ជម្ងឺបេះដូង​រីក

គ្មាន​នរណា​ម្នាក់​អាច​រស់នៅ​បានដោយ​គ្មាន​បេះដូង​ទេ មាន​ន័យថា​បេះដូង​មានសារៈ​សំខាន់ណាស់​សម្រាប់​ជីវិត​មនុស្ស។ ស្ទើរតែគ្រប់ទង្វើ​របស់មនុស្ស​តែងមាន​ការ​ប៉ះពាល់​និង​ប្រើប្រាស់​បេះដូង។ វាមាន​ទំនាក់ទំនង​គ្នាពិសេស​ម្យ៉ាងទៅ​នឹងវប្បធម៌ មនោសញ្ចេតនា របស់មនុស្ស​ដែលមិន​អាចកាត់​ផ្ដាច់បាន។ បេះដូង​អាចងាយ​នឹងមាន​បញ្ហា ប្រសិន​បើវាត្រូវ​ផ្លាស់ប្ដូរ​សភាព ឬទ្រង់ទ្រាយ​ខ្លាំង។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត ញ៉ែម សូភឿន ជាប្រធាន​ផ្នែក​ព្យាបាល​ជម្ងឺទូទៅ និងជាអ្នក​ឯកទេស​បេះដូង នៃមន្ទីរពេទ្យ​កាល់ម៉ែត បានធ្វើការ​បកស្រាយ​អំពី​បេះដូងរីក។ ជម្ងឺបេះដូងរីក​អាចជា​រោគសញ្ញា​មួយដែល​គួរមាន​ការចាប់​អារម្មណ៍ និងយក​ចិត្ដទុក​ដាក់។

ជម្ងឺបេះដូងរីក ជាអ្វី?

បេះដូងរីក​គឺជាជម្ងឺ​ម្យ៉ាង ឬរោគសញ្ញា​នៃជម្ងឺមួយ ឬច្រើនដែល​កើតមាន​នៅលើ​សាច់ដុំ​បេះដូង ដែលបណ្ដាល​ឱ្យបេះដូង​រីកធំ ហើយខ្សោយ​នៅក្នុងការ​ធ្វើចលនា​ច្របាច់។ វាបណ្ដាល​ឱ្យបេះដូង​បំពេញ​ភារកិច្ច​មិនបាន​គ្រប់គ្រាន់ ឬអាចដូច​ជាពាក្យ​ខ្មែរហៅថា​ខ្សោយ បេះដូង។ មានន័យថា​បេះដូង​វារីកមាឌ​ទើបវា​ខ្សោយ។ បេះដូងរីក​ចាប់កើត​មាននៅ​លើមនុស្ស​ចាប់ពី​វ័យជំទង់​ឡើងទៅ។

មូលហេតុ​បេះដូងរីក

តាមរយៈ​ការអង្កេត​នៅលើ​ពិភពលោក ពិសេស​នៅក្នុង​ប្រទេស​ជឿនលឿន បានរក​ឃើញថា​មូលហេតុ​នៃការរីក​បេះដូង​មានលទ្ធ ផល​ដូចតទៅ ៖

– ៦០ទៅ៦៥% គេមិនបានដឹងថា​បេះដូងរីក ព្រោះហេតុ​អ្វីទេ ពីព្រោះ​ពិបាក​រក​មូលហេតុ​ច្បាស់លាស់។

– ២០% រកឃើញថា​បេះដូងរីក​ដោយសារ​វាជាជម្ងឺ​តពូជ ព្រោះបើ​ឪពុកម្ដាយ​កើតបេះដូងរីក វានាំឱ្យ​កូនត្រូវ​ប្រឈមមុខ​នឹងជម្ងឺ នេះដែរ។

– ១៥% មានមូលហេតុ​មកពីការ​ពិសាស្រា​ច្រើនពេក វានាំឱ្យពុល​សាច់ដុំ​បេះដូង ហើយបេះដូង​ទ្រាំទ្រ​មិនបាន នាំឱ្យវា​រីកទៅៗ សាច់ដុំបេះដូង​ធ្វើការ​មិនបាន​ល្អឡើយ។ កត្ដាជម្ងឺ​លើសឈាម បើសម្ពាធឈាម​ឡើងខ្លាំង​នៅក្នុង​បេះដូង នាំឱ្យបេះដូង​រីកប៉ោង ជួនរហូតដល់ មិនអាច​ធ្វើការ​បានទេ។ កត្ដាជម្ងឺ​ទឹកនោមផ្អែម បើមាន​ផ្ទុកជម្ងឺ​ទឹកនោម​ផ្អែមរហូត​ដល់១០ទៅ​២០ឆ្នាំ បេះដូង​អាចរីក ព្រោះជាតិស្ករ​ធ្វើឱ្យ សរសៃឈាម ឬសាច់ដុំ​បេះដូង​ធ្វើការ​មិនល្អ។ កត្ដាជម្ងឺ​ខ្វះវីតាមីន ពិសេស​វីតាមីនបេ១ ដែលភាគច្រើន​ជនរងគ្រោះ​ដោយរបប​ខ្មែរក្រហម តែងតែ​ប្រឈមមុខ​នឹងបញ្ហា​នេះច្រើន។ កត្ដាជម្ងឺ​ខ្វះគ្រាប់ឈាម​ក្រហមខ្លាំង នាំឱ្យ​សាច់ដុំ​ទទួលឈាម​មិនគ្រប់គ្រាន់ ហើយអត់​មានការ បញ្ចូលឈាម​យូរទៅ ទើបនាំឱ្យ​បេះដូងរីក។ កត្ដាជម្ងឺឆ្លង​មួយចំនួន​ដោយពពួក​វីរុសដែល​អាចនាំឱ្យ​រលាក​បេះដូង និងប៉ះពាល់​ដល់សាច់​ដុំបេះ ដូង ក៏ជាបញ្ហា​នៃបេះដូង​រីកដែរ។

រោគសញ្ញា​បេះដូងរីក

ចំពោះអ្នក​ដែលមាន​បញ្ហា​បេះដូងរីក តែងតែ​មានអាការ​គួរឱ្យគត់​សម្គាល់មួយ​ចំនួន ដូចជាអស់​កម្លាំង ដំបូងមាន​អាការហត់ ឬឆាប់ហត់​ពេលធ្វើ​ការងារ ឬឡើងទី​ខ្ពស់តាម​ជណ្ដើរ ក្រោយមក​មិនធ្វើ​ការងារអ្វី ឬអង្គុយស្ងៀម​ក៏ហត់ដែរ​ជាដើម។ ដេកយប់​មិនបាន ឧស្សាហ៍ភ្ញាក់ ហើយក្អកយប់​(ពីរបីខែមិនបាត់)។ ជាពិសេស​ករណីក្អក​យប់តែម្ដង អង្គុយក្អក​ហើយនៅ​តែមិនបាត់​ទៀត វាអាចជា​បញ្ហាបេះ ដូងរីក ហើយខ្សោយ និងដោយសារ​ការច្រានឈាម​ចូលទៅ​ក្នុងសួត។ សម្រាន្ដពេល​យប់ច្រើនតែ​ធ្វើទុក្ខ ដោយសារ​ឈាមត្រឡប់​ចូលបេះដូង លឿនជាង​ពេលថ្ងៃ។ ករណី​រសាប់រសល់ ទឹកនោមថយ​តិចជាងមុន ទឹកនោមលឿង ជើងហើម​ទាំងសង​ខាង ញ័រដើមទ្រូង​ជាដើម ទាំងនេះ អាចជា​មូលហេតុដែល​បណ្ដាលមក​ពីបេះដូងរីក ឬបេះដូង​មានបញ្ហា។ បើមានរោគសញ្ញា​ដូចខាងលើ គួរមានការ​ចាប់អារម្មណ៍ និងប្រញាប់ មកជួប​ជាមួយនឹង​គ្រូពេទ្យ ដើម្បីពិគ្រោះ និងវិភាគ​ពីរោគបេះដូង​ឱ្យបានទាន់​ពេល ព្រោះវាងាយ​មានគ្រោះថ្នាក់​លឿនណាស់។

វិធានការការពារ និងព្យាបាល​បេះដូងរីក

ដំបូងយើង​ត្រូវកំណត់​ឱ្យបានច្បាស់លាស់​ជាមុនសិនថា​អ្វីជា​រោគសញ្ញា ការព្យាបាល​រោគសញ្ញា​ធ្វើឱ្យអ្នក​ជម្ងឺធូរស្រាល​តែរោគ សញ្ញាទេ។ ការព្យាបាល​ជម្ងឺធ្វើឱ្យ​អ្នកជម្ងឺ​ធូរស្រាល ឬជម្ងឺ​ជាសះស្បើយ។ តាមគោលការណ៍​វេជ្ជសាស្ដ្រ ការព្យាបាល​ជម្ងឺ មិនមែន​ព្យាបាល តែរោគ​សញ្ញាទេ។ ការព្យាបាល​រោគសញ្ញា​ដែលមិនបាន​គិតគូពី​ប្រភពជម្ងឺ វាជាការ​យល់ខុស​មួយធ្ងន់ធ្ងរ​ណាស់។ ជាក់ស្ដែង​ករណី​ឈឺចុកពោះ លេបថ្នាំចុកពោះ ពេលបាត់ចុកពោះ​វានៅតែ​ឈឺដដែល ព្រោះតាម​ពិតទៅវា​វិះតែនឹង​ធ្លាយខ្នែង​ពោះវៀន​ទៅហើយ។ ដោយ​បេះដូងរីក អាចជា​រោគសញ្ញា​នៃជម្ងឺ ដូច្នេះគ្មាន​ថ្នាំការពារ ឬព្យាបាល​បេះដូងរីកទេ តែមាន​ថ្នាំព្យាបាល​ប្រភពជម្ងឺ​បេះដូងរីក​នីមួយៗ ដូចជាបើ​រកឃើញ ថាមូលហេតុ​មកពីជម្ងឺ​លើសឈាម ត្រូវព្យាបាល​ជម្ងឺលើសឈាម។ មកពី​តម្រងនោម​(ទឹកនោមប្រៃ) ត្រូវប្រើថ្នាំ​ជារៀងរាល់​ថ្ងៃ តមប្រៃ ដូចជា​ទឹកត្រី​ជាដើម ដែលអាច​ធ្វើឱ្យ​បេះដូង​រីកថយ។ បើមូលហេតុ​មកពីជម្ងឺ​ទឹកនោមផ្អែម ត្រូវព្យាបាល​ទឹកនោមផ្អែម ដោយការ​តាមដាន មើល​ជាតិស្ករ និងចៀសវាង​ពិសាផ្អែមពេក។ បើខ្វះ​វីតាមីន ត្រូវឱ្យគាត់​ទទួលទាន​ថ្នាំវីតាមីន វាអាចឱ្យ​បេះដូងរីកថយ។ បើមកពី​ការទទួល ទានស្រាច្រើន គួរឈប់ផឹក។ បើខ្វះជាតិ​ឈាមក្រហម​អាចជាការ​បញ្ចូលឈាម។ បេះដូងរីក​អាចព្យាបាល​បាន បើសិនជា​វាមាន​លក្ខណៈ ស្រាល។ ករណីបេះដូង​រីកធំដោយសារ​ប្រ៊ើសចំហធំ អាចត្រូវវះកាត់​ឱ្យវាជិតវិញ​ដោយដាក់​ប្រ៊ើស​សិប្បនិមិត។ បើប្រ៊ើសចំហខ្លាំង វាទាម ទារដល់​ការធ្វើការ​វះកាត់ដើម្បី​ឱ្យជិតវិញ តែបើវា​លេចស្រាលគឺ​អាចព្យាបាល​ត្រឹមថ្នាំបាន។ ការវះកាត់​ធ្វើឡើងដោយ​គ្រូពេទ្យ​វះកាត់ ដោយ មានការ​ព្រមព្រៀង​ជាមួយអ្នក​ជម្ងឺដែល​ត្រូវវះកាត់ និងបងប្អូន​អ្នកជម្ងឺ មិនអាចមាន​ការបង្ខំ​បានទេ។ គ្រូពេទ្យ​មានតួនាទី​ត្រឹមតែ​ពន្យល់ណែ នាំពី​សភាព​របស់អ្នកជម្ងឺ។ ការវះកាត់​ទាក់ទង​នឹងអាយុ​ជាក់ស្ដែង បើអ្នកជម្ងឺ​មានអាយុពី​៧០ទៅ៨០​ឆ្នាំហើយ គួរត្រូវ​បានពិចារណា​យ៉ាង ពិសេស​អំពីលក្ខណៈ​ផ្ទាល់ខ្លួន​របស់គាត់។ បើគាត់មាន​អាយុពី៤០​ទៅ៥០ឆ្នាំ ចំពោះការវះកាត់​ទាល់តែមាន​ជម្ងឺត្រឹមតែ​បេះដូង ហើយតម្រង នោម និងក្រលៀននៅល្អ។ បើក្រលៀនខូច ការវះកាត់ក៏​មិនមានន័យ​(មិនចំណេញ)។ បើអ្នកជម្ងឺ​មានរោគ​ទឹកនោមផ្អែម មុនវះកាត់ គេ ត្រូវព្យាបាល​ឱ្យជាតិស្ករ​ចុះមក​ធម្មតាសិន ហើយទើបគេ​វះកាត់​ជាក្រោយ។

ប្រការដែល​ត្រូវចងចាំ

ករណីអ្នក​ជម្ងឺមាន​បញ្ហា​បេះដូងរីក គួរចៀសវាង​ការប្រើ​កម្លាំង​ធ្ងន់ពេក និងត្រូវការ​សម្រាក​យប់ឱ្យបាន​គ្រប់គ្រាន់។ សូមព្យាយាម​ហាត់ប្រាណ​ធម្មតា មួយសប្ដាហ៍ពីរ ឬបីដង ឬមួយថ្ងៃ១០​ទៅ១៥នាទី ដោយការ​ដើរលើកដៃ​ជើង​ជាដើម ពិសេសនៅ​ពេលព្រឹក។ តែបើ គាត់​ហត់ខ្លាំង គួរមាន​ការគ្រប់គ្រង​ថ្នាំឱ្យបាន​ទៀងទាត់។ បើគាត់​មានជម្ងឺ​ទឹកនោមផ្អែម គួរឱ្យថ្នាំ និងព្យាបាល​ទឹកនោមផ្អែម​ទន្ទឹមគ្នា ហើយ ពិសាសាប ឬពិសាស្ករ​ដែលគ្មាន​ជាតិផ្អែម។ ចៀសវាង​ការពិសាប្រៃ ក្នុងករណី​លើសឈាម ឬមានបញ្ហា​តម្រងនោម។ ចៀសវាង​ការឡើង ទម្ងន់លឿន​ខ្លាំងពេក សម្រាប់អ្នក​បេះដូងរីក ព្រោះវានាំឱ្យ​ឆាប់ហត់ ដូច្នេះត្រូវ​រក្សាទម្ងន់​ឱ្យបាននឹង។ ត្រូវមាន​ការយល់ដឹង​ពីជម្ងឺនេះ​ខ្លះថា ជាដំណាក់កាល​រីកខ្សោយ រីកល្មម ឬរីកខ្សោយខ្លាំង​មែនទែន។ សូមតាមដាន​ជម្ងឺឱ្យបាន​ទៀងទាត់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដោយ​ពិនិត្យយ៉ាង ហោចណាស់​៦ខែម្ដង។ គួរពិភាក្សា​ជាមួយនឹង​គ្រូពេទ្យថា​គួរតមចំណី​ណាខ្លះ។

ដំបូន្មាន​អ្នកជំនាញ

សូមប្រើថ្នាំ​ឱ្យបាន​ត្រឹមត្រូវ និងទៀងទាត់​តាមវេជ្ជបញ្ជា។ ត្រូវមាន​ការពិនិត្យ​តាមដាន​អាការ​២ឬ៣​ខែម្ដង ហើយត្រូវ​ប្រឹក្សាអំពី ការប្រើ​ថ្នាំបន្ដ ឬប្ដូរ​ថ្នាំផ្សេង។ ចៀសវាង​ការប្រើថ្នាំ​ដែលគ្មាន​វេជ្ជបញ្ជា​ច្បាស់លាស់។ កន្លះខែ​ត្រូវពិនិត្យ​ថ្នាំថ្មីម្ដង តើវាត្រូវ​ប្រភេទ​ជម្ងឺឬទេ។ គួរមាន​ការពិនិត្យ ឬឆ្លុះសព្វ​ជ្រុងជ្រោយ​ជាមុនសិន​ទើបត្រូវឱ្យ​ថ្នាំទាក់ទង​នឹងបេះដូង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative