ក្រសួងសុខាភិបាលថាករណីសង្ស័យជំងឺ​កញ្រ្ជិល​នៅខេត្ត​ក្រចេះ និង​កំពង់​ធំ​មិន​មែន​ជាជំងឺ​កញ្រ្ជិល​ទេ

បន្ទាប់ពីបានចុះធ្វើការ​ស្រាវជ្រាវ ក្រសួង​សុខាភិបាល​បានប្រកាស​ថា ករណី​​សង្ស័យ​ជំងឺ​កញ្រ្ជិល លើ​កុមារ​ ក្នុង​ខេត្ត​ក្រចេះ និងកំពង់​ធំ​ មិនមែន​ជាជំងឺ​កញ្រ្ជិល​នោះទេ នេះបើ​តាមលទ្ឋផល បញ្ជាក់​ដោយ មន្ទីរ​ពិសោធន៍​បង្អែក​ ប្រចាំ​តំបន់​របស់​អង្គការ​​សុខភាព​ពិភព​លោក។

99កាលពីថ្ងៃទី៤ តុលា កន្លងមកនេះ ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​ បាន​ប្រកាស​ថា​មាន​ ករណី​ជំងឺ​កញ្រ្ជិល​មួយករណី​នៅខេត្ត​ក្រចេះ និង​កំពង់ធំ ប៉ុន្តែ​ក្រោយការ​ពិសោធន៍ ជាថ្មី​នៅ​មន្ទីរ​ពិសោធន៍​ បង្អែក ប្រចាំ​តំបន់​របស់​អង្គការ​​សុខភាព​ពិភព​លោក ដោយ​បាន​ត្រួត​ពិនិត្យ​លំអិត ជាក់​លាក់​បាន​បង្ហាញ​ថា​ “ករណី​នេះ​អវិជ្ជមាន​សម្រាប់​ជំងឺ​កញ្រ្ជិល”។

យោងតាមសេចក្តីប្រកាសព៌ត​មានរួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​​សុខភាព​ពិភព​លោក ដែល​បាន​ ចេញ​ផ្សាយ​កាលពី​ថ្ងៃ៣០ តុលា​កន្លង​មក​បានឲ្យ​ដឹង​ថា ក្រសួង​សុខាភិបាល សហការ​ជា​មួយ​អង្គការ​សុខភាព​ ពិភព​លោក និង​អង្គការ​មូលនិធិ​សហ​ប្រជាជាតិ​ដើម្បី​កុមារ បាន​ពិនិត្យ​សេចក្តី​បញ្ជាក់​លទ្ឋផល​នេះ ហើយ​​បាន​ សម្រេច​ថា មិនចាំ​បាច់ធ្វើ​យុទ្ឋនាការ​ផ្តល់បន្ថែម​ថ្នាំបង្ការ​ជំងឺ​កញ្រ្ជិល​នៅខេត្ត​ទាំ​ងពីរ​ដូចដែល​បាន​គិត​ទុកពី​ មុន​ទេ តែបាន​សម្រេច​ខិតខំ​បន្តពង្រឹង​បង្កើន​អត្រា​គ្រប​ដណ្តប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្រ្ជិល និង​ស្អូចឲ្យ​ បានខ្ពស់​ជា​និច្ច តាម​រយៈ​សកម្ម​ភាព​ជា​ប្រចាំ​នៅមណ្ឌល​សុខភាព និងតាម​រយៈ​ការចុះ​ផ្តល់​សេវា​មូលដ្ឋាន និង នៅតំបន់​ងាយ​​រងគ្រោះ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាល បានថ្លែង​ថា “ស្ថាន​ភាព​បានធូរ​ស្រាល ព្រោះ​ជា​ ករណី​អវិជ្ជមាន​ជំងឺ​កញ្រ្ជិល”។ ក្រសួង​សុខាភិបាល​នៅតែ​​បន្ត​រក្សា​និរន្តរភាព​គ្មានជំងឺ​កញ្រ្ជិល ដោយ​ធានា​នូវ ប្រព័ន្ឋ​តាមដាន​ជំងឺ​រ៉ឹងមាំ និង អត្រា​គ្របដណ្តប់​ថ្នាំបង្ការ​ជំងឺ​កញ្រ្ជិល​ឲ្យបាន​ខ្ពស់​ជានិច្ច។ លោកបន្ត​ថា​កម្ពុជា​ ប្រកា​ស​ថាគ្មាន​ជំងឺ​កញ្រ្ជិល​កាលពីខែ​មិ​ថុនា ឆ្នាំ​២០១៥។ ការចម្លង​ជំងឺពី​ប្រទេស​ក្រៅ ឬការ​ចម្លង​ក្នុងប្រទេស​ ដែល​បានបំបាត់​ជំងឺរួច​ទៅហើយ​នោះក្តី តែការឆ្លង​ពីមនុស្ស​​ម្នាក់ទៅ​មនុស្ស​ម្នាក់ តាម​រយៈព្រំដែន​អន្តរជាតិ​ក៏​មាន​ភាពងាយ​ស្រួលដែរ។

លោកបន្តថា “ក្រសួង​សុខាភិបាល​​បន្តតាម​ដានជំងឺ​កញ្រ្ជិល​ប្រកប​ដោយ គុណភាព ស្រាវជ្រាវ​ឲ្យបាន​ទាន់ពេល​ និង​ការឆ្លើយ​តប​ការផ្ទុះ​ជំងឺ​ឲ្យបាន​ឆាប់រហ័ស”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative