ជម្ងឺគ្រុន​ផ្ដាសាយធំ

ប្រជាពលរដ្ឋខ្មែរ​ស្ទើរតែ​គ្រប់រូប​ធ្លាប់ឮ​ពាក្យ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ ហើយ​ជាពិសេស​នៅពេល​ប្ដូររដូវ ពីក្ដៅទៅ​ត្រជាក់ ពីត្រជាក់​ទៅក្ដៅ។ តាមពិត​មានជម្ងឺ​គ្រុនផ្ដាសាយ​ពីរ​ប្រភេទ គឺផ្ដាសាយធំ និងផ្ដាសាយតូច​(ផ្ដាសាយធម្មតា)។ ផ្ដាសាយតូច និងផ្ដា សាយធំ ជាជម្ងឺពីរ​ដាច់ដោយ​ឡែកពីគ្នា ដែលយើង​តែងតែ​ច្រឡំគ្នា។ វាទាំង​ពីរនេះ​ជាជម្ងឺ​បង្កឡើង​ដោយពពួក​វីរុស ដែល​ស្ថិតក្នុង ក្រុម​ផ្សេងគ្នា និងមាន​ការស្ដែង​ចេញជា​រោគសញ្ញា​ផ្សេងគ្នា។ នៅលេខនេះ ទស្សនាវដ្ដី​សុខភាពយើង សូមលើក​មកជម្រាប​ជូនអំពី ផ្ដាសាយធំ​ជាមុនសិន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺគ្រុន​ផ្ដាសាយធំ ជាអ្វី?

ជម្ងឺគ្រុន​ផ្ដាសាយធំ​ជាជម្ងឺ​រលាក​ផ្លូវដង្ហើម​ស្រួច​ស្រាវ បែប​រាតត្បាត ឆ្លងពី​មនុស្សម្នាក់​ទៅមនុស្ស​ម្នាក់ទៀត។ វា​កើតឡើង ដោយសារ​ពពួកវីរុស​អាំងផ្លុយ​អង់ស្សា។ ជម្ងឺ​គ្រុនផ្ដាសាយធំ​បង្កជា​ការរលាក​ច្រមុះ បំពង់ក ឬរលាក​សួត ដោយស្ដែង​ចេញជា​បណ្ដុំ រោគសញ្ញា​គ្រុនផ្ដាសាយ​(គ្រុនក្ដៅ ព្រឺរងា ឈឺក្បាល រសាប់រសល់​ក្នុងខ្លួន ព្រមទាំងឈឺ​ឆ្អឹងឆ្អែង​ជាខ្លាំង)។ ជម្ងឺគ្រុន​ផ្ដាសាយធំ​បើកើត លើអ្នក​ណាម្នាក់​ហើយ ច្រើនតែ​មានសភាព​ធ្ងន់ធ្ងរ ជួនអាច​បង្កការ​ស្លាប់​ទៀតផង បើកើត​លើមនុស្ស​វ័យចាស់​ជរា ក្មេងតូចៗ ជនពិការ ឬអ្នកមាន​ជម្ងឺរ៉ាំរ៉ៃ​ធ្ងន់ធ្ងរ។ ក្រោយពី​ជា​សះស្បើយ ជម្ងឺគ្រុន​ផ្ដាសាយធំ​បានបន្សល់ទុក​នូវជម្ងឺ​បង្កដោយ​បាក់តេរី និងផល​វិបាក​ធ្ងន់ធ្ងរ មួយ​ចំនួន ជាពិសេស​នៅលើមនុស្ស​ចាស់ជរា កុមារតូច និងមនុស្ស​សុខភាព​មិនល្អ។

មូលហេតុ​បង្កជម្ងឺ​គ្រុនផ្ដា​សាយធំ

ជម្ងឺគ្រុន​ផ្ដាសាយធំ​ជាជម្ងឺ​ឆ្លងរាតត្បាត បង្កដោយ​មេរោគ​អាំងផ្លុយ​អង់ស្សា​នៅក្នុង​ខ្យល់ ឆ្លងពី​មនុស្សម្នាក់​ទៅមនុស្ស​ម្នាក់ ទៀត ជាពិសេស​តាមរយៈ​តំណក់​វត្ថុរាវ​របស់ច្រមុះ និងមាត់ (សំបោរ ទឹកមាត់) ដែលខ្ទាត​មកក្នុង​ខ្យល់អាកាស​របស់អ្នក​ផ្ទុកមេរោគ នេះពេល​ដែលពួក​គាត់ក្អក ឬកណ្ដាស់។ អ្នកដែល​ដកដង្ហើម​ស្រូបតំណក់​វត្ថុរាវ​ទាំងនេះ មុខជានឹង​ឆ្លងជម្ងឺ​នេះ។ ក្នុង​ករណីខ្លះ ជម្ងឺគ្រុន ផ្ដាសាយធំ​អាចឆ្លង​តាមរយៈ​ការប៉ះ ឬកាន់វត្ថុ​ដែលមាន​មេរោគ ដូចជា​ពេលដែល​កាន់​ទូរស័ព្ទ បង្កាន់ដៃ​ជណ្ដើរ បង្កាន់​ដៃទ្វារ ឬតុ ហើយយក​ដៃមក​ប៉ះនឹង​ច្រមុះ មាត់ ឬភ្នែក​របស់ខ្លួន​នៅពេល​បន្ទាប់មក។ មេរោគ​នេះចូល​ទៅក្នុង​ឈាម បន្ទាប់មក​សាយភាយ​ពេញ សព្វ​សព៌ាង្គកាយ បង្កជា​រោគសញ្ញា​ពេញសព៌ាង្គកាយ​ទាំងមូល។

មេរោគវីរុស​ជម្ងឺគ្រុន​ផ្ដាសាយធំ មាន៣​ប្រភេទ​ចំបង គឺប្រភេទអា(A) បេ(B) និងប្រភេទសេ(C)។ វីរុស​ប្រភេទសេ ជាទូទៅ​កើតនៅ​លើ​សត្វស្លាប មាន់ ទា និងក្ងាន ករណីកើត​លើមនុស្ស​ជាករណី​កម្រ។ រីឯវីរុស​អាំងផ្លុយ​អង់ស្សា​ប្រភេទបេ បង្កការ​កើតជម្ងឺ គ្រុនផ្ដា​សាយធំ​ជាប្រចាំ​នៅលើ​មនុស្សតាំង​ពីយូរយា​ណាស់មក​ហើយ តែវា​ច្រើនតែ​បង្កស្ថានភាព​ជម្ងឺស្រាលៗ​ប៉ុណ្ណោះ។

ចំពោះ​វីរុស​អាំងផ្លុយ​អង់ស្សា​ប្រភេទអា បង្ក​ស្ថានភាព​ជម្ងឺធ្ងន់ធ្ងរ​បំផុតដល់​មនុស្ស។ លើសពី​នេះទៅ​ទៀត វាអាច​បង្កជម្ងឺ គ្រុនផ្ដាសាយ​លើសត្វស្លាប​(បក្សី) និងសត្វ​ចិញ្ចឹម​ផ្សេងទៀត ដូចជ្រូក សេះ​ជាដើម។ វីរុស​ប្រភេទអា​នេះហើយ ដែលបង្ក​ជម្ងឺ​រាតត្បាត ពេញ​ប្រទេស ពេញតំបន់ និងពេញ​ពិភពលោក ដូចជា​គ្រុនផ្ដាសាយ​ហុងកុង ផ្ដាសាយបក្សី ផ្ដាសាយ​អាស៊ី ផ្ដាសាយជ្រូក​ជាដើម។ សព្វថ្ងៃ នេះ ជម្ងឺគ្រុន​ផ្ដាសាយបក្សី​ដែលកើត​លើ​សត្វមាន់ សត្វទា ជាបញ្ហា​ចំបង​របស់​សង្គមជាតិខ្មែរ​យើងផងដែរ មាន​ប្រជាពលរដ្ឋខ្មែរ បានស្លាប់​ដោយសារ​ជម្ងឺគ្រុន​ផ្ដាសាយបក្សី(H៥N១)នេះ។

ការរាតត្បាត​ជម្ងឺគ្រុន​ផ្ដាសាយធំ

ជម្ងឺគ្រុន​ផ្ដាសាយធំ​ជាជម្ងឺ​ឆ្លង​រាតត្បាត​យ៉ាងខ្លាំង​ជារៀង​រាល់ឆ្នាំ ហើយឃើញ​មានការ​រាតត្បាត​ពេញ​តំបន់ និងពេញ​ពិភពលោក​ស្ទើរតែ​រៀងរាល់​១០ឆ្នាំម្ដង ដែលអាច​បង្កអត្រា​មរណភាព​ច្រើនជាង​ធម្មតា​ដល់ទៅ​១០ដង​ឯណោះ។ សំណាង​ល្អដែរ ប៉ុន្មានឆ្នាំ ចុងក្រោយ​នេះ កម្មវិធី​ចាក់ថ្នាំ​បង្ការបាន​ពង្រីកលើ​ពិភពលោក អាចកាត់​បន្ថយអត្រា​ឆ្លងរាលដាល​បានខ្លះដែរ។

សព្វថ្ងៃនេះ យើងដឹង​ថាវីរុស​ផ្ដាសាយ​បានផ្លាស់ប្ដូរ​រូបរាង និងលក្ខណៈ​ឆ្លងរាតត្បាត​គួរឱ្យ​កត់សំគាល់​ដូចជា​ជម្ងឺគ្រុន​ផ្ដាសាយ មាន់ ដែលកើត​ឡើងនៅ​ទីក្រុង​ហុងកុង​នៅឆ្នាំ​១៩៩៧។ ជម្ងឺគ្រុន​ផ្ដាសាយធំ ច្រើនតែ​កើតឡើង​លើមនុស្ស នៅរដូវ​ត្រជាក់ខ្លាំង។ នៅ ប្រទេស​កម្ពុជា ច្រើនតែ​កើតនៅ​រដូវវស្សា និងរដូវរងា។ នៅប្រទេស​បារាំង​ច្រើនកើត​នៅរដូវ​ទឹកកកធ្លាក់ រីឯនៅ​ទ្វីបអាមេរិក​ខាងជើង ច្រើនតែ​កើតនៅ​ចន្លោះពី​ខែវិច្ឆិកា​ទៅខែមេសា​(រដូវធ្លាក់ទឹកកក)។

ក្នុងចំណោម​អ្នកដែល​មិនមាន​ចាក់ថ្នាំ​បង្ការ និងមិនទាន់​មានប្រព័ន្ធ​ការពារ​នៅក្នុង​ខ្លួន អាចកើត​ជម្ងឺគ្រុនផ្ដា​សាយធំនេះ រវាងពី​៣០ ទៅ៦០%​ឯណោះ។ តាមការ​ប៉ាន់ស្មាន ជាមធ្យម​មានមនុស្ស​ប្រមាណជា​២៥% បានកើត​រោគផ្ដាសាយ​នេះជា​រៀងរាល់​ឆ្នាំ។ ពួកគាត់​អាចជា​សះស្បើយ រវាងពី១ ទៅ២សប្ដាហ៍ ប៉ុន្ដែអាច​បន្សល់ទុក​នូវផលវិបាក​មួយចំនួន ដូចជា​រលាកសួត រលាកទងសួត​ជាដើម។

ការរាតត្បាត​ឆ្លងជម្ងឺ​គ្រុនផ្ដាសាយធំ ច្រើនតែ​កើតឡើង​នៅកន្លែង​ដែលមាន​មនុស្ស​កកកុញ ដូចជា​នៅតាម​សាលារៀន តាមផ្សារ​ជាដើម។

ប្រវត្ដិរាតត្បាត​ជម្ងឺគ្រុន​ផ្ដាសាយធំ

ឈ្មោះជម្ងឺ កាលបរិច្ឆេទ ឈ្មោះវីរុស និងមូលហេតុ
គ្រុនផ្ដាសាយអេស្បាញ៉ុល ១៩១៨ វីរុសះ១ណ១ កើតដំបូងនៅសហរដ្ឋអាមេរិក
គ្រុនផ្ដាសាយអាស៊ី ១៩៥៧ វីរុសះ២ណ២ កើតដំបូងនៅប្រទេសចិន
គ្រុនផ្ដាសាយហុងកុង ១៩៦៨ វីរុសះ៣ណ២ កើតដំបូងនៅភាគអាគ្នេយ៍នៃប្រទេសចិន
គ្រុនផ្ដាសាយជ្រូក ១៩៧៦ ឃើញលើទាហានសហរដ្ឋអាមេរិករើសថ្មី
គ្រុនផ្ដាសាយក្រហម(ផ្ដាសាយរុស្សី) ១៩៧៧ វីរុសះ១ណ១ កើតដំបូងនៅភាគខាងជើងនៃប្រទេសចិន
គ្រុនផ្ដាសាយបក្សី ១៩៩៧ វីរុសះ៥ណ១ កើតដំបូងនៅហុងកុង

 

ចំណាំ  ជម្ងឺគ្រុនផ្ដា​សាយបក្សី​បានចាប់​ផ្ដើមរាលដាល​រាលត្បាត​ជាថ្មីពី​ឆ្នាំ២០០៤ រហូតមក​ដល់សព្វថ្ងៃ​ក្នុងតំបន់​អាស៊ីព្រម ទាំងប្រទេស​កម្ពុជា​ផងដែរ។

រោគសញ្ញា​ជម្ងឺគ្រុន​ផ្ដាសាយធំ

រោគសញ្ញា​ដំបូងៗ​របស់ជម្ងឺ​គ្រុនផ្ដាសាយធំ កើតឡើង​ពី១ ទៅ៤ថ្ងៃ បន្ទាប់ពី​ឆ្លងមេរោគ​ចូលក្នុងខ្លួន។ អ្នកដែល​មានមេរោគ នេះនៅ​ក្នុងខ្លួន​លើសពី​២៤ម៉ោង​ឡើងទៅ អាចបង្ក​ការចម្លង​ទៅអ្នកដទៃ​បានហើយ។ រោគសញ្ញា​ទាំងនេះ​អាចហៅថា​ជា​បណ្ដុំរោគ សញ្ញា​ផ្ដាសាយធំ។ រោគសញ្ញា​ទាំងនេះ​ចាប់ផ្ដើម​កើតមាន​បែបគំហុក មានដូចជា​មិនស្រួលខ្លួន​ទន់ដៃ​ទន់ជើង គ្រុនក្ដៅខ្លាំង​(កម្ដៅ៣៩ អង្សាសេ ឬលើស) មានរងាញាក់ ឈឺក្បាល និងឈឺសាច់ដុំ​(ឈឺឆ្អឹងឆ្អែង) ជួនខ្លាំង​ជួនតិចៗ។ នៅថ្ងៃ​បន្ដបន្ទាប់​មក រោគសញ្ញាទាំង នេះមាន​បង្កការក្អក​មានស្លេស កណ្ដាស់ តឹងច្រមុះ អស់កម្លាំង មិនឃ្លានបាយ ទន់ខ្លួន ឈឺចង្កេះ និងអាការរោគ​រលាក​ច្រមុះ​បំពង់ក។

ក្នុងករណី​ភាគច្រើន ជម្ងឺគ្រុន​ផ្ដាសាយធំ​អាចជា​សះស្បើយ​វិញដោយ​ឯកឯង ពី៤ ទៅ៧ថ្ងៃ​ក្រោយមាន​រោគសញ្ញា។ គ្រុន ក្ដៅចាប់​ផ្ដើមចុះ​កម្ដៅយ៉ាង​គំហុក ឬចុះសន្សឹមៗ​បន្ដិចម្ដងៗ។ រោគសញ្ញា​ផ្សេងទៀត​ក៏ចាប់ផ្ដើម​បាត់ដំណាល​គ្នាផងដែរ លើកលែង​តែ ក្អក និងអស់​កម្លាំង ដែលជួនកាល​បន្ដនៅមាន​រយៈពេល​ជាច្រើន​សប្ដាហ៍។ ករណីនៅ​មានរោគ​សញ្ញា​ទាំងនេះ ជាការ​តែងតែ​បង្កការ ព្រួយបារម្ភ ប៉ុន្ដែ​មិនមាន​អ្វីដែល​ធ្ងន់ធ្ងរ​នោះទេ។ អ្វីៗនឹង​បាត់បង់​ទៅតាម​លំដាប់​លំដោយ រហូតដល់​សុខភាពល្អ​ធម្មតាវិញ។

ផលវិបាក​ជម្ងឺគ្រុន​ផ្ដាសាយធំ

ជម្ងឺគ្រុន​ផ្ដាសាយធំ​ដែលគ្មាន​ការព្យាបាល អាចអូស​បន្លាយ​រហូត​ដល់រយៈពេល​មួយខែ​ក៏មាន ចំពោះអ្នក​មាន​សុខភាពល្អ ធម្មតា។ ផលវិបាក​ចំបង គឺជម្ងឺច្រមុះ និងសួតដោយ​បាក់តេរី ដូចជារលាក​សាច់ច្រមុះ រលាកសួត​ជាដើម។ យើងអាច​ដឹងបាន​ដោយ កំហាក​មានពណ៌លឿង​ខ្ចី បៃតង ឬពណ៌​ក្រម៉ៅ ដែលជា​រោគសញ្ញា​បញ្ជាក់បាន។ ការលេច​ឡើងនូវ​ការឈឺ​បំពង់ក អាចថា​ជារោគ សញ្ញានៃ​ផលវិបាក​ផ្សេងទៀត​បាន។ កុមារ​ជាទូទៅ​ច្រើនតែ​មានផលវិបាក​រលាក​ត្រចៀក ដូចជា​អំបៅបែក​ក្នុងត្រចៀក​ជាដើម។ ចំពោះ​មនុស្សចាស់​ជរា ជម្ងឺគ្រុន​ផ្ដាសាយធំ​បង្កផល​វិបាក​គ្រោះថ្នាក់​ខ្លាំងណាស់។ ពីព្រោះថា​ក្នុងចំណោម​ពួកគាត់ ប្រព័ន្ធ​ការពារ​មិនអាច ផលិត​ទប់ទល់​ជាមួយ​មេរោគ​បានដូច​ករណីអ្នក​ពេញវ័យមាន​សុខភាពល្អ​ឡើយ។ ម្យ៉ាងទៀត​ពួកគាត់​ច្រើនតែ​មានជម្ងឺ​រ៉ាំរ៉ៃ​ស្រាប់ទៅ ហើយ ដូចជាហឺត រលាកទងសួត-សួតរ៉ាំរ៉ៃ ខ្សោយបេះដូង​ជាដើម អាចស្ទះ​ផ្លូវដង្ហើម ពេលមាន​ការរលាក​ផ្លូវដង្ហើម​ណាមួយ​កកើត មានឡើង។ តាមការ​អង្កេតក្នុង​ចំណោម​មនុស្សចាស់​ដែលកើត​ផ្ដាសាយធំ ច្រើនតែ​មានផលវិបាក​ជាជម្ងឺរលាក​សួតដោយ​មេរោគ​បាក់តេរី។

នៅសហរដ្ឋអាមេរិក អ្នកជម្ងឺ​ដែលចូល​សម្រាក​ពេទ្យដោយ​សារជម្ងឺ​គ្រុនផ្ដា​សាយធំ ភាគច្រើន​ជាមនុស្ស​ចំណាស់​អាយុលើស ពី៦៥ឆ្នាំ និងកុមារតូចៗ អាយុតិចជាង​៥ឆ្នាំ។ ហើយវ័យ​ដែល​រាតត្បាត​គ្រុនផ្ដាសាយធំ​ជាងគេ គឺវ័យចូល​សាលារៀន។ គ្រួសារដែល កើតជម្ងឺ​គ្រុនផ្ដាសាយ​ញឹកញាប់​ជាងគេដល់​ទៅ៣០% គឺគ្រួសារ​ដែលមាន​កូនទៅ​សាលារៀន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការត្រូវធ្វើ​ពេលមាន​ជម្ងឺគ្រុន​ផ្ដាសាយធំ

– សូមពិសា​ថ្នាំព្យាបាល ថ្នាំប៉ារ៉ាសេតាម៉ុល ថ្នាំអាស្ពីរីន ឬថ្នាំអ៊ីប៊ុយប្រូហ្វែន មាន​ប្រសិទ្ធភាព​បំបាត់​អាការ​ឈឺក្បាល ឈឺ បំពង់ក ឈឺចុកសាច់ដុំ និងបញ្ចុះកម្ដៅខ្លួន។ សូមប្រយ័ត្នផង​ដែរ​ចំពោះកុមារ ថ្នាំអាស្ពីរីន និងថ្នាំ​ដែលមាន​ជាតិអាស្ពីរីន បង្កើនគ្រោះថ្នាក់​បង្កវិបត្ដិ​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ​(ជម្ងឺរ៉ាំរ៉ៃ)។ ដូច្នេះ សូមព្យាយាម​ប្រើប្រាស់​ថ្នាំប៉ារ៉ាសេតាម៉ុល ទើបប្រសើរ​ជាង។

– សូមប្រើថ្នាំ​បន្ធូរតឹង​ច្រមុះ ថ្នាំបាញ់​ច្រមុះ​មាន​ប្រសិទ្ធភាព​តែរយៈពេល​ខ្លីតែ​ប៉ុណ្ណោះ។ ការប្រើប្រាស់​យូរលើស​ពី៦ថ្ងៃ អាចបង្ក​ការរលាក និងរាំងស្ទះ​ភ្នាសមុយកឺ​ច្រមុះ​ទៅវិញទេ ជាលទ្ធផល​រលាកច្រមុះ​ដោយថ្នាំ​(តឹងច្រមុះរ៉ាំរ៉ៃ)។ ថ្នាំបន្ធូរតឹង​ច្រមុះនេះ អាចមាន​សណ្ឋាន​ជាគ្រាប់ ឬជាទឹកស៊ីរ៉ូ។ ក្រៅពីថ្នាំ​ទាំងនេះ លោកអ្នក​អាចសាកល្បង​វិធីផ្សេងៗ​ទៀតនៅ​ឯផ្ទះ ដូចជា​ងូតទឹក​ក្ដៅយូរ ដកដង្ហើម​ស្រូបយក​ចំហាយទឹក​ពុះ ពិសា​ភេសជ្ជៈក្ដៅៗ​ជាដើម ព្រោះថា​សំនើម​ជួយបន្ធូរ​ផ្លូវដង្ហើម​បាន។

– សូមជ្រើសរើស​ថ្នាំទឹកស៊ីរ៉ូ​ត្រឹមត្រូវ ថ្នាំស៊ីរ៉ូ​ភាគច្រើន​ផ្សំឡើង​ដោយជាតិ​ថ្នាំពីរ​យ៉ាង ដូចជា​រំលាយ​ស្លេសនិង​បន្ធូរតឹង ច្រមុះ បន្ធូរតឹង​ច្រមុះនិង​ប្រឆាំងក្អក​ជាដើម។ ប្រសិទ្ធភាព​របស់វា​ជាទូទៅ​មានកម្រិត​កំណត់។ ប្រសើរ​បំផុត សូម​ជ្រើសរើស​ថ្នាំទឹក ស៊ីរ៉ូ​ដែលមាន​សកម្មភាព​ព្យាបាល​តែមួយ​មុខ សម្រាប់បំបាត់​រោគសញ្ញា​ដែលរំខាន​លោកអ្នក​ជាងគេ មានដូចជា​ថ្នាំប្រឆាំងក្អក​សម្រាប់ ក្អក ថ្នាំបន្ធូរតឹង​ច្រមុះ​សម្រាប់ពេល​តឹងច្រមុះ​ជាដើម។ បើលោកអ្នក​មានការ​រារែក​មិនសូវ​ច្បាស់ សូមសាកសួរ​យោបល់ ឬប្រឹក្សា ជាមួយ​គ្រូពេទ្យ​ព្យាបាល ឬឱសថការី។

– សូមសម្រាកកាយ​ឱ្យបាន​គ្រប់គ្រាន់ ប្រសិន​បើអាច សូមលោកអ្នក​ឈប់សម្រាក​ពីការងារ​ឱ្យបាន៣ ឬ៤ថ្ងៃ និងទទួល ទានដំណេក​ផង នោះលោកអ្នក​នឹងមាន​សុខភាព​ល្អឡើងវិញ ព្រមទាំង​អាចបញ្ចៀស​បានការ​ឆ្លងទៅ​អ្នកដទៃ។

– សូមពិសាទឹក​ឱ្យបាន​គ្រប់គ្រាន់ ភេសជ្ជៈ ឬវត្ថុរាវ​ដែលទទួលទាន​អាចជួយ​ពង្រាវ​សារធាតុ​បញ្ចេញ​របស់ច្រមុះ​(ទឹកច្រ មុះ សំបោរ) ប្រយោជន៍​ងាយស្រួល​ក្នុងការ​ជម្រុះក្រមរកក​រឹងចេញ។ ម្យ៉ាងទៀត​វាអាច​ជួយបង្ការ​ការខ្វះជាតិ​ទឹកក្នុង​ខ្លួនដែល​បណ្ដាល មកពី​គ្រុនក្ដៅ។

– សូមបន្ដ​បរិភោគ​តិចតួច ពេលលោកអ្នក​មានជម្ងឺ​គ្រុនផ្ដាសាយធំ មិនប្រាកដថា​លោកអ្នក​នៅឃ្លាន​អាហារ អាចទទួល ទានបាយ​បានច្រើន​នោះទេ។ ទោះបី​បែបណា​ក៏លោកអ្នក​ត្រូវតែខំ​ទទួលទាន​ចំណីអាហារ​ខ្លះដែរ ដូចជាស៊ុប បបរ ផ្លែកចេក​ជាដើម ព្រមទាំង​ចំណីអាហារ​ដែលលោកអ្នក​ចូលចិត្ដ និងងាយលេប​ផ្សេងៗទៀត។

– សូមថែរក្សា​ខ្លួនប្រាណ ពេលមាន​ជម្ងឺគ្រុនផ្ដាសាយធំ មនុស្សហាក់​ដូចជា​ត្រូវការ​ការថ្នាក់ថ្នម និងការថែទាំ​ខ្លួន។ សូម រកថ្នាំ​បៀមយក​មកជញ្ជក់​ដើម្បីសម្រាល​ការ​ឈឺបំពង់ក សន្ធឹង​សម្រាក​រាងកាយ​ដោយ​កំដៅថ្ម ទឹក ឬខ្នើយ ឈ្លីច្របាច់​ខ្លួនប្រាណជា មួយនឹង​ប្រេងថ្នាំ​(ប្រេងលាបឱ្យ​ស្រួលខ្លួន) ត្រាំប្រអប់ជើង​ក្នុងទឹកក្ដៅ ដេកកល់ក្បាល​ឱ្យខ្ពស់​ប្រយោជន៍​ដកដង្ហើម​បានល្អ ព្រមទាំងធ្វើ សរសៃ​(ម៉ាស្សាខ្លួន)​ជាដើម។ ការប្រព្រឹត្ដិ​ទាំងនេះ អាចជួយ​សម្រាល​អាការរោគ និងរួមចំណែក​ដល់ការឆាប់​ជាសះស្បើយ​នៃជម្ងឺបាន ខ្លះដែរ។

– សូមថែទាំច្រមុះ ការខំញើស​សំបោរ​ខ្លាំងពេក អាចធ្វើ​ឱ្យខូច ឬបំផ្លាញ​ច្រមុះ។ សូមបន្សើម​ជាតិទឹក ជាពិសេស​ក្រេប ជាតិទឹក ឬថ្នាំវ៉ាសឺលីន។

– សូមធ្វើឱ្យ​បន្ទប់ដេក​មានសំណើម​ក្ដៅ សំណើម​កំដៅក្នុង​បន្ទប់ដេក ជួយបង្អន់​ការក្អក ឈឺបំពង់ក និងការតឹង​ច្រមុះ។ ការអនុវត្ដ​បែបនេះ​មិនត្រូវ​បានហាមឃាត់​ជាផ្លូវការទេ។ ប៉ុន្ដែតោង​ឱ្យដឹងថា​មានការ​ជជែក​ជំទាស់គ្នា​ជាច្រើននៅ​ក្នុងវិស័យ​វេជ្ជសាស្ដ្រ ទាក់ទង​នឹងបញ្ហានេះ ដោយសារ​ថាមិនទាន់​មានការ​ស្រាវជ្រាវ​អះអាង​អំពី​ប្រសិទ្ធភាព​របស់វា។ ការបន្សើម​នេះមិនត្រូវ​ឱ្យលើសពី ៤០%​ឡើយ។

– សូមខ្ពុរមាត់​ជាមួយ​ទឹកអំបិល សូមដាក់​អំបិល៥​មីលីលីត្រ​(ប្រហែល២ស្លាប​ព្រាបាយ) លាយជាមួយ​ទឹកក្ដៅ​កន្លះ លីត្រ។ ការខ្ពុលមាត់​ជាមួយ​នឹងល្បាយ​អំបិល​ដែលមាន​កំហាត់​អាស៊ីបាស ប្រហាក់​ប្រហែល​នឹងសព៌ាង្គកាយ​នេះ អាចជួយ​បំបាត់ អាការ​ឈឺបំពង់ក និងជួយលាង​ជម្រះសំណល់​សារធាតុ​រាវផ្សេងទៀត។ ប៉ុន្ដែមិន​ត្រូវលេប​ទឹកអំបិល​នេះទេ ព្រោះវា​មានជាតិ​អំបិល ច្រើនណាស់។

– សូមការពារ​ខ្លួនកុំឱ្យ​ឆ្លងទៅ​អ្នកដទៃ ដោយសារ​ថាលោកអ្នក​ដែលមាន​ជម្ងឺគ្រុនផ្ដាសាយធំ​អាចចម្លង​ទៅអ្នក​ដទៃទៀត សូមលោកអ្នក​លាងដៃ​សម្អាតឱ្យ​បានញឹកញាប់ និងមិនត្រូវ​ទទួលទាន​ទឹក ប្រើកែវ​រួមជាមួយ​អ្នកដទៃទេ។ ដូច្នេះ​ត្រូវកុំចូល​ក្នុងចំណោម​មនុស្ស​កកកុញ និងថើបអ្នក​ដទៃឱ្យសោះ។ ម្យ៉ាងទៀត លោកអ្នក​អាចជ្រើសរើស​យកការ​ពាក់ម៉ាស​ឃ្លុំមុខ និងច្រមុះ។

ពេលណា​ត្រូវទៅជួប​ជាមួយ​គ្រូពេទ្យ?

– ប្រសិនបើ​ជម្ងឺគ្រុនផ្ដាសាយធំ​អូសបន្លាយ​លើសពី​៧ថ្ងៃ។ ប្រសិនបើ​លោកអ្នក​ជាបុគ្គល​ប្រឈម​គ្រោះថ្នាក់​(សុខភាព​មិន ល្អ) សូមទៅ​ពិគ្រោះ​ព្យាបាល​ជាមួយ​គ្រូពេទ្យ ក្រោយពី​ឈឺក្នុងរយៈ​ពេល៤៨​ម៉ោង

– កាលបើរោគសញ្ញា​ជម្ងឺគ្រុនផ្ដាសាយធំ​នេះ រិតតែ​ធ្ងន់ធ្ងរ​ឡើង

– ប្រសិនបើលោកអ្នក​មានអារម្មណ៍​ថា មានការ​ឈឺចាប់​ចុកនៅ​ក្នុង​ដើមទ្រូង

– ប្រសិនបើកំហាក​ដែលលោកអ្នក​ខាកចេញ​មកមាន​ពណ៌បៃតង​ខ្ចី។

ការពិនិត្យជម្ងឺ និងវិភាគ​វេជ្ជសាស្ដ្រ

លោកគ្រូពេទ្យ​ព្យាបាល​នឹងចាប់​ធ្វើការ​ពិនិត្យ​សាព៌ាង្គកាយ ដើម្បីត្រួត​ពិនិត្យឱ្យ​ដឹងថាតើ​ជាករណី​ជម្ងឺគ្រុន​ផ្ដាសាយធំ​បង្កផល វិបាក​ឬទេ។ ជួនកាល​មានការ​លំបាក​ក្នុងការ​វែកញែក​រវាងជម្ងឺ​គ្រុនផ្ដាសាយធំ និងគ្រុនផ្ដាសាយ​ធម្មតា​(ផ្ដាសាយតូច) តែដោយ​ផ្អែក លើរោគ​សញ្ញា គ្រូពេទ្យ​ព្យាបាល​ពិតជា​អាច​សន្និដ្ឋាន និងវិនិច្ឆ័យ​បានថា​ជាជម្ងឺ​គ្រុនផ្ដាសាយធំ​បានយ៉ាង​រហ័ស។

ពេលពិនិត្យ​ជម្ងឺ គ្រូពេទ្យ​ព្យាបាល​ជាទូទៅ​មិនបាន​រកឃើញ​រោគសញ្ញា​ពិសេស​ណាមួយ​ឡើយ។ ប៉ុន្ដែមាន​ចំណុច​សំខាន់ ដែល​ត្រួតពិនិត្យ ដូចជា​ត្រូវត្រួត​ពិនិត្យថា​តើមាន​ជម្ងឺរលាក​សួត រលាកខួរឆ្អឹង​ខ្នងដែរទេ។ ជាទូទៅ​ការវិភាគ​វេជ្ជសាស្ដ្រ​បន្ថែម មិនសូវ មានប្រយោជន៍​ឡើយ ជាពិសេស​ការបូមឈាម​ពិនិត្យវិភាគ និងការថត​ឆ្លុះមិនផ្ដល់​ព័ត៌មាន​គន្លឹះដល់​ការព្យាបាល​ឡើយ។

ក្នុងករណី​សង្ស័យខ្លាំង គ្រូពេទ្យ​ព្យាបាល​អាចត្រួត​ពិនិត្យវិភាគ​ល្អិតល្អន់​ទៅលើ​កំហាក ប្រយោជន៍​វិភាគឱ្យ​ដឹងថា​មានមេរោគ​វីរុស​ជម្ងឺគ្រុនផ្ដាសាយធំ​ឬអត់។

ការព្យាបាលជម្ងឺ​គ្រុនផ្ដា​សាយធំ

ជម្ងឺគ្រុនផ្ដាសាយធំ ត្រូវព្យាបាល​ដោយការ​សម្រាក​កាយ ទទួលទាន​ជាតិទឹក​ឱ្យបាន​ច្រើន និងទទួលទាន​ថ្នាំបញ្ចុះ​កំដៅ ដូច ជាអាស៊ីត​អាសេទីលសាលីស៊ីឡិក ប៉ារ៉ាសេតាម៉ុល អ៊ីប៊ុយប្រូហ្វែន អាសេតាមីណូហ្វែន​ជាដើម។ ចំពោះ​កុមារ និងជំទង់​ដែលមាន​ជម្ងឺ គ្រុនផ្ដាសាយធំ មិនត្រូវ​លេបថ្នាំ​ដែលមាន​ជាតិអាស្ពីរីនឡើយ ព្រោះជម្ងឺ​គ្រុនផ្ដាសាយធំ និងអាស្ពីរីន​អាចបង្ក​វិបត្ដិ​ធ្ងន់ធ្ងរ​ដល់ខួរក្បាល និងថ្លើម។ ប្រការ​សំខាន់​មុននឹង​ប្រើប្រាស់​ថ្នាំបញ្ចុះកំដៅ ត្រូវពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្យាបាល វេជ្ជបណ្ឌិត ឬឱសថការី​ជាមុនសិន។

ការព្យាបាល​ដោយថ្នាំ​អង់ទីប៊ីយ៉ូទិក​(ថ្នាំផ្សះ) មិនត្រូវ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជម្ងឺគ្រុនផ្ដាសាយធំ​ទេ។ ព្រោះគ្រុនផ្ដាសាយធំ ជាជម្ងឺបង្ក​ដោយវីរុស ថ្នាំអង់ទីប៊ីយ៉ូទិក​មិនមាន​ឥទ្ធិពល ឬប្រសិទ្ធភាព​ទៅលើវីរុស​នោះទេ។ ក្នុងករណីគ្មាន​ផលវិបាក គ្រូពេទ្យ ព្យាបាល​ត្រូវរង់​ចាំមើល​ស្ថានភាពវិវត្ដន៍​របស់ជម្ងឺ។ ករណីភាគ​ច្រើន សព៌ាង្គកាយ​មនុស្សអាច​ប្រយុទ្ធប្រឆាំង​នឹងជម្ងឺបង្ក​ដោយមេរោគ បាន។ ប្រសិនបើ​ជាករណី​ចាំបាច់ ការព្យាបាល​ដោយថ្នាំ​ប្រឆាំងវីរុស ជាពិសេស​ថ្នាំប្រឆាំង​នឹងវីរុសជម្ងឺ​គ្រុនផ្ដាសាយធំ​ដែលបង្ក​ដោយ វីរុស​អាំងផ្លុយអង់ស្សា ត្រូវតែ​ធ្វើឡើង។

ដើម្បីមាន​ប្រសិទ្ធភាព ដរាបណា​ការព្យាបាល​ឆាប់ធ្វើឡើង ជាពិសេស​៤៨ម៉ោង​ក្រោយចេញ​រោគសញ្ញា។ ប្រសិនបើផល វិបាកផ្សេងៗ​បានកើតមាន​ឡើង ដូចជា​រលាកទងសួត រលាកសួត រលាកច្រមុះ រលាកត្រចៀក​ជាដើម គ្រូពេទ្យ​ព្យាបាល​ត្រូវឱ្យ​ថ្នាំអង់ទីប៊ីយ៉ូទិក​បន្ថែម ព្រោះថា​ពួកមេរោគ​បាក់តេរី​ជាអ្នក​បង្កផលវិបាក​ទាំងនេះ។

វិធីបង្ការ​ជម្ងឺគ្រុន​ផ្ដាសាយធំ

មានតែ​អង្គបដិបក្ខប្រាណ​(អង់ទីគ័រ)​ប្រឆាំង​គ្រុនផ្ដាសាយធំ​តែមួយ​មុខគត់ ដែលអាច​បង្ការ​ជម្ងឺនេះបាន។ វិធីមាន​អង់ទីគ័រ ដរាបណា​បុគ្គលនេះ​ធ្លាប់កើត​ជម្ងឺគ្រុន​ផ្ដាសាយធំ​នេះរួចហើយ ឬដោយការ​ចាក់ថ្នាំបង្ការ​(វ៉ាក់សាំង)​តែប៉ុណ្ណោះ។ ការចាក់ថ្នាំ​បង្ការនេះ ត្រូវធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ។ នៅលើ​មនុស្សពេញវ័យ​មានសុខភាពល្អ ថ្នាំបង្ការ​នេះអាច​មាន​ប្រសិទ្ធភាព​បាន៨០%។ ហើយបុគ្គល ដែលប្រឈម​នឹងការ​ឆ្លងជម្ងឺ​គ្រុនផ្ដាសាយធំ ត្រូវតែ​ចាក់ថ្នាំ​បង្ការ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative