ក្នុង១ខែមន្ទីរពេទ្យ​កាលម៉ែត​ប្រើប្រាស់​ឈាមពី​១ពាន់​ទៅ១៥០០​ប្លោក

ការប្រើប្រាស់ឈាមនៅមន្ទីរពេទ្យ​កាល់ម៉ែត្រ មានការ​កើនឡើង​ជា​លំដាប់គឺ បាន​កើនឡើង​ពី១ពាន់​ប្លោក​ទៅ ដល់​១៥០០​ប្លោក​ក្នុង១ខែ។

56456លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិផ្តល់​ឈាម​បានមាន​ប្រសាសន៍ ឲ្យដឹង​ថា ក្រៅ​ពី​មន្ទីរ ពេទ្យ​កាល់​ម៉ែត្រ មានការ​ប្រើប្រាស់​ឈាមកើន​ឡើង ហើយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ក៏មាន​ការកើន​ឡើង​ ដែរ​ពោលគឺ​បានកើន​ពី៨០០​ដល់៩០០​ប្លោកក្នុង​១ខែៗ។ មានន័យថា​គ្រាន់តែ​មន្ទីរពេទ្យ​ធំ ចំនួន​ពីរនេះ​ក្នុង១ខែ ​ការប្រើ​ប្រាស់ឈាម​មានរហូត​ដល់ទៅ​ជាង​២០០០​ប្លោក។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបញ្ជាក់​ថាជាក់​ស្តែង​នៅរាជ​ធានី​ភ្នំពេញ គិតជា​មធ្យម​ក្នុង១​ខែ យើង​ទទួល​ បាន ស្នើ​សុំឈាម​ចំនួន​៨៥​ប័ណ្ណ​ស្នើសុំ​ហើយក្នុង​១ប័ណ្ណ​ស្នើសុំ​នោះមាន​ពី២ទៅ​៣ប្លោក។ តែយ៉ាង​ណាក៏​ ដោយ យើង​មិនអាច​ផ្តល់​ឲ្យគ្រប់​ចំនួន​ស្នើសុំ​បានទេ ដោយយើង​អាចផ្តល់​បាន​ជិត ៣០០០​ប្លោក​ក្នុង ១ខែ​សំរាប់​ នៅ​រាជធានី​​ភ្នំពេញ។

តាមការប៉ាន់ស្មាននៅតាម​មន្ទីរពេទ្យ​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវការ​ឈាម ប្រមាណ​ជាង៣​ម៉ឺនប្លោក ដើម្បី ​ជួយ​សង្គ្រោះ​ដល់អ្នក​ជំងឺ​ក្នុង១ឆ្នាំៗ។ សំរាប់​ឆ្នាំនេះ​នៅទូទាំង​ប្រទេស​វិញតំរូវ​ការ​ឈាម មាន​ប្រមាណ ជាង​ ៥​ម៉ឺនប្លោក។

លោកប្រធានមជ្ឈមណ្ឌលជាតិ បានលើក​ឡើង​របាយ​ការណ៍ មក​បញ្ជាក់​ថានៅ​ក្នុង​រយៈ​ពេល​៩ខែ​ឆ្នាំ​នេះ​ការ​ ប្រើ​ប្រាស់​ឈាមនៅ​រាជធានី​ភ្នំពេញ មានចំនួន​៣៨០០០​ប្លោក មានការ​កើនឡើង​បើប្រៀប​ធៀប នឹង​រយៈ​ពេល​ ៩ខែ​ដូច​គ្នាកាល​ពីឆ្នាំ​២០១៤​កន្លងទៅ ប្រើប្រាស់​តែ៣៦៩៥៩​ប្លោក។ លោកវេជ្ជ​បណ្ឌិត បាន​បន្ថែម​ឲ្យដឹង​ទៀត​ ថា ការប្រើ​ប្រាស់​ឈាម មានការ​កើនឡើង​នៅរាជធានី​ភ្នំបេញ នេះមិន​មែនគ្រប​ដណ្តប់ តែ​នៅ​ភ្នំពេញ នោះ​ទេ​ គឺ​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​តែម្តង ដោយសារ​តែនៅភ្នំពេញ​មានមន្ទីរ​ពេទ្យធំៗ ដែល​ប្រជាពល​រដ្ឋ​យើង​ ភាគ​ច្រើន​បានយក​អ្នកជំងឺ​មកពីតាម​បណ្តាខេត្ត​មកព្រាបាល​ជំងឺ។ ជាងនេះ​ទៅទៀត ប្រជាពល​រដ្ឋ​យើង​ បានធ្វើ​ចំណាក​ស្រុកមក​រកការងារ​ធ្វើនៅ​រាជធានី​ភ្នំពេញ​ក៏មានច្រើន។ ដូចនេះ​ហើយបាន ជាការ​ប្រើប្រាស់​ ឈាម​នៅ​ភ្នំពេញ​មានការ​កើនឡើង​ខ្ពស់ពោល​រហូតដល់​ជាង៦៣​ភាគរយ​នៅទូទាំង​ប្រទេស។

សំរាប់៩ខែឆ្នាំនេះមជ្ឈមណ្ឌជាតិ​ផ្តល់ឈាម បាន​ទទួល​អំណោយ​ឈាមបាន​ចំនួន​២៥៧៥៥​ប្លោក។ ចំនួន​នេះ ​បើធ្វើ​ការប្រៀប​ធៀបទៅនឹង​រយៈពេល​៩ខែ​ដូចគ្នា​ឆ្នាំ​២០១៤​កន្លង​ទៅឃើញ​ថាមាន​ការកើន​ឡើងដែល​ឆ្នាំ​មុន​ទទួល​បាន​ចំនួន​២៣២៨២​ប្លោក។ លោក​វេជ្ជបណ្ឌិត បានបន្ត​ថាការ​ទទួល អំណោយ​ឈាមនៅ​រាជធានី​ភ្នំពេញ​ មានការ​កើនឡើង​តែមិន​អាចឆ្លើយ​តបនឹង​តំរូវការ​អ្នកប្រើប្រាស់​ឈាមបានទេ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative