ការប្រារពពិធីបុណ្យ​អុំទូកឆ្នាំ​នេះនឹង​ធ្វើតាម​ការ​គ្រោងទុក

សម្តេចតេជោហ៊ុន សែនប្រមុខ​​រាជ​រដ្ឋាភិបាល​កម្ពុជា កាលពី​ពេលថ្មីៗ​នេះបាន​​បញ្ជា​​ឲ្យ​សាលា​​រាជ​ធានី ​ត្រៀម​​រៀប​ចំ​ ព្រះ​រាជ​ពិធី​​បុណ្យ​​អុំទូក បណ្តែត​​ប្រទីប សំពះ​​ព្រះខែ និង​​អក​អំបុក​​ដែល​នឹង​​ប្រព្រឹត្ត​​ទៅ​នៅ​​ចុង​ខែ​​វិច្ឆិកា​​ ខាង​មុខ​​នេះ​ទៅ​​តាម​ ​ការ​​គ្រោង​ទុក ​ខណៈ​​ដែល​​ទឹក​​ទន្លេ​​មេគង្គ​​នៅ​ឆ្នាំ​​នេះ​មាន​​កម្រិត​​ទាប​ជាង​​ឆ្នាំ​មុន​។

099ថ្លែងក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ ដល់​​និស្សិត​​សាកល​វិទ្យា​ល័យ​​វេស្ទើន​​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ថ្លែង​​ថា ​ភ្លៀង​​ធ្លាក់​​នៅ​​​​​ឆ្នាំ​​​នេះ​មាន​​ភាព​​​រអាក់​រអួល   ​ខណៈ​​ដែល​ទឹក​​ទន្លេ​​​មេគង្គ​​មាន​​កម្រិត​​ទាប​ខ្លាំង​​ដែល​​ករណី​​​នេះ​លោក​​អំពាវ​នាវ ​ឲ្យ​​ប្រជា​កសិករ​​​ត្រូវ​រក្សា​​​​​ទឹក​ទុក​​ប្រើប្រាស់​​សម្រាប់​​ស្រែប្រាំង។ លោក​​ក៏​បាន​​បញ្ជា​​ឲ្យ​​​សាលា​​រាជធានី​​ត្រូវ​​​ត្រៀម​​រៀបចំ​​​ព្រះរាជ​​ពិធី​​ បុណ្យ​​អុំទូក​​ផង​ដែរ​។​

​ លោក ឃួង ស្រេង អភិបាល​រងរាជធានី​ភ្នំពេញ បាន​​​ថ្លែង​​ថា ​សាលា​​រាជធានី​​នឹង​ត្រៀម​​លក្ខណៈ​​ខ្ពស់​ដូច​​រៀង​​រាល់​ឆ្នាំ​ ដើម្បី​​​រៀប​ចំ​ព្រះ​រាជ​ពិធី​​បុណ្យ​​អុំទូក និង​​ការពារ​​សន្តិសុខ​​សណ្តាប់​ធ្នាប់​​ជូន​​ពលរដ្ឋ​ និង​​កីឡាករ​​ទាំងអស់​​​នៅ​​រាជធានី​​ក៏​ដូចជា​​មកពី​​តាម​​បណ្តា​​ខេត្ត​​នានា​។​ លោក​ថា​យើង​នឹង​​ត្រៀម​​ទៅ​​តាម​​អនុ​សាសន៍​​របស់​​សម្តេច​​តេជោ​​ធ្វើ​​យ៉ាង​ណា​ឲ្យ​ ព្រះរាជ​​ពិធី​នេះ​​ប្រព្រឹត្ត​​ទៅ​ដោយ​​រលូន និង​ទទួល​​បាន​ជោគ​ជ័យ​​ហើយ​ ​និង​​ការពារ​​​សុវត្ថិភាព​​ជូន​បង​ប្អូន​​ប្រជាពល​រដ្ឋ និង​​កីឡាករ​​អុំទូក​​ឲ្យ​​បាន​ល្អ​​ប្រសើរ។

​ព្រះរាជពិធី​បុណ្យ​អុំទូក​​តែងតែ​​ទាក់ទាញ​​មនុស្ស​​ជាច្រើន ​រហូត​​ដល់​​ប្រមាណ ​មួយ​​លាន​​នាក់​​មក​កាន់​​រាជធានី​​ភ្នំពេញ។ ពិធី​​នេះ​​បាន​ផ្អាក​​រយៈ​ពេល​បី​ឆ្នាំ​​ជាប់​គ្នា​​បន្ទាប់​ពី​មាន​​ព្រឹត្តិ​ការណ៍ ​ជាន់​​គ្នា​ស្លាប់​​រហូត​ដល់​​ជាង​៣៥០ នាក់​​នៅលើ​​ស្ពាន​កោះ​ពេជ្រ​​នៅ​​ថ្ងៃ​​ចុងក្រោយ​​នៃ​ពិធី​​បុណ្យ​​នេះ​កាល​ពី​ឆ្នាំ​២០១០។

​នៅ​ឆ្នាំ២០១១​​រាជរដ្ឋាភិបាល​ បាន​​លុប​ចោល​​​ពិធី​​បុណ្យ​​នេះ ​ដោយសារ​​ទឹក​ជំន​ន់​​ធំ។ នៅ​ឆ្នាំ​​២០១២ មូល​​ហេតុ​​នៃ​ការ​​ផ្អាក​គឺ​​  សម្តេច​ឪ នរោត្តម សីហនុ សោយ​​ទិវង្គត​​នៅ​ខែ​​តុលា ​គឺ​​ប៉ុន្មាន​​សប្តាហ៍​​មុន​ពេល​រៀប​ចំ​ពិធី​​ហើយ​ឆ្នាំ​​២០១៣ ក៏​ត្រូវ​​បាន​​ផ្អាក​​មួយ​ឆ្នាំ​​ទៀត​ដោយ​សារ​​តែ​​មាន​គ្រោះ​​ទឹកជំនន់។

ទោះ​យ៉ាង​ណា​កាលពី​ឆ្នាំ​ ២០១៤ ព្រះរាជពិធី​​នេះ​បាន​​ចាប់ផ្តើម​​ប្រារព្ធ​​​ឡើង​ជា​​ធម្មតា​​វិញ​ដោយ​​មាន​អ្នក​​ មក​ចូល​រួម​​ទស្សនា​​មាន​​ការ​ថយ​​ចុះ​ច្រើន​។

​មន្ត្រី​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​​ជាតិ និង​​​អន្តរជាតិ​​លោក ពាន ចំរឿន បាន​​ឲ្យ​​ដឹង​​ថា ​គណៈ​កម្មាធិ​ការ​​បាន​ចេញ​​ផែនការ​​ណែ​នាំ​ស្តី​ពី​ការ​​​រៀបចំ​ ព្រះរាជ​ពិធី​​បុណ្យ​​​អុំទូក​​ដែល​នឹង​​ប្រព្រឹត្ត​​ទៅ​ពី​​ថ្ងៃ​ទី​២៤ ដល់​​ថ្ងៃ​ទី​​​២៦ ខែ​​វិច្ឆិកា​​ ខាង​​មុខ​នេះ​​ប៉ុន្តែ​​នៅ​ពុំ​​ទាន់​​មាន​ការ​​ប្រជុំ និង​​ផ្សព្វផ្សាយ​​ពី​ការ​ចុះ​​ឈ្មោះ​​សមាស​ភាព​ទូកង​​ដែល​ត្រូវ​​​ចូលរួម​​ប្រណាំង​​នៅ​ឡើយ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់​ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative