អង្គការ​ស្នាម​​ញញឹម​កម្ពុជា សហការ​​ជាមួយ​​ពេទ្យ​រុស្សី​ ​​វះ​​កាត់​​កុមារ​​មាត់​​ឆែប​​ដោយ​​ឥត​​គិត​​ថ្លៃ

អង្គការ ​ស្នាម​ញញឹម​​កម្ពុជា ​ដែល​ជា​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​បាន​​សហការ​​ជាមួយ​ មន្ទីរ​​ពេទ្យ​​មិត្ត​ភាព ខ្មែរ សូវៀត​​ធ្វើ​ការ​​វះ​​កាត់​​កុមារ​​ដែល​មាន​​មាត់​​ឆែប​ នៅ​មន្ទីរ​ពេទ្យ​​មិត្តភាព​​ខ្មែរ​​សូវៀត​​ចាប់​ពី​​ថ្ងៃ​ទី ២៥ ដល់​​ថ្ងៃ​ទី ២៨ ខែ​តុលា​ ដោយ​​ឥត​គិត​​ថ្លៃ។

54352345លោក ​ទិត្យ ប៊ុនអេង​ តំណាង​​ឱ្យ​​អង្គការ​​​ស្នាម​​ញញឹម​​កម្ពុជា បាន​ប្រាប់​​ឱ្យ​​ថា​ អង្គការ​​ស្នាម​​ញញឹម​​កម្ពុជា ​បាន​​សហការ​​ជាមួយ​​នឹង​​មន្ទីរ​​ពេទ្យ​​មិត្តភាព​​ខ្មែរ​ សូវៀត​​ដើម្បី​​រៀប​ចំ​​យុទ្ធនា​ការ​ វះ​កាត់​​​កុមារ​ ឆែប​​មាត់ ដោយ​មាន​​អ្នក​​ចុះ​​ឈ្មោះ​​ចំនួន​ ៦៨ នាក់​​ ដែល​​ភាគ​ច្រើន​​មក​ពី​​តាម​​បណ្ដា​​ខេត្តផ្សេងៗ។ លោកបាន​បន្ត ថាអង្គ​ការ​​របស់​​លោក ទទួល​​វះ​កាត់​​មាត់​ឆែប ឆែ​ប​​ក្រអូម​​មាត់​ និង ពិការ​ភាព​​មុខមាត់​​ផ្សេងៗ របស់​​កុមារ​ និង​ មនុស្ស​​ចាស់។ ចំពោះ​​កុមារ​​ដែល​ឆែប​​មាត់​​ត្រូវ​មាន​​អាយុ​ចាប់​​ពី ៦ ខែ​ឡើង​​ទៅ​ រី​​ឯ​​កុមារ​​ដែល​មា​ន​​ឆែប​ក្រអូម​​មាត់​​ខាង​ក្នុង​ត្រូវ​​មាន​អាយុ​​ចាប់​ពីរ​ ១១ ទៅ ១២​ខែ ​ឡើង​​ទើប​អាច​​ទទួល​​ការ​​វះ​កាត់​​បាន។​​​

លោក ​ប៊ុនអេង ​ក៏​បាន​​បន្ត​ទៀត​​ថា អ្នក​ដែល​​វះ​កាត់​​រួច​ តម្រូវ​ឱ្យ​​សម្រាក​​នៅ​មន្ទីរ​ពេទ្យ​យ៉ាង​​ហោច​​ណាស់​ក៏​ ពីរ​ថ្ងៃ​​ដែរ ប៉ុន្តែ​​ រាល់​​ការ​ចំណាយ​​ថ្លៃ​ថ្នាំ ការ​ស្នាក់​​នៅ​ជា​​បន្ទុក​ របស់​​អង្គការ​​ស្នាម​​ញញឹម​​កម្ពុជា​ព្រមទាំង​ថវិកា​​បន្តិច​​បន្តួច​សម្រាប់​​ជា​ការ​​ចាយ​​វាយ​​ពេល​​ត្រឡប់​​ទៅ​ផ្ទះ​វិញ។

អង្គការ​ ស្នាម​ញញឹម​​កម្ពុជា​ បង្កើត​​ឡើង​តាំង​​ពី​ឆ្នាំ ២០០២ មក​​មាន​​បេសក​កម្ម​​លើ​​​សុខ​ភាព។ រយៈ​ពេល​ ១៣ ឆ្នាំ​​មក​នេះ​​អង្គការ​ បាន​​សម្រេ​ច​បេសកកម្ម​​​មនុស្ស​ធម៌​ផ្សេងៗ​ បាន​ ៥៥​ដង​​មក​ហើយ​​ដែល​មាន​​ដូច​ជា​​ការ​ វះ​​កាត់​​ពិការ​ភាព​​មុខមាត់ និង ការ​​បង្រៀន​​សង្គ្រោះ​​បឋម​​​ជា​ដើម។
សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative