ជម្ងឺគ្រុនចាញ់​ប្រហារ​ជីវិតខ្មែរ​១០០០នាក់​រៀងរាល់​ឆ្នាំ

ទោះបីជា​បច្ចុប្បន្ននេះ អ្នកជម្ងឺ​គ្រុនចាញ់​នៅកម្ពុជា​ត្រូវបាន​កាត់បន្ថយ​ឱ្យនៅ​សល់ត្រឹមតែ​ជាង៨ម៉ឺន​ករណី តែក៏​នៅមានអត្រា​អ្នកស្លាប់​ជាង​មួយពាន់នាក់​ដែរក្នុង​មួយឆ្នាំ នេះបើ​តាមតួលេខ​របស់​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជម្ងឺ​គ្រុនចាញ់។ ជម្ងឺ​គ្រុនចាញ់ នៅតែ​ជាកង្វល់​មួយរបស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក។ មូលហេតុ​ដែលនាំឱ្យ​អត្រា​មរណៈភាព​នៅតែ មាន​កម្រិតខ្ពស់ ព្រោះការ​យកចិត្ដ​ទុកដាក់​ថែទាំ​សុខភាព​រាងកាយ ឬចំណេះដឹង​សម្រាប់​ការពារ​ខ្លួនពីជម្ងឺ​គ្រុនចាញ់​នៅមាន​កម្រិត ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត នង សៅគ្រី ជាប្រធាន​កម្មវិធី​ជាតិប្រយុទ្ធ​នឹងជម្ងឺ​គ្រុនចាញ់ បានបក​ស្រាយពីវិធី​ការពារខ្លួន​ពីជម្ងឺគ្រុន ចាញ់តាម​រយៈទស្សនាវដ្ដី សុខភាពយើង ជូនដល់​មិត្ដអ្នកអាន​ដើម្បីធ្វើការ​ស្វែងយល់។

ជម្ងឺគ្រុន​ចាញ់ ជាអ្វី?

គ្រុនចាញ់ ជាជម្ងឺមួយ​ដែលឆ្លង​តាមរយៈ​មូសដែក​គោលញី ដែលបាន​ខាំជញ្ជក់​ឈាម​មនុស្សឈឺ។ ឈាមនោះ​បានធ្វើការ វិវឌ្ឍន៍​នៅក្នុង​ខ្លួនមូសញី ហើយវា​បានបន្ដ​ខាំចម្លង​មកមនុស្ស​ជាធម្មតា​ម្នាក់ទៀត។ នៅប្រទេស​កម្ពុជា ជម្ងឺគ្រុនចាញ់​កើតញឹកញាប់ ណាស់ ភាគច្រើន​ចម្លងមក​ពីមនុស្សឈឺ​ទៅមនុស្សជា តាមរយៈ​ភ្នាក់ងារ​ចម្លង​មូសដែក​គោលញី​នេះឯង ពិសេស​នៅក្នុង​តំបន់ព្រៃភ្នំ ឬ តំបន់ដាច់​ស្រយាល ដូចជាខេត្ដ​រតនៈគីរី ខេត្ដមណ្ឌលគីរី​ជាដើម។ ពេលវេលា​ដែលមូស​ដែកគោល​ញីចូល​ចិត្ដខាំ គឺចាប់ពី​ពេល​ព្រលប់ ទៅទល់​នឹងព្រឹក​ព្រលឹម។ គ្រុនចាញ់​កើតនៅ​លើមនុស្ស​គ្រប់វ័យ ហើយប្រភេទ​ក្រុមដែលងាយ​ទទួលរងគ្រោះ​ដោយជម្ងឺ​គ្រុនចាញ់​បំផុត គឺកុមារ មនុស្សចាស់ជរា ស្ដ្រីមាន​ផ្ទៃពោះ និងមនុស្ស​មិនដែលកើត​ជម្ងឺគ្រុនចាញ់។ នៅលើ​ពិភពលោក មានប្រជាជន​ដែលស្លាប់​ដោយ សារជម្ងឺ​គ្រុនចាញ់ឈាន​ដល់ជាង​មួយលាននាក់។ ដោយឡែក​នៅកម្ពុជា ជាងមួយពាន់នាក់​ដែលបានស្លាប់​ជារៀង​រាល់ឆ្នាំ ហើយករណី ​ឆ្លងអាច​មានរហូត​ដល់ទៅ៩​ភាគពាន់(៩%)​ពោលក្នុង​មួយពាន់នាក់​មាន៩នាក់​ដែលបានឆ្លង​មេរោគ​គ្រុនចាញ់។

មូលហេតុ​ជម្ងឺគ្រុន​ចាញ់

ភាគច្រើន​នៃអ្នក​ជម្ងឺ​គ្រុនចាញ់ គឺជាអ្នក​ដែលធ្វើ​ដំណើរ​ទៅកាន់​តំបន់ដែល​មានជម្ងឺ​គ្រុនចាញ់ ឬរស់នៅ​តំបន់ដែល​មានមូស ដែកគោលញី​ច្រើន ឬរស់នៅ​តំបន់ដែល​មានជម្ងឺ​គ្រុនចាញ់។ មូសដែកគោល​ញីខាំមនុស្ស​ដើម្បីយកឈាម​មកចិញ្ចឹម​ខ្លួនវា ឈាមបាន វិវិឌ្ឍន៍​នៅក្នុង​ខ្លួនវា ហើយកើត​ទៅជាមេរោគ​គ្រុនចាញ់ ដែលមាន​នៅក្នុង​ទឹកមាត់។ ពេលវាខាំ​មនុស្សបន្ដ វាបានបញ្ចេញ​ទឹកមាត់ ដើម្បីកុំឱ្យ​ឈាមមនុស្ស​ឆាប់កក ហើយវា​ចម្លងមេរោគ​គ្រុនចាញ់​ទៅក្នុងឈាម មេរោគរត់​ទៅកាន់ថ្លើម ហើយវិវឌ្ឍន៍​នៅក្នុងខ្លួន មនុស្ស។ ដូច្នេះ មូលហេតុ​មានតែមួយ​គត់ គឺមូសដែកគោលញី​ខាំ។

រោគសញ្ញា​ជម្ងឺ​គ្រុនចាញ់

ជាធម្មតា ជម្ងឺគ្រុនចាញ់​នឹងវិវឌ្ឍន៍​ពីស្រាល​មកជាធ្ងន់ធ្ងរ​នៅក្នុង​រយៈពេលខ្លី​ត្រឹមតែ​មួយសប្ដាហ៍​ប៉ុណ្ណោះ។ រោគសញ្ញា​ទូទៅ នៃជម្ងឺ​គ្រុនចាញ់​ស្រាល​មានដូចជា​ក្ដៅខ្លួនខ្លាំង​(កម្ដៅអាច​រហូត៤០​អង្សារសេ) ព្រឺរងា ស្រៀវស្រាវ ឬញាក់ខ្លាំង​(រុំភួយ ឬ្ញញ័រអស់ សព៌ាង្គកាយ​រហូតដល់​៣០នាទី) មានអាការ​បែកញើស​ស្អិតច្រើន ឈឺក្បាល អស់កម្លាំង​ជាដើម។ នៅពេល​ដែលអ្នក​ជម្ងឺឈឺចាប់​ពីមួយ សប្ដាហ៍​ឡើងទៅ អាចស្ដែង​ជារោគសញ្ញា​នៃជម្ងឺ​ធ្ងន់ធ្ងរ មានដូចជា​ឈឺក្បាល ក្ដៅខ្លួនខ្លាំង​(រហូតសន្លប់) រសេះរសោះ​ដៃជើង ក្អួត រវើរ វាយ ស្លេកស្លាំង មានឈាម​ចេញតាម​ច្រមុះ អត់ទឹកនោម នោមមានឈាម ជាតិស្ករ​ចុះខ្លាំង​ក្នុងឈាម​ជាដើម។ រោគសញ្ញា​នៃអ្នកជម្ងឺ គ្រុនចាញ់​អាចទាក់ទង​ទៅនឹងអាយុ ឬភាពស៊ាំ​របស់អ្នក​ដែលកើត។ ដូច្នេះមាន​តែការ​វិភាគដោយ​ធ្វើតេស្ដឈាម​ទេ ទើបអាចប្រាកដ បានថា​នរណាម្នាក់​ពិតជាមាន​ជម្ងឺគ្រុនចាញ់។

វិធីបង្ការ​ជម្ងឺ​គ្រុនចាញ់

ទោះបីគ្រុនចាញ់​ជាជម្ងឺ​កាចសាហាវ តែវាអាច​ការពារបាន។ វិធីដែល​កម្មវិធី​ជាតិណែនាំ​ឱ្យប្រើ និងសាកសម​បំផុត​សម្រាប់ ប្រជាពលរដ្ឋខ្មែរ គឺការគេង​នៅក្នុងមុង ឬគេងត្រូវ​ដាក់មុង​ដែលមាន​ជ្រលក់ថ្នាំ។ សូមបញ្ជាក់ថា​ថ្នាំការពារ​មូសដែល​ជ្រលក់​នេះមិន មានធំក្លិន ឬប៉ះពាល់​ដល់សុខភាព​អ្នក​ប្រើប្រាស់ទេ ហើយវា​អាចការពារ​មូសមិនឱ្យ​ចូលមក​ជិតបាន ទោះបី​អ្នកដាក់ដៃ​នៅក្បែរ​មុងក៏ ដោយ តែវាត្រូវ​ការជ្រលក់​សារឡើងវិញ​ពេលជាតិ​ថ្នាំអស់​ប្រសិទ្ធភាព។ ក្រៅពីការ​គេងនៅ​ក្នុងមុង បច្ចុប្បន្នមាន​ការប្រើ​ថ្នាំលេប​ការ ពារ ដែលអនុញាតិ​ឱ្យលេប​ត្រឹមតែ​មួយគ្រាប់​ក្នុងមួយសបា្ដហ៍ ព្រោះវា​អាចហុច​ផលប៉ះពាល់ ឬស៊ាំជាមួយ​នឹងជម្ងឺ។ នៅមាន​ថ្នាំលាប ប្រភេទ​ជាឡេលាប​ស្បែក ដែលអាច​លាបការពារ​មូសខាំ​បានដែរ។ តែវាចំណាយ​ថវិកាច្រើន​សម្រាប់អ្នក​ដែលរស់​នៅតំបន់​ដែលសម្បូរ មូស ឬតំបន់ដែល​មានជម្ងឺ​គ្រុនចាញ់ វាមានការ​ពេញនិយម​សម្រាប់អ្នក​ដែលចូលចិត្ដ​ធ្វើដំណើរ​កម្សាន្ដ​ប៉ុណ្ណោះ។ វិធីយ៉ាង​ងាយផ្សេង ទៀត លោកអ្នក​អាចពាក់​ខោអាវ មួកឱ្យ​ជិតខ្លួន ឬមានក្រមា​បក់មូស​ដើម្បី​ការពារ​មូសខាំ។

វិធីព្យាបាល​ជម្ងឺគ្រុនចាញ់

ការព្យាបាល​ជម្ងឺគ្រុនចាញ់​នឹងត្រូវ​អនុវត្ដភ្លាម បន្ទាប់ពីការ​ធ្វើតេស្ដ​វិភាគឈាម​រកឃើញ​លទ្ធផល​វិជ្ជមាន​នៃមេរោគ​ជម្ងឺគ្រុន ចាញ់។ ការព្យាបាល​ជម្ងឺគ្រុនចាញ់​នៅកម្រិតស្រាល​អាចមានសង្ឃឹម​ជាសះស្បើយ១០០% តែបើទុក​រហូតដល់​មានអាការ​ធ្ងន់ធ្ងរ ទើប បញ្ជូនមក​កាន់មន្ទីរពេទ្យ វាអាច​យឺតពេល ឬពិបាកនៅ​ក្នុងការ​ព្យាបាល។ បច្ចុប្បន្ននេះ ការព្យាបាល​មានតែ​មួយគត់ គឺការលេប​ថ្នាំ គ្រុនចាញ់ មានដូចជា​ថ្នាំម៉ែសហ្វូកីន ម៉ាឡារីន​ជាដើម។ អ្នកជម្ងឺ​អាចទទួលថ្នាំ​ដោយមិនគិត​ថ្លៃនៅតាម​មណ្ឌលសុខភាព និងព្យាបាល ត្រឹមរយៈ​ពេលតែ៣​ថ្ងៃអាចនឹង​ជាសះស្បើយ​(បើករណីស្រាល)។

ប្រការគួរ​ចងចាំ

– កុមារ និងស្ដ្រី​មានថ្ទៃពោះ​មិនគួរ​ជ្រើសរើស​ការធ្វើ​ដំណើរ​ទៅកាន់​តំបន់​គ្រុនចាញ់ទេ ព្រោះអត្រា​គ្រោះថ្នាក់​នៃការឆ្លង ជម្ងឺគ្រុនចាញ់​មានកម្រិត​ខ្ពស់ជាង​ប្រជាពលរដ្ឋ​ធម្មតារហូត​ដល់ទៅ​២០ដង។

– សូមចាប់អារម្មណ៍​ចំពោះអ្នក​ដែលមាន​ប្រវត្ដិធ្លាប់​ធ្វើដំណើរ ឬរស់នៅក្នុង​តំបន់​គ្រុនចាញ់ ហើយមាន​រោគសញ្ញា​ដូចខាង លើ ត្រូវប្រញាប់​មកកាន់​មន្ទីរពេទ្យ ឬមណ្ឌលសុខភាព​ដែលជិត​លោកអ្នក​បំផុត ដើម្បីទទួល​ការពិនិត្យ និងព្យាបាល​ឱ្យបាន​ទាន់ពេល។

– អ្នកជម្ងឺភាគច្រើនមិន​បានយល់ពី​ជម្ងឺគ្រុនចាញ់​នេះទេ ដោយពួក​គាត់មាន​ជំនឿទៅ​លើអារក្ស​អ្នកតា។ នៅពេល​ដែលអ្នក ជម្ងឺញ័រញាក់ ឬក្ដៅខ្លាំង គាត់មិន​បានមក​មន្ទីរពេទ្យ​ដើម្បីពិនិត្យ​ព្យាបាលទេ គាត់រវល់​តែសែនព្រេន នាំឱ្យអ្នក​ជម្ងឺមាន​អាការកាន់តែ ធ្ងន់ធ្ងរ អាចមាន​រហូតដល់​ស្លាប់។

– ជម្ងឺគ្រុនចាញ់​កាចសាហាវ​ណាស់ វាអាចបណ្ដាល​ឱ្យអ្នកជម្ងឺ​ស្លាប់ក្រោយ​រយៈពេល១​សប្ដាហ៍ ទៅ១០ថ្ងៃបន្ទាប់​ពីស្ដែង ចេញជា​រោគសញ្ញា ហើយមិនបាន​ទទួលការ​ព្យាបាល។

– ឱសថបូរាណខ្លះ​មិនមាន​ប្រសិទ្ធភាព​ចំពោះអ្នក​ជម្ងឺគ្រុនចាញ់​ទេ។

– សូមកុំរារែក​មកកាន់​មណ្ឌលសុខភាព​ដែលនៅជិត​លោកអ្នក​ដើម្បីទទួល​ការព្យាបាល ប្រសើរជាង​ការទិញថ្នាំ ឬប្រើប្រាស់ ថ្នាំលេប មិនត្រូវដោយ​ខ្លួនឯងនាំឱ្យ​អាការកាន់​តែធ្ងន់ធ្ងរ ឬអាចបណ្ដាល​ឱ្យស្លាប់។ អ្នកស្លាប់​ភាគច្រើន​មិនបាន​ទទួលការ​ព្យាបាលទាន់ ពេលវេលា ឬមិនចូលចិត្ដ​ទៅមន្ទីរពេទ្យ​បម្រើសុខភាព​សាធារណៈ ឬមិនរក​ថ្នាំមកព្យាបាល​បែរជាយក​ការបន់ស្រន់​ជាការ​ព្យាបាល។

– ការប្រើថ្នាំមិន​គ្រប់ដូស​(កម្រិតប្រើប្រាស់) ក៏នាំឱ្យមាន​ការលាប់ជា​គ្រុនចាញ់​ធ្ងន់ធ្ងរដែរ។

ដំបូន្មាន​អ្នកជំនាញ

សូមណែនាំ​ដល់អ្នកដែល​សង្ស័យថា​មានជម្ងឺ​គ្រុនចាញ់ សូមទុកចិត្ដ និងមកទទួល​យកសេវា​ព្យាបាល​នៅមណ្ឌល​សុខភាព ដែលនៅជិត​លោកអ្នកបំផុត ព្រោះមាន​ប្រសិទ្ធភាព ធានាសុវត្ថិភាព និងមិនមាន​ការចំណាយ​ថវិកា។ ចៀសវាង​ការទៅរក​ទិញថ្នាំ នៅតាម​ឱសថស្ថាន​មិនច្បាស់លាស់ ឬប្រើប្រាស់​ថ្នាំក្លែងក្លាយ ដែលអាចនាំ​ឱ្យខាតបង់​ថវិកា និងពេលវេលា ឬអាចយឺត​ពេលក្នុងការ សង្គ្រោះ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative