ការកកស្ទះចរាចរបានធ្វើ​ឲ្យខាត​ប្រាក់​៦លាន​ដុល្លារ​ ក្នុង​មួយខែ

អាជ្ញាធររាជធានីភ្នំពេញ បាននិយាយ​កាលពីថ្ងៃ​ម្សិល​ម៉ិញថា ការកក​ស្ទះ​ចរាចរណ៍​នៅរាជ​ធានី​ភ្នំពេញ បាន​ធ្វើឲ្យ​ខាត​បង់​ប្រាក់ ៦លាន​ដុល្លារ ក្នុងមួយ​ខែៗ ទន្ទឹម​នឹង​ការអំពាវ​នាវ​ឲ្យ​ប្រជាជន​គោរព​ច្បាប់​ចរាចរណ៍​ និងកុំ​ចតយាន​យន្ត​​អនាធិប​តេយ្យ​​បង្ក​ឲ្យ​​មាន​ការ​​កកស្ទះ​​ចរាចរណ៍។

99លោកអៀង អូនី អភិបាល​រង​រាជធានី​​ភ្នំពេញ ​បាន​ថ្លែង​ក្នុងពិធី​បើក​សិក្ខា​​សា​លា​​ស្តី​ពី​ការ​កក​ស្ទះ​​ចរា​ចរណ៍​ នៅ​​កម្ពុជា​​ប៉ះ​ពាល់​​ដល់​ បរិស្ថាន និង​​សុខុមាល​ភាព​ “បញ្ហា​​ប្រឈម និង​​ដំណោះ​ស្រាយ​នៅ​​រាជ​បណ្ឌិត្យ​​សភា​​កម្ពុជា”​​​ថា ​ការ​រីក​​ធំ​ឡើង​​នៃ​ទី​​ប្រជុំ ជន ការ​កើន​ឡើង​នៃ​​ដង់ស៊ីតេ​​ប្រជាជន​​ក្នុង​ទីក្រុង ភាព​​មមាញឹក​​នៃ​ការ​ធ្វើ​​ដំណើរ ការ​សាង​សង់​អគារ​​​ខ្ពស់ៗ​​ផ្សារ​ទំនើប បុរី​ប្រណីត សួនច្បារ ក៏​ដូចជា​​កំណើន​​​ភ្ញៀវ​ទេស​ចរ​​ជាដើម​​បាន​ធ្វើ​​ឲ្យ​រាជធានី​​មួយ​នេះ​​កំពុង​ ប្រឈម​​នឹង​បញ្ហា​​ធំៗ​​មួយ​ចំនួន​​គឺ​​បញ្ហា​​កកស្ទះ​​ចរា​ចរណ៍ គ្រោះថ្នាក់​​ចរាចរណ៍ ទឹក​​ជំនន់ និង​​បញ្ហា​សំរាម​​ក្នុង​នោះ​​បញ្ហា​​កកស្ទះ​​ចរា​ចរណ៍​​បាន​ធ្វើ​ឲ្យ​ខាត​បង់​​ថវិកា​​ប្រមាណ​៦​លាន​​ដុល្លារ​​ក្នុង​មួយ​​ខែៗ។

​លោក​បញ្ជាក់​ថា “​ការ​ខាត​បង់​នេះ​ភាគ​ច្រើន ​គឺ​ការ​​ចំណាយ​​របស់​​បងប្អូន​​​​​ទៅលើ​​​សាំង​​ដែល​​បញ្ឆេះ​​​​យានយន្ត​​ចោល ​ទី​ពីរ ​ការ​ខកខាន​​ពេលវេលា​​គាត់​ត្រូវ​​​បំពេញ​ កិច្ចការ ​ដែល​​ធ្វើឲ្យ​ខ្សែ​​ចង្វាក់​​ការងារ​​មាន​ភាព​​ខ្វះ​​ចន្លោះ​​ហើយ​​​កន្លែង ​​នេះ​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ប្រសិទ្ធភាព​​សេដ្ឋកិច្ច​។

លោកបន្តថា ចំនួន​​​​នេះ​នៅ​​មិន​​ទាន់​រាប់​​បញ្ចូល​​​​​​​​​នូវ​​គ្រោះ​ថ្នាក់​​ចរាច​រណ៍​​ដែល​ ធ្វើឲ្យ​​ខាតបង់​​ដល់​​ផល​​ទុនជាតិ និង​​ប្រជាជន​​សរុប​​ប្រមាណ ៣០០ លាន​​ដុល្លារ​​ក្នុង​​មួយ​ឆ្នាំៗ​​នោះ​ទេ”។

លោកបណ្ឌិតស៊ុំ ឈុំប៊ុន អនុ​ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​បាន​លើក​​ឡើង​ថា​​បញ្ហា​​​ក​ក​ស្ទះ​​ចរាចរណ៍​​នា​ពេល​​បច្ចុប្បន្ន​​បាន​​​​​ជះ​​ ឥទ្ធិពល​​ជា​អវិជ្ជ​មាន​​ដល់​​ខ្សែ​​ចង្វាក់​​ការងារ​​សេដ្ឋកិច្ច​​ប៉ះពាល់​​ដល់​ បរិស្ថាន ការ​​រស់នៅ និង​​អាយុ​ជីវិត​​​របស់​​​ប្រជាពល​រដ្ឋ​​ដែល​​បង្ក​មក​ពី​ការ​បើក​បរ​មិន​​គោរព​ ច្បាប់​​ចរាចរណ៍ ការ​យក​​ចិញ្ចើម​​ផ្លូវ​ធ្វើ​​ជា​អាជីវកម្ម​​ផ្ទាល់​ខ្លួន​​ការ​សាង​សង់​​អគារ​​ខ្វះ​លក្ខណៈ​​បច្ចេក​ទេស និង​ការ​​រំលោភ​​បំពាន​​ផ្លូវ​​សាធារណៈ​​នានា។

​លោកបន្ត​ថា  “ដើម្បី​​​​​​ធ្វើឲ្យ​​ផលប៉ះ​ពាល់​ជា​​អវិជ្ជមាន​​នៃ​​សកម្ម​ភាព​ទាំង​នេះ​​មាន​ កម្រិត​​អប្ប​បរិមា​គឺ​​ទាមទារ​​ឲ្យ​មាន​​ការ​ចូល​រួម​​​រៀបចំ ត្រួត​ពិនិត្យ គ្រប់គ្រង អប់រំ ផ្សព្វ​ផ្សាយ​​សណ្តាប់​ធ្នាប់​​ពី​គ្រប់​​ភាគី​​ពាក់ព័ន្ធ​​ទាំងអស់​​លើ​គ្រប់​​ សកម្ម​ភាព​​ដើម្បី​​​​ធ្វើ​យ៉ាង​ណា​ការ​កាត់​​បន្ថយ​ផល​ប៉ះពាល់​​ពី​កា​រ​​កក​ស្ទះ​ចរាចរណ៍”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative