៩ខែឆ្នាំ២០១៥នេះ​ករណី​ជំងឺ​គ្រុនឈាម​បានកើន​ឡើង​ដល់ជាង​៩ពាន់​ករណី

នៅក្នុងរយៈពេល៩ខែ ឆ្នាំ​២០១៥​នេះ មាន​ករណី​ជំងឺ​គ្រុនឈាម​នៅទូទាំង​ប្រទេស សរុប​ចំនួន​១២២១៨​ករណី មាន​ការ​កើន​ឡើង​ជាង៩​ពាន់​ករណី បើប្រៀប​ធៀប​នឹងរយៈ​ពេលដូច​គ្នា​កាលពី​ឆ្នាំ២០១៤​កន្លង​ទៅ។

55555យោងតាមរបាយការណ៍​របស់​កម្មវិធី​ជាតិ ប្រយុទ្ធ​នឹងជំងឺ​គ្រុនឈាម ដែលបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី២៧​តុលា នេះ​បាន​បង្ហាញ​ថាជំងឺ​គ្រុនឈាម​នៅក្នុង​រយះ​​​ពេល​៤១​សប្តាហ៍​ឆ្នាំ​២០១៥​នេះ មាន​ចំនួន​១២២១៨​ករណី ដែល​មាន​អត្រា​អាំងស៊ីដង​ចំនួន​​៧៥,៥​ភាគរយ ក្នុង​ចំណោម​មនុស្ស​១០០០​នាក់។ ក្នុង​នោះមាន​ជាង៨០​ភាគរយ​នៃករណី​ឈឺសរុប​កើតឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន រួមមាន​កំពង់ចាម សៀមរាប កណ្តាល ​រាជធានី​ភ្នំពេញ បន្ទាយ​មានជ័យ កំពង់ធំ ព្រៃវែង​ និង​ខេត្ត​កំពង់ស្ពឺ។

របាយការណ៍ដដែល​បានឲ្យដឹង​ទៀតថា ចំនួន​ករណី​នៅក្នុង​រយៈ​ពេល៤១​សប្តាហ៍​នេះ មានការ​កើនឡើង​ចំនួន​៩២៨៤​នាក់ ​បើ​ធៀប​នឹងរយៈ​ពេលដូច​គ្នាឆ្នាំ​២០១៤ ដែលមាន​ចំនួន​២៨៥៣​ករណី ប៉ុន្តែ​ទាបជាង​អត្រាឈឺ​នៅឆ្នាំ​២០១១​,២០១២ និង​ ២០១៣ ក្នុងរយៈ​ពេលដូច​គ្នា។ ចំណែក​ករណី​ស្លាប់ដោយ​ជំងឺគ្រុន​ឈាម នៅក្នុង​រយៈ​ពេល​៤១​សប្តាហ៍​នេះដែរ មាន​ចំនួន​ ៣៤​ករណី ដែល​ត្រូវនឹង​អត្រា​ស្លាប់​០,៣​ភាគរយ តិចជាង​អត្រា​ស្លាប់ឆ្នាំ​២០១៤ ដែលមាន​ដល់ទៅ​១៩​ករណី ស្មើនឹង​ ០,៦​ ភាគ​រយ។

តាមរយៈលទ្ធផល​នេះបានបង្ហាញ​ថា ប្រជាពល​រដ្ឋ​កម្ពុជា​មានការ​យល់ដឹង​ខ្ពស់ពី​រ​បៀប​ការពារ​ជំងឺ​គ្រុនឈាម​តាម​រយៈការ​អប់រំ​តាម​សហគមន៍ និង​តាម​សាលារៀន និង​ជាពិសេស​ប្រសិទ្ធ​ភាព​កាន់តែ​ប្រសើរ​ឡើងនៃ​គុណភាព​ព្យាបាល​នៅតាម​មន្ទីរ​ពេទ្យ​រដ្ឋ​ដែលធ្វើ​ឲ្យប្រជាពល​រដ្ឋ​មកទទួល​សេវា​កាន់​តែច្រើន​ឡើងនៅ​តាម​សេវារដ្ឋ។

ជំងឺគ្រុនឈាមនៅក្នុង​ប្រទេស​កម្ពុជា មានការ​ប្រែប្រួល​ទៅតាម​រដូវ​ដោយមានការ​កំរិត​ចំលង​ខ្ពស់​នៅ​រដូវ​វស្សា។ ជាក់​ស្តែង​នៅ​ឆ្នាំនេះ​ចំនួន​ករណី​ជំងឺគ្រុន​ឈាម​មានការកើន​ឡើង​ប៉ុន្តែ​ការកើន​ឡើងនេះ​ស្ថិតនៅ​ក្នុង​ស្ថានភាព​អាច​គ្រប់​គ្រង​បាន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative