មន្ត្រីសាលាក្រុង៖បញ្ហា​​កក​ស្ទះចរា​ចរណ៍​​​នៅ​កម្ពុជា​ប៉ះពាល់​​ដល់​សុខុមាល​ភាព

លោក អៀង អូ​នី អភិបាលរង​នៃ​គណៈ​​អភិបាល​​រាជធានី​​ភ្នំពេញ​​បាន​មាន​ប្រសាសន៍​​ថា បច្ចុប្បន្ន​​នៅ​កម្ពុជា​បញ្ហា​​ចរាចរណ៍​​បាន​ជះ​ឥទ្ធិ​ពល​​ជា​អវិជ្ជ​មាន​​យ៉ាង​ខ្លាំង​​ដល់​​សុខមាល​ភាព​​សង្គម ​និង​​សេដ្ឋកិច្ច​ជាតិ ។

90មិនតែប៉ុណ្ណោះគ្រោះថ្នាក់​​ចរាចរណ៍​ ​បាន​​ធ្វើ​ឲ្យ​រាំង​ស្ទះ​មួយ​​ផ្នែក​ដល់​​ការ​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​​ក៏ដូច​ជា​ បាត់​បង់​​នូវ​​សុវត្ថិភាព​​សង្គម ការ​​ចំណាយ​​ពេលវេលា​​លើ​ការ​​សំរាក​​ព្យាបាល​​ជំងឺ ដែល​អូស​​បន្លាយ និង​​ការ​​ស្តារ​​លទ្ធភាព​​ពលកម្ម​​មាន​រយៈ​ពេល​វែង រួមផ្សំ​​ជាមួយ​នឹង​ការ​ខាតបង់​​ប្រាក់​ចំណូល ដោយ​សារ​​ពិការ​ភាព ឬ​ដោយ​សារ​​ការ​ បាត់​បង់​ជន​​បង្គោល​​ក្នុង​​គ្រួសារ ដែល​អាច​​បណ្តាល​​ឲ្យ​គ្រួសារ​​មួយចំនួន​​ធ្លាក់​ខ្លួន​ទៅ​​ក្នុង​​ស្ថានភាព​​​​ក្រីក្រ បាន​​ទៀត​​ផង​ក៏​​មាន​។

លោកបានលើកឡើងនៅ​ក្នុង​សន្និសីទ​​ជាតិ​ ស្តី​ពី​”​ការ​កក​ស្ទះ​​ចរាចរណ៍​​នៅ​កម្ពុជា ប៉ះពាល់​​ដល់​បរិស្ថាន​​និង​សុខុមាល​ភាព បញ្ហា​​ប្រឈម​​និង​​ដំណោះ​ស្រាយ​” កាលពី​​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​​២០១៥ ​នៅ​​រាជ​បណ្ឌិត្យ​សភា​ កម្ពុជា​ឲ្យដឹង​​ថា កត្តា​​ទាំងអស់​​នេះ​បាន​ធ្វើ​​ឲ្យ​ប្រទេស​​ទទួល​​នូវ​ភាព​​អន់ថយ​​ខាង​ផ្នែក​ សេដ្ឋកិច្ច​ជាតិ​​តាម​រយៈ​​ករណី​​ជាច្រើន​​ដែល​​បណ្តាល​​មក​ពី​​គ្រោះថ្នាក់​​ចរា​ចរណ៍​ នៅក្នុង​​ប្រទេស​​នីមួយៗ​​ផ្ទាល់​​តែម្តង។លើស​​ពី​នេះ​ទៀត​ផល​​ប៉ះពាល់​​មួយទៀត​​ដោយសារ​​កំ​រឹត​​ខ្ពស់​នៃ​​​ការ​​កកស្ទះ​​ចរាចរណ៍​​គឺ​បាន​​កាត់​បន្ថយ​​នូវ​គុណ​ភាព​​បរិសុទ្ធ​​នៃ​​បរិយា​កាស​​និង​ សុខមាល​ភាព​​ជីវិត​​រស់​នៅ​របស់​​ប្រជាពល​រដ្ឋ។

ការ​កកស្ទះចរាចរណ៍នៅ​កម្ពុជា​គឺកើតឡើង​នៅ​ពេល​ព្រឹក​ចាប់​ផ្តើម​ពី​​ម៉ោង​៦​​ដល់​ម៉ោង​​៨​​និង​៣០​​នាទី​ និង​​ល្ងាច​​ចាប់ពី​​ម៉ោង​៥​​ដល់​​ម៉ោង​​៨​យប់​​ជា​ពេល​វេលា​​មមាញឹក​​នៃ​ការ​ធ្វើ​​ចរាចរណ៍។

លោក​វរសេនីយ៍ឯក សុខ ណុប អនុ​ប្រធាន​​នាយកដ្ឋាន​​នគរបាល​​ចរា​ចរណ៍ ​និង​​សណ្តាប់​​ធ្នាប់​​សាធារណៈ​​នៃ​​ អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ បាន​​បង្ហាញ​​ឲ្យ​ដឹង​ ថា​កត្តា​​នាំ​ឲ្យ​​មានការ​​កក​ស្ទះ​​ភាគច្រើន​​បណ្តាល​​មក​ពី​​អ្នក​ ប្រើ​ប្រាស់​ ផ្លូវថ្នល់​ខ្វះ​​ការ​​យល់​ដឹង មិន​​គោរព​​ច្បាប់​ចរា​ចរណ៍ បើក​បរ​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​(​បត់​ឆ្វេង​ ស្តាំ​ បត់​​ត្រលប់​​ក្រោយ ​ការ​ឈប់​ ឬ​ចត​លើ​​ទ្រូងផ្លូវ​​នៅ​កន្លែង​​ហាម​ឃាត់​)​​ផ្លូវថ្នល់ មាន​​ទំហំ​​តូច មិន​​សមាមាត្រ​​ទៅ​នឹង​​កំណើន​​យានយន្ត ការ​យក​​ចិញ្ចើម​​ផ្លូវ​ធ្វើ​ជា​កម្ម​​សិទ្ធ សំរាប់​​ដាក់​តាំង​​លក់ដូរ​​យក​ធ្វើ​ជា​ចំណត ឬ​​យក​​ចំណែក​​ផ្លូវ​​សង់រោង ប្រារព្ធ​​ពិធី​​ផ្សេងៗ ការប្រើ​ប្រាស់​​យានយន្ត​​មាន​​លក្ខណៈ​​ចាស់​ទ្រុឌ​ទ្រោម​​ងាយ​នឹង​​ខូច ​រថយន្ត​​ដឹក​ ជញ្ជូនធុ​ន​ធំ​​ កែច្នៃ ​ដំឡើង​ខុស​បច្ចេក​ទេស​​ធ្វើ​ចរា​ចរណ៍​​លើផ្លូវ​​សាធារណៈ​​នៅក្នុង​​ទីប្រជុំ​ជន ទីក្រុង​​គួប​ផ្សំ​​ការ​​អនុវត្តន៍​​ច្បាប់​​របស់​​សមត្ថកិច្ច​​នៅ​មាន​​ភាព​ធូរ​រលុង​​ជាដើម។

លោក​វរសេនីយ៍ឯក សុខ ណុប បាន​​បន្ថែម​​ឲ្យ​ដឹង​​ថា ការ​កើន​ឡើង​នូវ​​ចំនួន​​អ្នកប្រើ​ប្រាស់​​យាន​យន្ត ហេដ្ឋា រចនា​សម្ព័ន្ធ​​ផ្លូវថ្នល់ ត្រូវ​បាន​​កសាង​​ប្រឡាក់​​ក្រឡា​​ពី​ទីក្រុង​​ដល់​ជន​បទ​​សម្រួល​​ដល់​​វិស័យ​ ដឹកជញ្ជូន​​និង​​ការ​ធ្វើ​​ចរា​ចរណ៍​​កាន់តែ​​ងាយ​ស្រួល ទន្ទឹម​​នោះ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​បាន​ក្លាយ​ជា​បញ្ហា​​ប្រឈម​​ធំ​មួយ​​នៅ​កម្ពុជា ជា​​រៀង រាល់​ថ្ងៃ​គិត​​ជា​មធ្យម​​មាន​មនុស្ស​​៦​នាក់​​ស្លាប់​​និង​ប្រមាណ​​២០​នាក់​ រង​​របួស ដោយ​សារ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍។

ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៥​​នេះ​ គ្រោះថ្នាក់​​ចរា​ចរណ៍​​បាន​កើន​ឡើង​​ចំនួន ​៣៥០៥​​លើក​​បណ្តាល​​ឲ្យ​បាត់​បង់​​ជីវិត​​១៧៣៤​​នាក់ ​របួស​ធ្ងន់​​៣៣០៩ នាក់​​របួសស្រាល​​២៣៦៤​​នាក់​ក្នុង​​នោះ​បាន​​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា ប្រាក់ កាស សេដ្ឋកិច្ច​​គ្រួសារ​​និង​ខាត​បង់​​សេដ្ឋកិច្ច​ជាតិ​​អស់​រាប់​​រយ​លាន​​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ។

ដើម្បី​បញ្ចៀស​និង​ដោះស្រាយ​​បាន​នូវ​​បញ្ហា​​ខាងលើ​លោក អៀង អូ​នី បាន​​បញ្ជាក់​ថា គឺ​ទាម​ទារ​​ឲ្យ​មាន​ការ​​ចូល​រួម​ពី​​គ្រប់​​ស្ថាប័ន​​ទាំងអស់ រួមមាន​​ប្រជាពល​រដ្ឋ​​មូលដ្ឋាន​​រហូត​ដល់​​ស្ថាប័ន​​មាន​​សមត្ថកិច្ច​​គ្រប់​ ជាន់​ថ្នាក់​​ដើម្បី​​លើក​កំពស់​​ធ្វើ​ឲ្យ​មាន​​ប្រសិទ្ធ​ភាព​​និង​ភាព​ល្អ​​ប្រសើរ​ ឡើង​​ថែមទៀត​​ជាពិសេស​​គឺ​ដើម្បី​​សំរាល​​ទៅដល់​​ស្ថាន​ភាព​​តានតឹង​​នៃ​ប្រព័ន្ធ​ ចរា​ចរណ៍ និង​ការ​​ធ្វើ​ដំណើរ​​នៅក្នុង​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative