គ្រឿងញៀន បំផ្លាញ​សុខភាព​ផ្លូវចិត្ដ

បញ្ហា​គ្រឿងញៀន ជាបញ្ហាថ្មី​របស់​ប្រទេស​កម្ពុជា ដែលបាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់សុខភាព​ផ្លូវចិត្ដ។ សព្វថ្ងៃ​នេះ រាជរដ្ឋាភិបាល​ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុងតែ​ប្រឈមមុខ​ប្រយុទ្ឋ​ប្រឆាំង​យ៉ាងសកម្ម​ដើម្បី​បំបាត់​ពីលើ​សាកល​លោក នាឆ្នាំ២០១៥ ខាងមុខ។ ជម្ងឺដែល​បង្កឡើង​ដោយសារ​គ្រឿងញៀន ភាគច្រើន​ត្រូវបាន​ចាត់ទុក​ក្នុងចង្កោម​ជម្ងឺផ្លូវចិត្ដ ដោយយោង​ទៅតាម​ក្បួន ចំណាត់ថ្នាក់​ជម្ងឺ​អន្ដរជាតិ​របស់អង្គការ​សុខភាព​ពិភពលោក​(ICD 10) និងក្បួន​ចំណាត់ថ្នាក់​ជម្ងឺផ្លូវចិត្ដ​របស់​សមាគម​គ្រូពេទ្យ​វិកលវិទ្យាអាមេរិក (DSM-IVRT)

រូបភាពទស្សនាវដ្តីសុខភាពយើង

បញ្ហា​គ្រឿងញៀន​ចាប់ផ្ដើម​មាននៅ​ប្រទេស​កម្ពុជា​តាំងពីឆ្នាំ​១៩៩០មក ភាគច្រើន​ក្រោម​រូបភាព​ជាមេតំហ្វេតាមីន ឬយ៉ាម៉ា។ ប៉ុន្ដែ​គ្រឿងញៀន​ត្រូវបាន​ប្រើប្រាស់​ជាដំបូង​ក្រោមរូបភាព​ជាថ្នាំ​បង្កើនកម្លាំង សម្រាប់អ្នក​ធ្វើការ​ងារធ្ងន់ និងអ្នកធ្វើ​ការយប់ ដូចជាអ្នកកាប់ឈើ អ្នកនេសាទ អ្នករត់ពន្ឋ អ្នកបើកបរ​ជាដើម។ ក្រោយមក មានការ​នាំចូលនូវ​គ្រឿងញៀន​ប្រភេទ​នេះកាន់តែ​ច្រើន ឡើងដែលធ្វើឱ្យ​មានការ​ប្រើប្រាស់​រាលដាល​ពីអ្នកធ្វើ​ការងារធ្ងន់​ទៅដល់​យុវជន និងសិស្សសាលា​ទៀតផង។ ការរាលដាល​ដោយសារ ឈ្មួញជួញដូរ​គ្រឿងញៀន បានបង្កើត​ជាបណ្ដាញ​ខ្សែរយៈក្នុង​សង្គមខ្មែរ។ ហើយវា​បានពង្វក់​យុវជន​ឱ្យសេព​គ្រឿងញៀន​ទៅតាម​ការ ឃោសនា​បញ្ចុះបញ្ចូល​របស់ខ្សែរយៈ​ជួញដូរ ដោយឃោសនា​ថាជាថ្នាំធ្វើ​ឱ្យសប្បាយ ឬបំបាត់ទុក្ខ។ ជួនកាល​មានបងធំ​ចាប់គម្រាម ឱ្យប្រើ​តាមសាលា ​តាមទីសាធារណៈ ជួនកាល​មេបនបង្ខំ ឬបន្លំដាក់ឱ្យ​ស្រីរកស៊ី​ផ្លូវភេទ​ប្រើក្នុងគោល​បំណងឱ្យ​អាចទទួល​ភ្លៀវបាន ច្រើនដង កេងប្រវ័ញ្ចឱ្យអស់​លទ្ឋភាព​ពីលើស្ដ្រី​រងគ្រោះ​ទាំងនោះ។

មូលហេតុដែលនាំ​ឱ្យមានការ​ប្រើប្រាស់​គ្រឿងញៀន

អ្នកលក់​គ្រឿងញៀន ដូចជាស្រា យ៉ាម៉ា​ជាដើម តែងតែ​ធ្វើការ​ឃោសនា​បំភ្លៃថា​ជាគ្រឿង​ជំនួយដល់​សុខភាព ព្រមទាំង​ឆក់ ឱកាសដែល​យុវជន​មានកង្វល់​ក្នុងការ​រស់នៅ។ យុវវ័យ និងវ័យជំទង់​ងាយនឹង​ទទួលការ​ខកចិត្ដ ពេលគេ​ធ្វើអ្វី​មួយមិនបាន​សម្រេច។

តាមការ​ស្រាវជ្រាវ និងបទពិសោធន៍​ពិនិត្យព្យាបាល​ផ្ទាល់លើអ្នក​ប្រើប្រាស់​គ្រឿងញៀន​របស់លោក​សាស្ដ្រាចារ្យមហា បរិញ្ញា ការ ស៊ុនបូណាត អ្នកឯកទេស​វិកលវិទ្យាបាន​ឱ្យដឹងថា​យុវជនដែល​ឈានទៅរក​ការប្រើប្រាស់​គ្រឿងញៀន ដំបូងឡើយ​ដោយ សារសាម៉ីខ្លួន​មានបញ្ហាផ្លូវ​ចិត្ដសង្គម ពិសេសមាន​ការអន់ចិត្ដ​ជាមួយ​មាតាបិតា បងប្អូន មិត្ដភក្ដិ សង្សារ ឬមកពីមាន​ហិង្សាគ្រួសារ។ ក្នុងចំណោម​យុវវ័យ​ដែលលោក​បានធ្វើការ​ព្យាបាលមាន​ប្រហែលជា​៧០% នៃអ្នក​ប្រើប្រាស់​គ្រឿងញៀន ជាអ្នកដែល​មានបញ្ហា​ផ្លូវចិត្ដ បណ្ដាលមកពី​ការអាក់អន់​ចិត្ដនឹង​មាតាបិតា ឬអ្នក​ផ្សេងទៀត ហើយងាក​ទៅរក​មិត្ដភក្ដិ​ដែលអាច​រងគ្រោះ​ដោយការ​ប្រើ​​គ្រឿងញៀន។ វយ័ជំទង់​ជាវ័យឆាប់ជឿ​ទៅលើ​មិត្ដភក្ដិ ព្រោះគេមាន​វ័យប្រហែលគ្នា គេមាន​គំនិតដូចគ្នា មានបំណង និងផលប្រយោជន៍​របស់គេដូច គ្នា។ ការសេព​គប់មិត្ដ ជួនកាលចំ​មិត្ដភក្ដិល្អ ជួនកាលក៏មិន​ល្អផងដែរ។ ឪពុកម្ដាយ​ខ្លះមិនជឿ និងមិនបាន​ពិនិត្យកូនទេ នៅពេលដែល កូនមានអាការ​ធ្ងន់ធ្ងរហើយ ទើបភ្ញាក់ខ្លួន។

ប្រភេទ និងបញ្ហា​របស់​គ្រឿងញៀន

នៅប្រទេសកម្ពុជា គ្រឿងញៀន​មានពីរ​ប្រភេទ​សំខាន់ ៖

– ប្រភេទទី១ ៖ គឺយ៉ាម៉ា យ៉ាបា ដែលសារធាតុ​ពិតរបស់វា​ជា​មេតំហ្វេតាមីន ជាថ្នាំដែល​ធ្វើឱ្យប្រព័ន្ធ​ខួរក្បាល​កម្រើក​សកម្ម ភាពខ្លាំង ហើយបើ​ប្រើយូរ​ទៅវាអាច​ឱ្យខូច​ខួរក្បាល ដែលមិន​អាចព្យាបាល​បាន។

– ប្រភេទទី២ ៖ គឺបញ្ហាសុរា ដែលជា​គ្រឿងញៀន​ម្យ៉ាងទៀត​ដែរ ហើយត្រូវ​បានប្រើប្រាស់​ជាទូទៅ ទាំងក្មេង​ទាំងចាស់ ទាំងប្រុស​ទាំងស្រី។ ក្នុងករណីខ្លះ គេឃើញ​មានយុវជន​មួយចំនួន​ប្រើប្រាស់​សុរាជាមួយ​នឹងអំហ្វេតាមីន​ចូលគ្នា។ គេយល់​ឃើញថានៅ ពេលស្រវឹង គេត្រូវប្រើថ្នាំ​អំហ្វេតាមីនទៀត ដើម្បីកុំឱ្យ​គេទន់ដៃជើង និងងងុយ ដែលអាចផឹក​តទៅទៀតបាន។ អ្នកខ្លះទៀត គេប្រើ ថ្នាំងងុយដេក​ប្រភេទ​យ៉ាសឺប៉ាម ឬវ៉ាល្យូម​ទៀត ដើម្បីឱ្យ​ដេកលក់ពេល​គេប្រើ​យ៉ាម៉ារួច។

ប្រសិនបើ​គេធ្វើបែប​នេះញឹកញាប់ វាអាចធ្វើ​ឱ្យញៀន​នឹងគ្រឿងញៀន​ច្រើនមុខ មានយ៉ាម៉ាផង ថ្នាំងុយដេកផង កញ្ឆាផង សុរាផង ថែមទាំង​មានបារីទៀត។ ប្រសិនបើ​គេលេង​ល្បែងទៀត វាធ្វើឱ្យ​គេញៀននឹង​ល្បែងនោះ​ថែមទៀត ដែលជាទូទៅ​បានធ្វើ ឱ្យសិស្សជា​ច្រើនបាន​បោះបង់​ចោលការ​សិក្សា ហើយខូច​អនាគត។ ពេលខ្លះសាម៉ី​ខ្លួនមិនចង់​ប្រើប្រាស់ទេ តែនៅ​ពេលក្លិន ឬផ្សែងមក ប៉ះធ្វើឱ្យ​គេអត់ទ្រាំ​មិនបាន ឬពេលខ្លះ​មិត្ដភក្ដិ​បបួលធ្វើឱ្យ​កើតមានចិត្ដ​ចង់ឡើងវិញ រហូតដល់​ទ្រាំមិនបាន។

គ្រោះថ្នាក់​នៃគ្រឿងញៀន​ចំពោះសុខភាព​ផ្លូវចិត្ដ

គ្រឿងញៀន​មានគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់សុខភាព។ គ្រឿងញៀន​ធ្វើឱ្យមាន​ការប៉ះពាល់ ជាពិសេស​ទៅលើ​ប្រព័ន្ឋខួរ ក្បាលដែល​ជាទី​បញ្ជាការ លើគំនិត អារម្មណ៍ សកម្មភាព ការចងចាំ ការទប់​អារម្មណ៍ ការភ្ញាក់រឮក សតិសម្បជញ្ញៈ កម្លាំង ប្រាជ្ញា ស្មារតី ការអត់ធ្មត់ រហូតដល់​ពិការអស់​មួយជីវិត ព្រមទាំងរស់​នៅក្នុងសេចក្ដី​ទុក្ខវេទនារក​ទីបំផុតគ្មាន​ទៀតផង។ ដូចនេះ​ផលប៉ះពាល់ នៃគ្រឿងញៀន​អាចបំផ្លាញ​ប្រជាពលរដ្ឋខ្មែរ ជាពិសេស​យុវជន យុវនារី ដែលជាកម្លំាង សរសរទ្រូង ឬទំញំងស្នង​ឬស្សីរបស់​ប្រទេស ជាតិសម្រាប់់ការ​អភិវឌ្ឍន៍ ដោយសារ​តែផលប៉ះពាល់​ដូចបានរៀប​រាប់ពីខាងលើ។

គ្រឿងញៀន​ជាសារធាតុ​ដែលអាចធ្វើ​ឱ្យប្រព័ន្ឋ​ខួរក្បាល​មានដំណើរ​ការមិន​ប្រក្រតី ជួនមួយរយៈ តែភាគច្រើន​ជារៀង រហូត។ ជាផលវិបាក វាធ្វើឱ្យ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ ត្រូវអន់ថយ ឬបាត់បង់ បាត់ម្ចាស់ការ មិនអាច​គ្រប់គ្រង​ចិត្ដបាន។ ប្រសិនបើ គេបើកបរយានយន្ដ នាំឱ្យគេ​ហ៊ានបើកបរ​លឿនជ្រុលហួស បង្កើតការ​បញ្ជាចង្កូត​មិនបាន​ត្រឹមត្រូវ ហើយអាច​បង្កគ្រោះថ្នាក់​ចរាចរដល់ អាយុជីវិត​ថែមទៀត។

គ្រឿងញៀន​ធ្វើឱ្យប៉ះពាល់​ដល់ប្រព័ន្ធ​ខួរក្បាល ដែលគ្រប់គ្រង​អារម្មណ៍ ហើយបង្ក​ជាជម្ងឺ​វិកលចរិត ជួលកាល​ធ្វើឱ្យ​លោត ពីលើផ្ទះ​ជាន់ទីបី ឬទីបួន ជួនកាល​ដើរចូលឡាន​កំពុងបើកបរ​យ៉ាងលឿន។ ផឹកស្រាច្រើន និងប្រើយ៉ាម៉ា​ច្រើនអាចធ្វើឱ្យ​រវើរវាយតែ ម្នាក់ឯង ចេះតែឮសូរ​សម្លេងម​កគម្រាមកំហែង​នៅក្នុងត្រចៀក ឬក្នុងក្បាល សាម៉ីខ្លួនចេះ​តែស្រែក​ច្រៀងឡូឡា រត់គេច​រកកន្លែងពួន ដោយមិនដឹង​ហេតុផល នេះគេហៅថា​ជម្ងឺវិកលចរិក​បង្កដោយ​គ្រឿងញៀន។ ជួនអាច​បណ្ដាលឱ្យ​ទៅជាជម្ងឺ​ធ្លាក់ទឹកចិត្ដ ចេះតែដេក មិនលក់ បាយមិនបាន អស់កម្លាំង មិនសប្បាយចិត្ដ និងចង់សម្លាប់ខ្លួន។ ពេលខ្លះ​គ្រឿងញៀន​ធ្វើឱ្យកើត​ជម្ងឺថប់​អារម្មណ៍ ដែលសម្ដែង ដោយអាការ​ចេះតែភ័យខ្លាច​យ៉ាងខ្លាំង ដោយមិន​មានហេតុផល​ណាមួយ​ច្បាស់លាស់​សោះ។

លើសពីនេះ វានាំឱ្យ​មានវិបត្ដិ​អត្ដចរិត ធ្វើឱ្យមនុស្ស​ស្លូតក្លាយ​ទៅជាកាច ចេះភូតកុហក មានល្បិច ហើយនៅ​មិនស្ងៀម មួយកន្លែងដូចមុន ចេះតែដើរ​ត្រេះត្រុះ ធ្វើការមិន​កើតដោយសារ​គ្រប់គ្រងចិត្ដ​លែងបាន ចេះបោកប្រាស់ លួច ឆក់ជាដើម។ ជួនកាល រហូតដល់ប្រព្រឹត្ដ​នូវអំពើ​ហិង្សា ឬបទឧក្រិដ្ឋ​ទៀតផង ដូចដែល​កន្លងមកឃើញ​មានចុះផ្សាយ​ក្នុងសារព័ត៌មាន​ជារឿយៗ។

ទស្សនៈអ្នក​ជំនាញ

ដើម្បីឱ្យ​ដឹងថាកូននោះ​មានការ​ប្រែប្រួល​ផ្លូវចិត្ដ គំនិត អារម្មណ៍ និងឥរិយាបថ​យ៉ាងដូចម្ដេច​ខ្លះ ឪពុកម្ដាយ​គួរឆែក​ការរៀន សូត្រ និងសៀវភៅកូន តើបានកត់​មេរៀន ឬបានពិន្ទុគ្រាន់​បើឬទេ។ ទាំងនេះ​ជាតឹកតាង​មួយដែលជួយ​ឱ្យឪពុកម្ដាយ​ដឹងពីភិនភាគ ឬតម្រុយ​ដែលទាក់​ទងនឹង​បញ្ហាផ្លូវចិត្ដ ដែលកូនរបស់ខ្លួន​កំពុងមាន ឬជាសញ្ញា​បញ្ជាក់ថាកូន​កំពង់ដើរ​ខុសផ្លូវ ចុះថយ ឬបោះបង់ចោល ការសិក្សា ឬលេងល្បែង​ផ្សេងៗ ហើយថែមទាំង​ប្រើប្រាស់​គ្រឿងញៀន​ទៀតផង។ ឪពុកម្ដ្ដាយ​ត្រូវមើល និងរកដំណោះស្រាយ​អូស ទាញកូន​មកវិញ ហើយបើ​មានការ​ពិបាក ត្រូវរត់​រកគ្រូឯកទេស​វិកលវិទ្យា​ជួយព្យាបាល និងដោះស្រាយ។

សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរជាតិ​ប្រយុទ្ឋប្រឆាំង​នឹងគ្រឿងញៀន បានចាត់វិធាន​ការទប់ស្កាត់​យ៉ាងខ្លាំង តាម ចាប់់អ្នក​ជួញដូរ​គ្រឿងញៀន ដើម្បីកុំឱ្យ​មានការនាំចូល​គ្រឿងញៀន​មកដល់​ប្រទេសកម្ពុជា និងកុំឱ្យ​យុវជន​លង់ខ្លួនដែល​មកទល់នឹង ពេលនេះ មានការ​ចុះថយចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀនថ្មី មិនដូចកាល​ពីប៉ុន្មានឆ្នាំ​មុននោះទេ។ នេះដោយ​សារការ​បង្ក្រាប​ទាន់ពេល ហើយចំលើ​សម្បុកធំៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative