វិធីទប់ស្កាត់ការ​ឆាប់ចេញ​ទឹកកាម​តាមបែប​ធម្មជាតិសិន។ ក្រៅពី​វិធីទប់ស្កាត់​បែបធម្មជាតិ តាមរបៀប​គ្រប់គ្រង ញ្ញាណ​ដែលបាន​រៀបរាប់​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ០០៥ ខែមិថុនា ២០០៦ មក នៅតែ​មិនមាន​ប្រសិទ្ធភាព នោះមានវិធី ព្យាបាល​ទប់ស្កាត់​ការឆាប់​ចេញទឹកកាម​បែបវេជ្ជសាស្ដ្រ ឬដោយ ប្រើប្រាស់​ឱសថមួយ​ចំនួន។

– ថ្នាំរម្ងាប់​អារម្មណ៍ ថ្នាំជំពូក​នេះអាចជួយ​ទប់ស្កាត់ការ​ឆាប់ចេញ​ទឹកកាម​ក្នុងកម្រិត​ប្រសិទ្ធភាព​តិចតួច​តែប៉ុណ្ណោះ ដូចជា ប្រើប្រាស់​ថ្នាំជម្ងឺ​សរសៃប្រសាទ​ជាដើម ដើម្បី​ទទួលយក​នូវឥទ្ធិពល​ទី២របស់​ឱសថនេះ ជាពិសេស​ជាតិថ្នាំ​ទីធ្យូរីដាស្ស៊ីន។ ប៉ុន្ដែសូម ប្រុងប្រយ័ត្ន ពីព្រោះ​ឥទ្ធិពល​ចម្បងរបស់​វាដែល​ធ្វើឱ្យងុយគេង មិនសូវស្រួល​ប្រើឡើយ ជាទូទៅ​វាប្រើសម្រាប់​អ្នកដែល​មានជម្ងឺសរ សៃប្រសាទ។ ដោយឡែក ថ្នាំប្រឆាំង​ជម្ងឺធ្លាក់​ទឹកចិត្ដ ឬថប់​អារម្មណ៍ ដែល​ប្រើសម្រាប់​ប្រឆាំងនឹង​ជាតិសេរ៉ូតូនីន ក៏អាច​ប្រើប្រាស់ មានប្រសិទ្ធភាព​ខ្លះដែរ។

– ថ្នាំស្ពឹក តំបន់​រ៉េផ្លិចភ្ញោច​ការចេញ​ទឹកកាម ស្ថិតនៅ​ក្បាលលិង្គ។ អ្នកជំនាញ​ខាងផ្លូវភេទ​បានប្រើប្រាស់​ថ្នាំស្ពឹក​សម្រាប់ កាត់បន្ថយ​ញ្ញាណ ឬភាពងាយ​ទទួល ដូចជាថ្នាំ​លីដូកាអ៊ីន​ជាដើម។ ថ្នាំ​លីដូកាអ៊ីននេះ មានជាទឹក ឬ​ជាស្ប្រាយ​បាញ់ អាចបង្ក​ប្រតិកម្ម តបត​នៅនឹង​កន្លែង ឬភាព​ស្ពឹកស្រពន់​កើតមាននៅ​លើស្ដ្រីជា​ដៃគូ។ ប្រសើរ​បំផុត សូមពាក់​ស្រោម​អនាម័យផង។

– ការចាក់​ថ្នាំបញ្ចូល​ទៅក្នុងអង្គ​ជាតិប្រហោងរូង វិធីនេះ​ឃើញមាន​ប្រើសម្រាប់​ព្យាបាល​ការឆាប់​ចេញទឹកកាម​ដែរ។ ប៉ុន្ដែ​ជាទូទៅ វិធីនេះ​បង្កើត​ឡើងសម្រាប់​ជួយដោះ​ស្រាយបញ្ហា​លិង្គងាប់។ ការឡើង​រឹងនៃលិង្គ​នៅតែកើត​មានដដែល​នៅក្រោយពេល ចេញទឹកកាម បែបនេះ​អនុញ្ញាត​ឱ្យបន្ដសកម្មភាព​ផ្លូវភេទទៅ​ទៀតបាន។ លើស​ពីនេះ វាអាចជួយ​កាត់ផ្ដាច់​បាននូវ​ក្របខ័ណ្ឌ​បរាជ័យ-បាក់ទឹកចិត្ដ-បរាជ័យ។ ប៉ុន្ដែមាន​ការពិបាក​ណាស់ ដោយសារ​តម្រូវឱ្យ​ចាក់ថាំ​បញ្ចូល ហើយថែម​ទាំងគួរឱ្យភ័យ​ព្រឺព្រួច​ទៀតផង។

សូម​បញ្ជាក់ថា ការព្យាបាល​ដោយថ្នាំ​អាចធ្វើទៅ​បានមែន ប៉ុន្ដែមិន​មែនជាដំណោះ​ស្រាយយូរ​អង្វែង​នោះទេ វាគ្រាន់​តែជាការ​ព្យាបាល​សម្រន់​មួយរយៈប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការឆាប់​ចេញទឹកកាម​អាចក្លាយ​ជាករណី​រ៉ាំរៃបានដែរ។ ដូច្នេះការព្យា បាលដោយ​ឱសថមិន​ត្រូវចេះ​តែធ្វើឡើង​នោះទេ ត្រូវព្យាបាល​តាមមូលហេតុ​សិន ចុងក្រោយ​ទើបប្រើ​វិធីព្យាបាល​ដោយ​ឱសថនេះ។

២- ការព្យាបាល​ឆាប់ចេញ​ទឹកកាម​ប្រភេទទី២

– ការព្យាបាល​ជម្ងឺរលាក​បង្ហូរនោម ឬជម្ងឺរលាក​ប្រូស្ដាត ការព្យាបាល​តម្រូវឱ្យ​ប្រើថ្នាំអង់​ទីប៊ីយ៉ូទិក ឬថ្នាំផ្សះ ដោយ លេបជា​ច្រើនថ្ងៃ​ទៅតាម​ប្រភេទថ្នាំ និងតាម​ការសម្រេច​របស់វេជ្ជបណ្ឌិត​ព្យាបាល។

– បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន បើលោក​អ្នកជាអ្នក​ប្រើប្រាស់​គ្រឿងញៀន គ្រាន់តែ​ឈប់សេព​គ្រឿងញៀន មាន ន័យថាលោក​អ្នកអាច​ព្យាបាល​ការឆាប់ចេញ​ទឹកកាម​បានហើយ។

– ការព្យាបាល​លិង្គងាប់ បើករណី​ឆាប់ចេញ​ទឹកកាម​បណ្ដាល​មកពី​លិង្គងាប់ ឬលិង្គ​ឡើងរឹង​មិនល្អ នោះ​គ្រូពេទ្យនឹង ចាប់​ព្យាបាល​លិង្គងាប់នេះ។ សព្វថ្ងៃនេះ មានវិធី​ព្យាបាល​លិង្គងាប់​ជាច្រើនយ៉ាង ដូចជា​លេបថ្នាំ​ស៊ីលដេណាហ្វី​(វីយ៉ាក្រា) ចាក់ថ្នាំ បញ្ចូល​ទៅក្នុង​អង្គជាតិ​ជំនួយ​ឱ្យលិង្គរឹង និងការធ្វើ​ប្រូតែលិង្គ(ការដាក់​វត្ថុអ្វីមួយ​ទៅក្នុង​លិង្គ)ជាដើម។

ទស្សនាវដ្ដី​សុខភាពយើង សូមសន្យា​ថានៅលេខ​ក្រោយៗ នឹងលើក​យក​ប្រធានបទ​លិង្គងាប់ និង​ក្រចេញ​ទឹកកាម មក ជម្រាបជូន​ជាបន្ដ​ទៅទៀត។ សូមរង់​ចាំអានដោយ​អនុគ្រោះ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative