ស្ថានភាពរបួស​របស់​តំណាង​រាស្រ្តបក្ស​ប្រឆាំង​ពីររូប​មាន​សភាព​ធ្ងន់ធ្ងរ

ស្ថានភាពសុខភាពរបស់​តំណាង​រាស្រ្ត​ពីររូប នៃ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​​រងការ​វាយ​ប្រហារ​ដោយ​បាតុករ​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ។

៩៩៩​អ្នកនាំពាក្យ​​គណបក្ស​សង្រ្គោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែង​ឲ្យដឹង​តាមទូរ​ស័ព្ទ​នាព្រឹក​ថ្ងៃទី២៨ តុលា នេះ​ថា​តំណាង​រាស្រ្ត​ទាំង២រូប ដែល​កំពុង​ស្នាក់នៅ​ព្យាបាល​ជំងឺ​នៅប្រទេស​ថៃ មាន​ស្ថានភាព​លំបាក ដែល​អាចគ្រាំ​ក្នុងខ្លួន​ជាខ្លាំង។

លោក យ៉ែម បុញ្ញឫទ្ធិ នៅថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១៥ នេះបាន​និយាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​លោកថា លោក​ ញ៉យ ចំរើន បានវះ​កាត់ដៃ​ស្តាំដែល​បាក់ចំនួន​៣កន្លែង​រួចរាល់​ហើយ ប៉ុន្តែ​នៅរង់ចាំ​ការវះ​កាត់​ភ្នែកស្តាំ​បន្ត​ទៀត ដោយ​​សា​រ​ឆ្អឹង​ក្រោមភ្នែក​បាក់ផុង​ជាប់​នឹង សាច់ដុំ​ភ្នែក ដូច្នេះ​ត្រូវវះ​យកឆ្អឹង​នេះចេញ​ជាមុន​សិន ហើយ​ពេទ្យ​មិនទាន់​សន្និ​ដ្ឋាន​ថា ភ្នែក​ខាងស្តាំ នឹងជា​សះស្បើយ​ដូចដើម​វិញឬទេ​។រីឯ​ច្រមុះ ក៏មាន​ការបាក់​ឆ្អឹងធ្ងន់​ធ្ងរដែរ ជា​ពិសេស ផ្នែក​ក្បាល​នៅវិល​មុខ ដែល​អាច​គ្រាំក្នុង​ខ្លាំង។

ចំណែកលោក គង់ សភា កំពុងវះ​កាត់ ក្តោង​ច្រមុះ​ផុង ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់ត្រចៀក​ពិបាក​ក្នុងការ​ស្តាប់ ជា​ពិសេស​នៅតែ​បន្ត​វិលមុខ និង​អាការ​ស្រវាំង​ភ្នែក​ជាខ្លាំង។

ក្រោយមួយថ្ងៃ បន្ទាប់ពីក្រុម​បាតុករ​គាំទ្រគណបក្ស​ប្រជាជន​វាយ​ដំលើ​អ្នក​តំណាង​រាស្រ្តទាំងពីរ​រូប​នេះ កាលពី​ព្រឹកថ្ងៃ​ទី២៧​ តុលា ពួក​គាត់​ត្រូវ CNRP បញ្ជូន​ទៅព្យាបាល​នៅថៃ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative